"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា៖ ប្រាក់យ៉ន់ចិន (Yuan) រូបិយប័ណ្ណបម្រុងជំនួសប្រាក់ដុល្លារអាមេរិក

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

រូបិយប័ណ្ណបម្រុង (Reserved Currency) គឺជាចំនួននៃទឹកប្រាក់ ដែលត្រូវបានកាន់កាប់ឬរក្សាដោយធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុធំៗដើម្បីប្រើប្រាស់សម្រាប់ប្រតិបត្តិការអន្តរជាតិនានា។ ចំពោះបញ្ហានេះដែរ ប្រាក់ដុល្លារអាមេរិក តែងតែត្រូវបានគេស្គាល់ថាជារូបិយប័ណ្ណអន្តរជាតិដែលត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនលើសកលលោកនេះសម្រាប់ជារូបិយប័ណ្ណបម្រុង ប៉ុន្តែថ្មីៗនេះផងដែរគឺមានការលេចចេញនូវនិន្នាការនៃបណ្តាប្រទេសមួយចំនួនដែលកំពុងព្យាយាមប្រើប្រាស់ប្រាក់យ៉ន់ចិន (RMB) មកជំនួសឱ្យប្រាក់ដុល្លារអាមេរិក សម្រាប់ជាទុនបម្រុងជាដើម។​ នៅក្នុងអត្ថបទនេះ យើងនឹងមកស្វែងយល់នូវមូលហេតុ ឬកាតាលីករដែលនាំឱ្យប្រទេសទាំងនោះចាប់ផ្ដើមប្រើប្រាស់នូវប្រាក់យ៉ន់ចិនជារូបិយប័ណ្ណបម្រុង រួមជាមួយនឹងការរីករាលដាលនៃការប្រើប្រាស់ប្រាក់នេះនៅក្នុងសកលលោក។

កត្តាដែលនាំឱ្យមានកំណើននៃការប្រើប្រាក់ប្រាក់យ៉ន់ចិន​ (Yuan)

​ប្រទេស​ចិន​គឺជាប្រទេសដែលមានសេដ្ឋកិច្ចដែលមានការអភិវឌ្ឍជាលំដាប់ ដោយផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះឈរនៅចំនួនប្រមាណជា ១៧,៧ ពាន់លានដុល្លារអាមេរិក  ដែលបានធ្វើឱ្យប្រទេសចិនស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសចិនក៏ជាប្រទេសពាណិជ្ជកម្មធំជាងគេទី ៣ នៅលើពិភពលោកផងដែរដោយវាស្ថិតនៅក្រោយតែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប៉ុណ្ណោះ។ បើយោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ភាគហ៊ុនដែលគិតជាភាគរយនៃទុនបម្រុងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកនៅក្នុងពិភពលោកបានឈរនៅ ៥៩,៨% គិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ ២០២២ ដោយធ្លាក់ចុះពី ៧២% ក្នុងឆ្នាំ ១៩៩៩។ ចំណែកប្រទេសមួយចំនួនក៏កំពុងបន្តប្តូរពីប្រាក់ដុល្លារទៅជារូបិយប័ណ្ណផ្សេងទៀត សម្រាប់ទុនបម្រុងរបស់ពួកគេ​ ដែលក្នុងនោះដែរគេក៏សង្កេតឃើញថាប្រាក់យ៉ន់របស់ចិនកំពុងទទួលបានសន្ទុះជាសាកល ខណៈដែលរុស្ស៊ីនិងប្រេសុីលគ្រោងនឹងប្រើប្រាស់រូបិយប័ណ្ណយ៉ន់ និងចិនកំពុងដកប្រាក់ដុល្លារចេញពីពាណិជ្ជកម្មទ្វេភាគីផងដែរ។

