"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាប្រទេសជប៉ុនព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅ ទោះបីជាមានបរិត្តផរណា?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ជាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសង្គមអភិវឌ្ឍន៍ និងជឿនលឿន ដែលជារឿយៗគេហៅថាជាគំរូអាស៊ីបូព៌ា (East Asian Model) និងជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។​ យ៉ាងណាមិញ ប្រទេសជប៉ុនបែរជាប្រទេសដែលមានអត្រាការប្រាក់អវិជ្ជមាន និងជួបប្រទះបរិត្តផរណា ប៉ុន្តែប្រទេសជប៉ុននៅតែជឿជាក់ថានឹងមានកំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ និង ២០២៤។​

អត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណានៃប្រទេសជប៉ុន

ធនាគារកណ្តាលជប៉ុន (Bank of Japan – BOJ) បានណែនាំគោលនយោបាយអត្រាការប្រាក់អវិជ្ជមានដែលជាផ្នែកមួយនៃកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុបរិមាណ និងគុណភាព (Quantitative and Qualitative Monetary Easing – QQE) នៅក្នុងខែមករា ឆ្នាំ ២០១៦។ ក្រោមគោលនយោបាយនេះ ធនាគារកណ្តាលជប៉ុន (Bank of Japan – BOJ) គិតអត្រាការប្រាក់អវិជ្ជមាន -​០,១%។ គោល​ដៅ​នៃ​គោល​នយោបាយ​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ធនាគារ​ឱ្យ​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ទៀត​ដល់​អាជីវកម្ម និង​គ្រួសារ ដោយ​ហេតុ​នេះ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​អតិផរណា។

ផ្ទុយមកវិញ អ្វីដែលរដ្ឋាភិបាលជប៉ុនរំពឹងនឹងអាចមានកំណើនសេដ្ឋកិច្ចបែរជាផ្ទុយពីផែនការ និងគោលបំណងនៃអត្រាការប្រាក់អវិជ្ជមានទៅវិញ។ បើយោងតាម ​Bloomberg ចំនួនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះរបស់ប្រទេសជប៉ុនគឺនៅពីបង្កនូវការធ្លាក់ចុះនៃតម្រូវការរបស់អ្នកប្រើប្រាស់ ដែលនាំឱ្យមានបរិត្តផរណា។ ម្យ៉ាងវិញទៀត ដោយសារអត្រាការប្រាក់អវិជ្ជមាន ជនជាតិជប៉ុនដែលមានវ័យចំណាស់បែរធ្វើការសន្សំច្រើន និងមានការចំណាយតិច។ ចំណែក ក្រុមហ៊ុនជប៉ុនក៏ជា “អ្នកសន្សំជាប់លាប់ (Persistent Savers)” ផងដែរ។

កត្តានៃកំណើនសេដ្ឋកិច្ចជប៉ុនឆ្នាំ ២០២៣ និង ២០២៤ ទោះជាប្រទេសមានអត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណា

ប្រទេសជប៉ុនបានរំពឹងនូវការលូតលាស់ផ្នែកសេដ្ឋកិច្ចប្រមាណ ១,៣% ក្នុងឆ្នាំ ២០២៣ និង​ ១,១%​ ក្នុងឆ្នាំ ២០២៤ ទោះជាប្រទេសជប៉ុនស្ថិតក្នុងសភាពនៃអត្រាការប្រាក់អវិជ្ជមាន និង​បរិត្តផរណា។ បើយោងទៅតាមរដ្ឋាភិបាលជប៉ុន និងសេដ្ឋវិទូមួយចំនួនយល់ឃើញថាកំណើននេះអាចកើតមានឡើងក៏ដោយសារគោលដៅសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជប៉ុនទាក់ទងទៅនឹងអត្រាការប្រាក់ និងកំណើននៃតម្រូវការរបស់ប្រជាជនជប៉ុន។​​

នៅក្នុងខែមេសា សង្កេតឃើញថាអតិផរណានៅប្រទេសជប៉ុនបានកើនឡើងខ្ពស់ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។ បើមិនរាប់បញ្ចូលអាហារ និងថាមពល សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ទីក្រុងតូក្យូបានកើនឡើង ២,៣% នៅក្នុងខែមេសាដែលមានការកើនបន្តិចពីលើគោលដៅអតិផរណារបស់ធនាគារកណ្តាលប្រហែល ២%។ អតិផរណានៅទីក្រុងតូក្យូគឺជាសូចនាករឈានមុខគេនៃនិន្នាការទូទាំងប្រទេស។ ជាលទ្ធផល​ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Price Index – CPI)នៅក្នុងប្រទេសជប៉ុនបានកើនឡើង ៣,៥% នៅក្នុងខែមេសា ដែលលើសពីការព្យាករណ៍។ តួលេខនេះក៏ខ្ពស់ជាងពីខែមិនាប្រមាណ ៣,២% ក្នុងខែមីនាបន្តិចដែរ។ គួរដឹងដែរថា កំណើននៃអតិផរណានៅក្នុងកម្រិតប្រមាណ ២% ឬ​ ៣% គឺជាកម្រិតមួយដែលល្អនឹងអាចបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ចជប៉ុនផងដែរ។ ហេតុដូច្នេះ ការកើនឡើងនៃអតិផរណា និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សរបញ្ជាក់ពីការកើនឡើងនៃតម្រូវការរបស់ប្រជាជនជប៉ុន ជាពិសេសជប៉ុនអាចនឹងរួចផុតពីបរិត្តផរណា។

