"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ លំហូរ​អន្តោប្រវេសន៍ដូចទឹកបាក់ទំនប់នៅអឺរ៉ុប

ចាកឆ្ងាយប្រទេសកំណើត សុំសិទ្ធិជ្រកកោនប្រទេសដទៃពេលខ្លះរងអំពើហិង្សា ការបណ្ដេញចេញ ការមើលងាយ ស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ វាមិនមែនជាក្ដីប្រាថ្នារបស់ជនណាម្នាក់ទេ។ មនុស្សគ្រប់រូបតែងចង់រស់នៅប្រទេសកំណើតខ្លួនឯង ដែលជាកន្លែងពោរពេញដោយក្ដីស្រឡាញ់ អនុស្សាវរីយ៍ មានសាច់ញាតិពុកម៉ែបងប្អូនរាប់អានគ្នាប្រកបដោយភាតរភាព។ ចុះហេតុអី្វ ប្រជាជនអាហ្រ្វិកអន្ដោប្រវេសន៍ទៅអឺរ៉ុបដូចជាទឹកបាក់ទំនប់ដូច្នេះ? ពេលទៅដល់អឺរ៉ុបពួកគេទទួលបានការស្វាគមន៍ដូចម្ដេទៅវិញ? ហើយសម្រាប់អឺរ៉ុបផ្ទាស់វាជាសេណារីយ៉ូល្អឬយ៉ាងណា?

យោងតាមទី​ភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការ​សហប្រជាជាតិ ចំនួនជនអន្ដោប្រវេស្ដនៅអឺរ៉ុបកើនឡើងជារៀងរាល់ឆ្នាំនិងបានបង្ករបញ្ហារាំរ៉ៃរហូតពេលខ្លះអឺរ៉ុបឈានទៅដល់ការបែកបាក់សាមគ្គីគ្នាផងក៏មាន។ ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ទូក​អន្តោប្រវេសន៍ខុស​ច្បាប់​​១៩៩​ទូកមកពីអាហ្វ្រិកឆ្លងកាត់មកកោះLampedusa​ ប្រទេសអ៊ីតាលីមានមនុស្សរហូត៨៥០០នាក់ដែលកោះនេះអាចផ្ទុកមនុស្សអតិបរមាត្រឹម មនុស្ស​​៤០០នាក់ប៉ុណ្ណោះ។ ដោយសារតែជនភៀសខ្លួនពីអឺរ៉ុបច្រើនមហិមា បញ្ហានេះក្លាយជាសម្ពាធការទូតនិងជាប្រធានបទ ​​ដ៏​ក្តៅ​គគុកនៅអឺរ៉ុប។

តើមូលហេតុអ្វីធ្វើឲ្យប្រជាជនអាហ្វ្រិកធ្វើអន្ដោប្រវេសន៍?

សំនួរនេះស្រួលស្ដាប់តែហាក់ពិបាកឆ្លើយបន្ដិច បើនិយាយជាទូទៅយោងតាមអង្គការសហប្រជាជាតិលើកឡើងថា ហេតុផលដែលមនុស្សរមែងធ្វើអន្ដោប្រវេសន៍ដោយសារចង់បានការរស់នៅដែលល្អប្រសើរ និងជាពិសេសគឺការងារ សេរីភាព សុវត្ថិភាព។ ជាប្រត្យក្ស កំណត់ត្រាខ្ពស់បំផុតក្នុងពីឆ្នាំ២០២២ អង់គ្លេសទទួលជនអន្ដោប្រវេសន៍រហូតដល់ ​៤៥ ៧៥៦នាក់(មិនចំពោះតែជនមកពីអាហ្វ្រិក)។ យើងាកមកនិយាយពីប្រជាជនអាហ្វ្រិកវិញ ពួកគេបានផ្សងគ្រោះថា្នក់លើ​សមុទ្ទ​មេឌីទែរ៉ាណេ​ដើម្បីស្វែងរកទីជ្រកកោនថ្មីដោយប្រថុយប្រថានជាទីបំផុត។ យ៉ាងណាមិចកាលថ្ងៃ​ ២៦កុម្ភៈ២០២៣ មានស្លាប់​ ៥៩នាក់ ក្នុងនោះ​ម្នាក់ជា​ទារក​ទើប​នឹង​កើតនៅក្នុង​ការ​លិច​ទូក​ក្បែរ​ឆ្នេរ​អ៊ីតាលី។ នៅពេលមានមេឃស្រឡះល្អ អាកាសធាតុមិនសូវត្រជាក់ខ្លាំងគេកត់សម្គាល់ថា​ជនអន្ដោប្រវេសន៍ក៏កើនឡើងដូចគ្នា។ ពួកគេរសាត់អណ្ដែតលើកទឹកដោយមធ្យោបាយជិះទូកពាងជារឿងគ្រោះថ្នាក់មិនអាចនិយាយបាន។ ហេតុផលដែលប្រជាជនអាហ្វ្រិកធ្វើអន្ដោប្រវេសន៍គឺការស្វែងរកការងារធ្វើ ជៀសផុតពីភាពក្រីក្រនិងភាពលំបាកផ្នែកសេដ្ឋកិច្ចព្រមទាំងការគេចចេញពីរដ្ឋាភិបាលផ្ដាច់ការជិះជាន់និងសង្រ្គាមស៊ីវិល ក្នុងចំណោមពួកគេខ្លះក៏មានសាច់ញាតិនៅអឺរ៉ុបដែលជះឥទ្ធិពលដល់ការសម្រចចិត្តផងដែរនេះតាមការបញ្ជាក់ដោយសារព័ត៌មានBBC។ បន្ថែមពីលើនេះទៀត ជនអន្ដោប្រវេសន៍ភាគច្រើនគឺយុវជន និងអ្នកមានចំណេះដឹងសមល្មម រហូតដល់ជាង៥០%នៃអន្ដោប្រវេសន៍។

