ប៉ុន្មានខែថ្មីៗនេះយើងសង្កេតឃើញមានព្រឹត្តការណ៏ជាច្រើនកើតមាននៅទ្វីបអាហ្រ្វិកដែលមានទាំងព្រឹត្តការណ៏ល្អនិងមិនសូវល្អទៅតាមផ្នែកនីមួយៗនៅក្នុងទ្វីបអាហ្រ្វិក។ព្រឹត្តិការណ៍ល្អសម្រាប់ទ្វីបអាហ្រ្វិកមានដូចជាជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ BRICS ដែលបានទាក់ទាញការចាប់អារម្មណ៏ទូទាំងពិភពលោក ជាមួយគ្នានេះផងដែរ នាពេលថ្មីៗនេះ យើងឃើញថាទ្វីបអាហ្រ្វិកបានក្លាយជាដៃគូរបស់ G20ជាដើម។ អំឡុងពេលរឿងល្អកើតឡើង យើងក៏សង្កេតឃើញថាផ្នែកមួយផ្សេងទៀតនៃអាហ្រ្វិកត្រូវបានមានការធ្វើរដ្ឋប្រហារនៅក្នុងតំបន់ជាពិសេសនៅក្នុងតំបន់មួយដែលគេហៅថា “សាហែល(Sahel)” ដែលប្រទេសជាច្រើននៅក្នុងតំបន់នោះត្រូវបានកាន់កាប់ដោយយោធាដូចជា ប៊ូគីណាហ្វាសូ (Burkina faso), នីហ្សេ(Niger), ស៊ូដង់ខាងត្បូង(South Soudan),ម៉ាលី(Mali) ជាដើម។ នៅក្នុងអត្ថបទនេះនឹងសិក្សាអំពីតំបន់សាហែលនិងហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកជាពិសេសតំបន់សាហែល?
ទិដ្ឋភាពទូទៅនៃតំបន់សាហែល(Sahel)
សាហែលគឺជាតំបន់មួយដែលស្ថិតនៅចន្លោះតំបន់សាហារានិងនៅចំកណ្តាលទ្វីបអាហ្វ្រិកដែលលាតសន្ធឹងពីសេណេហ្គាល់ខាងកើតឆ្ពោះទៅប្រទេសស៊ូដង់។ តំបន់នេះត្រូវបានគ្របដណ្តប់ដោយប្រទេសចំនួន១០ដូចជាសេណេហ្គាល់(Senegal) ហ្គាំប៊ី(Gambi) ម៉ូរីតានី(Mauritania) ហ្គីណេ ម៉ាលី ប៊ូគីណាហ្វាសូ នីហ្សេរីយ៉ា(Nigeria) ឆាដ(Chad) កាមេរូន(Cameroon) និងនីហ្សេ។ សាហែលគឺជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិរួមទាំងរ៉ែ ប្រេង និងឧស្ម័នជាដើម ប៉ុន្តែតំបន់នេះជាតំបន់ដ៏ក្រីក្របំផុតមួយក្នុងពិភពលោក ដែលប្រជាជនជាង៥០ភាគរយស្ថិតនៅក្រោមបន្តាត់ក្រីក្រដោយជួបបញ្ហាដូចជា អសន្តិសុខស្បៀង ការផ្លាស់ទីលំនៅរបស់ប្រជាជនជាដើម។ ឫសគល់នៃបញ្ហានេះ បណ្តាលមកពីកត្តាជាច្រើនដូចជា អសមត្ថភាពរបស់រដ្ឋាភិបាល ការប្រែប្រួលអាកាសធាតុ និងជម្លោះជាដើម។ ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំមួយចំពោះតំបន់នេះព្រោះតំបន់នេះកំពុងជួបប្រទះនឹងសីតុណ្ហភាពឡើងកំដៅលើសពីធម្មតា ដែលបានបង្កើតជាគ្រោះរាំងស្ងួត និងទឹកជំនន់។ កត្តាមួយទៀតគឺការកើនឡើងនៃចំនួនប្រជាជន និងការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យមនុស្សកាន់តែលំបាកក្នុងការដាំដុះស្បៀង និងចិញ្ចឹមសត្វដែលរួមចំណែកដល់អសន្តិសុខស្បៀង និងការផ្លាស់ទីលំនៅ។ ជាមួយគ្នានេះផងដែរជម្លោះគឺជាបញ្ហាប្រឈមដ៏សំខាន់មួយផ្សេងទៀតនៅក្នុងសាហែលពោលតំបន់នេះត្រូវញាំញីដោយជម្លោះប្រដាប់អាវុធអស់ជាច្រើនទសវត្សរ៍មកហើយ រួមមានសង្គ្រាមស៊ីវិល ការបះបោរ និងភេរវកម្មដែលប្រទេសក្នុងតំបន់សាហែលជាសំបុកក្រុមភេវកម្ម។
ហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកជាពិសេសតំបន់សាហែល?
