"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអ្វីគឺជា លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម?

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

ទ្រឹស្តីលទ្ធិកុម្មុយនីស្តគឺជាលទ្ធិមួយដែលហាក់មានភាពល្បីល្បាញអំឡុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់។ លទ្ធិនេះគឺមានភាពចម្រុះជាច្រើនដោយវាមានដើមកំណើតចេញពីលទ្ធិម៉ាក្សនិយម (Marxism) និងមានភាពស្រដៀងទៅនឹងលទ្ធិសង្គមនិយម (Socialism)។ តាមពិតទៅ លទ្ធិម៉ាក្សនិយម លទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម ត្បិតតែភាគច្រើនមានភាពស្រដៀងគ្នាច្រើន ប៉ុន្មានធាតុពិតជាស្ដែងគឺមិនដូចគ្នាទេ។ នៅក្នុងអត្ថបទនេះនឹងរៀបរាប់អំពី លទ្ធិកុម្មុយនីស្ត លទ្ធិម៉ាក្សនិយម លទ្ធិសង្គមនិយម។

 អំពីលទ្ធិកុម្មុយនីស្ត

លទ្ធិកុម្មុយនីស្តគឺជាគោលលទ្ធិមួយដែលបង្កើតឡើងដើម្បីផ្លាស់ប្តូរគោលនយោបាយនិងសេដ្ឋកិច្ច។ កុម្មុយនីស្តបានអភិវឌ្ឍដោយ លោក កាល់ ម៉ាក្ស (Karl Marx) និងមាន លោក ហ្រ្វីទ្រីកអ៊ីហ្កល់ (Fredrick Engels) ហើយលោកទាំងពីរបានចេញផ្សាយនូវសៀវភៅ “The Communist Manifesto” នៅថ្ងៃទី២១ ខែមករា ក្នុងឆ្នាំ ១៨៤៨។  គួរឱ្យដឹងថា លទ្ធិនេះធ្លាប់លើកមកនិយាយនៅក្នុងសតវត្សទី ១៥ ដោយលោក ផ្លាតូ (Plato) និង លោក អារីសថូថល (Aristotle)។ លទ្ធិកុម្មុយនីស្តមិនមានប្រភពនៅក្នុងប្រទេសរុស្សីទេ តែបានចាប់កំណើតនៅអឺរ៉ុបខាងលិចដោយសារតែមានការឡើងចុះនូវសេដ្ឋកិច្ចនិងសង្គមនៅអំឡុងពេលបដិវត្តន៍ឧស្សាហកម្ម។ ការយល់ដឹងរបស់លោក ម៉ាក្ស និង ហ្វ្រីទ្រីក បានមើលទៅលើវណ្ណៈអ្នកក្រឬវណ្ណៈអ្នកធ្វើការដែលត្រូវពឹងផ្អែកទៅលើអ្នកមានឬត្រូវបានជិះជាន់ដោយសារវណ្ណៈអ្នកមាន។ ការជិះជាន់នេះបានក្លាយជាប្រព័ន្ធមួយដែលលោកបានហៅថាជាប្រព័ន្ធមូលធននិយម។ ក្រោយមកលោកបានជឿថាប្រព័ន្ធនេះមិនមានភាពយុត្តិធម៌សម្រាប់សង្គមទាំងមូល ជាពិសេសវណ្ណៈអ្នកក្រឡើយ។ បន្ថែមពីលើនេះ លោកក៏បានលើកឡើងថាគោលបំណងរបស់បក្សកុម្មុយនីស្ត គឺការលុបបំបាត់ការកាន់កាប់ទ្រព្យសម្បត្តិដោយអ្នកមានឬដោយឯកជន និង ការរស់នៅតែមួយវណ្ណៈតែប៉ុណ្ណោះ។ លើសពីនេះទៀត លទ្ធិកុម្មុយនីស្តផ្តោតទៅលើប្រព័ន្ធសង្គមដែលឈានទៅរកសង្គមមួយដែលគ្មានវណ្ណៈនិងមានតែការរស់នៅជាមួយគ្នាជាសហគមន៍មួយ។

ការប្រើប្រាស់របស់លទ្ធិកុម្មុយនីស្ត

ដូចដែលបានលើកឡើងខាងលើ លទ្ធិកុម្មុយនីស្តធ្លាប់បានលើកឡើងនៅក្នុងសតវត្សទី ១៥ ហើយត្រូវបានប្រើប្រាស់ជាលក្ខណៈសាមញ្ញនៅក្នុងសង្គមដែលមិនមានការប្រើប្រាស់ក្រដាសប្រាក់ (abolishment of currency) និងការរស់នៅរបស់មនុស្សក្នុងសង្គមដោយការប្រើប្រាស់និងបរិភោគរបស់រួម។ លោក វ៉ាឡាឌីម៉ែ លីនីន (Vladimir Lenin) បា​នអនុវត្ដលទ្ធិនេះជាលើកដំបូងនៅប្រទេសរុស្សីដោយសារតែប្រទេសរុស្សីនៅពេលនោះមានការតវ៉ាច្រើនពីវណ្ណៈអ្នកក្រដោយសារតែការទារពន្ធខ្ពស់ពេកទៅលើអ្នកក្រ។ លោក លីនីន បានប្រើប្រាស់បដិវត្តន៍មួយដែលហៅថាលទ្ធិលីនីន (Leninsm) ហើយមានការផ្តោតទៅលើបដិវត្តន៍នយោបាយ ហើយក្រោយមកប្រែប្រទេសរុស្ស៊ី ទៅជាសហភាពសូវៀតវិញ។ គួរឱ្យដឹងថាការប្រើប្រាស់លទ្ធិលីនីនគឺជាការរួមបញ្ចូលគ្នារវាងលទ្ធិកុម្មុនីស្ដ និងលទ្ធិសង្គមនិយម (Socialism)។ ក្រោយពីលោក លីនីន បានស្លាប់ទៅនៅឆ្នាំ ១៩២៤ លោក ចប ស្តាលីន (Joseph Stalin) បានឡើងមកកាន់តំណែងនៃបក្សកុម្មុយនីស្ត។ ដោយឡែកការគ្រប់គ្រងរបស់លោក ស្តាលីន មានការបញ្ជាកណ្ដាលខ្ពស់ (highly centralize economy and politic)។

