"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ កំហុសមួយដែលនាំឱ្យមានការដួលរលំជញ្ជាំងក្រុងប៊ែរឡាំងកាលពីឆ្នាំ១៩៨៩

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

នារាត្រីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣​ ខែសីហា ឆ្នាំ១៩៦១ វិស្វករជាច្រើនអ្នកដែលអមដោយប៉ូលីស និងទាហានបានចាប់ផ្តើមគាស់កកាយផ្លូវ ដោយដំឡើងនូវរនាំងមួយនៅទូទាំងទីក្រុងប៊ែរឡាំង និងតំបន់ផ្សេងៗទៀតជុំវិញនោះ។ រនាំងនោះត្រូវបានគេស្គាល់ថាជា ជញ្ជាំងក្រុងប៊ែរឡាំង។ ជញ្ជាំងនេះមិនត្រឹមតែខណ្ឌចែកប្រទេសអាល្លឺម៉ង់ជាពីរនោះទេ តែវាត្រូវបានគេចាត់ទុកថាជាវាំងននដែក ខណ្ឌចែកទ្វីបអ៊ឺរ៉ុបជាពីរកំឡុងពេលសង្គ្រាមត្រជាក់។ ជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានសាងសង់ឡើងដោយជញ្ជាំងបេតុងដែលមានកម្ពស់ជាង​ ៤ ម៉ែត្រ​ និងប្រវែងប្រហែល ១៥៥ គីឡូម៉ែត្រ ហើយត្រូវបានរុំព័ទ្ធដោយលួសបន្លា ឆ្កែល្បាត គ្រាប់មីន និងយាមល្បាតដោយអ្នកយាម និងឆ្មាំកាំភ្លើងជាច្រើនអ្នកដែលរងចាំបាញ់អ្នកណាម្នាក់ដែលមានបំណងឆ្លងកាត់ជញ្ជាំងនេះដោយខុសច្បាប់។

បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបិទបញ្ចប់នៅឆ្នាំ១៩៤៥ ប្រទេសអាល្លឺម៉ង់ត្រូវបានបែកចែកជា៤ផ្នែក ទៅឱ្យចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ក្រោយមកនៅឆ្នាំ១៩៤៩​ អាល្លឺម៉ងក៏បានបង្រួមមកជាប្រទេស២ រួមមានប្រជាធិបតេយ្យអាល្លឺម៉ង់ខាងលិច គ្រប់គ្រងដោយ អធិការបតី លោក Konrad Adenauer ក្រោយការបោះឆ្នោតដំបូងបង្អស់នៅខែ សីហា ឆ្នាំ១៩៤៩ ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (FRG) និងកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត គ្រប់គ្រងដោយសូវៀត ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ (GDR)។ អំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ វិស័យឧស្សាហកម្មរបស់អាល្លឺម៉ង់ខាងលិចដែលជាប្រទេសសេរីបានអភិវឌ្ឍយ៉ាងខ្លាំង ផ្ទុយស្រឡះពីអាល្លឺម៉ង់ខាងកើត។ អំឡុងពេលនោះដែរ ប្រជាជនអាល្លឺម៉ង់ខាងកើតជាច្រើនបាននាំគ្នាផ្លាស់ទីលំនៅមកអាល្លឺម៉ង់ខាងលិចរួមទាំងប្រជាជនវ័យក្មេង និងប្រជាជនដែលមានចំណេះដឹងខ្ពស់។ គេមើលឃើញថាការផ្លាស់ប្តូរនេះធ្វើឡើងក្នុងហេតុផលផ្សេងៗគ្នាក្នុងនោះរួមមាន កត្តាសេដ្ឋកិច្ច កត្តានយោបាយ និងកត្តាសង្គម។ គេត្រូវបានដឹងដែលថាមកដល់ឆ្នាំ១៩៦១ មានប្រជាជនអាល្លឺម៉ង់ខាងកើតយ៉ាងហោចណាស់ ៣.៥ លាននាក់បានផ្លាស់ប្តូរមករស់នៅអាល្លឺម៉ង់ខាងលិច ដែលចំនួននេះគឺស្មើនឹង២០ភាគរយនៃប្រជាជនអាល្លឺម៉ង់ខាងកើតទាំងមូល។ ដូច្នេះហើយទើបរដ្ឋាភិបាល GDR រៀបចំសាងសងជញ្ជាំងក្រុងប៊ែរឡាំងភ្លាមៗដោយគ្មានប្រកាសប្រាប់ប្រជាជនខ្លួននោះទេ។

