"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមឬយ៉ាងណា? ចំពោះការវាយបកយ៉ាងដំណំលើក្រុមហាម៉ាស

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ផេង ដាវីន

ទីណាមានសង្រ្គាម ទីនោះមានការបង្ហូរឈាម ទីណាមានសង្រ្គាម ទីនោះមានភាពសោកសៅនិងសេចក្ដីវិនាសអន្ដរាយ។  បើយើងមិនបញ្ឈប់សង្រ្គាមទេ សង្រ្គាមនឹងបញ្ចប់យើង។ ប្រជាជននៅលើពិភពលោករមែងចង់បាន សេចក្ដីសុខ សន្ដិភាព និងរួមរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់ គ្មានការរើសអើង ស្អប់ខ្ពើម។ ចុះតើហេតុអ្វីបានជាសង្រ្គាមតែងតែកើតមាននៅលើសកលលោកយើង? តើវាជាជម្រើស ឬបំណងក្នុងការបង្តើតសង្រ្គាម?  ថ្មីៗនេះនៅតំបន់មជ្ឍឹមបូព៌ាមានសង្រ្គាមកើតឡើងរវាងក្រុមភេរវកម្មហាម៉ាស(ចលនាអ៊ីស្លាម​ប៉ាឡេស្ទីនហាម៉ាស) និងអ៊ីស្រាអែល ដែលរឿងនេះបណ្ដាលឲ្យមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ព្រមទាំងធ្វើការវិនិច្ឆ័យចំពោះសកម្មភាពភាគីទាំងពីរ គឺរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស។ យ៉ាងណាក៏ដោយគេមិនទាន់ឃើញដំណោះស្រាយបញ្ចប់សង្រ្គាមនេះទេរហូតទល់ពេលនេះ ភាគីទាំងពីរនៅតែបន្ដបាញ់​មីស៊ីលទៅវិញទៅមក និងចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងដែលភាគច្រើនជាស្ដ្រី និងកុមារ​។ យើងបានដឹងហើយថា ភាគីដែលចាប់ផ្ដើមសង្រ្គាមមុន គឺភាគីហាម៉ាស ហើយត្រូវបានអ៊ីស្រាអែលវាយបកវិញយ៉ាងខ្លាំងក្លាដែលធ្វើឲ្យតំបន់កាហ្សាខ្ទេចខ្ទីជាពិសេស ផ្ទះសំបែងប្រជាជន មន្ទីពេទ្យ និងតំបន់ជ្រកកោនរបស់ជនភៀសខ្លួន។ តើអ៊ីស្រាអែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅប៉ាឡេស្ទីនឬយ៉ាងណា? តែមុននឹងឈានចូលដល់ការឆ្លើយតបនឹងសំណួរ លោកអ្នកគួរបានដឹងពីព័ត៌មានខ្លះៗជាមុនសិន៖

តើក្រុមហាម៉ាសជានរណា?

