"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា៖ ប៉ីឌូ (Beidou) របស់ចិនជាគូប្រជែងនៃប្រព័ន្ធកំណត់ទីតាំង (GPS) របស់សហរដ្ឋអាមេរិក

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

សព្វថ្ងៃនេះការប្រកួតប្រជែងនៅលើអាកាសបានបង្កើតឱ្យមានប្រព័ន្ធផ្កាយរណបរុករកសកល ឬហៅថា Global Navigation Satellite Systems(GNSS)ដែលនៅក្នុងនោះដែរប្រទេសមហាអំណាចចំនួន៤កំពុងបង្កើតនូវប្រព័ន្ធផ្កាយរណបរបស់ខ្លួនក្នុងនោះមាន GPS របស់សហរដ្ឋអាមេរិក GLONASS របស់ប្រទេសរុស្ស៊ី Galileo នៃសហភាពអ៊ឺរ៉ុប និងចុងក្រោយ គឺ ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ​ ​(Beidou) របស់សាធារណរដ្ឋចិន។​ នៅក្នុងអត្ថបទនេះដែរ​យើងនឹងមកស្វែងយល់អំពីប្រព័ន្ធផ្កាយរណបនេះបន្ថែមទៀត​​ ថាតើផ្កាយរណបនេះគឺជាអ្វី ហើយថាតើវាមានតួនាទីបែបណាខ្លះ?

តើប្រព័ន្ធផ្កាយរណប Beidou គឺជាអ្វី?

ប្រព័ន្ធផ្កាយរណបរុករកប៉ីឌូ (Beidou) Beidou Navigation Satellite Systems ឬជាភាសាចិនមានន័យថា Big Dipper (BDS) គឺជាប្រព័ន្ធផ្កាយរណបរុករកឯករាជ្យរបស់ប្រទេសចិន និងជាគម្រោងមួយដែលត្រូវបានសាងសង់ និងដំណើរការសម្រាប់ជាធាតុផ្សំនៅក្នុងការអភិវឌ្ឍ សន្តិសុខជាតិ សេដ្ឋកិច្ច និងសង្គម របស់ប្រទេសចិន។ ប៉ីឌូ បានក្លាយជាចំណុចសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់នូវភាពការកំណត់ទីតាំងត្រឹមត្រូវ ការរុករក ការកំណត់ពេលវេលាដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ហើយត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារ រដ្ឋបាលអវកាសជាតិចិន( CNSA)។ ប៉ីឌូដំបូងបំផុតដែលមានឈ្មោះថា BDS-1 ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ និងប៉ីឌូចុងក្រោយគេដែលមានឈ្មោះថា BDS-១ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយមានផ្កាយរណបចំនួន៤៥គ្រឿង ស្ថិតនៅក្នុងគន្លងតារា។ ប៉ីឌូត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យដឹកជញ្ជូន កសិកម្ម ការត្រួតពិនិត្យជលសាស្ត្រ ការសង្គ្រោះគ្រោះធម្មជាតិ ព្យាករណ៍ឧត្តុនិយម ប្រព័ន្ធទំនាក់ទំនង ការបញ្ជូនថាមពល សន្តិសុខសាធារណៈ និងលើវិស័យជាច្រើនទៀត។ សេវាកម្មរុករករបស់វាបានគ្របដណ្តប់លើ សហគ្រាសពាណិជ្ជកម្ម អេឡិចត្រូនិក ក្រុមហ៊ុន Smart phone និងអ្នកផ្តល់សេវាកម្មផ្អែកលើទីតាំង។ ក្រៅពីនេះប៉ីឌូមានគោលដៅដើម្បីក្លាយជាប្រព័ន្ធកំណត់ទីតាំងជាតិដ៏ទូលំទូលាយ ការរុករក និងកំណត់ពេលវេលា(PNT) ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងឆ្លាតវៃ នៅឆ្នាំ២០៣៥ផងដែរ។

ហេតុអ្វីបានជាប្រទេសចិនបង្កើតប្រព័ន្ធផ្កាយរណបរុករកដោយខ្លួនឯង?

បន្ទាប់ពីវិបត្តិច្រកសមុទ្រតៃវ៉ាន់(១៩៩៥-១៩៩៦) GPS ដែលប្រទេសចិនបានប្រើប្រាស់បានបង្កជាការរំខាន ហើយបានធ្វើឱ្យកងទ័ពរំដោះប្រជាជនបាត់បង់ដាននៃកាំជ្រួចផ្លោងដែលបានបាញ់ពីលើច្រកសមុទ្រតៃវ៉ាន់។ ដោយសារតែប្រទេសចិនមិនចង់ឱ្យឧប្បតិ្តហេតុនេះកើតឡើងម្តងទៀត និងដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើ GPSដែលគ្រប់គ្រងដោយកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកផង ទើបប្រទេសចិនសម្រេចចិត្តវិនិយោគនៅក្នុង PNT ដើម្បីបង្កើតមូលដ្ឋានផ្កាយរណបរបស់ខ្លួន។ មុននឹងមានប្រព័ន្ធផ្កាយរណបដោយខ្លួនឯងចិន មានកិច្ចព្រមព្រៀងជាមួយ ហ្លូណាស (GLONASS) ដែលជាប្រព័ន្ធរុករករបស់រុស្ស៊ី។ ហ្លូណាស បានផ្តល់ឱ្យចិននូវការរុករកមូលដ្ឋាន ព្រមទាំងការកំណត់គ្រាប់បែកសម្រាប់សង្រ្គាមថែមទៀតផង។ ប៉ុន្តែទោះជាមានស្ថិតនៅក្នុងកិច្ចព្រមព្រៀងប្រើប្រាស់ ហ្លូណាស របស់រុស្ស៊ីក៏ប្រទេសចិននៅតែអភិវឌ្ឍន៍ទៅលើ ប៉ីឌូបន្តិចម្តងៗ។ ការសាងសង់ប៉ីឌូមានចំនួនបីជំហាន រួមមាន BDS-1 , BDS-2 និង BDS-3 ។

