កាលពីខែមីនា រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសរំលាយសភា ដែលនេះគឺជាលើកទី២ នៃការរំលាយសភាពនិងរៀបចំការបោះឆ្នោតបើរាប់ពីឆ្នាំ២០១៤។ ការបោះឆ្នោតនេះត្រូវបានគេស្ទាបស្ទង់ថាលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ទទួលបានការគាំទ្រច្រើន ប៉ុន្តែវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ២០១៧ហាក់ធ្វើឱ្យគណបក្សរបស់លោក ប្រាយុទ្ធចាន់អូចា មានប្រៀបទៅវិញ។ ដូចនេះ តើស្ថានភាពបោះឆ្នោតនៅខែក្រោយនេះមានសភាពយ៉ាងណា?
ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣
សម្រាប់សម័យកាលបោះឆ្នោតឆ្នាំ២០២៣ ខែឧសភា ខាងមុខនេះ ថៃបានសម្រេចបង្កើនចំនួនស្រុកពី ៣៥០ ទៅ ៤០០ ស្រុក ដែលមានន័យថា អាសនៈនៅរដ្ឋសភាថៃនឹងកើនឡើងដល់ ៥៥០ អាសនៈ។ ដោយឡែក សមាជិកព្រឹទ្ធសភាពថៃវិញ មានចំនួន ២៥០ រូប ហើយសមាជិកព្រឹទ្ធសភានេះទៀតសោត រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ បានផ្ដល់សិទ្ធិឱ្យពួកគេអាចបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីដូចទៅនឹងរដ្ឋសភាដែរ។ ដើម្បីអាចយកឈ្នះគណបក្សកាន់អំណាចបាន មិនថាគណបក្សភឿថៃត្រូវធ្វើដំណើរម្នាក់ឯង ឬចងសម្ព័ន្ធភាពជាមួយគណបក្សដទៃក្ដី ធ្វើយ៉ាងណាត្រូវរកឱ្យបាន ៤០១ អាសនៈឡើងទៅនៅក្នុងសភាជាន់ទាប ព្រោះសមាជិកព្រឹទ្ធសភា (សភាជាន់ខ្ពស់) ទាំងអស់ សុទ្ធសឹងតែត្រូវបានជ្រើសតាំងដោយពួកយោធា ហើយក្នុងចំណោមសមាជិកសភាជាន់ខ្ពស់នោះផងដែរ ប្រមាណជាជាង ១០០ រូប កំពុងកាន់មុខតំណែងសំខាន់ៗនៅក្នុងជួរទាហាន។ ដូច្នេះប្រាកដណាស់ថា ពួកគេនឹងមិនបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ដែលជាបក្សប្រឆាំងនោះឡើយ។ ផ្ទុយទៅវិញ ពួកគេទំនងជានឹងបោះឆ្នោតគាំទ្រអតីតអគ្គមេបញ្ជាការរបស់ពួកគេ ដែលជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន នោះគឺលោក ប្រាយុទ្ធ ចាន់អូចា ឱ្យបន្តដឹកនាំមួយអាណត្តិទៀត។ យ៉ាងណាក៏ដោយ បើរាប់ចាប់តាំងពីរឆ្នាំ២០១៤ លោក ប្រាយុទ្ធ ត្រូវផុតអាណត្តិដឹកនាំត្រឹម ៨ ឆ្នាំគឺនៅឆ្នាំ២០២២ ប៉ុន្តែ ការកំណត់អាណត្តិត្រូវរាប់ចាប់ពីពេលដែលរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នចូលជាធរមាន នោះគឺខែមេសា ឆ្នាំ២០១៧។ ដូច្នេះ ប្រសិនបើលោក ប្រាយុទ្ធ ជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះទៀត នោះលោកនឹងអាចបន្តដឹកនាំបានត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះ ពោលគឺត្រូវចុះចេញពីតំណែងនៅឆ្នាំ២០២៥ ស្របតាមរដ្ឋធម្មនុញ្ញថៃដែលមានចែងនៅក្នុងជំពូកទី៨ មាត្រា១៥៨។