ទ្រឹស្តីកាល់ម៉ាក្សនិយម

បើយើងក្រឡេកមកមើលលទ្ធិម៉ាក្សនិយមវិញ (Marxism) លទ្ធិនេះជាទ្រឹស្តីនយោបាយនិងសេដ្ឋកិច្ចដែលបានសរសេរដោយលោក កាល់ម៉ាក្ស និង ហ្រ្វីឌ្រីក ដែរ ប៉ុន្តែលទ្ធិនេះគ្រាន់តែជាទ្រឹស្តីសម្រាប់ការសិក្សាទៅលើលទ្ធិកុម្មុយនីស្តនិងលទ្ធិសង្គមនិយម (Socialism) តែប៉ុណ្ណោះ។ មួយវិញទៀតលទ្ធិនេះបានសង្កត់ធ្ងន់ទៅលើលទ្ធិមូលធននិយមដែលនិយាយពីការជិះជាន់របស់វណ្ណៈអ្នកមានទៅលើវណ្ណៈអ្នកក្រនិងភាពមិនស្មើគ្នា។

ទ្រឹស្តីសង្គមនិយម

លទ្ធិសង្គមនិយមផ្តោតទៅលើសង្គមជារួមជាជាងបុគ្គល ដែលការប្រើប្រាស់របស់របរគឺមានលក្ខណៈរួមទាំងអស់ហើយរោងចក្រមានការកាន់កាប់ដោយរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏ជាអ្នកធានាឱ្យមានការចែកចាយអត្ថប្រយោជន៍ស្មើគ្នា។ បើយោងតាម Website The Week លទ្ធិនេះមានការកើតឡើងនៅសតវត្សទី ១៩ ដោយផ្តោតទៅលើការលុបចោលនូវវណ្ណៈនិងបង្កើតភាពជាសង្គមធ្វើអ្វីៗរួមគ្នា។

 ភាពស្រដៀងគ្នានៃទ្រឹស្តីកាល់ម៉ាក្សនិយម កុម្មុយនីសនិយមនិងសង្គមនិយម

 លទ្ធិកាល់ម៉ាក្សនិយម លទ្ធិកុម្មុយនីស្តនិយម និងលទ្ធិសង្គមនិយម សុទ្ធតែជាលទ្ធិដែលមានការតវ៉ាទៅនឹងលទ្ធិមូលធននិយម។ មួយវិញទៀត លទ្ធិទាំងបីក៏មានការប្រឆាំងទៅនឹងការគ្រប់គ្រងលក្ខណៈឯកជន ដែលលទ្ធិទាំងបីបានជំរុញឱ្យមានការគ្រប់គ្រងលក្ខណៈរួម។ លើសពីនេះទៀត លទ្ធិទាំងបីក៏មានការជំរុញឱ្យធ្វើការដើម្បីប្រយោជន៍រួម និងភាពស្មើគ្នាជាជាងការធ្វើការដើម្បីផលប្រយោជន៍បុគ្គល។

 ភាពខុសគ្នានៃទ្រឹស្តីកាល់ម៉ាក្សនិយម កុម្មុយនីស្តនិយមនិងសង្គមនិយម

 ក្រៅពីភាពស្រដៀងគ្នានៃលទ្ធិទាំងបី លទ្ធិនេះក៏មានភាពខុសគ្នាច្រើនដែរ។ បើនិយាយពិលទ្ធិកាល់ម៉ាក្សនិយម លទ្ធិនេះគ្រាន់តែជាទ្រឹស្តីសម្រាប់សិក្សាលទ្ធិកុម្មុយនីស្តនិយមនិងសង្គមនិយមប៉ុណ្ណោះ។ សម្រាប់លទ្ធិកុម្មុយនីស្តនិយមវិញគឺភាពតឹងតែងខ្លាំង ដោយមានការលុបចោលនូវវណ្ណៈ (classless society) ដែលផ្តោតទៅលើការប្រើប្រាស់របស់រួម (public property own by individual) ហើយបុគ្គលទាំងអស់មិនមានកម្មសិទ្ធិឯកជនឡើយ។ រីឯលទ្ធិសង្គមនិយមវិញគឺផ្តោតទៅលើភាពជាសង្គមដែលការរស់នៅរបស់ប្រជាជនមានភាពស្មើគ្នាដោយការដោយមានការបែងចែកអ្វីទាំងអស់ដោយរដ្ឋាភិបាល (Government make sure equity) ប៉ុន្តែលទ្ធិនេះអនុញ្ញាតឱ្យមានកម្មសិទ្ធិឯកជន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា សួន រតនាសុមានី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