"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ប្រទេសអង់គ្លេសប្រកាសកិច្ចព្រមព្រៀងចូលជារួមជាមួយដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CPTPP

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ឈឿន ចរិយា

ការសម្រេចចិត្តដែលចំណាយរយៈពេលជិត២ឆ្នាំ ប្រទេសអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បី​ចូលរួម​ជាមួយ​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP នៅថ្ងៃទី៣១ មីនា ២០២៣នេះ។ ក្នុងនោះផងដែលគេបានកត់សម្គាល់ឃើញថាអង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​បាន​ចូលរួម​ជាមួយ CPTPPនេះ ហើយការចូលរួមកិច្ចព្រមព្រៀងនេះជាដំណឹងមួយល្អសម្រាប់ភាគីទាំងអង់គ្លេស និងប្រទេសជាសមាជិក CPTPPផងដែរព្រោះកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីបម្រើឧត្តមប្រយោជន៍ភាគីទាំងសងខាង ។ ពិសេសជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រី ​រីស៊ី ស៊ូណាក់​ បាន​ថ្លែងនូវសេចក្ដីអំណរព្រមទាំង​បញ្ជាក់ពីវត្តមាននៃការចូលរួមរបស់អង់គ្លេសថា ជា​ការ​ចូលរួមជាមួយបណ្ដាប្រទេស​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ដ៏​មាន​សក្តានុពល និង​កំពុង​មាន​កំណើន​សេដ្ឋកិច្ចជាបន្ដបន្ទាប់ហើយជាឱកាសនៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចមិនគួររំលងបាន។

តើដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPPជាអ្វី?

ឈ្មោះពេញជាភាសាខ្មែរហៅថា ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP រីឈ្មោះពេញជាភាសាអង់គ្លេសគឺComprehensive and Progressive Agreement for Trans-Pacific Partnershipជាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលបច្ចុប្បន្ននេះកំពុងដែលមានប្រតិបត្តិការរវាងប្រទេសកាណាដា និងប្រទេស៩នៅអាស៊ីអាគ្នេយ៍ដូចជា៖ អូស្ដ្រាលី ជប៉ុន ឈីលី ម៉ិកស៊ិកូ ញ៉ូវហ្សេឡេន ម៉ាឡេស៊ី សឹង្ហបូរី វៀតណាម ប៉េរូ ហើយហើយគេក៏រាប់បញ្ចូលនូវប្រទេសប៊្រុយណេផងដែរ។ ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ ហើយឈរលើគោលការនិន្ដរភាពនៃការធ្វើពាណិជ្ជកម្មរយៈពេលយូរ និងជាមគ្គុទេ្ទសដ៏ចំណាន។ ប្រទេសស្ថាបនិកដូចជាប្រទេសកាណាដា អូស្ដ្រាលី ជប៉ុន​ ម៉ិកស៊ិកូ​ ញ៉ូវហ្សេឡេន សឹង្ហបូរី។ ក្រោមមកទៀតប្រទេសវៀតណាមក៏បានចូលជាសមាជិកនៅថ្ងៃ១៤ មករា ឆ្នាំ២០១៩ ហើយប្រទេសបេរ៉ូ ចូលជាសមាជិកនៅថ្ងៃ ១៩កញ្ញា ឆ្នាំ ២០២១ និងប្រទេសម៉ាឡេស៊ីបានក្លាយជាសមាជិកនៅថ្ងៃ២៩ វិច្ជកា​ ២០២២ក្រោយពេលបានផ្ដល់សច្ចាប័ណ្ណចំពោះកិច្ចព្រមព្រៀងនេះ៕ ប្រទេសដែលជាសមាជិកអាចនាំចេញទំនិញនិងសេវាកម្មរបស់ខ្លួនជាមួយប្រទេសជាសមាជិកដទៃដោយគោរពទៅតាមគោលការប្រកបដោយភាពស្មោះត្រង់ តម្លាភាព និងយុត្តិធម៌។

កំណត់សម្គាល់ពីការកើនឡើងពាណិជ្ជកម្មជាមួយCPTPP

សមាជិករបស់ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPPសុទ្ធតែទទួលបានចំណេញពីការចូលរួមនេះពោលគឺទទួលបានការលូតលាស់សេដ្ឋកិច្ចរៀងខ្លួនៗហើយក្នុងនោះCPTPPបានចេញនិន្នន័យនៃការជួញដូរទំនិញសរុបរវាងកាណាដានិងប្រទេសជាសមាជិកនេះដូចខាងក្រោម៖

  • ក្នុងរយៈពេល ៣ឆ្នាំដំបូងការជួញដូរទំនិញសរុបរវាងប្រទេសកាណាដា និងប្រទេសអូស្ត្រាលី ជប៉ុន ញូវហ្សេឡង់ សិង្ហបុរី និងវៀតណាមបានកើនឡើង ១០% — ចាប់ពី ៤៧,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដល់ ៥២,១ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ។
  • ការនាំចេញសរុបពីប្រទេសកាណាដាទៅទីផ្សារ CPTPP ទាំង 5 នេះបានកើនឡើង 3 % នៅក្នុងរយៈពេលដូចគ្នានេះដែលលើសពីកំណើននៃការនាំចេញ របស់ប្រទេសកាណាដាទៅកាន់ពិភពលោក។
  • ទោះបីជាមានជំងឺរាតត្បាត COVID-19 ក៏ដោយក៏ការនាំចេញផលិតផលរបស់កាណាដាទៅកាន់ ទីផ្សារ CPTPP ទាំង ៥ នេះបានកើនឡើង ៦,៩%។ ភាគច្រើនដោយសារ តែការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើង។ ផលិតផល សាច់សត្វ ឈើ និង ផលិតផលដទៃទៀតនាំឲ្យមានកំណើននៃការនាំចេញជាមួយនឹងការបន្ថយពន្ធCPTPP។
  • ការនាំចូលសរុបដោយប្រទេសកាណាដាពីទីផ្សារ CPTPP ទាំង 5 នេះកើនឡើង 3 % រវាង ឆ្នាំ 2018 និងឆ្នាំ 2021 ហើយការនាំចូលផលិតផលដែលបានពីទីផ្សារប្រទេសសមាជិកទាំងនេះបានកើនឡើង 11.2 % ។ ការកើនឡើងធំបំផុតនៃទំនិញបានមកពី សម្លៀកបំពាក់ និងផលិតផលគ្រឿងសង្ហារិម។

