"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា៖ ប្រវត្ដិនៃទិវានារីអន្តរជាតិ

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

ទិវានារីអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា International Women’s Day (IWD) ជាទិវាដែលប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ហើយក៏ជាពេលវេលាមួយដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសិទ្ធិនារីកន្លងមក ដែលត្រូវបានខិតខំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើម្បីអបអរសាទរចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ស្ត្រី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រទាំងនៅក្នុងប្រទេស និងក្នុងសហគមន៍របស់ពួកគេ។ ឆ្នាំនេះជាគម្រប់ខួបលើកទី១១២ហើយ រាប់ចាប់តាំងពីឆ្នាំ១៩១១ នៃការចាប់ផ្តើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះឡើង។ ទោះបីជាពិភពលោកមានការជឿនលឿនដែលមិនធ្លាប់មានពីមុនមកកម្រិតណាក៏ដោយ ក៏គ្មានប្រទេសណាមួយសម្រេចបានសមភាពយេនឌ័រពេញលេញនៅឡើយទេ។ គម្លាតនៃសមភាពយេនឌ័រនៅតែជាការព្រួយបារម្ភ និងត្រូវបន្តស្វែងរកដំណោះស្រាយ។

ប្រវត្តិនៃសិទ្ធិនារី

នៅដើមសតវត្សទី២០ ក្នុងទ្វីបអ៊ឺរ៉ុប ការគាបសង្កត់ទៅលើស្ត្រីបានកើតមានច្រើនជាខ្លាំង ដោយមានការជិះជាន់លើកម្លាំងពលកម្មស្ត្រី និងដោយប្រើឱ្យស្ត្រីធ្វើការលើសម៉ោងកំណត់ ប៉ុន្តែផ្តល់មកវិញនូវបា្រក់ខែ​ និងអត្ថប្រយោជន៍ដ៏តិចតួចទៅវិញ។ ការគាបសង្កត់បែបនេះ បានធ្វើឱ្យកម្មការនីជាច្រើននាក់នៅក្នុងប្រទេសលោកខាងលិចមួយចំនួនមានការខឹងសម្បារ និងផ្ទុះការបាតុកម្មប្រឆាំងនឹងថៅកែរោងចក្រ ក្នុងគោលបំណងទាមទារដំឡើងប្រាក់ខែ។ នៅឆ្នាំ១៩០៨ ស្ត្រីចំនួន ១៥០០០ នាក់បានដើរកាត់ទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យកំណត់រយៈពេលនៃម៉ោងធ្វើការខ្លីជាងមុន ប្រាក់ខែកាន់តែប្រសើរ និងការផ្ដល់ជូនសិទ្ធិបោះឆ្នោតចំពោះស្រ្តី។

ស្ត្រីអាល្លឺម៉ង់ម្នាក់ ឈ្មោះថា ក្លារ៉ា​ហ្សេតគិន (Clara Zetkin) ដែលជាអ្នកនយោបាយមាននិន្នាការសង្គមនិយម គឺជាស្ត្រីដំបូងបំផុតដែលបានផ្តើមគំនិតបង្កើតឡើងនូវទិវានារីអន្តរជាតិ។ លោកស្រី ហ្សេតគិន បានដាក់ស្នើគំនិតនេះឡើងនៅឆ្នាំ១៩១០ ក្នុងសន្និសីទស្ដីពីស្ត្រីអន្តរជាតិ ដែលធ្វើឡើងក្នុងទីក្រុង កូប៉ិនហាក (Copenhagen) ប្រទេសដាណឺម៉ាក។ សន្និសីទនោះមានស្ត្រីជាប្រតិភូចូលរួមចំនួន ១០០ នាក់ដែលមកពី ១៧ ប្រទេសផ្សេងៗគ្នា ហើយពួកគេក៏បានយល់ស្របទៅនឹងសំណើរបស់លោកស្រីហ្សេតគិនជាឯកច្ឆន្ទផងដែរ។

បន្ទាប់ពីនោះ បណ្ដាប្រទេសផ្សេងៗដូចជា អាល្លឺម៉ង់ ស្វ៊ីស រុស្ស៊ី អូទ្រីស ដាណឺម៉ាក បានចាប់ផ្តើមប្រារព្ធទិវានារីអន្តរជាតិលើកដំបូងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១។ ក្រោយមក ទិវាសិទ្ធិនារីអន្តរជាតិត្រូវបានទទួលស្គាល់ពីអង្គការសហប្រជាជាតិ ក្នុងការប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨ ខែមីនា។ បន្ថែមពីលើនេះ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានបង្កើតផងដែរនូវអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងស្រ្តី ឬហៅកាត់ថា CEDAW។ គួរកត់សម្គាល់ថា ទិវានារីអន្តរជាតិត្រូវបានគេជ្រើសរើសយកពណ៌ស្វាយ មកជាតំណាងឱ្យភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ ហើយទិវានេះត្រូវបានគេប្រារព្ធឡើងក្នុងរូបភាពផ្សេងៗគ្នានៅតាមបណ្ដាប្រទេសជុំវិញពិភពលោក។