ក្រុមហាម៉ាសនេះ គឺជាចលនាប្រឆាំងអ៊ីស្រាអែលដ៏ធំមួយកាន់កាប់តំបន់កាហ្សា ដែលមានប្រជាជនរស់នៅជាង ២លាននាក់។ ក្រុមនេះគ្រប់គ្រងកាហ្សា តាំងពីឆ្នាំ២០០៧ តាមរយៈជ័យជំនះលើការបោះឆ្នោតប្រជែងជាមួយក្រុម Fatah  ហើយក្រុម Fatah  កំពុងកាន់កាប់ទឹកដីត្រើយខាងលិច (West Bank)សព្វថ្ងៃ។ ក្រុមហាម៉ាសមានសមាជិក៤០០០០នាក់ ហើយប្រតិបត្តិគោលការណ៍ ៣យ៉ាងតឹងរឹងដូចជា សាសនា ការជួយសង្រ្គោះ និងប្រយុទ្ធប្រឆាំងអ៊ីស្រាអែល។ ចំណាំ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានចាត់ទុកជាក្រុមភេរវករដោយបណ្ដាប្រទេសធំៗលើសកលលោកមានដូចជាៈ អាម៉េរិក សហភាពអឺរ៉ុប កាណាដា អេហ្ស៊ីប​ ជប៉ុន និង អ៊ីស្រាអែល។ យ៉ាងណាមិញ យោងតាមការកត់សម្គាល់កន្លងមក  ក្រុមហាម៉ាស តែងតែវាយប្រហារលើប្រជាជនអ៊ីស្រាអែល ព្រមទាំងចាប់ខ្លួន និងសម្លាប់ទាហានអ៊ីស្រាអែលឥតញញើតដៃ។ ក្រុមនេះមានមហិច្ឆតាណាស់ ហើយមិនបានទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឯករាជ្យឡើយ។ ពួកគេថែមទាំងលើកឡើងថានឹង បណ្តេញជនជាតិជ្វីហ្វចេញពីតំបន់អ៊ីស្រាអែលឱ្យអស់ថែមទៀត។  ក្រុមប្រដាប់អាវុធមួយនេះ មានការគាំទ្រពីសំណាក់ ស៊ីរី ក្រុមឥស្លាមជីហាត អ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធ Hezbollah នៅលីបង់ ដែលធ្វើឲ្យវាឈរជើងដល់សព្វថ្ងៃពិសេសទទួលបានជំនួយជាទឹកប្រាក់ និងអាវុធជាច្រើនពីប្រទេសទាំងនេះ។  អំឡុងពេលកាន់អំណាចដំបូងប្រជាជនគាំទ្រក្រុមនេះណាស់ តែបន្ដបន្ទាប់ប្រជាប្រិយភាពធ្លាក់ចុះព្រោះប្រជាជននៅក្នុងតំបន់កាហ្សាលំបាកទៅៗ ក្រីក្រខ្លាំងដោយរកលុយក្នុងមួយថ្ងៃតិចជា២ដុល្លារ នេះក៏ដោយសារតែក្រុមនេះប៉ះទង្គិចជាមួយអ៊ីស្រាអែលជាច្រើនលើក ព្រមទាំងត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែល និងអាហ្ស៊ីបការរាំងខ្ទប់។

រូងក្រោមដីក្នុងតំបន់ហ្កាហ្សា

​តំបន់​ហ្កាហ្សា​បង្កប់​​ផ្លូវក្រោមដី ឬ​រូងក្រោមដី​ច្រើន​ជាន់ និង​ខ្វាត់ខ្វែង​រាប់សិប​គីឡូម៉ែត​ ​ជីក​ដោយ​ពួក​ហាម៉ាស វាត្រូវបានហៅថា ​មេត្រូ​ហ្កាហ្សា។  ផ្លូវក្រោមដី​ត្រូវ​បាន​ពួក​ហាម៉ាស​សាងសង់​ក្នុង​ឆ្នាំ២០០៧ស្របពេលអ៊ីស្រាអែល​​បិទខ្ទប់​ច្រក​ចេញ​ចូល​លើ​ដី​ក្នុង​តំបន់​ហ្កាហ្សា​ទាំង​មូល។ ​ផ្លូវក្រោមដី​ប្រើ​ក្នុងគោលបំណង ដឹក​ជញ្ជូន​ផលិតផល​​ពី​ប្រទេស​អេហ្ស៊ីប​ចូល​ហ្កាហ្សា មានដូចជា៖ ​ស្បៀងអាហារក្នុងការ​​ផ្គត់ផ្គង់​​ពលរដ្ឋ​ប៉ាឡេស្ទីន​។ មិនតែប៉ុណ្ណោះ ​ក្រុមហាម៉ាស​ប្រើ​ ផ្លូវនេះនាំ​ចូល​គ្រឿង​សព្វាវុធ និង​សារធាតុផ្ទុះ​ ​ប្រើ​ជា​មូលដ្ឋានទ័ព កន្លែង​ផលិត​អាវុធ និង​ជា​កន្លែង​ស្តុក​អាវុធ​ទៀត​ផង។​ មានការលើកឡើងតាមរយៈសារព័ត៌មាន AFP ថារូងនេះជីក​សំដៅ​ទៅ​អេហ្ស៊ីប និង​ជីក​សំដៅ​ទៅ​ខ្សែព្រំដែន​ជាមួយ​អ៊ីស្រាអែល​។ រដ្ឋាភិបាលអ៊ីស្រាអែលចិញ្ចឹមចិត្តមកជាយូរលើការកម្ទេច រូងក្រោមដីនេះចោល។  ជាក់ស្ដែងឆ្នាំ ២០២១ អ៊ីស្រាអែល​បានប្រកាស​វាយប្រហារ​ផ្លូវអាកាស​កម្ទេច​បាន​ផ្លូវក្រោមដី​នៅ​ហ្កាហ្សា​ជាង ១០០គីឡូម៉ែត្រ តែក្រុមហាម៉ាសតបថាគឺវា​ស្មើ​នឹង ៥%ប៉ុណ្ណោះ។  បញ្ហានេះបានបង្កើតជាចម្ងល់ដល់មហាជនទូទាំងពិភពលោក ព្រោះគេមិនដឹងទេថាតើ​ហ្កាហ្សា​មាន​ផ្លូវក្រោម ​ប៉ុន្មាន​ ហើយមាន​ជម្រៅ​ប៉ុន្មាន​ វែងប៉ុននិង​​ត​ភ្ជាប់​ពី​ណា​ទៅ​ណា​ខ្លះ? ពោលគឺ​មាន​តែ​ពួក​ហាម៉ាស​ខ្លួន​ឯង​ដែល​បាន​ដឹង​ច្បាស់ដូចថ្ងៃ ផ្លូវរោងក្រោមដីនេះអាចជាកន្លែងសុវត្ថិភាពរបស់ក្រុមហាម៉ាស តែវាក៏អាចនាំមកនូវគ្រោះថាប្រសិនបើអ៊ីស្រាអែលរកឃើញ។ ឆ្លើយតបនឹងសង្រ្គាម២០២៣នេះ អ៊ីស្រាអែលនឹង ​កម្ទេច​ផ្លូវក្រោមដីរបស់ក្រុមហាម៉ាសឲ្យខានតែបានព្រោះជាបំណងជាយូរមកហើយរបស់អ៊ីស្រាអែល។

