ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនជាប្រទេសសន្តិភាពនិយម (Pacifist) ដោយចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនថាមិនមានសមត្ថភាពយោធាដែលអាចបំពានលើគេ ហើយថវិកាដែលចំណាយលើវិស័យការពារជាតិរបស់ខ្លួនត្រូវការតិចជាង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក ហ្វ៊ូមីអូ គីស៊ីដា(Fumio Kishida) បានអនុវត្តការកែសម្រួលសំខាន់ៗចំពោះ គោលនយោបាយសន្តិសុខជាតិ។ ទីក្រុងតូក្យូបានចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី រួមជាមួយនឹងឯកសារយុទ្ធសាស្ត្រការពារជាតិចំនួនពីរផ្សេងទៀត។ នៅក្នុងឯកសារទាំងអស់នោះ រដ្ឋាភិបាលជប៉ុនបានបង្ហាញគម្រោងរបស់ខ្លួនជាច្រើន អ្វីដែលសំខាន់គឺការបង្កើនថវិកាការពារជាតិរបស់ជប៉ុនរហូតទៅដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីការពង្រឹងសមត្ថភាពយោធារបស់ប្រទេសជប៉ុន និងហេតុអ្វីបានជាជប៉ុនធ្វើដូច្នេះ?
ការបង្កើនថវិកាការពារជាតិរបស់ជប៉ុន
គិតត្រឹមឆ្នាំ២០២៧ ជប៉ុនគ្រោងនឹងបង្កើនថវិកាការពារជាតិរហូតដល់ទៅ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP) ពោលគឺរវាងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ទីក្រុងតូក្យូគ្រោងនឹងចំណាយប្រាក់សរុបចំនួន ៤៣ ទ្រីលានយ៉េន ស្មើនឹងប្រមាណ ៣០២ ប៊ីលានដុល្លារសហរដ្ឋអាមេរិកលើវិស័យការពារជាតិ ដែលការចំណាយនេះធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសធំជាងគេទីបីដែលមានការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។ ជាក់ស្ដែង ទីក្រុងតូក្យូនឹងទិញមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកដែលមានសមត្ថភាពបាញ់កម្ទេចទីតាំងរបស់សត្រូវនៅរយៈចម្ងាយ ១០០០ គីឡូម៉ែត្រ។ ការផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសជប៉ុន គឺការបំពាក់សព្វាវុធដែលមានសមត្ថភាពវាយបកត្រលប់ទៅវិញ (Counter strike)។ ប្រទេសជប៉ុនបានឱ្យដឹងថា ការប្រើប្រាស់សព្វាវុធដែលមានសមត្ថភាពវាយបកត្រលប់ទៅវិញ គឺស្របតាមរដ្ឋធម្មនុញ្ញ ប្រសិនបើវាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវដែលខិតជិតមកដល់។ ជាមួយគ្នានេះផងដែរ ជប៉ុនក៏នឹងបង្កើនសមត្ថភាពប្រព័ន្ធការពារបណ្ដាញអ៊ីនធឺណិត (Cyber warfare) ផងដែរ។
មូលហេតុដែលធ្វើឱ្យជប៉ុនបង្កើនថវិកាជាតិ
នៅក្នុងសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) បានសរសេរថា ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងភាពតានតឹងនៃបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។ ប្រទេសមួយចំនួនដូចជាចិន និងរុស្ស៊ីជាដើម តែងតែបានព្យាយាមអង្រួនសណ្តាប់ធ្នាប់ពិភពលោកឱ្យរង្គោះរង្គើ។ ប្រទេសចិនកំពុងពង្រឹងអំណាចយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស រួមទាំងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងសមត្ថភាពកងទ័ពជើងទឹកផងដែរ។ ប្រទេសជប៉ុនមានការព្រួយបារម្ភ ជាពិសេសការឈ្លានពានរបស់ចិនជាញឹកញាប់ចូលទៅក្នុងព្រំដែនទឹកជាប់គ្នានឹងជប៉ុន និងលំហអាកាសនៃប្រជុំកោះសេនកាគូ (Senkaku) នៅក្នុងភាសាជប៉ុន ដែលចិនហៅថាប្រជុំកោះតាវយូ (Diaoyu) ដែលមានទីតាំងស្ថិតនៅសមុទ្រខាងកើត។ ជប៉ុនយល់ឃើញថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងកើតក៏អាចប៉ះពាល់ដល់ផលប្រយោជន៍និងសន្តិសុខរបស់ខ្លួនផងដែរ។ ជាពិសេស ភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងតៃប៉ិ ក៏បានគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសជប៉ុនផងដែរ។ ជម្លោះយោធាណាមួយនៅក្នុងតំបន់សុទ្ធតែអាចប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុន ព្រោះជប៉ុនពឹងផ្អែកលើការនាំចូលថាមពល និងពាណិជ្ជកម្មអន្តរជាតិតាមរយៈផ្លូវសមុទ្រ។ នៅក្នុងសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី បានកំណត់ប្រទេសចិនថាជាបញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតក្នុងការធានាសន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន និងសន្តិភាព ក៏ដូចជាស្ថិរភាពនៃសហគមន៍អន្តរជាតិ។
