ប្រទេសឥណ្ឌាជាប្រទេសដែលមានអរិយធម៌ដ៏រុងរឿងមួយដែលបានជះឥទ្ធិពលវប្បធម៌ និងសាសនារបស់ខ្លូននៅក្នុងទ្វីបអាស៊ី ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍មានតាំងពីសម័យបុរាណមកម៉្លេះ តែទំនាក់ទំនងមានការឡើងចុះទៅតាមសម័យកាល។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍ចាប់ផ្ដើមបង្កើតឡើងនៅពេលប្រទេសនីមួយៗទទួលបានឯករាជ្យពីប្រទេសដាក់អាណានិគម ហើយទំនាក់ទំនងកាន់តែល្អ គឺនៅពេលដែលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ ដោយឥណ្ឌាបានបង្កើតគោលនយោបាយមួយហៅថា គោលនយោបាយមើលសំដៅទៅទិសខាងកើត ឬជាភាសាអង់គ្លេស Look East Policy (LEP) នៅក្នុងឆ្នាំ១៩៩២។ គោលនយោបាយនេះ នៅតែត្រូវបានបន្តអនុវត្តរហូតមកដល់ពេលនេះ ដោយប្តូរឈ្មោះទៅជា គោលនយោបាយប្រតិបត្តិការឆ្ពោះទៅទិសខាងកើត ឬ Act East Policy (AEP)នៅឆ្នាំ២០១៤។ ដូចេ្នះ អត្ថបទនេះនឹងនិយាយអំពី តើអ្វីទៅជា AEP? តើរដ្ឋាភិបាលឥណ្ឌាបានធ្វើអ្វីខ្លះ និងមានជួបឧបសគ្គអ្វីខ្លះក្នុងការសហការជាមួយអាស៊ាន?
អ្វីទៅជា Act East Policy (AEP)?
ដូចដែលបានរៀបរាប់ខាងលើ AEP គឺជាគោលនយោបាយដែលបានបន្តអនុវត្តបន្ថែមពីលើគោលនយោបាយ LEP ដែលឥណ្ឌាបានដាក់ចេញនៅពេលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ ដោយសារតែសហភាពសូវៀតដែលជាដៃគូសេដ្ឋកិច្ចរបស់ឥណ្ឌាដ៏សំខាន់ត្រូវបានដួលរលំ។ ដោយកត្តានេះ បានតម្រូវឱ្យឥណ្ឌាស្វះស្វែងរកដៃគូសេដ្ឋកិច្ចថ្មី ពោលគឺតំបន់អាស៊ីអាគ្នេយ៍។
LEP ត្រូវបានបន្តអនុវត្តរហូតមកដល់ឆ្នាំ២០១៤ ក្រោមរដ្ឋាភិបាលលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) LEP ត្រូវបានផ្លាស់ប្តូរមកជា AEP ដែលគោលនយោបាយចាស់ត្រូវបានបន្តដដែល តែត្រូវបានបន្ថែមចំណុចសំខាន់ៗពីលើគោលនយោបាយចាស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការច្រើនជាងមុន។ AEP ផ្តោតលើ ៤ ចំណុចសំខាន់ៗ រួមមានវប្បធម៌ (Culture) ពាណិជ្ជកម្ម (Commerce) ការតភ្ជាប់ (Connectivity) និងការកសាងសមត្ថភាព (Capacity Building)។ AEP ផ្តោតបន្ថែមទៅលើ LEP ត្រង់ចំណុចការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការតភ្ជាប់រវាងឥណ្ឌានិងអាស៊ានកាន់តែច្រើន ការបង្កើនទំនាក់ទំនង និងសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអាស៊ាន និងពង្រីកទំនាក់ទំនងលើសពីអាស៊ានដែលមានក្រុមកោះប៉ាស៊ីហ្វិក និងប្រទេសនៅអាស៊ីខាងកើត។ ជាមួយគ្នានេះផងដែរ គោលនយោបាយ AEP ក៏ផ្តោតលើទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងសាសនា ដែលឥណ្ឌានិងអាស៊ានធ្លាប់មានជាមួយគ្នាកាលពីមុនមក។