យ៉ាងណាមិញ ចំណែកអត្រាការប្រាក់ បើយោងតាមសេចក្តីថ្លែងការណ៍គោលនយោបាយបន្ទាប់ពីកិច្ចប្រជុំខែកញ្ញារបស់ខ្លួន ធនាគារកណ្តាលជប៉ុនបានបញ្ជាក់ថាខ្លួននឹងរក្សាអត្រាការប្រាក់រយៈពេលខ្លីនៅដក ០,១% សិនដោយសារ​តែភាពមិនច្បាស់លាស់នៃផ្នែកសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុក្នុងប្រទេស និងក្រៅប្រទេស។ ហេតុនេះ ធនាគារជប៉ុននឹងបន្តអត្រាការប្រាក់អវិជ្ជមាននេះសិន ខណៈដែលជប៉ុនក៏កំពុងនឹងឆ្លើយតបយ៉ាងរហ័សទៅនឹងការអភិវឌ្ឍន៍នៃសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួនផងដែរ។

អាស្រ័យហេតុនេះ ទោះជាអត្រាការប្រាក់នៅតែអវិជ្ជមានដូចសព្វដងក៏ធនាគារកណ្តាលព្យាករថាអតិផរណាសម្រាប់ទំនិញទាំងអស់ដែលមិនរាប់បញ្ចូលអាហារ និងថាមពលនឹងមានប្រហែល ២,៥% នៃសារពើពន្ធ (Fiscal) ឆ្នាំ២០២៣ និងចន្លោះពី ១,៥% ទៅ ២% សម្រាប់ឆ្នាំ ២០២៤ និង​ ២០២៥។ នេះសរបញ្ជាក់ថារដ្ឋាភិបានជប៉ុននៅតែជឿលើអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនដែលនឹងនាំនូវការកើនឡើងនៃតម្រូវការរបស់ប្រជាជនជប៉ុន។

មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលជប៉ុនផ្ទាល់ជឿជាក់លើការរំពឹងនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយសារតែ ពួកគេជឿជាក់លើការធ្វើពាណិជ្ជកម្មសេរី និងទូលំទូលាយដែលនាំមកនូវភាពបត់បែន ដែលអនុញ្ញាតឱ្យទីផ្សារមូលបត្របំណុលដំណើរការកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀត សេដ្ឋវិទូចំនួន ១៣ នាក់ក្នុងចំណោម ២៥ នាក់ ឬ ៥២% ប៉ាន់ប្រមាណថានៅឆ្នាំក្រោយ ធនាគារកណ្តាលជប៉ុននឹងបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនដែលបានកំណត់អត្រាប្រាក់បញ្ញើរយៈពេលខ្លីរបស់ប្រទេសជប៉ុនដល់ដក ០,១% ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមក។ ដូច្នេះ សេដ្ឋវិទូភាគច្រើនបានរំពឹងថាធនាគារជប៉ុនកែប្រែគោលនយោបាយអត្រាការប្រាក់អវិជ្ជមាននេះនាឆ្នាំក្រោយ។

ជារួមមក ទោះជារដ្ឋាភិបាល និងធនាគារកណ្ដាលជប៉ុនមានគោលនយោយបាយ​អត្រាការប្រាក់អវិជ្ជមានក៏ដោយ  ពួកគេនៅតែជឿជាក់ថាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នជាពេលដ៏ប្រសើរដែលគោលនយោបាយពួកគេនឹងមានប្រសិទ្ធភាពដែលអាចជួយបង្កើនសេដ្ឋកិច្ចតាមកំណើននៃតម្រូវការរបស់ប្រជាជនជប៉ុន។ ហេតុនេះបានជាសង្កេតឃើញមានការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ និងអតិផរណានៅកម្រិតមួយដែលល្អសម្រាប់សេដ្ឋកិច្ចប៉ុន្មានខែនេះផងដែរ។ ពួកយើងអាចសន្មតថាទោះជាជប៉ុនមានអត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណាក៏ដោយ ពោលសង្កេតឃើញការរីកចម្រើននៃបរិត្តផរណាទៅជាអតិផរណាដែលស្ថិតនៅចន្លោះពី ២% ទៅ ៣% ជាពិសេសតម្រូវការរបស់ប្រជាជនជប៉ុនក៏មានការកើនឡើងបើធៀបទៅនឹងពេលដើមឡើយដែលជប៉ុនទើបតែដាក់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាននេះទៀតសោត។​

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