"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ហេតុអ្វីការស្លាប់លោក Hardeep Singh Nijjar ប៉ះពាល់ឥណ្ឌា និង កាណាដា?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

កាលពីប៉ុន្មានសប្តាហ៍មុន លោក ចាស្ទីន ទ្រូដូរ​ (Justin Trudeau) នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា បានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជុំវិញការស្លាប់របស់លោក​ ហាឌីប​ ស៊ីកនីចារ (Hardeep Singh Nijjar)​​ ដែលជាថ្នាក់ដឹកនាំសាសនាស៊ីកម្នាក់​ (Sikh Separatist)។​ ការចោទប្រកាន់នេះបានប៉ះពាល់ជាខ្លាំងទៅលើកិត្តិនាមរបស់រដ្ឋាភិបាល ឥណ្ឌា និង កាណាដាផ្ទាល់ ហើយវាក៏បានជះឥទ្ធិពលទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ។​

តើលោក ហាឌីប​ ស៊ីក នីចារ  គឺជានរណា ហើយមានឥទ្ធិពលយ៉ាងណានៅក្នុងសាសនាស៊ីក? តើមានហេតុការណ៍អ្វីខ្លះកើតឡើងពាក់ព័ន្ធទៅនឹងការស្លាប់របស់គាត់?

លោក​ ហាឌីប​ ស៊ីក​ នីចារ​ (Hardeep Singh Nijjar) បានកើតក្នុងរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៧៧ ហើយលោកបានក៏ធ្វើចំណាកស្រុកចេញទៅប្រទេសកាណាដា ក្នុងឆ្នាំ ១៩៩៧ ដើម្បីតែជីវភាព និង​ កេរ្តិ៍ឈ្មោះរបស់សាសនាស៊ីក នៅឯរដ្ឋ British Columbia ផងដេរ។ មិនយូរប៉ុន្មាន លោកបានទទួលភាពល្បីល្បាញខាងវោហាស័ព្ទ និង ការតស៊ូរបស់លោកចំពោះសាសនាស៊ីក (Sikhism) ក្នុងការបង្កើតរដ្ឋ​ Khalistan សម្រាប់ជាស្រុកកំណើតដាច់ដោយឡែកសម្រាប់ ជនជាតិភាគតិចសាសនាស៊ីក ដែលមានចំនួន ២% នៃចំនួនប្រជាជនឥណ្ឌាសរុប។ ចលនាក្នុងការបង្កើតរដ្ឋ Khalistan នេះមានឥទ្ធិពលយ៉ាងខ្លាំង រហូតដល់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានចាត់ទុកលោក នីចារ​ (Nijjar) ជាភេរវករ​ និងជាមេក្លាងកងកម្លាំង Khalistan Tiger (KTF) ដែលជាក្រុមសកម្មប្រយុទ្ធហាមឃាត់នៅក្នុងប្រទេសឥណ្ឌាតែម្តង។ មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះទេ លោក នីចារ  ក៏បានសាងកិត្តិនាមនៅតាមបណ្តាប្រទេសផ្សេងៗដូចជា កាណាដា អង់គ្លេស អាមេរិក និង អូស្ត្រាលីផងដែរ។ គួរបញ្ជាក់ថា ក្នុងនោះ ប្រទេសឥណ្ឌា និង ប្រទេសកាណាដា គឺជាបណ្តាប្រទេសទូទាំងសកលលោក ដែលមានចំនួនជនជាតិស៊ីក (Sikh) ច្រើនជាងគេបង្អស់បើធៀបនឹងប្រទេសមហាអំណាចដទៃ ហើយក្រុមស៊ីកនេះមានប្រហែល ១.៧% នៃចំនួនប្រជាជនស៊ីកសរុប ដែលមានដើមកំណើតនៅតំបន់ Punjab នៃប្រទេសឥណ្ឌា ព្រមទាំងមានចំនួនប្រមាណ ២.១% នៃចំនួនប្រជាជនកាណាដាគិតត្រឹមឆ្នាំ២០២១។

