"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ តើសិង្ហបុរីបែកចេញពីប្រទេសម៉ាឡេស៊ីយ៉ាងដូចម្ដេច?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

ប្រទេសសឹង្ហបុរីគឺជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំងដោយសារតែប្រទេសនេះបានឆ្លងកាត់នូវរបត់ជាច្រើននៅក្នុងការឆ្ពោះទៅរកឯករាជ្យជាតិ ជាពិសេសនៅពេលដែលមានការរួមបញ្ចូលនិងការបំបែកចេញនូវឯករាជ្យភាពពីប្រទេសម៉ាឡេស៊ី។ នៅក្នុងអត្ថបទនេះនឹងនិយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងប្រវត្តិនៃការរួមបញ្ចូលរវាងប្រទេសសឹង្ហបុរីនិងប្រទេសម៉ាឡេស៊ី ការបំបែកចេញរបស់ប្រទេសសឹង្ហបុរីពីប្រទេសម៉ាឡេស៊ី និងការកកើតនៃប្រទេសសឹង្ហបុរី។

ការរួមបញ្ចូលគ្នារវាងប្រទេសម៉ាឡេស៊ីនិងប្រទេសសឹង្ហបុរី

ការឆ្ពោះទៅរកឯករាជ្យរបស់ប្រទេសសឹង្ហបុរីបានចាប់ផ្តើមក្រោយពីការបញ្ចប់ការដាក់អាណានិគមពីចក្រភពអង់គ្លេសមកលើប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៥៩។ នៅពេលនោះប្រទេសសឹង្ហបុរីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីដំបូងបង្អស់គឺ លោក លី ក្វាន់យ៉ូ។ ក្នុងអំឡុងពេលនោះប្រទេសសឹង្ហបុរីបានជួបប្រទះនូវបញ្ហាជាច្រើនដែលធ្វើឱ្យមានការរាំងស្ទះក្នុងការអភិវឌ្ឍន៍ប្រទេស ដូចជាបញ្ហាទឹកដីភូមិសាស្រ្តតូច ការមានប្រជាជនចិនច្រើន (Chinese Predomination) និងបញ្ហាវាយប្រហារផ្សេងៗដោយសារតែទីតាំងភូមិសាស្រ្ត។ ដោយហេតុនៃការជួបប្រទះនេះបាននាំមកនូវផលវិបាកដល់ប្រទេសឹង្ហបុរី ទើបលោកនាយករដ្ឋមន្រ្តីមានការស្រមៃក្នុងការបង្រួបបង្រួមអង្គភាពនយោបាយធំ (envision a larger political entity) ដែលអាចធានានូវសុវត្ថិភាពក៏ដូចជាឱកាសសេដ្ឋកិច្ចផ្សេងៗមកក្នុងការអភិវឌ្ឍន៍ប្រទេសសឹង្ហបុរី។

ក្រោយមកលោក លី ក្វាន់យូ ក៏បានធ្វើការចរចារជាច្រើនជាមួយនឹងមេដឹកនាំនៃប្រទេសម៉ាឡេស៊ី លោក ទុនគូ អាប់ដុល រ៉ាម៉ាន (Tunku Abdul Rahman) ដើម្បីបង្រួបបង្រួមប្រទេសខ្លួននិងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែនៅឯខាងប្រទេសម៉ាឡេស៊ីវិញ លោក ទុនគូ ក៏ធ្លាប់មានគំនិតក្នុងការបង្រួបបង្រួមប្រទេសទាំងពីរដែរដែលលោកបានប្រកាសក្នុងបំណងបង្រួបបង្រួមនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៦១។ ការចរចារគ្នាត្រូវបានចុះជាកិច្ចព្រមព្រៀងនៅក្នុងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៦៣ ដែលប្រទេសសឹង្ហបុរីបានចូលរួមជាមួយសហព័ន្ធម៉ាឡេស៊ី ដែលមានការរួបរួមជាមួយ សាបា និងសារ៉ាវ៉ាក និងមានទីក្រុងកូឡាឡាំពួជារដ្ឋធានី។ ការរួមបញ្ចូលនេះគឺបានកើតឡើងដោយសុទិដ្ឋិនិយមដោយមានការព្រមព្រៀងនិងការទទួលបាននូវអត្ថប្រយោជន៏ទីផ្សារសេដ្ឋកិច្ចកាន់តែធំនិងការការពាររួម។ ប្រទេសដែលបានរួមបញ្ចូលនេះត្រូវបានក្លាយជាប្រទេសម៉ាឡេស៊ីជារួម ដែលសឹង្ហបុរីជារដ្ឋមួយក្នុងប្រទេសម៉ាឡេស៊ី។