  • BDS-1 គឺជាជំហានដំបូងនៃការបង្កើតប៉ីឌូ ដោយគំនិតផ្តួចផ្តើមបង្កើតឡើងចាប់ពីឆ្នាំ១៩៩៤ និងដាក់ដំណើរការសេវាកម្មនៅក្នុងស្រុក ចាប់តាំងពីឆ្នាំ ២០០០។
  • BDS-2 បញ្ចប់ការសាងសង់នៅឆ្នាំ២០១២ និងដាក់ដំណើរការសេវាកម្មរុករកទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
  • BDS-3 ត្រូវបានដាក់ដំណើរការនៅខែមិថុនា ឆ្នាំ២០២០ ដែលផ្កាយរណបចំនួន៣០ត្រូវបានបាញ់បង្ហោះឱ្យស្ថិតនៅក្នុងគន្លង ដើម្បីផ្តល់សេវាកម្មដល់ពិភពលោកទាំងមូល។

ប្រទេសចិនបង្កើតប៉ីឌូក្នុងគោលបំណង៖

  • ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទទួលបានផ្លែផ្កាក្នុងវិស័យរុករកផ្កាយរណប ដែលជាផ្នែកមួយនៃប្រព័ន្ធផ្កាយរណបរុករកសកល។
  • ដើម្បីផ្តល់សេវាកម្មខ្ពស់ មានស្ថិរភាព និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
  • អភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីគាំទ្រដល់សេដ្ឋកិច្ច លើកកម្ពស់ជីវភាពដល់ប្រជាជនចិន។

បុីឌូ គឺជាផ្នែកសំខាន់មួយនៅក្នុងស្ថាបត្យកម្មឌីជីថលរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។ វាបានធ្វើឱ្យ ទំនាក់ទំនងរបស់ប្រទេសចិនទៅនឹង សហគមន៍អន្តរជាតិមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសចិនបានផ្សព្វផ្សាយ អំពីប៉ីឌូទៅកាន់ពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេស BRI។ លើសពីនេះទៅទៀត ចិនបានពង្រឹងទំនាក់ទំនងទៅកាន់ប៉ាគីស្ថាន ដោយនៅខែធ្នូ ឆ្នាំ ២០១៨ ប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសចិនដែលអនុញ្ញាតឱ្យប៉ាគីស្ថានប្រើប្រាស់ប៉ីឌូផងដែរ។ រីឯ ប្រទេសអារ៉ាប៊ីសាអូឌីតបានយល់ព្រមលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការប្រើប្រាស់យោធានៅលើ ប៊ីឌូនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩។ មិនត្រឹមតែប៉ុណ្ណោះ ហ្លូណាស (GLONASS) និង ប៉ីឌូ  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងភាពឆបគ្នា ហ្លូណាស-​បីុឌូ (GLONASS-BeiDou) ក្នុងឆ្នាំ ២០១៥ ។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តដោយគម្រោងផ្លូវសូត្ររួមចិន-រុស្ស៊ីដែលសម្គាល់ជាទ្រង់ទ្រាយធំ និងពឹងផ្នែកគ្នាលើបច្ចេកវិទ្យារវាងប្រទេសទាំងពីរក្នុងការរក្សាព្រំដែនសន្តិភាព។

ចំពោះការផ្តល់សេវាកម្មប៉ីឌូ ត្រូវបានប្រើនៅក្នុងយោធាចិនយ៉ាងទូលំទូលាយចាប់តាំងពីឆ្នាំ២០១៤។ វាប្រើជាការទំនាក់ទំនងតាមរយៈសារ ដែលអាចឱ្យទាក់ទងគ្នាបានទាំងនៅតំបន់ដាច់ស្រយាល។ ម្យ៉ាងវិញទៀត យោធាក៏បានរួមបញ្ចូល ប៉ីឌូ ចូលទៅក្នុងប្រព័ន្ធបញ្ជាអាវុធ រួមមានមីស៊ីលផ្លោង និងមីស៊ីលផងដែរ។ ខុសពីប្រព័ន្ធផ្កាយរណបរុករកផ្សេងទៀត ប៉ីឌូមិនត្រឹមតែផ្តល់សេវាកម្មដល់យោធាប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ទីផ្សារនៃប៉ីឌូ បានរីកចម្រើនខ្លាំង ដល់វិស័យឯកជន និងជាផ្នែកមួយនៅក្នុង BRI របស់ខ្លួននៅក្នុងបណ្តាប្រទេសអាស៊ី។ ក្នុងឆ្នាំ ២០១៣ អ្នកដឹកនាំផ្នែកអេឡិចត្រូនិក Qualcomm និង សាំសុង(Samsung) បានសហការគ្នាដើម្បីនាំយកទីផ្សារស្មាតហ្វូនដំបូងដែលរួមបញ្ចូលសេវាកម្មរបស់ប៉ីឌូ ទៅក្នុងស្មាតហ្វូន និងថេប្លេត។