គោលនយោបាយ AEP ត្រូវបានដាក់ចេញដើម្បីសម្របទៅតាមការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅក្នុងបរិបទនយោបាយថ្មី ដែលចិនចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ ជារួម AEP មានគោលបំណងលើសពីសេដ្ឋកិច្ច ពោលគឺដើម្បីទប់ស្កាត់ការត្រួតត្រារបស់ចិននៅសមុទ្រចិនខាងត្បូង និងការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់មហាសមុទ្រឥណ្ឌា។ ក្រោមក្របខណ្ឌ AEP រដ្ឋាភិបាលឥណ្ឌាក៏បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍនៃតំបន់ភាគឦសាននៃប្រទេសឥណ្ឌា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតដូចជាប្រទេសជប៉ុន និងបណ្ដាសមាជិកអាស៊ាន។
ការអនុវត្តគោលនយោបាយ AEP
ឥណ្ឌាបានសហការជាមួយវិស័យអាស៊ានជាច្រើនដូចជាវិស័យសេដ្ឋកិច្ច ការតភ្ជាប់ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យការពារជាតិជាដើម។
ទី១ វិស័យសេដ្ឋកិច្ច៖ សេដ្ឋកិច្ចរវាងឥណ្ឌា និងអាស៊ានមានទំនាក់ទំនងពាណិជ្ជកម្មចាប់ផ្តើមកើនឡើងពីមួយឆ្នាំៗតាំងពីឆ្នាំ១៩៩២ ដោយអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់ឥណ្ឌាក្នុងឆ្នាំ២០២២។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងអាស៊ានមានចំនួន ១៣១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ដែលកាលពីឆ្នាំ ២០១០មានចំនួន ៥៧ ប៊ីលានដុល្លារប៉ុណ្ណោះ។ ក្នុងការនាំចេញរបស់ឥណ្ឌាទៅកាន់អាស៊ាន មានចំនួន ៤៣,៥១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ខណៈដែលការនាំចូលពីអាស៊ានមានចំនួន ៨៧,៥៩ ប៊ីលានដុល្លារ។ ការនាំចេញដ៏សំខាន់របស់ឥណ្ឌាទៅកាន់អាស៊ានរួមមាន៖ គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន ត្បូង គ្រឿងអលង្ការ និងវាយនភ័ណ្ឌជាដើម។
ទី២ ការតភ្ជាប់ (Connectivity)៖ បច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងធ្វើការជាមួយអាស៊ានលើគម្រោងតភ្ជាប់ជាច្រើន តាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ឥឡូវនេះ ប្រទេសឥណ្ឌាបាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅភាគឦសាននៃប្រទេសឥណ្ឌា ទៅកាន់សមាជិកអាស៊ាន។ ក្នុងនោះរួមមាន ទី១ ការសាងសង់ផ្លូវល្បឿនលឿនឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលនឹងតភ្ជាប់តំបន់ភាគឦសានរបស់ឥណ្ឌាទៅអាស៊ាន តាមរយៈប្រទេសមីយ៉ាន់ម៉ា ហើយបន្តមកកាន់ប្រទេសថៃ ដែលបច្ចុប្បន្ន គម្រោងនេះគ្រោងនឹងពង្រីកបន្ថែមមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ ទី២ ការអភិវឌ្ឍនៃច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មីយ៉ាន់ម៉ា-បង់ក្លាដែស-ចិន ដែលនឹងតភ្ជាប់ប្រទេសទាំងបួនដោយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ ការកសាងទាំងនេះនឹងជាចំណែកមួយក្នុងការជំរុញពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌាឲ្យកាន់តែខ្លាំងឡើងជាងមុន។