បន្ទាប់ពីជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានកសាងឡើងមក ការធ្វើដំណើរចេញពីអាល្លឺម៉ង់ខាងកើតត្រូវបានរឹតបន្តឹង។ អ្នកដែលមានបំណងចង់ចាកចេញពីអាល្លឺម៉ង់ខាងកើតតម្រូវឱ្យបំពេញលក្ខខណ្ឌដ៏តឹងរឹង ដោយឡែកអ្នកដែលមិនអាចបំពេញលក្ខខណ្ឌទាំងនោះបាន ពួកគេក៏សម្រេចចិត្តចាកចេញដោយខុសច្បាប់។ ប៉ុន្តែអ្នកដែលព្យាយាមចាកចេញពីអាល្លឺម៉ង់ខាងកើតដោយខុសច្បាប់មិនសុទ្ធតែទទួលបានជោគជ័យនោះទេ ដែលយ៉ាងហោចណាស់មនុស្សចំនួន ១៤០នាក់ ត្រូវបានស្លាប់បន្ទាប់ពីព្យាយាមឆ្លងកាត់ជញ្ជាំងនេះ។

យ៉ាងណាមិញ អ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរនៅចុងឆ្នាំ ១៩៨៩​ នៅពេលដែលប្រធានាធិបតីសូវៀត លោក  Mikhail Gorbachev បានបញ្ចេញនូវកំណែទម្រង់សង្គមថ្មីមួយ ក្នុងគោលបំណងបន្ធូរបន្ថយការគៀបសង្កត់ និងបើកឱ្យមានការពិភាក្សាររវាងប្រជាជន និងរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ការផ្លាស់ប្តូរនេះនាំឱ្យមានការបះបោរដោយសន្តិវិធីជាច្រើនជុំវិញប្រទេសនៅតំបន់ខាងកើតរួមទាំងអាល្លឺម៉ង់ខាងកើតផងដែរ។ ដើម្បីកុំឱ្យស្ថានការកាន់តែអាក្រក់ជាងនេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៨៩ មន្ត្រីរបស់រដ្ឋាភិបាល GDR មួយរូបគឺលោក Gerhard Lauter បានរៀបចំសរសេរច្បាប់ថ្មីដែលនឹងត្រូវអនុវត្តដើម្បីកាត់បន្ថយភាពតឹងរឹងរបស់ច្បាប់ក្នុងការធ្វើដំណើរ ប៉ុន្តែនឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ច្បាប់ថ្មីនេះត្រូវបានគេត្រួតពិនិត្យត្រឹមរយៈពេលតិចជាងមួយថ្ងៃមុនពេលគេប្រគល់ឱ្យលោក Günter Schabowski ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលដើម្បីអានទៅកាន់អ្នកការសែតជាច្រើនរូប។ គួរបញ្ជាក់ផងដែលថា លោក Günter Schabowski ពុំមានពេលគ្រប់គ្រាន់ដើម្បីអានច្បាប់ថ្មីនោះទេ។ នាវេលាម៉ោង ៦:៥៣នាទី ល្ងាច នៅលើកញ្ចក់ទូរទស្សន៏ជាតិរបស់ GDR លោក Günter Schabowski អានច្បាប់នោះជាលើកដំបូង។ ក្នុងច្បាប់នោះមានអត្ថន័យដោយសង្ខេបថា “ការធ្វើដំណើរឯកជនទៅបរទេសឥឡូវនេះ អាចធ្វើឡើងដោយគ្មានលក្ខខណ្ឌឡើយ”។ ក្រោយការរាយការណ៏ចប់មានអ្នកការសែតម្នាក់បានសួរទៅកាន់លោកថា “តើច្បាប់នេះនឹងចូលជាធរមាននៅពេលណា?”។ លោក Günter Schabowski ពេលនោះបង្ហាញទឹកមុខភ្ញាក់ផ្អើល ដោយបង្វែរក្រដាសសំណេរដែលលោកបានអាននោះទៅវិញទៅមក ហើយឆ្លើយដោយស្ទាក់ស្ទើរថា “ចាប់ពីពេលនេះតទៅ” (Ab Sofort)។ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺច្បាប់នេះនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ពោលគឺមួយថ្ងៃបន្ទាប់ពីការរាយការណ៏នេះ។ ការធ្វើបែបនេះគឺគេមានបំណងរងចាំការបើកទ្វាររបស់ការិយាល័យលិខិតឆ្លងដែនដែលតម្រូវឱ្យអ្នកឆ្លងកាត់ ធ្វើការស្នើរសុំទិដ្ឋាការជាមុនសិន។ ប៉ុន្តែភ្លាមៗបន្ទាប់ពីការរាយការណ៏របស់លោក Günter Schabowski សារព័ត៌មានជាច្រើនបានចែកចាយពីតំណឹងនេះទៅគ្រប់ទិសទី។ បន្ទាប់ពីបានឮពីការបើកច្រកឆ្លងកាត់របស់អាល្លឺម៉ង់ខាងកើត ប្រជាជនទាំងសងខាងបានមកជួបជុំនៅពាសពេញជញ្ជាំងក្រុងប៊ែរឡាំង។ យើងឃើញថាត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រជាជនអាល្លឺម៉ង់ខាងកើតជាច្រើននាក់បានបន្តមានវត្តមាននៅច្រកជញ្ជាំងក្រុងប៊ែរឡាំង ហើយទាមទារឱ្យមន្រ្តីដែលយាមនៅទីនោះគោរពការសន្យារបស់រដ្ឋាភិបាល ហើយយល់ព្រមបើកទ្វារព្រំដែន។ ដោយហេតុថា មន្ត្រីសន្តិសុខនៅទីនោះមិនទទួលបានបញ្ជាណាមួយពីថ្នាក់លើរបស់ពួកគេ ព្រមទាំងទទួលរងសម្ពាធពីហ្វូង​មនុស្សដែលទាមទារឱ្យមានការបើកទ្វាជាដាច់ខាតផងនោះ មន្ត្រីសន្តិសុខក៏បានបើកទ្វាព្រំដែន ហើយពុំអាចធ្វើអ្វីបានទៀតទេក្រៅពីឈរមើលប្រជាជនអាល្លឺម៉ង់ខាងកើតឆ្លងកាត់ជញ្ជាំងនោះទៅខាងលិច។ នៅយប់នោះ ប្រជាជនប៊ែរឡាំងខាងលិចបានមកស្វាគមន៍ប្រជាជនខាងកើតជាមួយនឹងតន្រ្តី និងស្រាបៀរ ហើយនាំគ្នាឡើងលើជញ្ជាំងនោះរាំផងច្រៀងផង យ៉ាងកុះករ។ ក្រៅពីនេះ ប្រជាជនទាំងសងខាងបានចាប់ផ្តើមវាយបំបែកជញ្ជាំងនោះជាមួយនឹងឧបករណ៏ផ្សេងៗដែលគេអាចរកបាន ដូចជាញញួរ និងពូថៅជាដើម។ បន្ទាប់ពីការដួលរលំជញ្ជាំងក្រុងប៊ែរឡាំង ឬវាំងននដែកប្រមាណជា១ឆ្នាំ អាល្លឺម៉ង់ខាងកើតដែលគ្រប់គ្រងដោយរដ្ឋាភិបាល GDR ក៏ត្រូវបានដួលរលំ។ ក្រោយមក ប្រទេសអាល្លឺម៉ង់ក៏ត្រូវបានបង្រួបបង្រួមឡើងវិញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ ១៩៩០។ សព្វថ្ងៃនេះ បើទោះបីជាផ្នែកជាច្រើននៃជញ្ជាំងត្រូវបានដួលរលំ ប៉ុន្តែក៏នៅមានផ្នែកខ្លះទៀតដែលគេថែរក្សាទុក ដើម្បីរំលឹកដល់ការបែងចែកនៃអាល្លឺម៉ងទាំង២។

បើពេលនោះលោក Günter Schabowski មានពេលវេលាគ្រប់គ្រាន់ដើម្បីអានច្បាប់ថ្មីនោះឱ្យបានច្បាស់លាស់នោះលទ្ធិផលពុំអាចមានរូបរាងដូចពេលនេះទេ។ បើពេលនោះអ្នកកាសែតម្នាក់នោះពុំសួរសំណួរក៏ប្រហែលជាមិនមានលទ្ធផលបែបនេះដែរ។ យើងឃើញថាលទ្ធផលនៃផែនការដែលធ្វើឡើងគ្មានការពិនិត្យល្អិតល្អន់ បូករួមនឹងសេចក្តីថ្លែងការដែលខ្វះការយល់ដឹងនាំឱ្យមានការដួលរំលំជញ្ជាំងក្រុងប៊ែរឡាំង និងនាំឱ្យមានការរួបរួមឡើងវិញរបស់ប្រជាជនអាល្លឺម៉ង់ទាំងពីរ បន្ទាប់ពី២៨ឆ្នាំដែលវាបានពង្រាត់គ្រួសារ បងប្អូន និងប្រជាជនអាល្លឺម៉ង់ទាំងមូល។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ប៊ូ នីសា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