ជាប្រទេសដែលមានការរីកចម្រើន ជាមហាយក្សសេដ្ឋកិច្ចលំដាប់លេខ២ក្នុងលោក និងជាប្រទេសដែលមានសង្វាក់ផលិតកម្មដ៏សម្បើមនាំចេញទៅប្រទេសជាច្រើនក្នុងពិភពលោកមិនថាអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង ឬអង់គ្លេស។ ប៉ុន្ដែកាលពីថ្ងៃពុធ ទី៩ សីហា ប៉ុន្មានថ្ងៃមុននេះ ចិនបានប្រកាសទទួលស្គាល់ថាបានរងនូវវិបត្តិបរិត្តផរណាជាផ្លូវការ។ អ្វីទៅជាវិបត្តិបរិត្តផរណា? បរិត្តផរណាសំដៅដល់តម្លៃទំនិញនិងសេវាចុះថោក។ បើតាមនិយមន័យពាក្យនេះវាហាក់ដូចជាល្អសម្រាប់អតិថិជននិងអ្នកប្រើប្រាស់ ព្រោះពួកគេអាចទិញទំនិញនិងទទួលសេវាកម្មនក្នុងតម្លៃថោកព្រម ដែលអាចជួយសន្សំសំចៃហិរញ្ញវត្ថុក្នុងគ្រួសារទៀតផង។ យ៉ាងណាមិញវាមិនល្អដូចនេះទេ បាតុភូតនេះវានឹងធ្វើឱ្យពន្យឺតសន្ទុះរីកចម្រើនរបស់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម ខណៈដែលចិនមានមហិច្ឆតាជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។
តើបរិផរណា(Deflation) និងអតិផរណា(Inflation) ខុសគ្នាយ៉ាងដូចម្ដេច?
តាមសន្ទានុក្រមពាក្យថ្មីរៀបរៀងដោយសាស្ត្រាចារ្យ ទូច គឹមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បរិផរណា មានន័យថា ការដកចំនួនរូបិយវត្ថុមួយភាគ ចេញពីទីផ្សារដែលលើសចំនួនត្រូវការចរាចរណ៍របស់សាច់ប្រាក់ ដើម្បីធ្វើឲ្យចំនួនរូបិយវត្ថុសមាមាត្រនិងតម្រូវការចាំបាច់សម្រាប់ចរាចរណ៍ឬនិយាយឲ្យស្រួលយល់គឺតម្លៃទំនិញនិងសេវាចុះថោក។ រីឯអតិផរណាមានន័យថា ទំនិញ ឬសេវាឡើងថ្លៃ រីឯប្រាក់ចុះថោក។ យ៉ាងណាក៏ដោយ ចំពោះវិបត្តិទាំងពីរនេះសុទ្ធតែជះផលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិដូចគ្នាយើងមិនអាចនិយាយថាមួយណាល្អជាងមួយណានោះទេ? ព្រោះថាបើតម្លៃទំនិញឡើងថ្លៃ ប្រជាជនគ្មានលទ្ធភាពទិញទំនិញដោយសារគ្មានប្រាក់ក្នុងការបញ្ជាទិញ តែបើទំនិញចុះថោកខ្លាំង ប្រជាជនរងចាំទិញតែទំនិញថោកបំផុត ធ្វើឲ្យតម្រូវការថយចុះនាំឲ្យក្រុមហ៊ុនលែងផលិតដោយសារគ្មានតម្រូវការ។
កត្តាចម្បងនាំឲ្យចិនធា្លក់ក្នុងវិបត្តិបរិផរណា