ចំនួនប្រជាជនរងគ្រោះដោយសារសង្រ្គាម អ៊ីស្រាអែល-ហ្កាហ្សា

សូមបង្ហាញនូវទិន្នន័យចំនួនប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែលរងគ្រោះ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធភាគីទាំងសងខាងគិតត្រឹមថ្ងៃ២៤ តុលា ២០២៣នេះ

ប៉ាឡេស្ទីន

យោងទៅតាមសារព័ត៌មាន Aljazeera ដែលរាយការណ៍ដោយ ក្រសួងសុខាភិបាលប៉ាឡេស្ទីន សមាគមន៌កាកបាទក្រហម ប៉ាឡេស្ទីន និង សេវា វេជ្ជសាស្ត្រ អ៊ីស្រាអែល ៖

តំបន់ហ្គាហ្សា មានប្រជាជនស្លាប់ហោចណាស់៥ ៧៩១នាក់ដែលក្នុងនោះភាគច្រើនជាស្ដ្រី ១២៩២ និងកុមារ ២ ៣៦០ នាក់ ចំណែកអ្នករងរបួសគឺច្រើនជាង១៦២៩៧នាក់។

តំបន់ West Bank មានប្រជាជនស្លាប់ហោចណាស់៩៦ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៨២៨នាក់។

ការខូចខាតហេដ្ឋារចនាសម្ព័ន្ធមានដូចជាៈ

ទីលំនៅ ១៧៧ ៧៨១ ត្រូវបានខូចខាត និង ១៦ ៤៤១ បំផ្លាញទាំងស្រុង។

សាលារៀន​ ២០៧ កន្លែងបំផ្លាញទាំងស្រុង។

មន្ទីពេទ្យ ៣៤ កន្លែងបំផ្លាញទាំងស្រុង។

កន្លែងផ្គត់ផ្គង់ទឹងស្អាត ១១ កន្លែងត្រូវបានកម្ទេច។

ចំពោះភាគីអ៊ីស្រាអែលមានប្រជាជនស្លាប់ហោចណាស់ ១ ៤០៥នាក់ និងប្រជាជរងរបួសខ្ទង់ ៥ ៤៣១នាក់។

និន្នន័យនៃចំនួនប្រជាជនរងគ្រោះរបស់ភាគឺទាំងពីរគឺមានចំនួនខុសគ្នាខ្លាំងណាស់ដែលអាចឲ្យយើងវិភាគបានថាប្រជាជនប៉ាឡេស្ទីនរងគ្រោះច្រើនជាងអ៊ីស្រាអែលឆ្ងាយ ណាមួយអ៊ីស្រាអែលមានកងទ័ពពូកែ និងអាវុធទំនើបជាច្រើន។