បើយើងក្រលេកទៅមើលប្រវត្តិសាស្រ្តយើងមើលឃើញថាទ្វីបអាហ្រ្វិកជាទ្វីបដែលមានការការប៉ុនប៉ងធ្វើរដ្ឋប្រហារច្រើនបំផុតដោយមានការប៉ុនប៉ងចំនួន ២១៤ ដង ដែល១០៦ដងទទួលបានជោគជ័យ ជាពិសេសប្រទេសដែលស្ថិតនៅក្នុងតំបន់សាហែលដែលធ្លាប់ឆ្លងកាត់រដ្ឋប្រហារជាច្រើន។ នៅក្នុងទ្វីបអាហ្រ្វិកដដែលនេះ គិតចាប់តាំងពីឆ្នាំ២០២០ មកមានរដ្ឋប្រហារយោធាចំនួន ៨លើកដែលកើតឡើងនៅក្នុងប្រទេសចំនួន៦ ជាពិសេសប្រទេសដែលស្ថិតក្នុងតំបន់សាហែលដែលមានរដ្ឋប្រហារនៅក្នុងប្រទេសម៉ាលីក្នុងឆ្នាំ២០២០ និងម្តងទៀតនៅឆ្នាំ២០២១; នៅហ្គីណេនៅឆ្នាំ ២០២១; ពីរដងនៅប៊ូគីណាហ្វាសូក្នុងឆ្នាំ ២០២២; នៅដើមឆ្នាំនេះនៅស៊ូដង់ នៅប្រទេសនីហ្សេក្នុងឆ្នាំ ២០២០ និង ២០២៣; ហើយថ្មីៗនេះនៅប្រទេសហ្គាបុង។ រដ្ឋប្រហារទាំងអស់នេះសុទ្ធ សឹងតែមានឫសគល់របស់វាហើយប្រទេសនីមួយៗសុទ្ធសឹងមានលក្ខណៈប្លែកពីគ្នាដោយជាក់ស្តែងការធ្វើរដ្ឋប្រហារនៅប្រទេសហ្គាបុង រដ្ឋប្រហារនេះធ្វើឡើងដើម្បីទម្លាក់មេដឹកនាំបន្តជំនាន់ ដែលខុសប្លែកពីប្រទេសនីហ្សេដែលមេដឹកនាំយោធាធ្វើរដ្ឋប្រហារទៅលើមេដឹកនាំដែលឡើងកាន់អំណាចតាមរយ:ការបោះឆ្នោតតែយើងសង្កេតឃើញមានចំណុចស្រដៀងគ្នាដែលប្រទេសទាំងនេះមាន។ នៅក្នុងអត្តបទនេះនឹងបែងចែកជា២កត្តាធំៗពោលគឺកត្តាផ្ទៃក្នុងនិងកត្តាខាងក្រៅ។
ទី១កត្តាផ្ទៃក្នុង៖ នៅក្នុងតំបន់សាហែលបានជួបបញ្ហាជាច្រើន ចាប់តាំងពីទទួល បានឯករាជ្យរបស់ខ្លួន ដែលបញ្ហាមួយចំនួននៅតែកើតបន្តមានមកដល់ពេលនេះ ដូចជា ភាពក្រីក្រ វិសមភាព អំពើភេរវកម្មជាដើម។ ដូចដែលបានរៀបរាប់ផ្នែកខាងលើ បញ្ហាអំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុជាបញ្ហាដែលពិបាកដោះស្រាយនិងផ្តល់ផលលំបាកជាច្រើនដល់ប្រជាជន ហើយជាពិសេសទៅទៀតនោះគួបផ្សំជាមួយនឹងភាពអសមត្ថភាពរបស់រដ្ឋាភិបាលបានធ្វើឱ្យប្រជាជនបាត់ទំនុកចិត្តមកលើរដ្ឋាភិបាល ដែលបើកឱកាសសម្រាប់មេដឹកនាំយោធាធ្វើរដ្ឋប្រហារ ជាក់ស្តែងយើងឃើញមានការអបសារទរពីប្រជាជនក្រោយពីការធ្វើររដ្ឋប្រហាររួច។ ការប្រែប្រួលអាកាសធាតុក្នុងទ្វីបអាហ្រ្វិក ជាពិសេសនៅតំបន់សាហែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជាការកើនឡើងកំដៅដែលកើនឡើង១.