"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ អាល្លឺមង់ដើរដល់របត់នយោបាយថ្មីដោយសារតែរុស្ស៊ីឈ្លានពានអ៊ុយក្រែន

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ឈឿន ចរិយា

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទនៃការចាប់ផ្តើមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសមហាអំណាចរុស្សីត្រូវបានអធិការបតីបស់ប្រទេសអាល្លឺម៉ង់កំណត់ជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប។ រយៈពេល៣ថ្ងៃក្រោយពីការឈ្លានពាននេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានថ្លែងសុន្ទរកថាមួយដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សភាអាល្លឺម៉ង់ (Bundestag) ដើម្បីប្រកាសជាផ្លូវការអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងគោលបំណងនយោបាយការបរទេសថ្មីរបស់អាល្លឺម៉ង់។ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានអូសបន្លាយរហូតដល់រយៈមួយឆ្នាំហើយ តើគោលនយោបាយការបរទេសរបស់អាល្លឺម៉ង់មានការប្រែប្រួលដូចម្តេចខ្លះក្នុងអំឡុងពេលនេះ? ហេតុអ្វីបានជាសង្គ្រាមនេះដើរតួជាចំណុចរបត់ជាប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុប?

អំណាចទន់តែឯងគឺមិនគ្រប់គ្រាន់ទេ! ត្រូវការអំណាចរឹងដែលអមកម្លាំងយោធាខ្លាំងក្លា

នៅក្នុងការថ្លែងសន្ទរកថា Zeitenwende លោក Olaf Scholz បានលាតត្រដាងអំពីគោលជំហរដ៏រឹងមាំទៅលើរការរក្សាទំនៀមទម្លាប់គោលនយោបាយការបរទេសអាល្លឺម៉ង់មួយចំនួនដូចជាការគាំទ្រឱ្យមានសមាហរណកម្មអឺរ៉ុប អង្គការណាតូ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ មិនមែននយោបាយអំណាច។ ប៉ុន្តែការឈ្លានពានរបស់រុស្សីបានធ្វើឱ្យអាល្លឺម៉ង់ភ្ញាក់ខ្លួនហើយព្រមធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើពីមុនតាំងពីសម័យក្រោយសង្គ្រាមលោកលើកទី២មកម៉្លេះ។ អាល្លឺម៉ង់ត្រូវបោះបង់គោលនយោបាយប្រពៃណីមួយចំនួនដើម្បីប្រកាន់យកអ្វីដែលថ្មីពោលគឺការប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានដល់២%នៃការចំណាយក្នុងស្រុកសរុប។ ដោយធ្វើការទទួលស្គាល់ថាកម្លាំង និងសមត្ថភាពយោធាមានសារៈសំខាន់សម្រាប់សន្តិសុខរបស់ប្រទេសអាល្លឺម៉ង់ និងអនាគតរបស់ទ្វីបអឺរ៉ុបទើបអាល្លឺម៉ង់ព្រមប្តេជ្ញាចិត្តក្នុងការបង្កើតមូលនិធិពិសេសចំនួន ១០០ ពាន់លានអឺរ៉ូដើម្បីវិនិយោគយ៉ាងច្រើនទៅលើវិស័យយោធា។ នេះគឺជាគោលនយោបាយដ៏លំបាកមួយសម្រាប់អធិការបតីដែលមកពីគណបក្សសង្គមប្រជាធិបត្តេយ្យព្រោះគណបក្សនេះមាននិន្នាការសន្តិភាពខ្លាំង។ ជាងនេះទៅទៀត រដ្ឋាភិបាលរបស់លោក Olaf Scolz បានយល់ព្រមបញ្ជូនអាវុធទៅកាន់អ៊ុយក្រែនដែលជាតំបន់ដែលកំពុងមានវិបត្តិ ក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយផ្សេងទៀតនៅក្នុងគោលនយោបាយប្រពៃណីរបស់អាល្លឺម៉ង់ព្រោះខ្លួនតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយមិនមែនយោធា។ ដូចនេះ ជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍ ដោយប្រឈមមុខនឹងការគំរាមកំហែងរបស់រុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់ទទួលស្គាល់ថា “អំណាចទន់” ដែលត្រូវបានគេលើកតម្កើងច្រើននោះគឺមិនទាន់គ្រប់គ្រាន់ទេ គប្បីណាស់ត្រូវតែអមដោយ “អំណាចរឹង”។

