"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ការងើបឡើងវិញនៃវិបត្តិជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

សហរដ្ឋអាមេរិកវិះនឹងត្រូវធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលម្តងទៀតជាលើកទី២២ ព្រោះថា​​ច្បាប់​ថវិកា​ដែល​​​ធានា​ដំណើរការ​រដ្ឋបាល​របស់រដ្ឋាភិបាល​សហព័ន្ធ​​ត្រូវ​ផុត​​ឱសានវាទ​នៅ​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​កញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង​១២​អាធ្រាត្រ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានបញ្ចៀសនូវវិបត្តិជាប់គាំងនេះវិញ ដោយលោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីសម្រេចបណ្ដោះអាសន្ននៅនាទីចុងក្រោយដែលមានសុពលភាពត្រឹមរយៈពេល ៤៥ ថ្ងៃ។

តើអ្វីទៅជាវិបត្តិជាប់គាំងរដ្ឋាភិបាល?

វិបត្តិជាប់គាំងរដ្ឋាភិបាលឬ Government Shutdown កើតឡើងនៅពេលដែលអ្នកតាក់តែងគោលនយោបាយបរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់រដ្ឋសហព័ន្ធនៅពេលបញ្ចប់ឆ្នាំសារពើពន្ធ ឬជាកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ សភាត្រូវតែអនុម័ត ហើយប្រធានាធិបតីត្រូវចុះហត្ថលេខាលើច្បាប់ថវិកា ដើម្បីចំណាយទៅលើវិស័យរដ្ឋបាលផ្សេងៗ។ ច្បាប់នេះចែកចេញជា ១២ ទម្រង់នៃថវិកាចំណាយសម្រាប់ផ្នែកផ្សេងៗគ្នា។ អ្នកតាក់តែងច្បាប់ក៏អាចជ្រើសរើសអនុម័តការប្រើប្រាស់កញ្ចប់ថវិកាបណ្តោះអាសន្នដើម្បីចំណាយក្នុងរយៈពេលកំណត់ណាមួយដើម្បីបញ្ចៀសវិបត្តិជាប់គាំងនេះ។

ក៏ប៉ុន្តែ ប្រសិនបើអ្នកតាក់តែងច្បាប់បរាជ័យក្នុងការអនុម័តច្បាប់ថវិកាសម្រាប់ចំណាយទាំងស្រុង ឬ ផ្នែកណាមួយ ដោយពុំមានការព្រមព្រៀងច្បាស់លាស់ឲ្យទាន់ពេលវេលានោះទេ ពេលនោះហើយដែលវិបត្តិជាប់គាំងនឹងកើតមានឡើង។ និយាយដោយខ្លី ក្នុងអំឡុងពេលជាប់គាំងរដ្ឋាភិបាលនេះ មិនថាសួនច្បារសាធារណៈ ឬ សារមន្ទីរជាតិនោះទេ ពោលគឺនឹងត្រូវផ្អាកដំណើរការដោយសារគ្មានបុគ្គលិកធ្វើការនិងរក្សាសណ្តាប់ធ្នាប់។ បុគ្គលិករដ្ឋបាលសហព័ន្ធត្រូវផ្អាកការងារ ឬ បន្តធ្វើការងារដោយគ្មានប្រាក់កម្រៃ។

ហេតុអ្វីបានជាសហរដ្ឋអាមេរិកជួបនូវវិបត្តិជាប់គាំងរដ្ឋាភិបាលបែបនេះ?

សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបានជួបប្រទះនូវវិបត្តិជាប់គាំងមួយនេះច្រើនលើក ដែលតែងតែលងបន្លាចរដ្ឋាភិបាលអាមេរិកជារៀងរាល់ឆ្នាំ។ ថវិកាជាតិឆ្នាំថ្មី ឬ សេចក្ដីព្រាងច្បាប់ស្នើថវិការដ្ឋរបស់រដ្ឋាភិបាលដែលសភាបានអនុម័តតាមរយៈការផ្តល់នូវថវិកាទៅតាមទីភ្នាក់ងាររបស់រដ្ឋសហព័ន្ធ ទៅតាមវិស័យដូចជាវិស័យការងារ សេវាសុខភាព និងវិស័យអប់រំជាដើម ជានីតិវិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំ ឬ រៀងរាល់ឆ្នាំសារពើពន្ធ។

ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិកតែងតែរៀបចំសេចកី្តព្រាងច្បាប់ស្នើថវិកានៅថ្ងៃទី ០១ ខែតុលា ដោយប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យវិស័យរដ្ឋាភិបាលផ្សេងៗគ្រប់គ្រងដោយសភាតំណាងមកពីគណបក្សផ្សេងៗគ្នា ដើម្បីធានាឲ្យបាននូវការចូលរួមតាមបែបលិទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះបែរជាមានភាពរកាំរកូសទៅវិញ។

ប្រវត្តិសាស្ត្រចាស់លើទំព័រឆ្នាំថ្មី

ដំបូងឡើយ នៅឆ្នាំ១៩៨០ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្រោមរដ្ឋបាលអតីតប្រធានាធិតីលោក ជីមី ខាទ័រ (Jimmy Carter) បានធ្វើកំណែទម្រង់ច្បាប់ Anti-Deficiency Act ឆ្នាំ១៨៨៤ ដែលការកែប្រែនេះហើយជាចំណុចផ្តើមនៃការកកើតនៃវិបត្តិជាប់គាំងរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក។ នៅក្នុងច្បាប់ចំណាយថវិកាជាតិនាសតវត្សរ៍ទី១៩ បានចែងថា រដ្ឋាភិបាលត្រូវឆ្លងកាត់ការយល់ព្រមពីសភាសិនទើបអាចចុះកិច្ចសន្យាការចំណាយបាន។ ក្នុងរយៈពេលជិតមួយសតវត្សរ៍មុន រដ្ឋាភិបាលអាមេរិកបានទទួលការអនុញ្ញាតឲ្យបន្តការចំណាយ បើសិនជាចាំបាច់ បើទោះបីជាមានគម្លាតថវិកា ឬ ថវិកាមិនគ្រប់ក៏ដោយ។ ប៉ុន្តែក្រោយឆ្នាំ១៩៨០ រដ្ឋាភិបាលបានជ្រើសរើសយកការប្រកាន់នូវគោលការណ៍តឹងរឹងមួយវិញគឺ «គ្មានថវិកា គ្មានការចំណាយ»។

ខុសពីប្រទេសដទៃ ដូចជារដ្ឋាភិបាលប្រទេសប្រេស៊ីលដែលនៅតែអាចរក្សាលំនឹងការចំណាយថវិការបស់រដ្ឋាភិបាលបាន បើទោះបីជាស្ថិតក្នុងអំឡុងពេលមានវិបត្តិថវិកាក៏ដោយ។ មិនយូរប៉ុន្មាន ក្រោយឆ្នាំ១៩៨១ អាមេរិកបានជួបប្រទះវិបត្តិជាប់គាំងរដ្ឋាភិបាល ឬអាចហៅថាវិបត្តិជាប់គាំងថវិកាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅពេលដែលអតីតប្រធានាធិបតីលោក រ៉ូណល់ រីហ្កេន (Ronald Reagan) បានបោះឆ្នោតបដិសេធទៅលើកញ្ចប់ថវិកា បង្កឱ្យមានការជាប់គាំងរយៈពេល ៤ ថ្ងៃ។

ចាប់តាំងពីពេលនោះមកទល់បច្ចុប្បន្ន អាមេរិកបានជួបនូវវិបត្តិជាប់គាំងរដ្ឋាភិបាលចំនួន ២១ លើករួចមកហើយ ដោយក្នុងចំណោមនោះផងដែរ នៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ ២០១៩ វិបត្តិជាប់គាំងនេះបានកើតឡើងរយៈពេល ៣៤ ថ្ងៃជារយៈពេលយូរជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដោយមូលហេតុនោះគឺនៅចុងឆ្នាំ២០១៨ ក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ (Donald Trump) មានភាពរកាំរកូសរវាងក្រុមអ្នកសាធារណរដ្ឋនិងក្រុមអ្នកប្រជាធិបតេយ្យ ដោយលោក ត្រាំ ទាមទារឲ្យបញ្ចូលនូវហិរញ្ញវត្ថុសម្រាប់សាងសង់ជញ្ជាំងជាមួយម៉ិចសិក និងចាត់វិធានការប្រឆាំងនឹងក្រុមជនអន្តោប្រវេសន៍ដែលរស់នៅអាមេរិកហៅថា Dreamers ក៏ដូចជារំលាយចោលនូវកម្មវិធីការពារក្រុមជនអន្តោប្រវេសន៍ “Daca” ចំណែកឯក្រុមប្រជាធិបតេយ្យវិញគឺបដិសេធដាច់ខាតមិនបញ្ចូលហិរញ្ញវត្តុសង់ជញ្ជាំងម៉ិចសិកនោះឡើយ ដែលភាពមិនព្រមព្រៀងគ្នានេះហើយនាំឲ្យរដ្ឋាភិបាលអាមេរិកត្រូវជាប់គាំង បុគ្គលិកសហព័ន្ធ​ប្រមាណជា ៨០ ០០០ នាក់រងការប៉ះពាល់ដោយប្រឈមជាមួយនឹងការផ្អាកការងារបណ្តោះអាសន្ន និងបង្ខំឲធ្វើការដោយគ្មានប្រាក់កម្រៃ។