ចំពោះរឿងនេះផងដែរ រដ្ឋាភិបាលឥណ្ឌា បានគេចេញដីកាចាប់ខ្លួនទៅលើលោកនីចារ នៅក្រោមច្បាប់ភេរវកម្មរបស់ប្រទេសឥណ្ឌាសម្រាប់ករណីជាច្រើនដែលរដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ថាជាទង្វើ របស់លោក​នីចារ រួមទាំងការទម្លាក់គ្រាប់បែកក្នុងរោងកុនឆ្នាំ ២០០៧ នៅរដ្ឋ Punjab ដែលបានសម្លាប់មនុស្ស ៦ នាក់ និងរបួស ៤០ នាក់ និងការធ្វើឃាតអ្នកនយោបាយឥណ្ឌា Sikh Rulda Singh ឆ្នាំ ២០០៩ ផងដែរ។ ចំពោះប្រទេសកាណាដាវិញ លោក​ នីចារ គឺត្រូវបានគេស្គាល់ថាជាបុគ្គលដែលធ្វើអ្វីៗដោយសន្តិវិធីសម្រាប់ឯករាជ្យភាពរបស់សាសនាស៊ីកនៅរដ្ឋ British Columbia និងជាបុរសម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍របស់គាត់ទាំងមូល។

តែជាអកុសល លោក នីចារត្រូវបាន សម្លាប់ដោយខ្មាន់កាំភ្លើងពីរនាក់ ស្លៀកសម្លៀកខ្មៅ ជាមួយនឹងក្រណាត់រុំក្បាល នៅខាងក្រៅប្រាសាទសាសនាស៊ីក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅឯជាយក្រុង Vancouver នៃទឹកដីប្រទេសកាណាដា។

ការស្លាប់របស់លោកបានចោទជាបញ្ហាជាខ្លាំងទៅដល់ប្រទេសទាំងពីរ ក៏ដូចជាប្រទេសសមមិត្តនានាផងដែរ ព្រោះថាលោក នីចារ​ គឺជាបុគ្គលដែលមានឈ្មោះបោះសំឡេងទាំងផ្នែកសាសនា និង នយោបាយនៅតាមបណ្តាប្រទេសទាំងនេះ ហើយក៏បានក្លាយជាប្រធានបទក្នុងកិច្ចពិភាក្សានានាជាច្រើនលើកច្រើនសាររួចមកហើយ។ គេប៉ាន់ស្មានថា ការស្លាប់របស់សកម្មជនមួយរូបនេះ អាចជាការគំរាមកំហែងដល់សុវត្ថិភាពសកម្មជនសាសនាស៊ីកទាំងមូល ពិសេសនៅឥណ្ឌា និង កាណាដា។ មិនតែប៉ុណ្ណោះ លោក Anthony Blinken រដ្ឋលេខាធិការសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសទាំងពីររួមសាមគ្គីគ្នាជាធ្នុងមួយក្នុងការស៊ើបអង្កេតអំពីបញ្ហាខាងលើនេះ។

សរុបមក បើទោះបីជាមានការស៊ើបអង្កេត និង ការចោទប្រកាន់គ្នាទៅវិញទៅមកមែនពិត តែមូលហេតុនៃការស្លាប់របស់លោក ​ហាឌីប​ ស៊ីក នីចារ នៅតែមានភាពស្រពេចស្រពិលនៅឡើយ ហើយវានៅតែជាបញ្ហាចោទសម្រាប់ប្រទេសទាំងសងខាង ជុំវិញផ្នែកសន្តិសុខ និង កិច្ចសហប្រតិបត្តិការនានា។ រដ្ឋាភិបាលឥណ្ឌា កាណាដា និង អ្នកកាន់​សាសនាស៊ីកទាំងមូល នៅតែបន្តជីករកឬសគល់ឃាដកម្មនេះ ដើម្បីកុំឱ្យមានឥទ្ធិពល និង ការប៉ះពាល់ទៅមុខទៀតសម្រាប់ទំនាក់ទាំនងរវាងភាគីទាំងអស់។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ផេង ធាន
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