ការ​បាញ់ផ្លោងតទល់គ្នា និងបទ​ឧក្រិដ្ឋ​សង្រ្គាម ឬបទល្មើសព្រហ្មទណ្ឌសង្រ្គាម

ចំពោះការរំលោភ​លើ​ច្បាប់​សង្រ្គាម​ ​ត្រូវ​ចាត់បញ្ចូល​ជា​បទឧក្រិដ្ឋ​សង្រ្គាម ដែល​មាន​ចែង​នៅ​ក្នុង​​មាត្រា ៨ នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ស្តីពី​ការបង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។  ច្បាប់​សង្រ្គាម គឺ​ត្រូវ​យក​មក​អនុវត្ត​ទាំងក្នុង​ករណី​មាន​សង្រ្គាម និង​ក្នុង​ករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ​អន្តរជាតិ។ ពិសេសជាងនេះទៅទៀត “ច្បាប់សង្រ្គាម” គឺ​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ក្រុង​ឡាអេ​ (១​នៅ​ឆ្នាំ​១៨៩៩ និង​១ទៀត​នៅ​​ឆ្នាំ​១៩០៧) និង​អនុសញ្ញា​ក្រុង​ហ្សឺណែវ​ចំនួន​៤ (ឆ្នាំ​១៩៤៩)។  យើងសូមលើកយកសម្មភាពដែល​​មានចែង​ក្នុង​លក្ខន្តិកៈ​ក្រុងរ៉ូម ១៩៩៨ ដែលតុលាការព្រហ្មទណ្ឌអន្ដរជាតិ ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ជាអាទិ៍មានដូចជា​៖

ការវាយប្រហារ ការបាញ់ផ្លោង ឬ​ការទម្លាក់​គ្រាប់បែក​ទៅលើ​ក្រុង ភូមិ ទីប្រជុំជន ​ទីលំនៅ​ ឬ​អគារ ដែល​គ្មាន​ការ​ការពារ និង​ដែល​មិនមែន​ជា​ចំណុចស៊ីប​របស់​កងទ័ព (មាត្រា ៨ កថាខណ្ឌទី៥)។

ការប្រើថ្នាំពុល ឬ​អាវុធ​ដែល​មាន​ជាតិពុល (មាត្រា ៨ កថាខណ្ឌទី៧)។

ការប្រើឧស្ម័ន​ពុល ឬ​សារធាតុ​ប្រហាក់ប្រហែល​ផ្សេងទៀត (មាត្រា ៨ កថាខណ្ឌទី៨)។

ការប្រើប្រាស់​ប្រភេទ​អាវុធ​ដែល​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​អន្តរជាតិ (មាត្រា ៨ កថាខណ្ឌទី​១០) ដូចជា គ្រាប់បែក​ចង្កោម​ជាដើម ដែល​ត្រូវ​ហាមឃាត់​ដោយ​អនុសញ្ញា ស្តីពី​គ្រាប់បែក​ចង្កោម ចូលជាធរមាន កាល​ពីឆ្នាំ​២០០៨។

យើងមកពិចារណាទង្វើរបស់អ៊ីស្រាអែលក្នុងសង្រ្គាមនេះ ដោយអ៊ីស្រាអែលលើកឡើងថាបានទម្លាក់គ្រាប់បែកចំនួន​ ៦០ ០០០គ្រាប់លើតំបន់ ហ្គាហ្សាស្ទ្រីប។ ចាប់ តាំង ពីការវាយប្រហារថ្ងៃទី៧ ខែ តុលា មកហើយចំនួននេះគឺវា ស្ទើរតែស្មើរនឹងចំនួនគ្រាប់បែកដែល សហរដ្ឋអាមេរិក បានប្រើនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលមួយឆ្នាំ ។ តើនរណាជាអ្នកទទួលគ្រាប់ទាំង៦០ ០០០គ្រាប់នេះ? ប្រាដកណាស់គឺប្រជាជនប៉ាឡេស្ទីន ទោះជាអ៊ីស្រាអែលអំពាវនាវឲ្យពលរដ្ឋចាកចេញពីកាហ្សាក៏ដោយតែសំណួរសួរថា តើត្រឹមតែពេលខ្លីពលរដ្ឋទាំងអស់នោះអាចចាកចេញទាន់ពេលទេ ព្រោះពួកគេមានចំនួនច្រើនកកកុញ ហើយអ្នកខ្លះរងរបួសដោយមីស៊ីល(ជាស្ដ្រីដែលមានកូនតូចៗ ) ពួកគេគ្មានសូម្បីកម្លាំងបំលាស់ទីព្រោះ(​គ្មាន​អាហារ​ទទួល​ទាន និង​ទឹកស្អាត)ដោយសារអ៊ីស្រាអែលកាត់ផ្ដាច់អស់ហើយ។

