កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ទូកនេសាទមួយដែលផ្ទុកមនុស្សចំនួន ៧៥០ នាក់ បានលិចនៅក្នុងដែនសមុទ្រនៃប្រទេសក្រិក ខណៈពេលដែលវាកំពុងធ្វើដំណើរចេញពីប្រទេសលីប៊ី ទៅកាន់ប្រទេសអ៊ីតាលីតាមរយៈសមុទ្រមេឌីទែរ៉ាណេ។ អ្នកដំណើរដែលជាជនចំណាកស្រុក និងជនភៀសខ្លួន ភាគច្រើនជាជនជាតិ ស៊ីរី ប៉ាគីស្ថាន អេហ្ស៊ីប អាហ្វហ្កានីស្ថាន និងប៉ាឡេស្ទីនដែលមានបំណងស្វែងរកសិទ្ធិជ្រកកោននៅអ៊ឺរ៉ុប។ ក្នុងចំណោមនោះ មនុស្សត្រឹមតែ ១០៤ នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ចំណែកសាកសពដែលរកឃើញចំនួនប្រហែល ៨០ នាក់ និងបាត់ខ្លួនមនុស្សជាច្រើនរយនាក់ថែមទៀត នេះបើយោងតាម ទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ (UN Migrantion agency) សោកនាដកម្មនៃការលិចទូកនេសាទនេះ ចាត់ទុកជាប្រវត្តិសាស្ត្រដ៏អាក្រក់បំផុតនៅសមុទ្រមេឌីទែរ៉ាណេកណ្តាល ដែលត្រូវបានគេសន្មតថាមានមនុស្សស្លាប់ច្រើនបំផុត ។
មូលហេតុ ជុំវិញការលិចទូកនេសាទនេះ ត្រូវបានគេលើកឡើងពីហេតុផលនៃការផ្ទុកមនុស្សដ៏ណែនណាន់តាន់តាប់ដែលធ្វើឱ្យទូកដែលតូច និងភាពយឺតយ៉ាវនៃការសង្គ្រោះរបស់ ឆ្មាំសមុទ្រប្រទេសក្រិក។ ទូកនេសាទ ឈ្មោះ អាឌ្រីណា (Adriana) ជាទូកដែលដឹកជនចំណាកស្រុក ពីឆ្នេរនៃប្រទេសលីប៊ី ក្នុងគោលដៅទៅប្រទេសអ៊ីតាលី។ ទូកនេះមានបីជាន់ ដែលជាន់នីមួយផ្ទុកពេញទៅដោយមនុស្ស ជាពិសេសស្ត្រី និងកុមារភាគច្រើនត្រូវបានគេដាក់នៅក្នុងបន្ទប់ដោយចាក់សោរពីក្រៅ ដើម្បីជៀសវាងការកកស្ទះ ចរាចរណ៍នៅលើទូក។ បុរសម្នាក់ជនជាតិប៉ាគីស្ថាន ឈ្មោះ ចាប់បា (Jabbar) អាយុ ៣៦ឆ្នាំ ត្រូវបានក្រុមសង្គ្រោះបាននិយាយថា គាត់បានបង់ប្រាក់នៅក្នុងការធ្វើដំណើរទៅប្រទេសអ៊ីតាលីនេះចំនួន ៧៥០០ ដុល្លារ ដោយសង្ឃឹមថានឹងរកបានកន្លែងល្អបំផុតនៅលើទូក។ អ្នកដែលចំណាយប្រាក់ច្រើនអាចនៅជាន់ខាងលើគេនៃទូក ហើយអ្នកដែលមិនសូវមានលុយ ត្រូវគេដាក់ឱ្យនៅប្រជ្រៀតគ្នានៅបាតទូក។
អ្នកដំណើរជាច្រើន ហាក់ដូចជាទទួលនូវការបោកប្រាស់ដែលពីដំបូងពួកគេគិតថាអាចទទួលបានកន្លែងល្អនៅលើទូក ប៉ុន្តែផ្ទុយទៅវិញពួកគេត្រូវបានឈ្មួញទូកគំរាមកំហែងនឹងកាំភ្លើងទៀតផង។ អ្នកដំណើរត្រូវអត់ទឹក និងអាហារ ពេលខ្លះ គេបានបរិភោគតែនំប៉័ងមួយដុំប៉ុណ្ណោះ ក្នុងរយៈពេល ២៤ ម៉ោង រហូតដល់មានមនុស្សសន្លប់ជាច្រើនអ្នក។ លើសពីនេះ មនុស្សនៅក្នុងកប៉ាល់មិនអាចធ្វើចលនាទៅមកបានទេ មនុស្សជាច្រើនបានវង្វេងគ្នារកសាច់ញាតិដែលមកជាមួយពុំឃើញ។
នៅពេលដែលទូកនេសាទ អាឌ្រីណាចូលទៅក្នុងដែនសមុទ្រនៃប្រទេសក្រិក អាជ្ញាធរក្រិកបាន បញ្ជូនកប៉ាល់ចំនួនពីរ គឺ កប៉ាល់ដឹកប្រេងឈ្មោះ Lucky Sailor និង Faithful Warrior ដើម្បីផ្តល់អាហារ និងទឹកដល់ជនចំណាកស្រុក ព្រមទាំងព្យាយាមចង់បញ្ជូនទូកជនចំណាកស្រុកមួយនេះទៅកាន់ដែននៃសមុទ្រអ៊ីតាលីដោយប្រើការអូសដោយខ្សែពួរ។ អ្នកគ្រប់គ្រងកប៉ាល់ដឹកប្រេង Lucky Sailor បាននិយាយថា មនុស្សនៅលើទូកហាក់មានភាពស្ទាក់ស្ទើរក្នុងការទទួលយកជំនួយ។ នៅពេលដែលក្រុមជួយសង្គ្រោះបានព្យាយាមចូលទៅជិត ទូកនេសាទនេះក៏បានផ្លាស់ទីទៅឆ្ងាយ និងព្យាយាមស្រាយខ្សែរពួរចេញ។