 អ៊ីតាលី​ជាជម្រើស​ដ៏ប្រសើរ​សម្រាប់​អន្តោប្រវេសន៍​អាហ្វ្រិក

​​តួលេខ​របស់​ក្រសួង​មហាផ្ទៃ​អ៊ីតាលីតាំងពី​ដើម​ឆ្នាំមក ​មាន​អន្តោប្រវេសន៍​១៤០០០នាក់​បាន​ឆ្លង​មក​ដល់​អ៊ីតាលី ដែលខុសពីឆ្នាំទៅមិញមានតែ៥៤០០នាក់​ប៉ុណ្ណោះ។​ ដោយសារទីតាំង​ភូមិសាស្ត្ររបស់ប្រទេសនេះស្ថិត​នៅ​ចម្ងាយ​មិនដល់​១៥០គីឡូម៉ែត្រ​ពី​ឆ្នេរ​ទុយនីស៊ីធ្វើឲ្យអ៊ីតាលី ទទួលរ៉ាប់រងបញ្ហាអន្ដោប្រវេសន៍តែម្នាក់ឯងនិងត្រូវបានមិត្តបារាំង អង់គ្លេស អេស្ប៉ាញចោទពេលខ្លះថា អ៊ីតាលីចិត្តខ្មៅចំពោះអន្ដោប្រវេសន៍បដិសេធមិនឲ្យនាវាដឹកជនភៀសខ្លួនចូលចត និងនៅលើសមុទ្ទរេរាជាច្រើនថ្ងៃ។ ជាសេណារីយ៉ូជាក់ស្ដែង ឆ្នាំ២០២២  ខាងបារាំងបាន​​ចោទ​រដ្ឋាភិបាល​ថ្មីអ៊ីតាលី  ថាគ្មានធម៌មេត្តា ចិត្តខ្មៅណាស់ចំពោះជនអន្ដោប្រវេសន៍ វាបង្កសង្រ្គាមពាក្យសំដីផ្លោងគ្នាទៅវិញទៅមកកើតមានបន្ដបន្ទាប់ទម្រាំមានការចចារដោយសន្ដិវិធីបាន។