ទី៣ វិស័យការពារជាតិ ប្រទេសឥណ្ឌានិងប្រទេសសមាជិកអាស៊ានមួយចំនួនបានសហការគ្នាជាទ្វេភាគី និងជាអាស៊ានទាំងមូលអស់រយៈពេលជាច្រើនឆ្នាំ ហើយកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនលើវិស័យការពារជាតិរវាងឥណ្ឌា និងអាស៊ានរួមមាន ការហ្វឹកហ្វឺនធ្វើសមយុទ្ធរវាងប្រទេសឥណ្ឌា និងសមាជិកអាស៊ាន ដូចជាសមយុទ្ធដែនសមុទ្រអាស៊ាន-ឥណ្ឌា (AIMLEX) និងលំហាត់ហ្វឹកហ្វឺនលើដែនដីអាស៊ាន-ឥណ្ឌា (AIMFTX) ដែលសមយុទ្ធទាំងនេះ បានជួយជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែមានប្រសិទ្ធភាព ដូចជាការប្រឆាំងភេរវកម្ម និងធ្វើឱ្យប្រទេសឥណ្ឌា និងសមាជិកអាស៊ានបង្កើនទំនុកចិត្តលើគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ឥណ្ឌាបាននិងកំពុងផ្តល់បច្ចេកវិទ្យាការពារជាតិដល់ប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម និងហ្វីលីពីន ទៅលើផ្នែកនាវាកងទ័ពជើងទឹក យន្តហោះ និងប្រព័ន្ធរ៉ាដា ។ ឧទាហរណ៍ ថ្មីៗនេះ ហ្វីលីពីន និងវៀតណាមបាននិងកំពុងពង្រឹងសន្តិសុខរបស់ខ្លួន ដែលពួកគេបានរៀបចំទិញគ្រាប់មីស៊ីល (Cruise missile ) របស់ឥណ្ឌាឈ្មោះថា ប្រាម៉ូស (Brahmos)។ ជាពិសេស ប្រទេសឥណ្ឌាបានទទួលស្គាល់សេចក្តីសម្រេចដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ឆ្នាំ២០១៦ ដើម្បីគាំទ្រការទាមទារអធិបតេយ្យភាពរបស់ហ្វីលីពីន ប្រឆាំងចិននៅសមុទ្រចិនខាងត្បូងទៀតផង។
ឧបសគ្គរបស់ឥណ្ឌាក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
បើនិយាយពីការចូលរួមផ្នែកសេដ្ឋកិច្ច ឥណ្ឌាគឺជាពាណិជ្ជករធំជាងគេទី ៨ របស់អាស៊ាន ដែលមានកម្រិតទាបជាង ដៃគូអាស៊ានផ្សេងទៀតដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ការណ៍នេះគឺបណ្តាលមកពីកត្តាជាច្រើនដូចជារបាំងពន្ធគយ ដែលឥណ្ឌានិងអាស៊ានមានរបាំងពន្ធគយមួយចំនួន ដើម្បីការពារផលិតកម្មក្នុងស្រុក។ ជាពិសេស រដ្ឋាភិបាលឥណ្ឌាបានសម្រេចចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយសារតែរដ្ឋាភិបាលឥណ្ឌាព្រួយបារម្ភថាឧស្សាហកម្មឥណ្ឌាមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសដែលជាសមាជិក ជាពិសេសនោះគឺ ចិន។ អ្វីដែលសំខាន់បំផុត គឺការខ្វះខាតនៃការតភ្ជាប់រវាងអាស៊ាន និងឥណ្ឌា ដែលបញ្ហាទាំងនេះឥណ្ឌានិងសមាជិកអាស៊ាន បានព្យាយាមដោះស្រាយដោយបង្កើតគំនិតផ្តួចផ្តើមដូចដែលបានលើកឡើងខាងលើ ប៉ុន្តែមានឧបសគ្គមួយចំនួនក្នុងការធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ ដោយសារអស្ថិរភាពនៅមីយ៉ាន់ម៉ា និងបញ្ហាផ្សេងៗទៀតដែលធ្វើឱ្យគម្រោងនេះមានភាពយឺតយ៉ាវ។