"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិនៅមីយ៉ាន់ម៉ា១០០០ថ្ងៃក្រោយរដ្ឋប្រហារ

នៅចុងខែតុលាឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ានឹងឈានចូលថ្ងៃទី១០០០របស់ខ្លួនក្រោយការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍យោធាមីនអ៊ុងឡាំង (Min Aung Hlaing)ប៉ុន្តែស្ថានភាពសង្គមសេដ្ឋកិច្ចនិងនយោបាយវិញ ត្រូវបានគេសង្កេតឃើញថានៅតែស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅឡើយ ដោយរដ្ឋប្រហារនេះបាននាំឲ្យមានការខាតបង់ស្ទើរតែគ្រប់វិស័យទាំងក្នុងស្រុកនិងទាំងក្នុងកិច្ចការសហប្រតិបត្តិការអន្តរជាតិរបស់មីយ៉ាន់ម៉ា ជាឧទាហរណ៍របាយការណ៍ធនាគារអន្តរជាតិ World Bank​ ឆ្នាំ២០២២បានបង្ហាញថាលទ្ធផលក្រោយសម័យកូវីដ១៩ និង ផលវិបាកនៃរដ្ឋប្រហារបាន លុបបំបាត់ស្ទើរទាំងស្រុងនៃការកាត់បន្ថយអត្រាភាពក្រីក្រនៅមីយ៉ាន់ម៉ា ដោយក្នុងនោះមានប្រជាជនប្រមាណ៤០%រស់នៅក្រោមបន្ទាត់ក្រីក្រ។ ខណៈគ្រានេះវិញ ក្រោយពីកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំកំពូលអាស៊ានលើកទី៤៣យ៉ាងមមាញឹកដែលបានប្រព្រឹត្តឡើងនៅចាប់តាំងថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ  អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងនោះក៏មាននូវការព្រមព្រៀងគ្នារវាងរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ក្នុងការត្រួតពិនិត្យឡើងវិញនូវការអនុវត្តនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលជាឯកសារស្នូលរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅមីយ៉ាន់ម៉ា ហើយថែមទាំងផ្អាកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានរបស់មីយ៉ាន់ក្នុងឆ្នាំ២០២៦ ដោយផ្ទេរទៅឲ្យប្រទេសហ្វីលីពីនជាអ្នករៀបចំធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៦ជំនួសវិញ។ អាស្រ័យដូចបានរៀបរាប់ខាងលើអត្ថបទនេះនឹងព្យាយាមផ្តល់នូវវិភាគទានមួយចំនួនទាក់ទងទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា និង ពិនិត្យមើលថាតើអាស៊ានដែលជាអង្គការក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនបានយ៉ាងដូចម្តេចខ្លះនាពេលអនាគត?

វិវត្តភាពខ្លះៗនៃវិបត្តិនៅមីយ៉ាន់ម៉ា១០០០ថ្ងៃក្រោយរដ្ឋប្រហារ ១ កុម្ភៈ ២០២១

ជាក់ស្តែង ជាស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រជាជនប្រមាណជាង១.៩លាននាក់បានបាត់បង់ទីលំនៅដោយសង្គ្រាមស៊ីវិលនេះ បើយោងតាមស្ថិតិពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហើយមានប្រជាជនប្រមាន៧៥០០០០នាក់បានភៀសខ្លួនទៅជំរំជនភៀសខ្លួនបង់ក្លាដែស