គូរប្រជែងនយោបាយសំខាន់ៗរបស់លោក ប្រាយុទ្ធ
បច្ចុប្បន្ននេះ លោក ប្រាយុទ្ធ កំពុងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងគណបក្សប្រជាជនថៃកសាងជាតិ (UTNP) ដែលទើបនឹងបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០២១។ បើក្រឡេកទៅមើលបេក្ខជននាយករដ្ឋមន្ត្រីសំខាន់ៗដែលកំពុងមានប្រជាប្រិយភាពខ្លាំងរបស់គណបក្សធំៗផ្សេងទៀត រួមមានទី១ លោកស្រី ផែថងឋាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) មកពីគណបក្សភឿថៃ ទី២ លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) មកពីគណបក្សឆ្ពោះទៅមុខ (Move Forward) និងទី៣ លោកស្រី ស៊ូដារ៉ាត់ កេយុរ៉ាផាន់ (Sudarat Keyuraphan) មកពីគណបក្សថៃកសាងថៃ (Thai Build Thai)។ បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) ដែលបានចេញផ្សាយកាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៣ ស្ដីអំពីលទ្ធផលស្ទង់មតិប្រជាជនថៃ បានរកឃើញថាអ្នកដែលគាំទ្របេក្ខជនឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃនៅអាណត្តិក្រោយមានដូចជា លោកស្រី ផែថងឋាន ទទួលបានការគាំទ្រ ៣៨,២០% លោក ភីថា ទទួលបាន ១៥,៧៥% លោក ប្រាយុទ្ធ ទទួលបាន ១៥,៦៥% អ្នកមិនច្បាស់ថាគួរគាំទ្របេក្ខជនរូបណា មានចំនួន ៩,៤៥% និងលោកស្រី ស៊ូដារ៉ាត់ ទទួលបាន ៥,១០%។
ឧបសគ្គរបស់គណបក្សភឿថៃ
យោងតាមតួលេខខាងលើ យើងសង្កេតឃើញថា លោក ប្រាយុទ្ធ កំពុងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង ដោយលោកត្រូវប្រឈមជាមួយនឹងគូប្រកួតដ៏មានសក្កានុពល នោះគឺលោក ស្រី ផែថងឋាន។ គួរដឹងដែរថា លោកស្រីគឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងត្រូវជាក្មួយស្រីបង្កើតរបស់ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់។ ប៉ុន្តែ ដូចដែលបានលើកឡើងខាងលើ ការយកឈ្នះត្រឹម ៣៨,២០% នៃអាសនៈនៅក្នុងរដ្ឋសភាសរុប ៥៥០ អាសនៈ នៅមិនអាចបង្កើតរដ្ឋាភិបាលនៅឡើយទេ ពោលគឺត្រូវយកឈ្នះឱ្យបានភ្លូកទឹកភ្លូកដី ប្រមាណជា ៤០១ អាសនៈឡើងទៅ ទើបអាចទទួលបានជោគជ័យ។ ដូច្នេះ ប្រសិនបើលទ្ធផលក្រោយការបោះឆ្នោត ដូចទៅនឹងការស្ទង់មតិខាងលើមែន នោះលោកស្រី ផែថងឋាន ទំនងជានឹងត្រូវស្វះស្វែងរកការបង្រួបបង្រួម បញ្ចូលសំឡេងគ្នាជាមួយគណបក្សដទៃទៀត ដើម្បីអាចឈានទៅរកគោលដៅបញ្ចប់ដំណែងរបស់លោក ប្រាយុទ្ធ បានសម្រេច និងបង្កើតរដ្ឋាភិបាលចម្រុះថ្មីបានជោគជ័យ។
តើការសម្រេចចិត្តបោះឆ្នោតរបស់ពលរដ្ឋថៃអាស្រ័យទៅលើកត្តាអ្វី?