នៅចុងឆ្នាំ ២០១៩ ស្មាតហ្វូនរបស់ចិនមានច្រើនជាង ៧០ ភាគរយបានប្រើប្រាស់ ប៉ីឌូ សម្រាប់សេវាកម្មកំណត់ទីតាំង ដែលមានតម្លៃសរុបចំនួន ៥៧ ពាន់លានដុល្លារ ព្រមទាំងប្រទេសនិងតំបន់ ចំនួនច្រើនជាង១២០ ដែលកំពុងប្រើប្រាស់វា។

ប៉ីឌូ គូប្រជែងនៃប្រព័ន្ធកំណត់ទីតាំង (GPS) របស់សហរដ្ឋអាមេរិក

ប្រព័ន្ធកំណត់ទីតាំងសកល ឬ Global Positioning Systems គឺជាប្រព័ន្ធផ្កាយរណបរុករកដំបូងបង្អស់ និងលេចធ្លោជាងគេនៅក្នុងប្រព័ន្ធរុករុកសកល( GNSS)។ វាត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៧០ដោយក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក និងប្រើប្រាស់ដើម្បីធានានូវប្រព័ន្ធរុករកផ្កាយរណបដែលមានប្រសិទ្ធភាពនិងស្ថិរភាព ដែលត្រូវបានប្រើជាពិសេសនៅក្នុងការរុករកតាមរថយន្ត កប៉ាល់ កាំជ្រួច និងយន្តហោះ។

ការបាញ់បង្ហោះផ្កាយរណបលើកទីបីរបស់ប៉ីឌូ គឺជាការផ្តាច់ខ្លួនពីការប្រើប្រាស់ GPSទាំងស្រុងរបស់ប្រទេសចិន។ ប៉ីឌូអាចជួយដល់ប្រទេសចិនក្នុងការរក្សាបណ្តាញអ៊ីនធើណេតរបស់ខ្លួនក្នុងករណីមានជម្លោះជាមួយសហរដ្ឋអាមេរិក ហើយក៏ជាការជំរុញផ្នែកឥទ្ធិពលបច្ចេកវិទ្យារបស់ខ្លួនផងដែរ។ មានចំណុចសំខាន់មួយចំនួនដែលប៉ីឌូហាក់មានភាពប្រសើរជាង GPS។ ប្រៀបជាមួយ GPS គុណសម្បតិ្តចម្បងរបស់ ប៉ីឌូ គឺភាពត្រឹមត្រូវរបស់វា។ ប៉ីឌូមានសមត្ថភាពផ្តល់ព័ត៌មាននិងទីតាំងត្រឹមត្រូវនិងច្បាស់លាស់ជាង៣ដង បើធៀបជាមួយ GPS ។ នេះជាមូលហេតុដែលគេប្រើវាក្នុងការស្ទង់មតិអំពីកសិកម្មបានច្បាស់លាស់ ស្វ័យយានយន្ត និងបង្កកំហុសតិចតួចបំផុត។

ម្យ៉ាងទៀតប៉ីឌូពឹងផ្អែកលើប្រេកង់២ដែលធ្វើឱ្យវាធន់នឹងការជ្រៀតជ្រែកពីឧបករណ៍ផ្សេងៗ​ ផ្ទុយពី GPS​ ដែលពឹងផ្អែកលើប្រេកង់១ដែលពេលខ្លះវាត្រូវបានរំខាននិងជ្រៀតជ្រែកពីប្រទេសជាសត្រូវ។ លើសពីនេះទៅទៀត ប៉ីឌូមានមុខងារមួយដែលហៅថា “សេវាសារខ្លី”ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលសារក្នុងប្រព័ន្ធរុករក។

ទោះជាយ៉ាងក៏ដោយប៉ីឌូនៅតែមានដែនគ្របដណ្តប់តិចជាង GPS។ ការប្រើប្រាស់ GPS ប្រៀបដូចជាការចាក់ឬសយ៉ាងជ្រៅនៅក្នុងបច្ចេកវិទ្យា ដែលគេមិនទាន់អាចដឹងច្បាស់នៅឡើយថាប៉ីឌូអាចនឹងយកឈ្នះ GPS បាននៅឡើយ។ ប៉ុន្តែការប្រកួតប្រជែងរបស់ប៉ីឌូ គឺជាការដាស់តឿនមួយដល់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យ GPS និងបំពេញចំនុចដែលខ្វះខាតកាលពីមុន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