ការរីកចម្រើននៃសេដ្ឋកិច្ចចិននេះសរបញ្ជាក់ឱ្យឃើញពីស្ថិរភាពនៃការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនដែលអាចផ្ដល់ជាទំនុកចិត្តទៅកាន់ប្រទេសដែលមានគោលបំណងចង់ប្រើប្រាស់ប្រាក់យ៉ន់ចិនជារូបិយប័ណ្ណបម្រុង​។ ដូចគ្នានេះដែរ ដោយសារប្រទេសចិនក្លាយជាប្រទេសពាណិជ្ជកម្មធំជាងគេទី ៣ នៅលើពិភពលោក ​វាក៏បានធ្វើឱ្យមានភាពងាយស្រួលនៃការប្រើប្រាស់ប្រាក់យ៉ន់ចិនក្នុងការធ្វើពាណិជ្ជកម្មទៀតសោត។​ ហេតុដូច្នេះហើយបានជារូបិយប័ណ្ណប្រាក់យ៉ន់ចិនកំពុងមានសន្ទុះនៃការប្រើប្រាស់ ជាពិសេសជារូបិយប័ណ្ណបម្រុងផងដែរ។

សកម្មភាពនៃការប្រើប្រាស់ប្រាក់យ៉ន់ចិននៅជុំវិញពិភពលោក

ចំពោះប្រទេសរុស្ស៊ី ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិច ដោយសារសង្គ្រាមនៅ ប្រទេសអ៊ុយក្រែន បាននាំឱ្យប្រទេសរ៉ុស្ស៊ីចាប់ផ្ដើមនូវការប្រើប្រាស់ប្រាក់យ៉ន់របស់ចិននៅក្នុងបរិមាណមួយចំនួនធំជំនួសប្រាក់ដុល្លារអាមេរិកក្នុងផ្នែកពាណិជ្ជកម្ម។ ប្រសិន បើយោងទៅតាមទិន្នន័យដែលចងក្រងដោយគេហទំព័រ Bloomberg ដែលផ្អែកលើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃពី Moscow Exchange ប្រទេសរ៉ុស្ស៊ីបានចាប់ផ្តើមមានការប្រើប្រាស់ប្រាក់យ៉ន់ចិនច្រើនជាងប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មជាលើកដំបូងនៅខែកុម្ភៈដើមឆ្នាំនេះ ហើយក៏បានបន្តរហូតដល់ខែមីនាផងដែរ។ ជាក់ស្ដែង ទីក្រុងមូស្គូមិនត្រឹមតែបានទទួលយកប្រាក់យ៉ន់ចិន (RMB) ដែលជារូបិយប័ណ្ណបម្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសន្យាថានឹងប្រើប្រាស់ជាមធ្យោបាយទូទាត់រវាងប្រទេសរុស្ស៊ី នឹងបណ្តាប្រទេសនៃអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនទៀតសោត។

បន្ថែមពីនេះផងដែរទីភ្នាក់ងារសារព័ត៌មាន Xinhua News បានរាយការណ៍កាលពីថ្ងៃទី ១២ ខែមេសា កន្លងទៅនេះថាធនាគារចិន «Industrial and Commercial Bank of China» (ICBC) បានចាប់ដំណើរសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ហើយបានធ្វើរការទូទាត់ប្រាក់យ៉ន់ជាលើកដំបូងនៅក្នុងប្រទេសនេះ ដែលនេះជាការកត់សម្គាល់ពីជំហានដ៏សំខាន់មួយទៀតនៅក្នុងសកលភាវូបនីយកម្មនៃប្រាក់យ៉ន់ចិន។ យោងតាមរបាយការណ៍ថ្មីៗរបស់ធនាគារកណ្តាលប្រេស៊ីល ប្រសិនបើគិតមកត្រឹមដំណាច់ឆ្នាំ ២០២២ សមាមាត្រនៃប្រាក់យ៉ន់នៅក្នុងទុនបម្រុង របស់ប្រទេសប្រេស៊ីលបានកើនឡើងដល់ ៥,៣៧​ ភាគរយ ដែលលើសពីសមាមាត្រនៃប្រាក់អឺរ៉ូនៅ ៤,៧៤ ភាគរយ ដែលនេះបានសរបញ្ជាក់ឱ្យឃើញថារូបិយប័ណ្ណយ៉ន់ជារូបិយប័ណ្ណបម្រុងធំជាងគេទីពីររបស់ប្រទេសប្រស៊ីល។ ការកើនឡើងនៃបំណែកប្រាក់យ៉ន់នៅក្នុងទុនបម្រុងប្តូរប្រាក់អន្តរជាតិរបស់ប្រទេសប្រេស៊ីលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសប្រេស៊ីល និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនគឺប្រទេសចិន។ ដោយហេតុនេះហើយទើប ប្រទេស​ចិន និង​ប្រទេសប្រេស៊ីល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគីសម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម ​និង​ហិរញ្ញវត្ថុ​ជាមួយគ្នាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍អន្តរជាតិនីយកម្ម RMB ប្រចាំឆ្នាំរបស់ People’s Bank of China (PBOC) ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន មានធនាគារកណ្តាលប្រមាណ ៧០ នៅជុំវិញពិភពលោកដែលកាន់កាប់ RMB នៅក្នុងទុនបម្រុងរបស់ពួកគេ បើគិតត្រឹមដំណាច់ឆ្នាំ ២០១៩  ដែលចំនួននេះបានកើនឡើងពី ៦០ ធនាគារនៅចុងឆ្នាំ ២០១៨ ។ ចំណែកឯការកើនឡើងនៃការវិនិយោគបរទេសទៅក្នុងទីផ្សារចិនក៏អាចជំរុញការប្រើប្រាស់ប្រាក់យ៉ន់ ឱ្យក្លាយជារូបិយប័ណ្ណបម្រុងធំជាងគេទី ៣ នៅលើពិភពលោកនៅពីក្រោយតែប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូប៉ុណ្ណោះ។ អ្នកវិភាគក៏បានប៉ាន់ស្មានទៅលើប្រាក់បម្រុងរបស់ប្រាក់យ៉ន់ចិននឹងអាចកើនឡើងដល់ចន្លោះពី ៥% ទៅ ១០% នៅឆ្នាំ ២០៣០ ដែលអាចនឹងលើសពីកម្រិតនៃប្រាក់យ៉េនជប៉ុន និងប្រាក់ផោនអង់គ្លេសផងដែរ។