ដែលបច្ចុប្បន្នជាជំរំជនភៀសខ្លួនធំជាងគេបំផុតក្នុងពិភពលោក នេះបើយោងតាមព័ត៌មានរបស់ Al Jazeera។  នេះជាបញ្ហាចោទដ៏ធំបំផុតដែលរដ្ឋាភិបាលដឹកនាំប្រទេសមីយ៉ាន់ម៉ា មិនថាជារដ្ឋាភិបាលរបបយោធា ឬ រដ្ឋាភិបាលកាន់អំណាចណាមួយឡើងកាន់អំណាចឡើយ រដ្ឋាភិបាលនោះត្រូវតែមានការគិតគូរយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះយ៉ាងខ្ពស់បំផុតដើម្បីស្វែងរកស្ថិរភាព ជូនប្រជាជន ដែលជាកកាតាលីករដ៏សំខាន់ មុននឹងមីយ៉ាន់ម៉ាអាចឈានទៅដល់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និង បរិយាបន្នបាន។ ​កត្តានយោបាយផ្ទៃក្នុងដែលធ្វើឲ្យរដ្ឋាភិបាលយោធាលោក មីន អ៊ុងឡាំង ពិបាកគ្រប់គ្រងស្ថានការណ៍នោះគឺ កត្តាភាពស្មោះត្រង់នៅក្នុងជួរដឹកនាំរបស់ខ្លួន។ ជាទឡ្ហីករណ៍ ក្រុមប្រឹក្សារដ្ឋបាលរបស់មីយ៉ាន់ម៉ាដែលមានលោកមីនអ៊ុងឡាំងជាប្រធាននេះបានបញ្ឈប់សមាជិកប្រមាណ១៥នាក់ចាប់ពីថ្ងៃរដ្ឋប្រហារមកដោយក្នុងនោះមាន៣នាក់ជាឧត្តមសេនីយ៍យោធា ក្នុង៣រូបនោះត្រូវបានគេបណ្តេញដោយមូលហេតុប្រព្រឹត្តអំពើពុករលួយ។ ម្យ៉ាងវិញទៀតការវិនិយោគទុនបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះប្រមាណ៦០%នាឆ្នាំ២០២៣ រីឯតម្លៃថាមពលអគ្គិសនីបានកើនឡើងរហូតដល់៣ដង នេះបើយោងតាមកាសែតព័ត៌មានThe Irrawaddy។ វាជាកត្តារួមចំណែកដ៏សំខាន់មួយដែលនាំឲ្យធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថាសេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងកើនឡើងត្រឹមប្រមាណ២.៦%ប៉ុណ្ណោះ ពោលគឺទាបជាងគេបំផុតក្នុងតំបន់ ស្របពេលដែលអតិផរណាក្នុងឆ្នាំ២០២៣នេះត្រូវបានគេព្យាករណ៍ថាមានកម្រិត៨.៥% ពោលគឺខ្ពស់ជាងគេនៅក្នុងតំបន់។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើក្រសួងការពារជាតិនិងធនាគារពីររបស់មីយ៉ាន់ម៉ាខែមិថុនាកន្លងទៅផងដែរ ដោយសហរដ្ឋអាមេរិកបានអះអាងថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជាទិញសព្វាវុធមានតម្លៃសរុបយ៉ាងតិច១ពាន់លានដុល្លារចាប់តាំងពីថ្ងៃរដ្ឋប្រហារ។