ទំហំសេដ្ឋកិច្ចប្រទេសអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប

អង់គ្លេសជាប្រទេសដែលមានសេដ្ឋកិច្ចល្អប្រសើរមួយនៅអឺរ៉ុបហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៥នៅលើពិភពលោក។ ក្នុងឆ្នាំ២០២១ដោយយោងតាមការចេញផ្សាយរបស់ធនាគារពិភពលោកប្រទេសនេះមានផលទុនក្នុងស្រុកឫ GDPប្រមាណ៣.១៣ពាន់ពាន់លានដុល្លារ។ មុនចាកចេញពីសហភាពអឺរ៉ុបប្រទេសអង់គ្លេសពឹងផ្អែកច្រើនលើការធ្វើសេដ្ឋកិច្ចរវាងប្រទេសនៅអឺរ៉ុប ហើយទោះក្នុងឆ្នាំ២០២២ក្រោយការចាកចេញក៏នៅតែសង្កេតឃើញថាទំហំនៃការនាំចូលទំនិញរបស់ប្រទេសអឺរ៉ុបចូលប្រទេសនេះនៅតែមានទំហំធំគឺ៥៦.៧%។ ទោះសេដ្ឋកិច្ចនៅតែមានដំណើរការល្អក៏ប្រទេសនេះត្រូវតែរូតរះ ស្វែងរកដៃគូរ ក៏ដូចជាទីផ្សារសម្រាប់ការនាំចេញផលិតផលរបស់ខ្លួនដើម្បីឲ្យទីផ្សារក្នុងស្រុកមានតុល្យភាព ព្រមទាំងស្រោចស្រង់សេដ្ឋកិច្ចក្រោយវិបត្តិជំងឺសកលកូវីដ១៩ និងអតិផរណាដែលជះឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសនេះបានពិចារណាព្រមទាំងស្វះស្វែងរកក្រុមប្រទេស ក៏ដូចជាកិច្ចព្រមព្រៀងដៃគូរពាណិជ្ជកម្មដែលមានសក្ដានុពលសេដ្ឋកិច្ចសម្រាប់បញ្ចេញផលិតផលរបស់ខ្លួន។ ជាក់ស្ដែងបានចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អូស្រា្តលី នូវែលហ្សេឡង់ ឬ​សិង្ហបុរី។ ក្រៅពីនោះអង់គ្លេស​​ក៏ពឹងលើការនាំចូលទំនិញពីតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងឆ្នាំ២០២២ទំហំនៃការនាំចូលក្នុងប្រទេសអង់គ្លេសចំនួន២៩.៣%ដែលក្នុងនោះប្រទេសចិនជាអ្នកនាំចេញទំនិញធំផងដែរ។

តើការចុះកិច្ចព្រមព្រៀងនេះមានអត្ថន័យបែបណាចំពោះប្រទេសអង់គ្លេស?

ប្រទេសអង់គ្លេសបានសម្ដែងភាពរីករាយចំពោះការបានចូលជាសមាជិកCPTPP។ លោកនាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​រីស៊ី ស៊ូណាក់​បាន​សាទរ និង​បញ្ជាក់​អំពីសារសំខាន់ក៏ដូចជាផលប្រយោជន៍របស់ភាគីទាំងសងខាងដែលនឹងទទួលបានពីការចុះកិច្ចព្រមព្រៀងនេះ។លោកស្រី​ឃេមី បាដឺណុក​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​មានចក្ខុវិស័យចំពោះCPTPP នឹង​ចូលរួម​បង្កើត​ការងារ​នៅ​អង់គ្លេស និង​ធ្វើ​អង់គ្លេស​ទទួល​បាន​ទីផ្សារ​កាន់​តែ​ទូលំទូលាយ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ហើយកំណើន​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ត្រូវ​បាន​គេ​រង់ចាំ​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ផ្ទុយទៅវិញប្រទេសនេះក៏បានគិតគូរអំពី​ក្តីបារម្ភ​ពី​កំណើន​នាំ​ទំនិញ​ពី​ប្រទេស​សមាជិក CPTPP ផ្សេង​ចូល​ប្រទេស​អង់គ្លេស​ដែរ ដែលអាចធ្វើឲ្យមានទំនិញក្រៅប្រទេសលុបលើទំនិញអង់គ្លេស និងបញ្ហាដទៃទៀតដែលដូចជាការធ្លាក់ចុះតម្លៃទំនិញអង់គ្លេសជាដើម។ ទោះជាយ៉ាងណាក៏ដោយនេះជា​​ដំណឹង​ល្អសម្រាប់អង់គ្លេសព្រោះ​ក្រោយ​ចាកចេញ​ពី​គ្រួសារ​សហភាពអឺរ៉ុប និង​ពី​ទីផ្សាររួម​សហភាពអឺរ៉ុប​ក្នុង​ថ្ងៃទី១ មករា ២០២១ មកប្រទេសនេះ​​ព្យាយាម​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ជាច្រើនដើម្បីបន្ដរក្សាបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ហី ចាន់នី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