ក្រោយពីបានចូលរួមជាមួយនឹងប្រទេសម៉ាឡេស៊ីមក ការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនមានការទទួលផលដូចការរំពឹងទុករបស់លោក លី ក្វាន់យូ ឡើយដោយសារតែមានជម្លោះពូជសាសន៍ ការរើសអើង ភាពខុសគ្នានៃវប្បធម៌និងមនោគមវិជ្ជាក្នុងនយោបាយរវាងប្រទេសសឹង្ហបុរីនិងរដ្ឋផ្សេងៗនៅក្នុងសហព័ន្ធម៉ាឡេស៊ី។ មួយវិញទៀតប្រជាជនចិនដែលជាជនជាតិភាគច្រើននៅប្រទេសសឹង្ហបុរីបានទទួលនូវការរើសអើងយ៉ាងខ្លាំង។ វិសមភាពសេដ្ឋកិច្ចក៏បានលេចឡើងដែលប្រទេសសឹង្ហបុរីបានចូលរួមចំណែកជាច្រើនក្នុងការធ្វើសេដ្ឋកិច្ច រីឯប្រទេសម៉ាឡេស៊ីបានចូលរួមចំណែកតិចតួចប៉ុណ្ណោះ ប៉ុន្តែប្រទេសម៉ាឡេស៊ីតែងតែទទួលផលច្រើនទៅវិញ។ ដោយហេតុនេះហើយទើបការបញ្ចូលគ្នានេះបានក្លាយជាភាពតានតឹងរហូតដល់ថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៦៥ ប្រទេសសឹង្ហបុរីត្រូវបានចាកចេញពីប្រទេសម៉ាឡេស៊ីនិងបានក្លាយជាប្រទេសឯករាជ្យវិញ។ នាយករដ្ឋមន្រ្តីទាំងពីរក៏មានការសោកស្តាយជាខ្លាំងក្នុងការចាកចេញរបស់ប្រទេសសឹង្ហបុរីដោយសារតែភាពខុសគ្នានឹងជម្លោះ។ លោក លី ក្វាន់យ៉ូ ក៏បានបញ្ជាក់នូវភាពសោកស្តាយរបស់គាត់ថា “សម្រាប់គាត់ វាជាពេលវេលាដ៏ឈឺចាប់មួយ។ នៅពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំតែងតែជឿថាការរួមបញ្ចូលគ្នានិងបង្រួបបង្រួមនៃទឹកដីទាំងពីរ” (“For me, it is a moment of anguish. All my life, my whole adult life, I have believed in merger and unity of the two territories”)។

ក្រោយពីការចាកចេញរបស់ប្រទេសសឹង្ហបុរីពីប្រទេសម៉ាឡេស៊ីមក ប្រទេសសឹង្ហបុរីបានជួបប្រទះនូវបញ្ហាជាច្រើនដោយសារតែប្រទេសនេះជាប្រទេសតូចនិងបានជួបប្រទះបញ្ហាជាច្រើនដោយសារ ភាពអត់ការងារធ្វើ (unemployed) ការខ្វះខាតផ្ទះ (housing) ។ល។ ប៉ុន្តែដោយសារតែការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក លី ក្វាន់យូ ប្រទេសសឹង្ហបុរីក៏មានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងការធ្វើពាណិជ្ជកម្ម និងមានការទទួលស្គាល់ជាច្រើនលើឆាកអន្តរជាតិថាជាប្រទេសឯករាជ្យ។ ដោយហេតុនេះហើយទើបប្រទេសសឹង្ហបុរីមិនចាំបាច់មានការពឹងផ្អែកប្រទេសម៉ាឡេស៊ីលើការអភិវឌ្ឍន៍ប្រទេសខ្លួនឡើយ។ ប្រទេសសឹង្ហបុរីបានចាប់ផ្តើមការអភិវឌ្ឍន៍ជាតិដោយបានផ្តោតទៅលើផលិតកម្មនាំចេញ និងការទាញការចាប់អារម្មណ៍ក្នុងការវិនិយោគពីបរទេស (foreign investments)។ នៅឆ្នាំ ១៩៦៦ ប្រទេសសឹង្ហបុរីបានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតទៅឱ្យសហរដ្ឋអាមេរិក។ មួយវិញទៀតប្រទេសសឹង្ហបុរីក៏បានបង្កើតនិងពង្រីកការធ្វើឧស្សាហកម្ម ដែលមានជំនាញក្នុងហិរញ្ញប្បទានឧស្សាហកម្ម (industrail financing)។ យុទ្ធសាស្រ្តទាំងអស់នេះបានហុចផលដល់ប្រទេសសឹង្ហបុរីក្នុងការបង្កើតការងារជាច្រើនដល់ប្រជាជន។  បើទោះជាប្រទេសសឹង្ហបុរីមានការរីកចម្រើនក្រោយពីចាកចេញពីប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ប្រទេសសឹង្ហបុរីបានជួបនូវផលលំបាកផ្សេងៗក្នុងការអភិវឌ្ឍន៍ផងដែរនៅក្នុងទីផ្សារការងារ និងការកើនឡើងនៃតម្លៃប្រាក់ឈ្នួល។ យ៉ាងណាមិញ ប្រទេសសឹង្ហបុរីបានកែប្រែគោលនយោបាយខ្លួនទៅតាមបរិបទនៃការអភិវឌ្ឍន៍របស់ប្រទេសក៏ដូចជាពិភពលោកដូចជាការផ្លាស់ប្តូរឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម(labour-intensive) ទៅជាការបណ្តុះបណ្តាលកម្លាំងពលកម្មសម្រាប់ឧស្សាហកម្មដែលពឹងផ្អែកលើដើមទុន (training workforce for capital-intensive) និងបច្ចេកវិទ្យាខ្ពស់។

ជារួមមកប្រទេសសឹង្ហបុរីគឺជាប្រទេសដ៏តូចដែលមានការខ្វះខាតជាច្រើន។ ដោយសារតែជួបបញ្ហាច្រើននាយករដ្ឋមន្រ្តីលោក លី ក្វាន់យ៉ូតែងតែមានបំណងក្នុងការបង្រួបបង្រួមប្រទេសខ្លួននិងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែដោយសារតែការមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរនៅពេលដែលបានរួមបញ្ចូល ប្រទេសសឹង្ហបុរីក៏បានចាកចេញ និងបានចាប់ផ្តើមអភិវឌ្ឍប្រទេសខ្លួនដោយឯករាជ្យ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា សួន រតនាសុមានី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