អាស៊ាននិងវិបត្តិមីយ៉ាន់ម៉ា

មកទល់ពេលនេះអាស៊ានបានផ្លាស់ប្តូរម្ចាស់ផ្ទះចំនួន៣លើកទៅហើយក្នុងនោះរួមមានការផ្លាស់ប្តូរពីប្រ៊ុយណេ ទៅ កម្ពុជា ពី​ កម្ពុជា ទៅ ឥណ្ឌូនេស៊ី និង ពីឥណ្ឌូនេស៊ី ទៅ ឡាវកាលពីខែកញ្ញាកន្លងទៅនេះ។ ប៉ុន្តែសកម្មភាពនិងវិធានការរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាវិបត្តិក្នុងមីយ៉ាន់ម៉ា ហាក់ដូចជាមិនអាចមានការបញ្ឈប់ការប្រើប្រាស់សព្វាវុធដើម្បីផលប្រយោជន៍នយោបាយនៅក្នុងមីយ៉ាន់ម៉ានោះឡើយ ដោយម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានទាំង៣កន្លងមកដែលក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី បានព្យាយាមអស់ពីលទ្ធភាពរបស់ខ្លួនផងដែរ។ ជាក់ស្តែងប្រទេសទាំង៣ខាងលើ និង សមាជិកទាំង៦ទៀត បានសម្រេចសមិទ្ធផលវិជ្ជមានមួយចំនួនរួមមាន កាលពីប្រទេសប្រ៊ុយណេធ្វើជាម្ចាសផ្ទះ អាស៊ានបានសម្រេចផ្អាកសិទ្ធិរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនឲ្យចូលរួមកិច្ចប្រជុំកំពូលៗជាបណ្តោះអាសន្ន ដោយតម្រូវឲ្យជំនួសមកវិញនូវអ្នកតំណាងដែលមិនមែននយោបាយ។ រីឯកម្ពុជាវិញក៏មានសមិទ្ធផលច្រើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះសមិទ្ធផលដែលសំខាន់ជាងគេគឺការចរចាគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង និង អង្គការប្រដាប់អាវុធ ជនជាតិភាគតិចមីយ៉ាន់ម៉ា។ ចំណែកឯ សមិទ្ធផលសំខាន់ៗរបស់អាស៊ាននៅក្រោមម្ចាស់ផ្ទះឥណ្ឌូនេស៊ីវិញរួមមាន ការបង្កើតការិយាល័យប្រេសិតពិសេសអាស៊ានសម្រាប់បញ្ហាមីយ៉ាន់ម៉ា  ការសម្រេចចិត្តត្រួតពិនិត្យឡើងវិញនូវវិធីសាស្ត្ររបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហានយោបាយមីយ៉ាន់ម៉ា និង ការផ្អាកសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់មីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៦ខាងមុខនេះបណ្តោះអាសន្នសិន។