បើក្រឡេកទៅមើលការយល់ឃើញរបស់អ្នកវិភាគអំពីបញ្ហាសង្គម និងនយោបាយមួយចំនួន បានយល់ឃើញថា ប្រជាជនថៃភាគច្រើន សម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សណាមួយ តាមរយៈការមើលទៅលើសមត្ថភាពរបស់ថ្នាក់ដឹកនាំគណបក្សនោះ ជាជាងការមើលទៅលើគោលនយោបាយនៃគណបក្សនីមួយៗ។ ជាទូទៅ គណបក្សតែងតែមានគោលនយោបាយដោះស្រាយបញ្ហាថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរៀងៗខ្លួន ប៉ុន្តែនៅពេលដែលគណបក្សទាំងនោះត្រូវចងសម្ព័ន្ធភាពជាមួយគណបក្សដទៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី គោលនយោបាយរបស់ពួកគេក៏ត្រូវផ្លាស់ប្ដូរដូចគ្នា។ សម្រាប់គោលនយោបាយនៃគណបក្សភឿថៃរបស់លោកស្រី ផែថងឋាន គ្មានអ្វីថ្មីច្រើននោះទេ។ គោលនយោបាយសឹងតែទាំងស្រុង គឺដូចទៅនឹងអ្វីដែលឪពុករបស់លោកស្រីបានបន្សល់ទុក ប៉ុន្តែគេក៏មិនទាន់អាចវាយតម្លៃបានភ្លាមៗថាលោកស្រីជាអ្នកនយោបាយដែលគ្មានបទពិសោធ ឬគ្មានសមត្ថភាពនោះទេ។
គោលនយោបាយរបស់គណបក្សភឿថៃ
ក្នុងយុទ្ធនាការមុនថ្ងៃបោះឆ្នោត គណបក្សភឿថៃបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ១៣ ចំណុច ក្នុងនោះមានដូចជា៖ ទី១ ការងារប្រើកម្លាំងនឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ៧ម៉ឺនរៀល/ថ្ងៃ ហើយប្រាក់ខែសម្រាប់និស្សិតបញ្ចប់បរិញ្ញាបត្រនឹងទទួលបានចាប់ពី ៣លានរៀល/ខែ ទី២ ប្រើប្រាស់បច្ចេកវិទ្យាជាជំនួយដល់វិស័យកសិកម្ម ទី៣ រកចំណូលពីវិស័យទេសចណ៍ឱ្យបាន ៨៧ ប៊ីលានដុល្លារ/ឆ្នាំ ទី៤ ប្រើប្រាស់ប្រព័ន្ធ Blockchain ក្នុងការកាត់បន្ថយអំពើពុករលួយ ទី៥ ធ្វើវិសោធនកម្មរដ្ឋធម្មនុញដើម្បីផលប្រយោជន៍ប្រជាជន ទី៦ បង្រ្កាបបទល្មើសគ្រឿងញៀន ទី៧ បង្កើតប្រព័ន្ធការពារអ៊ីនធឺណិត ទី៨ រៀបចំប្លង់កម្មសិទ្ធិដីធ្លីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទី៩ សិស្សម្នាក់នឹងមានថេប្លេត (Tablet) មួយគ្រឿង គ្រូម្នាក់ក៏នឹងមានថេប្លេតមួយគ្រឿងដូចគ្នា និងបង្កើនថវិកាអាហារថ្ងៃត្រង់នៅសាលារៀន ទី១០ បង្កើតជំនាញមួយសម្រាប់គ្រួសារមួយ ទី១១ បង្កើតនាមប័ណ្ណប្រជាជនថៃមួយប្រភេទដែលអាចប្រើសម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃនៅទូទាំងប្រទេសថៃ ទី១២ តម្លៃរថភ្លើងអាកាសនឹងត្រូវកំណត់តម្លៃត្រឹមតែជាង ២៣០០រៀលប៉ុណ្ណោះ ជិះចាប់ពីស្ថានីយដំបូង ដល់ស្ថានីយចុងក្រោយ ទី១៣ ពលរដ្ឋថៃទាំងអស់នឹងមានទឹកបរិភោគ និងប្រើប្រាស់គ្រប់គ្រាន់។
គុណសម្បត្តិរបស់លោក ប្រាយុទ្ធ