ការបញ្ចៀសរដ្ឋាភិបាលពីការធ្លាក់ចូលរណ្តៅវិបត្តិជាប់គាំង

កាលពីថ្ងៃទី៣០ ខែកញ្ញាថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ចៀសពីការធ្លាក់ចូលក្នុងវិបត្តិជាប់គាំងរដ្ឋាភិបាលនៅនាទីចុងក្រោយ បន្ទាប់ពីប្រធានាធិបតីលោក ចូ​ បៃដិន បានចុះហត្ថលេខាទៅលើសេចក្ដីសម្រេចបណ្តោះអាសន្នលើកញ្ចប់ថវិកាជាតិដែលអាចប្រើប្រាស់លើការចំណាយបានរយៈពេល ៤៥ ថ្ងៃ ដោយមានសំឡេងគាំទ្រសរុបចំនួន ៣៣៥ សំឡេង ទល់នឹងសំឡេងប្រឆាំងចំនួន ៩១ នៅក្នុងរដ្ឋសភា រីឯនៅព្រឹទ្ធសភាវិញ ទទួលបានសំឡេងគាំទ្រ ៨៨ ទល់នឹងសំឡេងប្រឆាំងចំនួន ៩។

កញ្ចប់ថវិកានោះផងដែរ គឺអាចដំណើរការរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយគ្មានខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែននោះទេ។ គួរបញ្ជាក់ផងដែរថា កញ្ចប់ជំនួយអ៊ុយក្រែននេះហើយដែលជារនាំងរារាំងការសម្រេចលើសេចក្ដីសម្រេចកញ្ចប់ថវិកាឆ្នាំថ្មី ដោយនៅក្នុងសភា ក្រុមសាធារណរដ្ឋដែលគាំទ្រលោកដូណាល់ត្រាំបានប្រឆាំងដាច់ខាតនឹងកិច្ចព្រមព្រៀងកញ្ចប់ថវិកាថ្មីរបស់រដ្ឋសហព័ន្ធដែលមានកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែន។

ប្រសិនបើគ្មានសេចក្ដីសម្រេចលើកញ្ចប់ថវិកាឆ្នាំ២០២៤ កាលពីថ្ងៃទី៣០ ខែកញ្ញានោះទេ វិបត្តិជាប់គាំងរដ្ឋាភិបាលលើកទី២២ អាចនឹងកើតមានឡើងចាប់ពីម៉ោង ០០:០១ អាធ្រាត្រថ្ងៃអាទិត្យទី​០១ ខែតុលា ដែលនឹងនាំឲ្យបុគ្គលិករដ្ឋសហព័ន្ធរាប់ម៉ឺននាក់ត្រូវផ្អាកពីការងារ ឬបន្តធ្វើការដោយគ្មានប្រាក់កម្រៃ។ ចំណែកឯសេវារដ្ឋបាល និងសេវាសាធារណៈមួយចំនួននឹងត្រូវផ្អាកដំណើរការ។

យ៉ាងណាមិញ យើងនៅតែមិនទាន់ដឹងច្បាស់នោះទេថា តើបន្ទាប់ពីផុតឱសានវាទថវិកាបណ្តោះអាសន្ននៅថ្ងៃទី១៧ ខែវិច្ឆិកា សហរដ្ឋអាមេរិកនឹងអាចបញ្ចៀសវិបត្តិជាប់គាំងរដ្ឋាភិបាលបានឬក៏យ៉ាងណានោះទេ ព្រោះថាលោក បៃដិន នៅតែស្នើឲ្យមានការគាំទ្រថវិកាជំនួយដល់អ៊ុយក្រែនដែលកំពុងធ្វើសង្គ្រាមជាមួយរុស្សី៕

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ម៉េង លីហ័រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