គម្លាតនៃសមភាពយេនឌ័ររបស់ស្ត្រីនៅក្នុងសង្គមនាសតវត្សរ៍ទី២១

ទោះបីជាទិវានារីអន្តរជាតិត្រូវបានរៀបចំប្រារព្ធឡើងស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ប៉ុន្តែគម្លាតសមភាពរវាងបុរសនិងស្ត្រីនៅតែជាបញ្ហាចោទ ពោលគឺស្ត្រីស្ថិតនៅក្រោមឥទ្ធិពលសង្រ្គាម អំពើហិង្សា និងការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសរៀងៗខ្លួន។ ជាក់ស្តែង ក្នុងប្រទេសអាហ្វហ្កានីស្ថាន ការឡើងកាន់អំណាចរបស់ពួកតាលីបង់បានរាំងស្ទះដល់ការរីកចម្រើននៃសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រី និងកុមារី ដោយហាមឃាត់ពួកគេមិនឱ្យចូលរៀននៅថ្នាក់ឧត្តមសិក្សា ហាមមិនឱ្យធ្វើការក្រៅផ្ទះ និងត្រូវបានណែនាំឱ្យបិទបាំងខ្លួនប្រាណឱ្យជិតនៅតាមទីសាធារណៈ។

នៅក្នុងប្រទេសអ៊ីរ៉ង់ ស្ត្រីម្នាក់ឈ្មោះថា ម៉ាសា អាមីនី(Mahsa Amini) ត្រូវបានបាត់បង់ជីវិតក្រោយពីការចាប់ខ្លួនដោយក្រុមប៉ូលីសសីលធម៌នៅទីក្រុងតេហេរ៉ង់ (Tehran) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ពីបទរំលោភលើច្បាប់ដ៏តឹងរឹងរបស់ប្រទេសអ៊ីរ៉ង់ដែលតម្រូវឱ្យស្ត្រីត្រូវគ្របសក់របស់ពួកគេជាមួយនឹងក្រមាឱ្យជិត។ ចាប់តាំងពីពេលនោះមក ការប្រឆាំងតវ៉ាផ្សេងៗបានកើតមានឡើង ដោយពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ទាំងស្ត្រី និងបុរស នាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេស តាមរយៈការអំពាវនាវឱ្យមានការផ្ដល់សិទ្ធិកាន់តែប្រសើរឡើងសម្រាប់ស្ត្រី និងការផ្លាស់ប្តូរពីរបៀបដឹកនាំនយោបាយបច្ចុប្បន្ន។ ដោយឡែក អាជ្ញាធរអ៊ីរ៉ង់បានចាត់ទុកទង្វើពួកគេថាជា កុបកម្ម ហើយបានវាយប្រហារទៅកាន់បាតុករវិញ និងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណជា ៥០០ នាក់ថែមទៀត។

ក្រៅពីនេះ បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា គម្លាតយេនឌ័រនៅក្នុងប្រព័ន្ធសន្តិសុខសង្គមកាន់តែអាក្រក់ទៅ ក្នុងនោះរួមមានកង្វះអាហារូបត្ថម្ភ អត្រាភាពក្រីក្រ និងការកើនឡើងនៃអំពើហិង្សាផ្អែកលើយេនឌ័រ។ ទាំងនេះគឺដោយសារតែការឡើងថ្លៃទំនិញមូលដ្ឋាន និងកង្វះស្បៀងអាហារដែលបង្កឡើងដោយសង្រ្គាម។ សូម្បីតែនៅក្នុងប្រទេសដែលស្ត្រីមានសិទ្ធិសេរីភាពពេញលេញ ដូចជាសហរដ្ឋអាមេរិក បញ្ហាគម្លាតយេនឌ័រនៅតែកើតមានឡើង។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបដិសេធច្បាប់ដែលការពារសិទ្ធិក្នុងការរំលូតកូនរបស់ស្ត្រីជនជាតិអាមេរិក។ ការណ៍នេះបានបង្កឱ្យមានការតវ៉ាបាតុកម្មប្រឆាំងយ៉ាងខ្លាំងនៅតាមបណ្ដារដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក។

គេក៏ឃើញមានគម្លាតសមភាពយេនឌ័រនៅក្នុងវិស័យឌីជីថល ដែលបានរារាំងដល់សក្តានុពលរបស់ស្ត្រី មិនអាចចូលរួមពេញលេញក្នុងការងារផ្សេងៗផ្នែកបច្ចេកវិទ្យា។ យោងតាមអង្គការសហប្រជាជាតិ ស្ត្រីចំនួន ២៥៩ លាននាក់មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតតិចជាងបុរស និងត្រូវបានរងគ្រោះដោយការបំពានពីក្រុមការងាររបស់ពួកគេ។ បើយោងតាមការស្ទង់មតិចំពោះអ្នកសារព័ត៌មានស្ត្រីចំនួន ១២៥ ប្រទេស បានបង្ហាញថា ៧៣ ភាគរយនៃស្ត្រីធ្លាប់ត្រូវបានរងគ្រោះ និងបំពាននៅលើអនឡាញ។

មួយវិញទៀត ​ស្ត្រីដែលសិក្សាលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា នៅតែមាន​ចំនួន​តិច​តួចនៅឡើយ​។ ក្រៅពីនេះទៀត ចំនួនស្ត្រី និងកុមារីជាច្រើនបានជួបប្រទះជាមួយនឹងបញ្ហារំលោភផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារនៅទូទាំងពិភពលោក។ លោក អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា សិទ្ធិស្ត្រីត្រូវបានគំរាមកំហែង និងរំលោភបំពាន នៅជុំវិញពិភពលោក ហើយការទទួលបានសមភាពយេនឌ័រពេញលេញនឹងមិនអាចទទួលបាននោះទេ ក្នុងរយៈពេល ៣០០ ឆ្នាំទៅខាងមុខ បើយើងយើងមើលទៅលើនិន្នាការផ្លាស់ប្តូរបរិបទសង្គមក្នុងពេលបច្ចុប្បន្ន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