ការដួលរលំនៃ Ostpolitik និង Wandel durch Handel

Ostpolitik គឺជាគោលនយោបាយបែបការទូត និងបនយោបាយនៅក្នុងសម័យសង្គ្រាមត្រជាក់របស់អាល្លឺម៉ងខាងលិចដើម្បីស្វែងរកទំនាក់ទំនងជិតស្និទ្ធក្នុងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយអឺរ៉ុបខាងកើត និងសហភាពសូវៀត។ រដ្ឋាភិបាល​បន្តបន្ទាប់​គ្នារាប់តាំងពីអធិការបតីនៃអាល្លឺម៉ង់ខាងលិច Willy Brandt ​បាន​ចាត់​ទុក​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​ជាមួយ​រុស្ស៊ី​ជា​ភាព​ចាំបាច់​សម្រាប់​សន្តិភាព​នៅ​អឺរ៉ុប។ ទ្រឹស្តីបែបនេះចង់គូសបញ្ជាក់ថាទំនាក់ទំនងជិតស្និទ្ធដែលមានលក្ខណៈថេរយូរទៅនឹងធ្វើឱ្យប្រទេសរុស្ស៊ីមានប្រជាធិបតេយ្យជាងមុន និងប្តេជ្ញាចិត្តរក្សាសន្តិភាពនិងស្ថិរភាពនៅលើទ្វីប។ ដើម្បីជាជំនួយអមគោលនយោបាយនេះ អាល្លឺម៉ង់ក៏បានចាប់ផ្តើមបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី។ ការផ្លាស់ប្តូរតាមរយៈពាណិជ្ជកម្ម (Wandel durch Handel) គឺផ្អែកលើការសន្មត់ថា ខណៈដែលសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប រុស្សីនឹងមិនហ៊ានធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងទាំងនេះនោះទេ។ ប៉ុន្តែជាក់ស្តែង ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថារុស្សីមិនខ្វល់ពីចំណុចទាំងអស់នេះដូចដែលអាល្លឺម៉ង់ខំខ្វល់ខ្វាយនោះទេទើបលាតត្រដាងពីភាពបរាជ័យនៃគោលនយោបាយទាំងពីរនេះ។

អាល្លឺម៉ង់ព្រមផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនហើយក៏ពិតមែនតែក៏នៅតែមានភាពស្ទាក់ស្ទើរ

នៅចុងខែមករាក្នុងឆ្នាំ២០២៣​នេះ បន្ទាប់ពីប្រើពេលយ៉ាងយូរក្នុងការសម្រេចចិត្តព្រមទាំងស្ថិតនៅក្រោមការដាក់សម្ពាធ និងការពិភាក្សាចរចាដ៏តានតឹងជាមួយប្រទេសសមាជិកណាតូដូចគ្នាផង ទីបំផុតអាល្លឺម៉ង់បានប្រកាសថាខ្លួននឹងផ្តល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅដល់អ៊ុយក្រែនជាជំហានដំបូង។ គួររំលេចផងថា ចាប់តាំងពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនចាប់ផ្តើម អាល្លឺម៉ងបានប្តេជ្ញាចិត្តចំណាយ ១.២០ ពាន់លានអឺរ៉ូក្នុងជំនួយយោធាដល់អ៊ុយក្រែន។ ការចំណាយបែបនេះមានចំនួននាំមុខបារាំងប៉ុន្តែនៅពីក្រោយចក្រភពអង់គ្លេស ប៉ូឡូញ និងជាពិសេសសហរដ្ឋអាមេរិក។ វាក៏បង្ហាញពីភាពយឺតយ៉ាវ និងស្ទាក់ស្ទើររបស់អាល្លឺម៉ង់។ ហេតុផលពីក្រោយការពន្យារពេលនេះត្រូវបានលើកឡើងថាដោយសារតែបញ្ហាផលិតកម្ម​តែតាមពិតទៅអាល្លឺម៉ង់គិតគូយ៉ាងល្អិតល្អន់ព្រោះព្រួយបារម្ភអំពីហានិភ័យនៃការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងររវាងរុស្ស៊ី និងអង្គការណាតូ។

ដូចនេះ តើសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនដើរតួជាចំណុចរបត់ថ្មីនៅក្នុងប្រវត្តិសាស្រ្តរបស់ទ្វីបអឺរ៉ុបមែនឬក៏យ៉ាងណា?