ជាចំណុចចាប់ផ្តើមអាស៊ានគួរព្យាយាមកោះហៅ (Convene) ភាគីពាក់ព័ន្ធទាំងក្នុងតំបន់និង លើឆាកអន្តរជាតិឲ្យបន្តស្វែងរកនូវដំណោះស្រាយសមស្របមួយដែលឲ្យតម្លៃទៅលើអាយុជីវិតប្រជាជនស្លូតត្រង់ភូមា។ បន្ថែមពីនេះ អាស៊ានគួរចាប់ផ្តើមដោយការស្វែងរកចំណុចរួមគ្នាមួយក្នុងរឿងសំខាន់ៗមួយចំនួនរួមមាន  អាស៊ានគួរស្រុះស្រួលគ្នាលើ រឿងប្រេសិតពិសេសជាមុនសិន ជាក់ស្តែងប្រទេសប្រធានអាស៊ានតែងមានប្រេសិតពិសេសម្នាក់រៀងៗខ្លួន ដែលវាអូសបន្លាយពេលវេលាធ្វើការរបស់អាស៊ាន ដោយហេតុនេះអាស៊ានគួរបង្កើតជាក្រុមការងារ (High Level Task Force) មួយដែលមានតំណាងសមាជិកអាស៊ាននីមួយៗរួមគ្នាដោះស្រាយបញ្ហានេះដោយផ្ទាល់ ដោយមិនចាំបាច់មានប្រធានអាស៊ានដឹកមុខនោះទេ។ អាស៊ានគួរគិតគូផ្លាស់ប្តូរវិធីនិងឥរិយាបថខ្លួនក្នុងការសម្របសម្រួលរបស់ខ្លួនក្នុងបញ្ហានយោបាយនេះ ដោយមូលហេតុគោលការណ៍កុងសង់ស៊ីសទាំងប្រាំដែលបានដាក់ចេញដោយអាស៊ានមានលក្ខណៈច្រំដែល និង មិនមានគោលដៅឬការកំណត់ពេលវេលាណាដើម្បីសម្រេចគោលការណ៍ទាំងប្រាំនេះច្បាស់លាស់ឡើយ ផ្ទុយទៅវិញគោលការណ៍កុងសង់ស៊ីសទាំងប្រាំនេះមិនមាននូវវិធានការដាក់សម្ពាធភាគីពាក់ព័ន្ធឲ្យគោរពធ្វើតាមទាល់តែសោះ។ ជាមួយគ្នានេះដែរអាស៊ានក៏គួរពិភាក្សាស្វែងរកចំណុចរួមមួយក្នុងករណីថាតើកិច្ចប្រជុំកំពូលៗអាស៊ានគួរមានវត្តមានលោកមីន អ៊ុងឡាំង និងរដ្ឋាភិបាលលោកដែរឬទេ ស្របពេលដែលសមាជិកអាស៊ានមួយចំនួននៅតំបន់មេគង្គចង់ឲ្យមានវត្តមានលោកមីន អ៊ុងឡាំងចូលមកចរចា ពោលគឺប្រហែលមកពីមូលហេតុថា របបយោធាដឹកនាំដោយលោកមីន អ៊ុងឡាំងផ្ទាល់នេះជាផ្នែកមួយនៃអស្ថិរភាពនៅមីយ៉ាន់ម៉ា ប្រសិនបើមិនចរចរជាមួយពួកយោធា តើគួរចរចាជាមួយអ្នកណា? ម៉្យាងវិញទៀតលោកមីន អ៊ុងឡាំងគឺជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅមីយ៉ាន់ម៉ាបចុប្បន្ននេះ ដូច្នេះវាពិតជាត្រឹមត្រូវណាស់ថា កិច្ចប្រជុំកំពូលៗអាស៊ានគួរមានវត្តមានលោក។ ចំណែកឯសមាជិកអាស៊ានផ្សេងទៀតហាក់មានជំហរផ្ទុយពីនេះ ប្រទេសដូចជាឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីជាដើម ប្រហែលគិតថា លោកមីន អ៊ុងឡាំង ជាជនបង្កឲ្យមានអស្ថេរភាពកើតឡើង ហើយប្រសិនបើផ្តល់សិទ្ធិឲ្យលោកចូលប្រជុំនោះហាក់បីដូចជាទទួលស្គាល់របបសឹកដែលជាដើមហេតុនៃការសម្លាប់មនុស្សជាច្រើនពាន់នាក់។ ហើយប្រសិនបើអាស៊ានហ៊ានឲ្យលោកចូលចរចារក្នុងរង្វង់អាស៊ាន នោះអាស៊ាននឹងត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដែលវាអាចធ្វើឲ្យប៉ះពាល់ប្រយោជន៍ផ្ទាល់ខ្លួលរបស់សមាជិកអាស៊ាននីមួយៗទៀតផង។ ជាចុងក្រោយក៏គួរពិចារណាឡើងវិញលើការផ្អាកសមាជិកភាពអាស៊ានរបស់មីយ៉ាន់ម៉ាជាបណ្តោះអាសន្នសិន ព្រោះនាបច្ចុប្បន្នមីយ៉ាន់ម៉ាមានភាពងាយស្រួលក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងដោយបរទេស (Prone to foreign intervention) មិនថារដ្ឋាភិបាលរបបយោធា ឬ រដ្ឋាភិបាលស៊ីវិលឡើងកាន់អំណាចនោះទេពោលគឺ កំពុងត្រូវការជំនួយបរទេសយ៉ាងខ្លាំងដែលវាអាចទាញប្រទេសនេះឲ្យធ្លាក់ចូលក្តារអុកប្រកួតប្រជែងអនុត្តរភាពមហាអំណាចផងដែរ។

សរុបសេចក្តីមកការលើកឡើងមួយចំនួនខាងលើនេះសុទ្ធសឹងតែជាវិធានការដែលអាស៊ាន ដែលជាអង្គការអន្តររដ្ធាភិបាលនៅក្នុងតំបន់គួរគិតគូរពិចារណាអនុវត្តប៉ុន្តែយើងក៏មិនអាចខ្វះបាននូវកត្តាសំខាន់ជាងគេមួយទៀតក្នុងការដោះបញ្ហាដ៏ស្មុគស្មាញនៅមីយ៉ាន់ម៉ានោះគឺស្ថិតនៅលើ ឆន្ទៈនយោបាយ របស់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក មឿង ឈៀរី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