ការលើកឡើងរបស់សេដ្ឋវិទូ បរិផរណាជាវិបត្តិវិលវល់ ហើយមានគ្រោះថ្នាក់ណាស់សម្រាប់សេដ្ឋកិច្ច។ វាមានភាពស្មុគស្មាញនិងប្រើពេលវេលាច្រើនក្នុងការរិះរកមធ្យាបាយដោះស្រាយ ហើយបើសម្រាប់ចិនគឺដោយសារតែតម្រូវការក្នុងស្រុកធ្លាក់ចុះ។ ហើយកាលណាតម្រូវការថយចុះ រោងចក្រ សហគ្រាសត្រូវបន្ថយការផលិត ត្រូវបន្ថោកតម្លៃទំនិញ និងកាត់បន្ថយចំនួនបុគ្គលិក។ យោងទៅតាមសារព័ត៌មានវិទ្យុបារាំងអន្ដរជាតិ តាមពិតទៅចិនក៏ធ្លាប់ធ្លាក់ក្នុងវិបត្តិបរិត្តផរណាកាលពីឆ្នាំ២០០៩ និងកាលពីចុងឆ្នាំ២០២០និងដើមឆ្នាំ២០២១ ដោយនៅអំឡុងនោះតម្លៃសាច់ជ្រូកដែលជាសាច់ពេញនិយមចុះថោកយ៉ាងខ្លាំង។ ចំពោះបច្ចុប្បន្ន មូលហេតុដែលធ្វើឲ្យមានបរិផរណានោះ គឺការថយចុះតម្រូវការទិញទំនិញ និងភាពអស់ទំនុកចិត្តរបស់អតិថិជនចំពោះវិស័យអចលនវត្ថុ។ ជាក់ស្ដែងក្រុមហ៊ុនអចលនទ្រព្យ Country Garden ដែលធ្លាប់ជួយអូសទាញកំណើននិងរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិរបស់ចិន និងឈានមុនគេបានប្រកាសការដួលរលំ ដោយលង់ក្នុងបំណុលប្រមាណ១៥០ពាន់លានអឺរ៉ូកាលពី២០២២។ បើក្រឡេកមើលទៅលើសន្ទស្សន៍តម្លៃផលិតកម្មបន្តធ្លាក់ចុះ កាលពីខែកក្កដាតម្លៃផលិតកម្មធ្លាក់ដល់៤,៤% ជាគម្រប់១០ខែជាប់គ្នា និង៥,៤%កាលពីខែមិថុនា២០២៣ យោងតាមការិយាល័យស្ថិតិជាតិ ។ ជារូបភាពជាក់ស្ដែងមួយទៀត តម្លៃភាគហ៊ុនផ្នែកបច្ចេកវិទ្យាទំនើបចិន នៅលើទីផ្សារ Nasdaq បានរួញខើច ធ្លាក់ចុះចំនួន ១,៣៨%នោះក៏ដោយសារ សារការបាត់បង់តម្លៃរបស់ភាគហ៊ុន Tesla ដែលបានធ្លាក់ចំនួន១០%។ ម្យ៉ាងទៀត ធនាគារអាមេរិកGoldman Sachsរាយការណ៍ថាការនាំចេញរបស់ចិនមានការធ្លាក់ចុះក្នុងកំរិតទាបបំផុត មិនធ្លាប់ប្រទះគឺថយចុះខ្លាំង១៤,៤% ជាប្រវត្តិសាស្ដ្រលើកទី១តាំងពីឆ្នាំ១៩៩៨មក។
ចំពោះវិបត្តិបរិផរណាលើកនេះសេដ្ឋវិទូបានទាយថា វានឹងមានសភាពធ្ងន់ធ្ងរខ្លាំង ព្រមទាំងអូសបន្លាយពេលយូរ ដោយសារស្ថានភាពសេដ្ឋកិច្ចចិនមិនល្អស្ទើរគ្រប់វិស័យ។
តើបរិផរណាប៉ះពាល់ចិននិងមុខមាត់មហាអំណាចនេះយ៉ាងដូចម្ដេច?