ទោះបីជាប្រទេសនៅក្នុងទ្វីបអឺរ៉ុបតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីដើមមកដូចដែលយើងបានឃើញតាមរយៈសហភាពអឺរ៉ុបក្តី អង្គការណាតូក្តី សមាហរណកម្មនៃទ្វីបអឺរ៉ុប និងលោកខាងលិចនៅមានគម្លាត។ ឧទាហរណ៏ មុនពេលសង្គ្រាមរុស្សី និងអ៊ុយក្រែន គុណវិបត្តិនៃវិធីសាស្រ្ត “America First” របស់លោក Donald Trump និងអាកប្បកិរិយាមិនពេញចិត្តរបស់គាត់ចំពោះ EU និង NATO បានធ្វើឱ្យអឺរ៉ុបដកទំនុកចិត្តពីសហរដ្ឋអាមេរិក។ ទោះបីជាទំនុកចិត្តលើការដឹកនាំរបស់អាមេរិកបានប្រសើរឡើងវិញជាមួយនឹងរដ្ឋបាល Joe Biden ថ្មីក៏ដោយ ការដកខ្លួនដ៏ច្របូកច្របល់របស់អាមេរិក និងអង្គការណាតូពីអាហ្វហ្គានីស្ថានហាក់ដូចជាបញ្ជាក់ពីការធ្លាក់ចុះរបស់អាមេរិក។ ក្រៅពីនេះ ការបែងចែកផ្ទៃក្នុងសហភាពអឺរ៉ុប និងការផ្លាស់ប្តូរនយោបាយ ប្រទេស EU សំខាន់ៗមួយចំនួនជាពិសេសកឺចក្រភពអង់គ្លេសក៏បានចាកចេញពីអឺរ៉ុបខាងលិចបង្កការលំបាកក្នុងការតទល់ជាមួយរុស្ស៊ីទាំងមូល។ ប៉ុន្តែ សង្គ្រាមរបស់រុស្សីបានបង្ខំឱ្យបណ្តាប្រទេសនៅអឺរ៉ុប និងលោកខាងលិចពួតដៃគ្នាក្រោមគោលដៅតែមួយគឺធ្វើយ៉ាងណាកុំឱ្យរុស្សីឈ្នះសង្គ្រាមនេះ។ ការឆ្លើយតបរបស់ EU មានភាពរហ័សរហួន និងមិនធ្លាប់មានពីមុនមកតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្សី។ ជាពិសេស ក្រោមជំនួយ European Peace Facility សហភាពអឺរ៉ុបបានយល់ព្រមតស៊ូជាមួយនឹងអ៊ុយក្រែនការផ្តល់ជាជំនួយយោធា និងជំនួយមនុស្សធម៌គ្រប់សព្វបែបយ៉ាងទៅឱ្យអ៊ុយក្រែនក៏ដូចការរឹតបន្តឹងលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។ ក្រៅពីនេះ សហភាពអឺរ៉ុបជាពិសេសអាល្លឺម៉ង់ដាក់ចេញនូវផែនការលុបបំបាត់ការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីលពីរុស្ស៊ីដែលនាំឱ្យមានការពិភាក្សាអំពីវិធីសាស្រ្តធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងលើវិធានការដើម្បីកាត់បន្ថយប្រឆាំងនឹងផលប៉ះពាល់នៃតម្លៃថាមពលខ្ពស់។ ដូចនេះ ការគម្រាមកំហែងរបស់រុស្សីនៅក្នុងសង្គ្រាមនេះបានបង្កើតជាកាតព្វកិច្ចសំខាន់ៗដែលតម្រូវឱ្យទ្វីបអឺរ៉ុបត្រូវតែរួបរួមគ្នាបំពេញជាដាច់ខាតក៏ទោះបីជាត្រូវផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសដូចដែលអ្វីដែលអាល្លឺម៉ង់បានធ្វើរួចមកហើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា លី វីឡាធីណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