ប៉ុន្តែបើតាមអ្នកដែលរស់រានមានជីវិតបាននិយាយថា ឆ្មាំសង្គ្រោះរបស់ក្រិកបានចងខ្សែពួរខុសបច្ចេកទេស ហើយធ្វើការទាញទូកនេសាទរហូតធ្វើឱ្យក្រឡាប់ភ្លាមៗ។ ជនរងគ្រោះបាននិយាយថា ពួកគេបានផ្តល់ដំណឹងពីការសុំជំនួយពីឆ្មាំសង្គ្រោះនៅមុនការលិចទូកប្រហែល ១៥ ម៉ោងមុនម្លេះ ប៉ុន្តែការសង្គ្រោះ មិនទាន់ពេលវេលានោះទេ ទូកបានលិចភ្លាមៗនៅម៉ោង ២ យប់រំលងអធ្រាត្រ ខណៈនាវាសង្គ្រោះឈ្មោះ Mayan Queen បានធ្វើប្រតិបត្តិការសង្គ្រោះនៅប្រហែលវេលាម៉ោង ៣ ទៀបភ្លឺ។ មនុស្សចំនួន ១០៤ នាក់ដែលសង្គ្រោះ ត្រូវបានឱ្យស្នាក់នៅជិតទីក្រុងអាថែន ប្រទេសក្រិក។ បុរសជនជាតិអេហ្ស៊ីប ៩ នាក់ដែលបានរស់រានមានជីវិត ត្រូវបានចាប់ខ្លួនដោយសង្ស័យបានរៀបចំការធ្វើដំណើរខុសច្បាប់នៃទូកនេសាទនេះផងដែរ។ ទោះបីជាការស៊ើបអង្កេតនិងស្វែងរកនៅតែបន្តក៏ដោយ អាជ្ញាធរក្រិកបាននិយាយថា ពួកគេទំនងជាមិនអាចរកឃើញអ្នករស់រានមានជីវិតបន្តទៀតឡើយ។
មូលហេតុនៃជនចំណាកស្រុកដ៏លើសលុបទៅកាន់សហភាពអ៊ឺរ៉ុប
សមុទ្រមេឌីទែរ៉ាណេកណ្តាល គឺជាផ្លូវទូក មួយដែលធ្វើឡើងដោយអ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន វាជាផ្លូវធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។ ការលិចទូកនេសាទកាលពីថ្ងៃទី១៤ ពុំមែនជាលើកទីមួយនោះទេ នៅក្នុងសោកនាដកម្មនៃការបាត់បង់ជីវិតជនចំណាកស្រុក។ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ ការលិចកប៉ាល់ដែលគេចងចាំថាបានសម្លាប់មនុស្សច្រើនបំផុតនៅសមុទ្រមេឌីទែរ៉ាណេ បានកើតឡើងនៅពេលដែលទូកនេសាទ ផ្ទុកលើសចំណុះ និងបានបុកគ្នា ជាមួយនឹងទូកដឹកទំនិញដែលកំពុងព្យាយាមមកជួយសង្គ្រោះ។ ក្នុងចំណោមមនុស្ស ១១០០ នាក់ដែលស្ថិតនៅលើទូកនោះ មានតែមនុស្សតែ ២៨ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ មនុស្សយ៉ាងតិច ៩៣ នាក់បានស្លាប់ នៅពេលដែលទូកដឹកជនចំណាកស្រុកចំនួន ២០០ នាក់ ធ្វើដំណើរចំពេល អាកាសធាតុមិនល្អ ហើយធ្វើឱ្យទូកបានលិច ខណៈ ដែលព្យាយាមចុះចតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីតាលី។ យោងតាម អង្គការអន្តរជាតិនៃការធ្វើចំណាកស្រុក (IOM: International Organization for Migrants) បានឱ្យដឹងថា ចំនួនជនចំណាកស្រុកដែលបាត់ខ្លួន មានរហូតដល់ទៅជាង ២៧០០០ នាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើរាប់ចាប់តាំងពីឆ្នាំ២០១៤ មក។ អ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានបង្ខំឱ្យធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដោយសារតែមិនមានផ្លូវសុវត្ថិភាព និងមិនមាន ច្បាប់គាំទ្រគ្រប់គ្រាន់។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើន ព្យាយាមធ្វើដំណើរដោយអស់សង្ឃឹម ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដោយបង្ខំចិត្តចេញពីផ្ទះរបស់ពួកគេ។ នេះក៏ព្រោះតែការកើនឡើងនូវអសន្តិសុខ កង្វះស្បៀងអាហារ ការធ្លាក់ចុះនៃសេដ្ឋកិច្ច ភាពអត់ការងារធ្វើ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយមួយចំនួនទៀតបានភៀសខ្លួនចេញពីអំពើហិង្សា ជម្លោះស៊ីវិល ឬការធ្វើទុក្ខបុកម្នេញ និងសង្គ្រាមដូចជានៅក្នុងប្រទេសអាហ្វហ្កា នីស្ថាន ស៊ីរី និងស៊ូដង់ជាដើម។
មនុស្សភាគច្រើនដែលប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអ៊ឺរ៉ុប ត្រូវឆ្លងកាត់ប្រទេសលីប៊ីមុនគេ ហើយជាប្រទេស ដែលពួកគេតែងតែប្រឈមមុខនឹងអំពើហិង្សាដ៏គួរឱ្យរន្ធត់ រួមទាំងការចាប់ពង្រាត់ ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់។ មនុស្សជាច្រើនដែលមកដល់ក្នុងប្រទេសលីប៊ី ត្រូវបានឃុំខ្លួនក្នុងមណ្ឌលឃុំឃាំង ដែលអង្គការសហប្រជាជាតិបាននិយាយថា វាគឺជា «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ លោក ថម ហ្គារ៉ូហ្វាឡូ (Tom Garofalo) នាយកគណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) ប្រចាំប្រទេសលីប៊ី បានមានប្រសាសន៍ថា “ប្រជាជនអស់សង្ឃឹម ដោយសារតែស្ថានភាពដែលពួកគេជួបប្រទះក្នុងការរស់នៅ។ ជារៀងរាល់ថ្ងៃ ពួកគេដឹងថា ពួកគេអាចត្រូវបានចាប់ពង្រាត់ ឃាត់ខ្លួនតាមអំពើចិត្ត ទទួលរងនូវអំពើហិង្សា និងការរំលោភបំពាន ដូចនេះការប្រថុយជីវិតរបស់ពួកគេនៅដំណើរផ្លូវសមុទ្រគឺជាមធ្យោបាយចុងក្រោយ”។
លោក ហាឡេម ឌីសៀ (Harlem Désir) ជាអនុប្រធានជាន់ខ្ពស់នៃ IRC ប្រចាំទ្វីបអឺរ៉ុប បានមានប្រសាសន៍ថា “គោលនយោបាយការធ្វើចំណាកស្រុក និងសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុបកំពុងតែបរាជ័យ”។ មេដឹកនាំសហភាពអឺរ៉ុបត្រូវតែដោះស្រាយវិបត្តិដែលកំពុងបន្តនៅសមុទ្រមេឌីទែរ៉ាណេ ដោយពង្រីកផ្លូវច្បាប់សម្រាប់មនុស្សដែលស្វែងរកការការពារ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់សិទ្ធិជ្រកកោននៅអឺរ៉ុប។ ការសង្គ្រោះជីវិតមិនមែនជាឧក្រិដ្ឋកម្មនោះទេ ដូចនេះរដ្ឋត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ស្វែងរក និងជួយសង្គ្រោះ ក៏ដូចជាការសម្របសម្រួលជាមួយអង្គការមនុស្សធម៌ដែលកំពុងធ្វើការជួយសង្គ្រោះផងដែរ។
លោក អ៊ីម៉ូហ្គេន ស៊ូដបេរី (Imogen Sudbery) នាយកជាន់ខ្ពស់នៃការតស៊ូមតិរបស់ IRC របស់អឺរ៉ុបបាននិយាយថា “វាចាំបាច់បំផុតដែលមេដឹកនាំសហភាពអឺរ៉ុបត្រូវចាត់វិធានការ ជាបន្ទាន់ដើម្បីការពារជនរងគ្រោះ បន្ថែមទៀតនៅព្រំដែនអឺរ៉ុប”។ “ប្រសិនបើពួកគេមិនធ្វើដូច្នេះទេ សមុទ្រមេឌីទែរ៉ាណេនឹងក្លាយជាទីបញ្ចុះសពសម្រាប់មនុស្សកាន់តែច្រើនដែលកំពុងស្វែងរកការការពារ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃនៃសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងសមភាពក៏ត្រូវបានបាត់បង់ផងដែរ”។