​ប្រទេសនីមួយៗនៃសហភាពអឺរ៉ុបព្យាយាមរកវិធីការពារខ្លួន មិនចង់ទទួលយកជនអន្តោប្រវេសន៍​

សហភាព​អឺរ៉ុបខិតខំព្យាយាមចរចា ស្វែងរកវិធី ដើម្បីដោះស្រាយបញ្ហាជនអន្ដោប្រវេសន៍ ហើយគេក៏បានបង្កើតយន្តការសាមគ្គីទាំងអស់គ្នា​២៧ប្រទេស ក្នុងបំណងរំលែក​យកជនភៀសខ្លួន កុំឲ្យដាក់បន្ទុកតែអ៊ីតាលីព្រោះមួយឆ្នាំៗ។ ទោះជាយ៉ាងនេះក្ដី ​ប្រទេសសមាជិកអឺរ៉ុបមានប៉ូឡូញ ហុងគ្រី ឆេក បែរជាបដិសេធដាច់ខាតតែម្តងមិនព្រមទេ។ ជាឧទាហរណ៍ស្រាប់ឆ្នាំ​២០១៨ នាវា Aquarius របស់អង្គការមនុស្សធម៌ដឹកជនភៀសខ្លួន​​​៦០០នាក់ ក៏ជួបបញ្ហស្រដៀងគ្នាហ្នឹងដែរ​ ដោយអ៊ីតាលីនិងបារាំងក៏មិនទទួល ជាសំណាងល្អអេស្ប៉ាញ​ព្រមទទួល។ គេសង្កេតឃើញថាក្រុមអ្នកនយោបាយស្តាំនិយមជ្រុលរបស់​បារាំង​តែងនិយាយចាក់បណ្ដោយថា បើ​ចេះតែទទួលយក​ គឺនាវាទាំងនោះនឹងនាំជនអន្តោប្រវេសន៍​មករហូត ទប់មិនឈ្នះទេដែលសំដីនេះបង្ហាញពីគំនិតអមនុស្សធម៍ខ្លាំងណាស់ នេះឬប្រទេសប្រជាធិបតេយ្យគោរពសិទ្ធមនុស្ស? ហើយប្រជាជនបារាំងខ្លះចោទអង្គការមនុស្សធម៌ ដែលបានជួយមនុស្សពីក្នុងសមុទ្ទថា ជួយជំរុញឲ្យមានជនអន្ដោប្រវេសន៍មកបារាំងកាន់តែច្រើន។

ប្រធានបទការ​ទូត​​ដ៏​ក្តៅ​គគុកនិងពោរពេញដោយភាពជំរុញចម្រាស់នៃជនអន្ដោប្រវេស៍និងទស្សនកិច្ចរបស់ប្រធានសហភាពអឺរ៉ុប

ដោយសារ​​លំហូរ​​ជន​អន្តោប្រវេសន៍កំពុង​ជន់ជោរស្ទើរ​លិច​​កោះLampedusa​ ការ​បែង​ចែក​ទំនួល​ខុស​ត្រូវ ក្នុង​រង្វង់​ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប​ជារឿងចាំបាច់ណាស់​ព្រោះវានឹងជួយកុំឲ្យតែអ៊ីតាលីរងនៅសម្ពាធនេះតែម្នាក់។ បញ្ហានេះនាំឲ្យមានជំនួបចចារក្នុងចំណោមមេដឹងនាំប្រទេសអឺរ៉ុបដូចជាជំនួប​ត្រី​ភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំងអ៊ីតាលី​និ​ងអាល្លឺម៉ង់នៅថ្ងៃ១៦ កញ្ញា ​និងមានសន្និសីទ​តាម​ទូរស័ព្ទ​​ត្រីភាគី​បន្ថែម​របស់បារាំងជាមួយតំណាង​ប្រធានាធិបតី​អេស្ប៉ាញ និងជាមួយ​ស្នងការអឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​មហាផ្ទៃ ភាគីទាំងបី​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះLampedusa​ដើម្បីពិនិត្យមើលបន្ថែមពីស្ថានភាពជន់ជោនៃជនអន្ដោប្រវេសន៍។ ក្នុងជំនួបនេះប្រធានាធិបតី​បារាំងក៏និយាយ​អំពី សាមគ្គីភាព​អឺរ៉ុបឡើងវិញ​​ និងសន្យា​ព្រមព្រៀង​គ្នា​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ឲ្យបន្ដទៅមុខរលូន ព្រោះថាបញ្ហាអន្ដោរប្រវេសន៍មែនជាអ្វីដែលអឺរ៉ុបត្រូវរែកជាអត្ថិភាពជាងបញ្ហាសេដ្ឋកិច្ច និងនយោបាយនោះ។ ដោយឡែក យើងគ្រប់គ្នាសុទ្ធតែទទួលដឹងថាក្រោយពីសេដ្ឋកិច្ចញាំញីដោយជំងឺកូវីដ១៩ អឺរ៉ុបផ្ទាល់ត្រូវទទួលភាពតានតឹងផ្នែកនយោបាយនិងសេដ្ឋកិច្ចបន្ថែមទៀត​ដូចជា អតិផរណា ការឡើងថ្លៃទំនិញនិងសេវា និងប្រេងជាដើមដែលវាជាសម្ពាធណាស់ទៅហើយ។ ម្យ៉ាងទៀតប្រធានាធីបតិបារាំងក៏បានបំផុសនូវការគិតរក​ដំណោះស្រាយប្រកប​ដោយ​ប្រសិទ្ធភាព ទាំងបច្ចុប្បន្ននិង​យូរអង្វែងនាពេលខាងមុខ ក្នុងការទប់ស្កាត់កុំឱ្យ​​​វិបត្តិ​អន្តោប្រវេសន៍​គំរាមកំហែង​អឺរ៉ុប និង​​ធ្វើ​ឱ្យ​អឺរ៉ុប​ប្រេះឆា​គ្នា។ អឺរ៉ុបត្រូវគិតគូរនឹងដោះស្រាយបញ្ហានេះឲ្យបានធូរស្បើយព្រោះថាកាលណាតែមានជនអន្ដោប្រវេសន៍ច្រើនលើសលប់វាមិនមែនជាសេណារឺយ៉ូល្អសម្រាប់ប្រទេសពួកគេទេនេះហើយជាហេតុផលដែលគេត្រូវគិតគូ។