មុននេះលោកអ្នកបានដឹងពីកត្តាដែលធ្វើឲ្យមានបរិផរណានៅប្រទេសចិនរួចហើយ បន្ដមកទៀតយើងនឹងបង្ហាញពីផលប៉ះពាល់របស់វា។ ដោយទំនិញថយចុះតម្លៃ រោងចក្រនានាបានកាត់បន្ថយការផលិតនិងបន្ថយបុគ្គលិក គិតត្រឹតខែមិថុនាយុវជនគ្មានការងារធ្វើដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំមានរហូតដល់២១%ជាចំនួនច្រើនមិនធ្លាប់មាន នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។ និស្សិតបញ្ចប់ការសិក្សាចំនួន ១១,៥៨លាននាក់នឹងពិបាករកការងារធ្វើនាពេលខាងមុន។ បន្ថែមពីលើនេះភាពតានតឹងផ្នែក ភូមិសាស្ដ្រនយោបាយជាមួយអាមេរិក និងការប្រកួតជែងសេដ្ឋកិច្ចពីបណ្ដាប្រទេសដទៃនោះគឺធ្វើឲ្យចិនពិបាកក្នុងការលក់ផលិតផលរបស់ខ្លួន ក្រុមហ៊ុនធំៗប្រកាសក្ស័យធននិងលិចលង់ជ្រៅក្នុងបំណុលពិសេសក្រុមហ៊ុនអចលនទ្រព្យធំៗដែលទម្ពក់ថ្កក់ចំនួនផលិតផលក្នុងស្រុកទំលាក់ចុះមិនធ្លាប់មាន។ ឯវិនិយោគិនបរទេសដោយមើលមិនឃើញ អំពីការងើបវិញរបស់សេដ្ឋកិច្ចចិនធ្វើឲ្យគេរអាក្នុងការបោះទុនវិនិយោគណាស់ ជាពិសេសពួកគេផ្ទាល់ប្រុងប្រយ័ត្ន និងមិនទុកចិត្តលើទីផ្សារចិននោះទេ។ នេះជាភាពអាម៉ាស់ណាស់របស់ចិន ដោយសារប្រទេសនានាលែងទុកចិត្ត ហើយធ្លាប់តែជាមហាអំណាចសេដ្ឋកិច្ចទី២បែរជាមកត្រូវរាំងស្ទះការបញ្ចេញទំនិញទៅវិញ។
តើចិនគួរដោះស្រាយវិបត្តិដ៏សម្បើមនេះដោយរបៀបណា?
មានការបញ្ចេញមតិច្រើនគួរសមដែរ ចំពោះបញ្ហានេះជាក់ស្ដែងអ្នកវិភាគនៅធនាគារជប៉ុន សំណូមចិនបញ្ចុះតម្លៃប្រាក់យ័នដែលតាមបច្ចេកទេសនឹងធ្វើឱ្យតម្លៃទំនិញចិនមានភាពប្រកួតប្រជែងខ្លាំងនៅបរទេស ដើម្បីជំរុញវិស័យនាំចេញ។ ចំពោះរដ្ឋាភិបាលចិនវិញក៏កំពុងរិះរកវិធីសាស្ដ្រយ៉ាងប្រញ៉ាប់ប្រញ៉ាល់ស្ដារសេដ្ឋកិច្ចផងដែរថ្មីៗនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងជួយស្រោចស្រង់វិស័យអចលនទ្រព្យ ព្រោះអចលនទ្រព្យជាវិស័យគន្លឹះនៃសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ១៦ចំណុច រួមមាន ការពន្យារពេលសងបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យណាដែលមិនអាចសងបំណុលគេទាន់ពេល ការលើកទឹកចិត្តឲ្យធនាគារផ្តល់ប្រាក់កម្ចីបន្ថែម ឬធានាពីការផ្តល់សាច់ប្រាក់ឲ្យក្រុមហ៊ុនអចលនទ្រព្យដើម្បីឲ្យពួកគេបញ្ចប់ការសាងសង់ដែលបានផ្អាកនៅពាក់កណ្តាលទី។ ពិសេសមួយទៀតចិនបានខិតខំព្យាយាមធ្វើដំណើរទស្សនកិច្ចទៅបណ្ដាប្រទេសនានា ដើម្បីរិតចំណងមិត្តភាពរួមទាំងសេដ្ឋកិច្ច។ ចក្ខុវិស័យចំពោះសេដ្ឋកិច្ច គឺថានឹងមានការងើបឡើងវិញឆាប់ៗនេះព្រោះដោយសារការដំណោះស្រាយរបស់រដ្ឋាភិបាលទាក់ទិននឹងការលើកទឹកចិត្តក្រុមហ៊ុន រោងចក្រ សហគ្រាស មួយវិញទៀតឃើញថាមិនថាអាស៊ីឬអឺរ៉ុបទំនិញចិនគឺក្លាយជាទំនិញឈានមុនដោយសារតម្លៃសមរម្យដែលជួយដល់សេដ្ឋកិច្ចគ្រួសារអ្នកទិញបានយ៉ាងច្រើន។