តាលីបង់ (Taliban) ជាភាសាផាសតូ (Pashto) ប្រែថា “សិស្ស” គឺជាក្រុមបក្សពួកនិយមខាងនយោបាយ និងសាសនាជ្រុលនិយមអ៊ីស្លាមដែលបានលេចឡើងនៅប្រទេសអាហ្វហ្កានីស្ថាន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដកកងទ័ពសូវៀត និងការដួលរលំនៃរបបកុម្មុយនីស្តអាហ្វហ្កានីស្ថាន និងការបែកបាក់ជាបន្តបន្ទាប់នៃសណ្តាប់ធ្នាប់ស៊ីវិល។ ក្រុមនេះបានចាប់ផ្តើមឡើងដោយកម្លាំងតូចមួយនៃក្រុមសិស្សានុសិស្ស និងអ្នកប្រាជ្ញខាងសាសនានៅប្រទេសអាហ្វហ្កានីស្ថានក្នុងគោលបំណងធ្វើការប្រឈមមុខនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ។
នៅឆ្នាំ១៩៩៤ ក្រុមអតីតយុទ្ធជនដែលមានទំនាក់ទំនងជាមួយ ម៉ាដ្រាសា នៅក្នុងភូមិមួយនៃខេត្តកាន់ដាហា (Kandahar) បានបង្ក្រាបមេទ័ពក្នុងស្រុកបានដោយជោគជ័យ។ បន្ទាប់មក ពួកតាលីបង់បានទទួលការគាំទ្រដ៏ពេញនិយម នឹងបានរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅចុងឆ្នាំ១៩៩៦ ពួកតាលីបង់បានដណ្ដើមយករដ្ឋធានីកាប៊ុល និងគ្រប់គ្រងនៅលើតំបន់ចំនួនពីរភាគបីនៃផ្ទៃប្រទេសអាហ្វហ្កានីស្ថាន។ របបគាបសង្កត់យ៉ាងឃោរឃៅនេះបានមកពីមនោគមវិជ្ជាសាសនាដ៏តឹងរឹង ដែលជាល្បាយនៃប្រពៃណីនិយម (Deobandi និង Wahhābī puritanism) កូដសង្គម (Pashtun ) និងអភិរក្សនិយម( Pashtunwali )។
គោលនយោបាយរបស់ក្រុមនេះរួមមាន ហាមឃាត់ស្ត្រីមិនឱ្យចេញទៅទីសាធារណៈដូចជាការប្រកបរបរការងារ និងទទួលបានការអប់រំនៅសាលាជាដើម ព្រមទាំងបានបំផ្លិចបំផ្លាញវត្ថុបុរាណ និងសិល្បៈដែលមិនមែនជារបស់សាសនាអ៊ីស្លាម និងការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរទៀតផង។ នៅឆ្នាំ២០០១ ពួកតាលីបង់បានគ្រប់គ្រងលើប្រទេសអាហ្វហ្កានីស្ថានស្ទើរទាំងស្រុង លើកលែងតែផ្នែកតូចមួយនៃភាគខាងជើងអាហ្វហ្កានីស្ថានតែប៉ណ្ណោះ ប៉ុន្តែសហគមន៍អន្តរជាតិភាគច្រើនមិនបានទទួលស្គាល់របបមួយនេះឡើយ លើកលែងតែប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះដែលបានទទួលស្គាល់របបនេះ។
អាហ្វហ្កានីស្ថានក្រោយការកាន់កាប់របស់ពួកតាលីបង់
នៅខែធ្នូ ឆ្នាំ២០២១ ក្រុមតាលីបង់បានចូលកាន់អំណាចនៅប្រទេសអាហ្វហ្កានីស្ថានម្ដងទៀត ក្រោយពីការផ្តួលរំលំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០១។ ប្រទេសអាហ្វហ្កានីស្ថានជាប្រទេសដែលបានធ្លាក់ទៅក្នុងរណ្តៅនៃភាពក្រីក្ររួចស្រេចទៅហើយ បែរជាត្រូវធ្លាក់ក្រោមភ្លើងសង្រ្គាម និងភាពឯកោពីសហគមន៍អន្តរជាតិទៀត។ ការណ៍នេះបណ្ដាលឱ្យកើតមានវិបត្តិសេដ្ឋកិច្ចក្រោយការកាន់កាប់របស់តាលីបង់ក្នុងឆ្នាំ២០២១។
ក្រៅពីនេះ ភាពក្រីក្រកាន់តែធ្ងន់ធ្ងរឡើងដោយសារជួបនឹងគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិដែលបានកើតឡើងដោយកត្តាការប្រែប្រួលអាកាសធាតុ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ឆ្នាំ២០២១ ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៩៧% កំពុងរស់នៅក្នុងភាពក្រីក្រ ដែលកាលពីឆ្នាំ២០២០ មានតែ ៤៧% ប៉ុណ្ណោះ។ កង្វះនៃការគាំពារសង្គម បាននាំឱ្យគ្រួសារនៅក្នុងប្រទេសអាហ្វហ្កានីស្ថានស្វែងរកមធ្យោបាយចិញ្ចឹមជីវិតនានា ដែលក្នុងនោះរួមមានការរៀបអាពាហ៍ពិពាហ៍តាំងពីវ័យនៅក្មេង និងការលក់សរីរាង្គទៀតផង។ ដោយឡែក ជំនួយមនុស្សធម៌ក៏មានផងដែរសម្រាប់ទប់ស្កាត់ការអត់ឃ្លាន ប៉ុន្តែមិនបានរួមចំណែកដល់តម្រូវការសង្គមផ្សេងទៀតនោះទេ។
ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ហាក់ដូចជាមានការរីករាលដាលយ៉ាងខ្លាំងផងដែរ។ ជាពិសេស វាបានកើតឡើងទៅលើក្រុមមនុស្សដែលមានទំនាក់ទំនងជាមួយអតីតរដ្ឋាភិបាល សមាជិកនៃក្រុមប្រដាប់អាវុធ ដូចជារណសិរ្សតស៊ូជាតិ (NRF) រដ្ឋអ៊ីស្លាមខេត្ត កូរ៉ាសាន (Khorasan) និងអ្នកដែលត្រូវបានចោទប្រកាន់ថាមិនអនុវត្តតាមច្បាប់របស់ពួកតាលីបង់។ នៅចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២២ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន (UNAMA) បានកត់ត្រាចំនួនជនស៊ីវិលចំនួន ២១០៦ នាក់ ដែលបានស្លាប់បាត់បង់ជីវិត។ ក្រៅពីនេះ អង្គការសហប្រជាជាតិបានរាយការណ៍ថា មានការសម្លាប់ក្រៅប្រព័ន្ធតុលាការយ៉ាងហោចណាស់ចំនួន ៦៩ ករណីផ្សេងទៀតកាលពីថ្ងៃទី១២ និងទី១៤ ខែកញ្ញា នៅក្នុងខេត្តផាញសៀ (Panjshir) ។
ក្រោយការសម្លាប់ក្រៅប្រព័ន្ធតុលាការនេះ ក្រុមតាលីបង់បានអះអាងថា អ្នកដែលពួកគេបានសម្លាប់ គឺជាពួកឧទ្ទាម បើទោះបីជាអ្នកស្លាប់ទាំងអស់សុទ្ធតែជាជនស៊ីវិលក៏ដោយ។ និទណ្ឌភាព ឬ ភាពមិនត្រូវបានផ្តន្ទាទោស ត្រូវបានក្រុមតាលីបង់យកមកប្រើប្រាស់ដើម្បីយកឈ្នះលើក្រុមដែលប្រឆាំងនឹងខ្លួន ទោះបីជាក្រុមនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មក៏ដោយ មិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬតម្លាភាពចំពោះការកាត់ទោសក្រៅប្រព័ន្ធតុលាការ ឬ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះទេ។ មន្ត្រីតាលីបង់បានបន្តបដិសេធថា មិនមានការរំលោភបែបនេះបានកើតឡើងទេ ហើយបានច្រានចោលការរកឃើញរបស់អង្គការក្រៅរដ្ឋាភិបាល រួមទាំងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ផងដែរ។
ពួកតាលីបង់បានចាប់ផ្តើមប្រហារជីវិតជាសាធារណៈ ដោយចោទថាបានប្រព្រឹត្តឃាតកម្ម ចោរកម្ម ទំនាក់ទំនងមិនស្របច្បាប់ ឬ បានរំលោភលើបទដ្ឋានសង្គមជាដើម។ ចន្លោះពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែធ្នូ មនុស្សជាង ១០០ នាក់ត្រូវបានវាយដំនៅទីសាធារណៈនៅក្នុងពហុកីឡាដ្ឋានក្នុងខេត្តមួយចំនួន។
សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយបានធ្លាក់ចុះជាខ្លាំង ខណៈដែលក្រុមតាលីបង់បានបង្កើតបរិយាកាសបំភិតបំភ័យ ដោយបង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបិទទ្វារ។ អ្នកកាសែតប្រឈមមុខនឹងការរឹតបន្តឹង ការចាប់ខ្លួនតាមអំពើចិត្ត ការឃុំខ្លួនដោយខុសច្បាប់ និងការធ្វើទារុណកម្ម នៅពេលដែលពួកគេរិះគន់ពួកតាលីបង់។ អ្នកកាសែតជាច្រើននាក់ទៀតបានភៀសខ្លួនចេញពីប្រទេស រីឯអ្នកសារព័ត៌មានទូរទស្សន៍ស្ត្រី ត្រូវបង្ខំឱ្យបិទមុខរបស់ពួកគេស្ទើរតែទាំងស្រុង។
គណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្កានីស្ថាន (AIHRC) ដែលជាស្ថាប័នសិទ្ធិមនុស្សជាតិនៅតែបន្តបិទទ្វារ។ ពួកតាលីបង់បានបិទក្រសួងកិច្ចការនារីដោយប្តូរទៅជា ក្រសួងផ្សព្វផ្សាយគុណធម៌ និងបង្ការទម្លាប់អាក្រក់ (Ministry for the Propagation of Virtue and Prevention of Vice) ដែលបានដាក់ចេញក្រឹត្យដើម្បីរឹតត្បិត និងបំពានលើសិទ្ធិស្ត្រី និងកុមារី។ ស្ត្រីដែលតវ៉ាប្រឆាំងនឹងការរឹតត្បិត ត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងរងសម្ពាធពីការប្រើប្រាស់អំពើហិង្សាទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្មេងស្រីនៅតែត្រូវបានហាមឃាត់មិនឱ្យចូលរៀននៅអនុវិទ្យាល័យ និងថ្នាក់ឧត្តមសិក្សាឡើយ ដោយឱ្យរៀនត្រឹមតែនៅបឋមសិក្សាប៉ុណ្ណោះ។
ពួកតាលីបង់បានកំណត់ឱ្យស្ត្រីស្លៀកពាក់ជិតពីក្បាលដល់ចុងជើង និងតម្រូវឱ្យសមាជិកក្នុងគ្រួសារជាបុរស អមដំណើរជាមួយនៅពេលដែលពួកគេធ្វើដំណើរចេញនៅទីសាធារណៈ។ កាលពីខែសីហា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា និស្សិតសាកលវិទ្យាល័យស្ត្រីចំនួន ៦០ នាក់ត្រូវបានបដិសេធមិនឱ្យចេញពីប្រទេសអាហ្វហ្កានីស្ថាន ដោយសារតែពួកគេមិនមានអ្នកអមដំណើរជាមួយ។លើសពីនេះ ក្រុមតាលីបង់បានប្រកាសថា សាច់ញាតិរបស់ស្ត្រីទាំងនោះគឺជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភបំពានដែលមានចំពោះស្រ្តី។ ប្រការនេះបាននាំឱ្យសមាជិកគ្រួសារមានការរឹតត្បិតសិទ្ធិរបស់ស្ត្រីកាន់តែខ្លាំង ដោយសារតែការភ័យខ្លាចចំពោះការសងសឹកពីសំណាក់អាជ្ញាធរតាលីបង់។ ជាមួយគ្នានេះផងដែរ ក្នុងខែធ្នូ ឆ្នាំ២០២២ ពួកតាលីបង់បានហាមឃាត់ស្ត្រី និងកុមារីមិនឱ្យធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល។ ការរឹតបន្តឹងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ស្ត្រី ជាពិសេសគ្រួសារដែលស្ត្រីជាអ្នករកចំណូលចិញ្ចឹមជីវិត ខណៈពេលមានអសន្តិសុខស្បៀងនៅក្នុងប្រទេសផងដែរ។
ការកាន់កាប់រដ្ឋាភិបាលដោយពួកតាលីបង់បានបន្តធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ដូចជាការបណ្ដេញវេជ្ជបណ្ឌិត វិស្វករ មេធាវី គ្រូបង្រៀន និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងស្ត្រីដែលមានចំណេះដឹងក្នុងវិស័យថែទាំសុខភាព ដូច្នេះវាបានធ្វើឱ្យវិស័យទាំងនោះបាត់បង់ធនធានយ៉ាងច្រើន ឯការទទួលបានសេវាថែទាំសុខភាព ការងារ និងការអប់រំក៏ត្រូវជួបនឹងភាពពិបាកខ្លាំង។
ការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញរបស់ពួកតាលីបង់ ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនធំបានបន្តភៀសខ្លួនចេញពីប្រទេសនេះ។ នៅដើមឆ្នាំ២០២២ ប្រជាជនចំនួន ៣,៨ លាននាក់ ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក ដោយស្ថានភាពមិនច្បាស់លាស់ និងលទ្ធភាពក្នុងការទទួលបាននូវការការគោរពសិទ្ធិមនុស្សរបស់ពួកគេ។ ជនភៀសខ្លួនអាហ្វហ្កានីស្ថានមួយចំនួនត្រូវបានបាញ់សម្លាប់ ឬបដិសេធការសុំជ្រកកោន ជួបនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្សេងទៀតដោយអាជ្ញាធរតាលីបង់។ ជនភៀសខ្លួនមួយចំនួនទៀតត្រូវបានអាជ្ញាធរដេញឱ្យចូលទៅកន្លែងដើមវិញ ដោយត្រូវរស់នៅប្រឈមមុខជាមួយនឹងភាពក្រីក្រខ្លាំងបំផុត។