សូមបញ្ជាក់ថា ជាវិធីសាស្ដ្រសាកល្បងកាត់​បន្ថយ​​លំហូរ​អន្តោប្រវេសន៍អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ជា​ដៃគូ​ជាមួយ​ទុយនីស៊ីកាលពី​ខែ​កក្កដា​២០២៣ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​រយលាន​អឺរ៉ូ ដោយនាយករដ្ឋមន្ត្រីអ៊ីតាលី​​ ចរចា មេឡូនី ផ្ទុយទៅវិញកិច្ចព្រមព្រៀងនេះគឺអាសារបង់ដោយទុយនីស៊ី​ដឹកនាំ​បែប​ផ្តាច់ការ​ខ្លាំង ហើយពួកអាជ្ញាធរ​ទុយនីស៊ី​មិនអនុញ្ញាត​ឱ្យ​ប្រតិភូ​អឺរ៉ុប​ចូល​ស្រុកនោះទេ។ យ៉ាងណាក៏ដោយមកដល់ដំណាក់កាលនេះនាយករដ្ឋមន្ត្រីអ៊ីតាលី​​ ក៏បាន​អញ្ជើញ​​ប្រធាន​គណៈកម្មការអឺរ៉ុបលោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយេន ទៅទស្សនៈកិច្ចផ្ទាល់នៅអ៊ីតាលីដើម្បីឲ្យបានយល់ជាក់ច្បាស់នឹងមិនឲ្យប្រទេសអឺរ៉ុបដទៃចោទអ៊ីតាលីថាមនុស្សធម៌ ចិត្តខ្មៅបន្ដទៀត។ បន្ថែមពីនេះដើម្បី​ស្រួល​ងាយ​វាយ​តម្លៃ និង​យក​​បញ្ហា​អន្តោប្រវេសន៍​ ជា​របៀប​វារៈនៃ​ជំនួប​កំពូល​អឺរ៉ុប នៅ​ខែ​តុលា​នេះ។ ក្នុងឱកាសទស្សនកិច្ចលោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយេន អំពាវនាវឲ្យ​ប្រទេស​ជា​សមាជិក​​ព្រម​ចែក​រំលែក​អន្តោប្រវេសន៍​ខ្លះ​ពី​អ៊ីតាលី តែការអំពាវនាវនេះមិនដឹងថាធ្វើឲ្យប្រធានាធិបតីទាំងអស់នោះភ្ញាក់រលឹកយ៉ាងណានោះទេ ព្រោះពួកគេមិនចង់ទទួលជនអន្ដោប្រវេសន៍ឡើយ ព្រោះជនអន្ដោប្រវេសន៍ទាំងអស់នោះអាចបង្ករបញ្ហាអសន្ដិសុខជាច្រើនដល់ប្រជាជនពួកគេ និងមិនចង់ចំណាយប្រាក់រដ្ឋលើជនអន្ដោប្រវេសន៍ទាំងនោះដូចគ្នា។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ហី ចាន់នី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