ម្យ៉ាងវិញទៀត លោក Liao Qun ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថាន Chongyang សម្រាប់ការសិក្សាហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិនក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មដ៏យូរអង្វែង និងស្ថិរភាពរវាងប្រទេសចិន ជាមួយនឹងប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏បានផ្តល់នូវរចនាសម្ព័ន្ធដ៏ល្អ និងរឹងមាំសម្រាប់ការលើកកម្ពស់ការទូទាត់ពាណិជ្ជកម្មជាប្រាក់យ៉ន់ចិនផងដែរ។ ហេតុនេះហើយបានជាគេសង្កេតឃើញមាននូវ​កំណើននៃការប្រើប្រាស់ប្រាក់យ៉ន់ចិនដោយការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងតំបន់អាស៊ីដោយការពង្រឹងដៃគូពាណិជ្ជកម្មរវាងចិន នឹងប្រទេសនៅក្នុងអាស៊ី។​

ជារួមមក ទោះបីរូបិយប័ណ្ណនៃប្រាក់យ៉ន់ចិនមិនត្រូវបានគេកំណត់ថាជារូបិយប័ណ្ណអន្តរជាតិទី១ បើប្រៀបទៅនឹងរូបិយប័ណ្ណ USD ក៏ដោយ​ ប៉ុន្តែប្រាក់យ៉ន់ចិនទៀតបានក្លាយជារូបិយប័ណ្ណដ៏ពេញនិយមសម្រាប់ក្រុមហ៊ុន និងស្ថាប័ននានាក្នុងការប្រមូលប្រាក់ ក៏ដូចជាត្រូវបានប្រទេសមួយចំនួនបានទទួលយក និងប្រើប្រាស់ក្នុងផ្នែកពាណិជ្ជកម្មផងដែរ។ ប៉ុន្តែប់ទោះបីជាយើងបានមើលឃើញពីការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ននេះក៏ដោយក៏យើងនៅតែចោទជាសំណួរថា តើលុយយ៉ន់អាចវ៉ាដាច់ការប្រើប្រាស់លុយដុល្លារអាមេរិកនៅតែជាចម្ងល់នៅឡើយ ព្រោះថាប្រទេសអាមេរិកត្រូវបានគេស្គាល់ថាជាប្រទេសមហាអំណាចលេខមួយខាងផ្នែកសេដ្ឋកិច្ចតាំងពីដើមរហូតមកសល់ពេលបច្ចុប្បន្នផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