ដោយឡែកសម្រាប់គណបក្សថៃកសាងថៃ របស់លោក ប្រាយុទ្ធ ក៏បានដាក់ចេញនូវគោលនយោបាយ ១៣ ចំណុចដូចគ្នា ដោយគ្របដណ្ដប់ទៅលើវិស័យសំខាន់ៗនៅក្នុងប្រទេសស្រដៀងគ្នាទៅនឹងគណបក្សភឿថៃ ក្នុងនោះរួមមានគោលនយោបាយដែលពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល វិស័យអប់រំ សេដ្ឋកិច្ច និងវិស័យកសិកម្មជាដើម។ ជារួម ពលរដ្ឋថៃមួយចំនួនក៏អាចធ្វើការសម្រេចចិត្តដោយផ្អែកទៅលើគោលនយោបាយរបស់គណបក្សនីមួយៗផងដែរ ប៉ុន្តែសម្រាប់លោក ប្រាយុទ្ធ វិញ ប្រជាជនថៃដែលជាម្ចាស់ឆ្នោត ជាពិសេសយុវជន ទំនងជានឹងមើលទៅលើប្រវត្តិរបស់លោកដែលបានដឹកនាំប្រទេសប៉ុន្មានឆ្នាំមកនេះ។ ជាក់ស្ដែង លោក ប្រាយុទ្ធ ជាមេដឹកនាំម្នាក់ដែលអាចបង្កលក្ខណៈឱ្យប្រទេសថៃមានស្ថិរភាពនយោបាយបានចាប់តាំងពីឆ្នាំ២០១៤ ប៉ុន្តែក៏ត្រូវរលាយបាត់ទៅវិញបន្ទាប់ពីព្រឹតិ្តការណ៍បាតុកម្មនៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២១ បានផ្ទុះឡើង។
យ៉ាងណាក៏ដោយ លោកក៏បានរួមចំណែកក្នុងការធ្វើឱ្យប្រទេសថៃឱ្យនៅតែជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងមានផលិតផលក្នុងសរុបប្រមាណ ៥០៦ ប៊ីលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០២២ ហើយសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងប្រហែល ៣,២% បន្ថែមទៀត នេះបើយោងតាមការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC)។ បើយើងក្រឡេកទៅមើលដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ថៃ មានចំនួន៤ ក្នុងនោះរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន និងជប៉ុន។ ទំនិញនាំចេញភាគច្រើនគឺគ្រឿងអេឡិចត្រូនិក ស្បៀងអាហារ និងគ្រឿងយន្តជាដើម។ ជារួម ថៃគឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅក្នុងតំបន់អាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ជាការកត់សម្គាល់ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្ធសេដ្ឋកិច្ចថៃ ពោលគឺអាចរកចំណូលបានស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុប។
ការរួមចំណែករំលោភសិទ្ធិមនុស្សរបស់លោកប្រាយុទ្ធ
បើទោះបីជាលោក ប្រាយុទ្ធ ធ្លាប់បានកសាងស្នាដៃមួយចំនួនក៏ពិតមែន ប៉ុន្តែលោកក៏ត្រូវបានអង្គការសិទ្ធិមនុស្សទាំងក្នុងស្រុក និងអន្តរជាតិបានធ្វើការចោទប្រកាន់ផងដែរ ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។ យោងតាមរបាយការណ៍របស់អង្គការ Freedom House ដែលបានធ្វើការវាយតម្លៃប្រទេសថៃនៅឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសដែល “មិនមានសេរីភាព” នៅឡើយ ដោយបានដាក់ពិន្ទុតាមរយៈការវាយតម្លៃទៅលើស្ថានភាពសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋត្រឹមតែ ៣០ លើ ១០០ ពិន្ទុប៉ុណ្ណោះ ពោលគឺសិទ្ធិនយោបាយទទួលបាន ៥ លើ ៤០ ពិន្ទុ និងសេរីភាពពលរដ្ឋទទួលបាន ២៤ លើ ៦០ ពិន្ទុ។ តួលេខនេះសរបញ្ជាក់ឱ្យឃើញថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅប្រទេសថៃមានកម្រិតទាបគួរឱ្យព្រួយបារម្ភ និងទាបជាងបណ្ដាប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វ៊ីលីពីនជាដើម បើទោះបីជាប្រទេសនេះមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីក៏ដោយ។
ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២០មក សកម្មជនអ្នកការពារសិទ្ធិមនុស្សនៅប្រទេសថៃប្រមាណជាជិត ២០០០ នាក់ហើយដែលត្រូវបានតុលាការថៃធ្វើទុកបុកម្នេញជាបន្តបន្ទាប់។ ក្នុងនោះ ជិត ៣០០ នាក់ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ដោយសារតែពួកគេមានភាពសកម្មខ្លាំងក្នុងការផ្ដួចផ្ដើមឱ្យមានការតវ៉ាទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ គួរកត់សម្គាល់ថា ក្នុងចំណោមសកម្មជនជាប់ចោទទាំងអស់នោះ ក៏មានក្មេងដែលទើបតែមានអាយុ ១២ ឆ្នាំម្នាក់ផងដែរ នេះបើយោងតាមអង្គការមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR)។ ក្នុងចំណោមសកម្មជនទាំងអស់នោះទៀតសោត អ្នកដែលជាប់ចោទពីបទប្រមាថព្រះមហាក្សត្រមានរហូតដល់ទៅជាង ២០០ នាក់ ក្នុងនោះ ស្ត្រីម្នាក់ដែលបានចែករំលែកឃ្លីបសំឡេងរិះគន់ព្រះមហាក្សត្រថៃនៅលើបណ្ដាញសង្គម ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលរហូតដល់ទៅ ៤៣ ឆ្នាំកន្លះ។
សរុបជារួម យោងតាមសម្មតិកម្មដែលបានរៀបរាប់ខាងលើ អាចក្លាយជាមូលដ្ឋាន និងជាទឡ្ហីករណ៍ខ្លះៗក្នុងការជួយដល់មិត្តអ្នកអាន អាចយកទៅធ្វើការសន្និដ្ឋាន និងវិភាគបន្ត ថាតើលទ្ធផលបោះឆ្នោតជាសកលនៅប្រទេសថៃ នៅខែឧសភា ខាងមុខនេះ នឹងទៅជាយ៉ាងណា ហើយថាតើលោក ប្រាយុទ្ធ អាចរក្សាដំណែងជានាយករដ្ឋមន្ត្រីបានដែរឬក៏យ៉ាងណា។ ប្រសិនបើលោក ប្រាយុទ្ធ អាចរក្សាដំណែងជានាយករដ្ឋមន្រ្តីបាន តើអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់អាចនឹងចេញធ្វើបាតុកម្មដូចកាលពីដើមឆ្នាំ២០២០ ទៀតដែររឺទេ? ម៉្យាងទៀត ប្រសិនបើគណបក្សភឿថៃរបស់លោកស្រី ផែថងឋាន មិនអាចដណ្ដើមបាន ៤០១ អាសនៈឡើងទៅនោះទេ តើឱកាសក្នុងការចងសម្ព័ន្ធភាពជាមួយគណបក្សដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះអាចនឹងកើតមានឡើងសារជាថ្មីដែររឺទេ? ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត ហើយអាចបង្កើតរដ្ឋាភិបាលថ្មីបាន តើលោក ប្រាយុទ្ធ នឹងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលទៀតដែររឺទេ? ហើយប្រសិនបើលោក ប្រាយុទ្ធ ឈ្នះឆ្នោត តើលោកនឹងព្រមចុះចេញពីដំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៥ ដែររឺទេ?