BRICS គឺជាឈ្មោះជាអក្សរកាត់ឡាតាំងដែលសំដៅទៅលើប្លុកនៃបណ្ដាប្រទេសដែលមានកម្រិតសេដ្ឋកិច្ចរីកចម្រើនខ្ពស់និងប្រកបដោយសក្តានុពល ដែលក្នុងនោះរួមមានប្រទេសចំនួន៥ មានដូចជា ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងហើយថ្មីៗនេះប្លុកនេះបានបង្កើនសមាជិកពីចំនួន៥ទៅ១១ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង។ នៅក្នុងអត្ថបទនេះនឹងនិយាយនិងសិក្សាអំពី កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង សារៈសំខាន់នៃ BRICS ចំពោះសមាជិកនិងអនាគតរបស់ BRICS។
កិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង
កិច្ចប្រជុំកំពូល BRICS លើកទី១៥ត្រូវបានធ្វើឡើងនៅទីក្រុងចូហាន់ណេសបឺគ( Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ ២០២៣ ដោយរៀបចំឡើងដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa)។ កិច្ចប្រជុំនេះបានលើកយកពីបញ្ហាជាច្រើនមកពិភាក្សា ដែលមានដូចជា ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាតកូវីត១៩ ការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។
កិច្ចប្រជុំកំពូលនេះមានផ្តល់ជាលទ្ធផលសំខាន់ៗដូចជាសមាជិក BRICSបានយល់ព្រមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងយល់ព្រមធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ និងវិសមភាព។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការអំពាវនាវឱ្យមានកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីBRICSដើម្បីធ្វើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានតុល្យភាពនៃភាពជាសអ្នកតំណាងពោលគឺមានការទាមទារឱ្យមានការជ្រើសរើសអ្នកតំណាងបន្ថែមដែលមកពីតំបន់ផ្សេងៗគ្នាជុំវិញពិភពលោក។
ជាពិសេសទៅទៀតនោះ ការប្រជុំនេះក៏មានការសម្រេចចិត្តពង្រីកសមាជិកភាព BRICS ដោយរួមមានបញ្ចូល ប្រទេសអាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមផងដែរ។ ការបន្ថែមសមាជិក BRICS នេះត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ដ៏សំខាន់មួយ ព្រោះវានឹងបង្កើននូវ ផលិតផលក្នុងស្រុកសរុបរបស់ BRICS ទៅចំនួន ៣៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក និងចំនួនប្រជាជនទៅប្រមាណជា៤៧ ភាគរយនៃចំនួនប្រជាជនពិភពលោកហើយព្រមទាំងផ្តល់ឱ្យប្លុកនេះនូវសំឡេងកាន់តែធំនៅក្នុងកិច្ចការពិភពលោកផងដែរ។
សារៈសំខាន់នៃ BRICS ចំពោះសមាជិក
BRCIS មានសារៈសំខាន់ខ្លាំងណាស់ចំពោះរដ្ឋជាសមាជិកទាំងអស់ដែលជាប្រទេសកំពុងអភិវឌ្ឍ ។ គោលបំណងរបស់ BRICS គឺចង់ឱ្យស្ថាប័នអន្តរជាតិមានតុល្យភាពរវាងប្រទេសដែលកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍ដោយទាមទារឱ្យប្រទេសទាំងនេះមានសម្លេងស្មើគ្នាលើឆាកអន្តរជាតិ។ ដូចដែលយើងទាំងអស់គ្នាដឹងថាស្ថាប័នអន្តរជាតិមួយចំនួនដែលបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ជាច្រើនដែលត្រូវបានគ្រប់គ្រង(dominate) ដោយលោកខាងលិច ឬប្រទេសអភិវឌ្ឍន៍ ដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាដើមដែលមានលក្ខណ:មិនស្មើភាពគ្នាដែលលោកខាងលិចមានសមាជិកចំនួន ៣ ប្រទេសពោលគឺអាមេរិក បារាំង អង់គ្លេសនិង ២ ទៀតជាសមាជិកនៃក្រុម BRICS។ ប្រទេសមានសេដ្ឋកិច្ច និងប្រជាជនធំៗ ដូចជាប្រទេសឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង មិនបានក្លាយជាសមាជិកអចិន្រ្តៃន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ ក្រៅពីនេះ BRICS មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សមាជិកទាំងអស់ ដែលយើងអាចបែងចែកជា ២ ផ្នែកគឺ សារៈសំខាន់ខាងផ្នែកនយោបាយ និងសារៈសំខាន់ខាងផ្នែកសេដ្ឋកិច្ច។
ចំណុចទីមួយ សារៈសំខាន់ផ្នែកនយោបាយ៖ ទោះបីជា BRICS មិនទាន់មានឥទ្ធិពលនយោបាយខ្លាំងខ្លានៅឡើយ ប៉ុន្តែវាបានបម្រើផលប្រយោជន៍នយោបាយមួយចំនួនដល់រដ្ឋជាសមាជិករបស់ខ្លួន។ BRICSជាផ្នែកមួយដែលជួយសម្រួយដល់សមាជិករបស់ខ្លូនដូចជាឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រេស៊ីល អារ៉ាប៊ីសាអូឌីតជាដើម ធ្វើពិពិធកម្ម(Diversify)ទំនាក់ទំនងរបស់ខ្លូនជាមួយមហាអំណាចដោយជួយឱ្យពួកគេសម្រេចបាននូវស្វ័យភាពជាយុទ្ធសាស្ត្រ(Strategic autonomy)ដោយពួកគេមិនចង់សម្របខ្លួនជាមួយមហាអំណាចណាមួយឡើយ។ ជាឧទាហរណ៍សម្រាប់ប្រទេសឥណ្ឌា យើងឃើញថាឥណ្ឌាជាតួអង្គលេចធ្លោខ្លាំងដែលព្យាយាមប្រកាន់យកគោលនយោបាយពហុសម្ព័ន្ធភាព (Multi alignment) ដោយឥណ្ឌាមានទំនាក់ទំនងល្អជាមួយប្រទេសជាច្រើនមិនថាលោកខាងលិចឬប្រទេសកំពុងអភិវឌ្ឍនោះទេ។ ជាមួយគ្នានេះផងដែរ ចិនបានប្រើ BRICS ក្នុងការបញ្ចេញសម្លេងកាន់តែខ្លាំងចំពោះបញ្ហាពិភពលោក ដែលអាចជាវេទិកាមួយរបស់ចិនសម្រាប់បង្ហាញពីភាពជាអ្នកថ្នាក់ដឹកនាំរបស់ខ្លួនទៅកាន់ពិភពលោក។
ចំណុចទីពីរ សារ:សំខាន់សេដ្ឋកិច្ច ជាចំណុចស្នូលមួយរបស់ BRICSដែលគេផ្តោតទៅលើការអភិវឌ្ឍន៍ ការលុបបំបាត់ភាពក្រីក្រជាដើម។ BRICS បានបង្កើតគំនិតផ្តួចផ្តើមជាច្រើនដូចជាក្រុមប្រឹក្សាធុរកិច្ច ជាវេទិកាសម្រាប់ធុរកិច្ចមកពីបណ្តាប្រទេស BRICS ដើម្បីពិភាក្សា និងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស។ ជាមួយគ្នានេះផងដែរក្នុងវិស័យហិរញ្ញវត្ថុ សមាជិកBRICSមានការព្រួយបារម្ភចំពោះការគ្រប់គ្រងឥទ្ធិពលដោយលុយដុល្លារសហរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិកអាចប្រើប្រាស់ជាឧបករណ៍ក្នុងការជះឥទ្ធិពលដល់គោលនយោបាយការបរទេសនិងការរីកច្រើននៃសេដ្ឋកិច្ចរបស់ប្រទេសផ្សេង ឧទាហរណ៍ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកខាងលិចបានផ្តាច់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ដូច្នេះពួកគេបានចាប់ផ្តើមមានការព្រួយបារម្មណ៍ខ្លះៗចំពោះបញ្ហានេះដោយព្យាយាមធ្វើការដោះដូរដោយប្រើបាស់រូបិយប័ណ្ណរបស់ខ្លូនឧទាហរណ៍ការដោះដូររវាងរុស្ស៊ី និងឥណ្ឌាដោយប្រើរូបិយប័ណ្ណ ប្រាក់រូពី ជាដើម។ ជាងនេះទៅទៀតសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់បំផុតរបស់BRICSគឺការបង្កើត ធនាគារអភិវឌ្ឍន៍ថ្មី(NDB) និង Contingent Reserve Arrangement(CRA)ជាជម្រើសថ្មីមួយសម្រាប់ប្រទេសដែលជាសមាជិក។ ធនាគារអភិវឌ្ឍន៍ថ្មី គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលផ្តល់ប្រាក់កម្ចីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទៅដល់សមាជិកBRICS និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។ វាត្រូវបានបង្កើតឡើងដើម្បីឱ្យមានភាពបត់បែន និងឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិករបស់ខ្លួននិងមានលក្ខខណ្ឌតិចនិងងាយស្រួលជាង ធនាគារពិភពលោក និង IMF ។ ធនាគារអភិវឌ្ឍន៍ថ្មី ក៏មានរចនាសម្ព័ន្ធដែលឱ្យសមាជិកនីមួយៗមានសិទ្ធិបោះឆ្នោតស្មើគ្នា។ ចំណែក CRA គឺជាមូលនិធិបំរុងដែលផ្តល់ទុនឬក៏ជាធនធានរយៈពេលខ្លីដល់បណ្តាប្រទេស BRICS ដែលកំពុងប្រឈមនឹងបញ្ហាតុល្យភាពនៃការទូទាត់។ វាបង្កើតឡើងដើម្បីជួយសមាជិក BRICS ជៀសវាងការស្វែងរកជំនួយពី IMF ។ ជាមួយគ្នានេះBRICSបានដើរតួនាទីយ៉ាងសំខាន់ក្នុងជំរុញពាណិជ្ជកម្មរវាងប្រទេសដែលជាសមាជិក ពិសេសសម្រាប់រុស្សីព្រោះBRICS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរុស្សីក្រោយពេលដែលរុស្សីទទួលទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។
អនាគតរបស់ BRICS
មានទស្សនៈជាច្រើនចំពោះអនាគត របស់ BRICS ដែលមានទាំងទស្សនៈសុទិដ្ឋិនិយមនិងភាពស្រពិចស្រពិលចំពោះអនាគតរបស់ក្រុមប្រទេសនេះ។អ្នកវិភាគមួយចំនួនមានភាពសុទិដ្ឋិនិយចំពោះ BRICSដែល BRICSនៅពេលអនាគតអាចសហការគ្នាកាន់តែច្រើនឡើង ដូចជាបដិដុល្លារនីយកម្ម(dedollarization) ការពង្រីកសមាជិកឱ្យកាន់តែមានចំនួនច្រើន ការបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ និងស្វែងរកចំណុចរួមគ្នាក្នុងការដោះស្រាយបញ្ហាពិភពលោក ជាពិសេសបញ្ហារបស់ប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនោះ BRICS នឹងមានឥទ្ធិពលនយោបាយបន្ថែមទៀត ដោយសារតែការបន្ថែមសមាជិកថ្មី ជាពិសេសប្រទេសផលិតប្រេងសំខាន់ៗ ដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ជាដើម។
ចំណែកឯអ្នកវិភាគមួយចំនួនមានភាពស្រពិចស្រពិលនិងការសង្ស័យចំពោះអនាគតរបស់ BRICS ដោយសារសមាជិកBRICSទាំងអស់មានលក្ខណៈខុសគ្នាជាច្រើនដូចជាទាំងប្រព័ន្ធនយោបាយ គោលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងសមាជិកនីមួយៗមានការលំបាក។ ម៉្យាងវិញទៀតរដ្ឋសមាជិកខ្លះក៏មានជម្លោះរវាងគ្នានិងគ្នាដែលមិនទាន់បានដោះស្រាយផងដែរ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានភាពលំបាករវាងសមាជិក ក្នុងBRICS។ ឧទាហរណ៍ដូចជាជម្លោះព្រំដែនរវាងឥណ្ឌា និងចិន ជម្លោះរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតជាដើម។ ជាពិសេសសមាជិកនីមួយៗមានចក្ខុវិស័យខុសគ្នា តាមការវិភាគមួយចំនួនរបស់អ្នកជំនាញ ប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ ចិន និងរុស្ស៊ីជាដើមចង់បាន BRICS ជាជម្រើសជំនួសស្ថាប័នលោកខាងលិចដូចជា G7 ប៉ុន្តែផ្ទុយទៅវិញប្រទេសមួយចំនួនដូចជាឥណ្ឌាជាដើម ដែលមានទំនាក់ទំនងល្អជាមួយលោកខាងលិច ចង់ឱ្យBRICSដើរតួនាទីបំពេញបន្ថែមចំពោះស្ថាប័នលោកខាងលិចដូចជា IMF និង ធនាគារពិភពលោក ហើយក៏សហការជាមួយ G7 ដើម្បីដោះស្រាយបញ្ហាពិភពលោកដូចជាបញ្ហាការបម្រែបម្រួលអាកាសធាតុជាដើម។