អ្វីដែលជាចំណុចរបត់ដែលផ្លាស់ប្តូរការគិតរបស់ជប៉ុនទៅលើសន្តិសុខរបស់ខ្លូនតែម្តងគឺការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ទីក្រុងតូក្យូជឿជាក់ថាព្រឹត្តិការណ៍ស្រដៀងគ្នាអាចនឹងកើតឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឬ អាស៊ីបូព៌ា ខណៈដែលវាបានបង្ហាញសាធារណជនជប៉ុននូវហានិភ័យជាក់ស្តែងនៃជម្លោះយោធា។ ការស្ទង់មតិដោយកាសែតរបស់ជប៉ុនមួយឈ្មោះថា Yomiuri Shimbun កាលពីខែធ្នូ ឆ្នាំ២០២២ បានរកឃើញថា ៥១ ភាគរយនៃអ្នកឆ្លើយតបបានយល់ស្របលើផែនការដំឡើងថវិកាជាតិលើវិស័យការពារជាតិរបស់ជប៉ុន ខណៈដែល ៤២ ភាគរយបានបដិសេធ។ បើតាមការវិភាគរបស់អ្នកជំនាញ នេះគឺជាការគាំទ្រដ៏គួរឱ្យកត់សំគាល់មួយនៅក្នុងបរិបទរបស់ជប៉ុន ។ ជាមួយគ្នានេះផងដែរ ជប៉ុននិងរុស្ស៊ីក៏មានជម្លោះមិនទាន់ដោះស្រាយរួចនៅឡើយ នៅជុំវិញប្រជុំកោះគូរីល (Kuril island )។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសរុស្ស៊ី ក៏ដូចជាចិនផងដែរ បានបង្កើនសកម្មភាពយោធារបស់ខ្លួនជុំវិញប្រទេសជប៉ុន និងដែនទឹកជាប់នឹងព្រំដែន ហើយបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅលើកោះគូរីលទៀតផង។ ទន្ទឹមនឹងនេះ ទាក់ទងនឹងភាពជឿនលឿននៃបច្ចេកវិទ្យាសព្វាវុធរបស់កូរ៉េខាងជើង បានបង្កឱ្យមានការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជប៉ុនយ៉ាងខ្លាំង ដោយប្រទេសកូរ៉េខាងជើងតែងតែបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនចូលទៅក្នុងដែនសមុទ្រជប៉ុន។
ប្រតិកម្មរបស់បណ្ដាប្រទេសជុំវិញប្រទេសជប៉ុន
ប្រទេសចិនបានបង្ហាញការព្រួយបារម្ភចំពោះការបង្កើនការចំណាយទៅលើវិស័យការពារជាតិរបស់ជប៉ុន ហើយបានហៅវាថាជាការវិវត្តដ៏គ្រោះថ្នាក់មួយរបស់ជប៉ុន។ ជាពិសេសទៅទៀតនោះ ការវិវត្តនេះបានបង្កើនការសង្ស័យពីសំណាក់ប្រទេសជិតខាងរបស់ជប៉ុនដទៃទៀត ព្រោះជប៉ុនជាប្រទេសដែលមានប្រវត្តិមិនល្អជាមួយប្រទេសជិតខាង មុនកាលពីសម័យសង្គ្រាមលោកលើកទី២។ ចំណែកឯកូរ៉េខាងជើង និងរុស្ស៊ីក៏មិនខុសគ្នាពីចិនដែរ ពោលគឺពួកគេបានបង្ហាញការព្រួយបារម្ភ និងថ្កោលទោសចំពោះសកម្មភាពរបស់ជប៉ុនដែលបានបោះបង់គោលនយោបាយសន្តិភាពរបស់ខ្លួន ដែលអាចឱ្យធ្វើប៉ះពាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ាផងដែរ។
ឧបសគ្គក្នុងការសម្រេចគម្រោងនេះ
យ៉ាងណាក៏ដោយ តាមការវិភាគរបស់អ្នកជំនាញផែនការរបស់លោកនាយករដ្ឋមន្ត្រី គីស៊ីដា ត្រូវប្រឈមមុខនឹងឧបសគ្គចំនួន ២ សំខាន់ៗ ដោយទីមួយគឺបញ្ហាហិរញ្ញវត្ថុ។ គួរបញ្ជាក់ដែរថា គម្រោងនេះបានដាក់ចេញមុនពេលសភាអនុម័តថវិកាដែលត្រូវចំណាយ។ គម្រោងនេះត្រូរចំណាយលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូច្នេះរដ្ឋាភិបាលជប៉ុនត្រូវដំឡើងពន្ធបន្ថែមទៀត ប៉ុន្តែប្រជាជនជប៉ុនភាគច្រើនបានធ្វើការបដិសេធទៅលើការដំឡើងពន្ធ។ ចំណែកឯឧបសគ្គទី២ គឺបញ្ហានយោបាយ គូរបញ្ជាក់ដែលថាគណបក្សលោក គីស៊ីដា បានចង់សម្ព័ន្ធមិត្ដជាមួយគណបក្ស Komeito នៅក្នុងសភា ដែលគណបក្សនេះជាគណបក្សសន្តិភាពនិយម(Pacifist)និងតែងតែប្រឆាំងនឹងការតម្លើងវិស័យការពារជាតិ។ គណបក្សនេះអាចជាឧបសគ្គដល់រដ្ឋាភិបាលរបស់លោក គីស៊ីដា ព្រោះដើម្បីសម្រេចអ្វីមួយនៅថ្ងៃខាងមុខ គណបក្សរបស់លោក គីស៊ីដា ត្រូវទទួលបានសំឡេងគាំទ្រពីគណបក្សនេះ។