ត្រឡប់មកវិញ យើងនិយាយដោយសម្អាងច្បាប់លក្ខន្តិកៈ​ក្រុងរ៉ូម ១៩៩៨ អ៊ីស្រាអែលគឺកំពុងប្រព្រឹត្តបទ​ឧក្រិដ្ឋ​សង្រ្គាម ច្បាស់ណាស់ព្រោះអ៊ីស្រាអែលវាយប្រហារ បាញ់ផ្លោង ឬ​ទម្លាក់​គ្រាប់បែក​ទៅលើ​ក្រុង ភូមិ ទីប្រជុំជន ​ទីលំនៅ​ ឬ​អគារ ដែល​គ្មាន​ការ​ការពារ និង​ដែល​មិនមែន​ជា​ចំណុច​របស់​កងទ័ព(មាត្រា ៨ កថាខណ្ឌទី៥)។ តែចំពោះការមើលឃើញរបស់ពិភពលោកមិនដូច្នេះទេ ពិសេសលោកប្រធានាធិបតី ចូ បៃដិនហាក់បង្ហាញថាអាមេរិកគ្រាំទ្រអ៊ីស្រាអែលទាំងស្រុងដោយលោកបាននិយាយថា “អ៊ីស្រាអែលមានសិទ្ធិក្នុងការពារប្រទេសនិងប្រជាជន”។ សំនួរសួរបន្ដថា បើគ្រាន់តែការពារខ្លួនហេតុអ្វីចាំបាច់ផ្ដាច់ទឹកភ្លឿង បិទច្រកចេញចូលស្បៀង និងវាយប្រហារទៅលើមន្ទីពេទ្យ សាលារៀន ដែលបណ្ដាលឲ្យកុមារនិងស្ដ្រីរងគ្រោះ របួស ហើយថែមទាំងគ្មានសូម្បីថ្នាំព្យាបាលធ្វើអ្វី?ព្រោះអ៊ីស្រាអែលមានគំនុំត្រឹមតែជាមួយក្រុមហាម៉ាសប៉ុណ្ណោះ  ហើយអ៊ីស្រាអែលមិនមែនមិនដឹងពីរឿងទាំងនេះទេ។ ជីវិតពលរដ្ឋប៉ាឡេស្ទីនក៏មានតម្លៃដូចពលរដ្ឋអ៊ីស្រាអែលដែរ ពួកគេក៏ចង់រស់ ចង់បានសន្ដិភាព និងចង់ជួបជុំគ្រួសារដូចពលរដ្ឋអ៊ីស្រាអែលដែរ។យ៉ាងណាមិញ ប្រទេសជាច្រើនដូចជានៅអ៊ីរ៉ុបមាន អាល្លឺម៉ង់ បារាំង អង់គ្លេសបង្ហាញជំហរថ្កោលទោសក្រុមហាម៉ាស និងគាំទ្រអ៊ីស្រាល។ តាមពិតទៅក្នុងសង្រ្គាមគ្មានភាគីណាដែលត្រឹមត្រូវទេ ព្រោះភាគីទាំងពីរសុទ្ធតែផ្ដាច់ជីវិតមនុស្សស្លូតត្រង់នឹងបានធ្វើឲ្យពិភពលោកអសន្ដិសុខ។ ប្រទេសនានាមិនត្រូវថ្កោលទោសត្រឹមតែក្រុមហាម៉ាសទេ តែត្រូវគិតពីសកម្មភាពរដ្ឋាភិបាលអ៊ីស្រាអែលផងដែរ​ទោះជាក្រុមហាម៉ាសចាប់ផ្ដើមសង្រ្គាមមុនក៏ដោយ។ ជាចុងក្រោយយើងមើលឃើញថាសង្រ្គាមនេះពិបាកក្នុងការបញ្ចប់ព្រោះទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសសុទ្ធតែមានប្រទេសធំៗលើពិភពលោកគាំទ្រ ហើយក្រុមហាម៉ាសស្អប់ពួកអ៊ីស្រាអែលខ្លាំងណាស់ប៉ុន្មានថ្ងៃនេះអ៊ីរ៉ង់ក៏បានព្រមានពីការផ្ទុះសង្រ្គាមក្នុងតំបន់ បើសិន​អ៊ីស្រាអែល​បើកការវាយលុកជើងគោក​ចូល​ហ្កាហ្សានោះ ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ហី ចាន់នី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