៥ដងច្រើនជាងសីតុណ្ហភាពកើនឡើងជាមធ្យមនៅទូទាំងពិភពលោក ភ្លៀងធ្លាក់មិនទៀងទាត់ដែលពេលខ្លះបង្កជាភាពរាំងស្ងួតនិងពេលខ្លះទៀតបង្កជាទឺកជំនន់ជាដើម។ វាបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនជាច្រើននៅក្នុងតំបន់ ដោយប៉ះពាល់ដល់កសិកម្មរបស់ពួកគេដែលជាង ៧០% នៃប្រជាជនពឹងផ្អែកលើកសិកម្មហើយបានបង្កជាការផ្លាស់ទីលំនៅរបស់ប្រជាជនដោយសារតែគ្រោះរាំងស្ងួត។បញ្ហាទី២គឺបញ្ហាអំពើភេរវកម្ម ដូចអ្វីដែលរៀបរាប់ខាងលើបញ្ហាភេរវកម្មជាបញ្ហារាំរៃដែលរដ្ឋាភិបាលដោះស្រាយមិនចេញដែលធ្វើឱ្យប្រទេសដែលនៅគ្នុងតំបន់ជួបភាពអសន្តិសុខនិងការបង្កើនឱ្យមានការផ្លាស់ទីលំនៅ ការស្លាប់ និងការបំផ្លិចបំផ្លាញទៅលើប្រជាជន។
កត្តាខាងក្រៅ៖ ការជ្រៀតជ្រែករបស់មហាអំណាចបរទេសដូចជា អាមេរិក រុស្ស៊ី និងបារាំងត្រូវបានគេគិតថាជាកត្តាមួយក្នុងការចូលរួមជំរុញឱ្យរដ្ឋប្រហារកើតឡើង។ អ្នកវិភាគមួយចំនួនបាននិយាយថា ការឈ្លានពានរបស់អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១១ មកលើប្រទេសលីប៊ី។ ការសម្លាប់មេដឹកនាំលីប៊ី Gaddafi ក៏ជាកត្តាសំខាន់មួយដែលធ្វើឱ្យមានការហូរចូលនៃអាវុធចូលក្នុងតំបន់សាហែល ដោយហេតុនេះបានជំរុញជម្លោះក្នុងតំបន់និងធ្វើឱ្យតំបន់មានអសន្តិសុខជាងមុន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺចលនាប្រឆាំងនឹងបារាំង គួរបញ្ចាក់ដែលថាប្រទេសចំនួន៤ដែលបានកើតមានរដ្ឋប្រហារជាអតីតប្រទេសដែលបារាំងធ្លាប់ដាក់អាណានិគមលើ ដែលប្រជាជននៅក្នុងប្រទេសទាំងនេះយល់ឃើញមិនល្អ ឬមិនសប្បាយចិត្តចំពោះវត្តមានរបស់បារាំង ដែលប្រជាជនគិតថាបារាំងកំពុងបន្តកេងប្រវ័ញ្ចពួកគេកាន់តែច្រើនដោយការធ្វើអាណានិគមបែបថ្មី។ អ្នកវិភាគមួយចំនួនបាននិយាយថាបារាំងបានកេងប្រវ័ញ្ចធនធានធម្មជាតិដូចជាមាស អ៊ុយរ៉ាញ៉ូម ប្រេងជាដើម។ ហើយជាពិសេសទៅទៀតនោះគឺវត្តមានរបស់កងទ័ពបាំរាំងដែលមានតួនាទីបង្រ្កាបភេរវកម្ម តែត្រូវបានប្រជាជនយល់ថាបារាំងជាអ្នកដែលធ្វើឱ្យប្រទេសរបស់ខ្លួនជួបអសន្តិសុខជាងមុន។ ដូចនេះបានប្រជាជនគាំទ្រការការធ្វើរដ្ឋប្រហាររបស់ពួកយោធា។ ជាមួយគ្នានេះផងដែរភាពសកម្មរបស់រុស្ស៊ីក្នុងទ្វីបអាហ្រ្វិកដែលគេមើលឃើញថាជាចំណែកមួយក្នុងការជំរុញឱ្យមានការកើនឡើងនូវរដ្ឋប្រហារ។ រុស្សីបានលក់អាវុធដល់ក្រុមយោធាដើម្បីប្រឆាំងភេវកម្មនិងបានដាក់ពង្រាយទាហានស៊ីឈ្នួល Wagner នៅក្នុងប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិកដែលត្រូវបានមើលឃើញពីអ្នកវិភាគថារុស្ស៊ីគឺជាអ្នកដែលស្ថិតនៅពីក្រោយខ្នងក្នុងការធ្វើរដ្ឋប្រហាររបស់យោធានៅក្នុងប្រទេសមួយចំនួនដូចជាម៉ាលីនិងប៊ូគីណាហ្វាសូជាដើម។