"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រតិកម្មអាស៊ានជុំវិញសង្រ្គាមហាម៉ាសនិងអ៊ីស្រាអែល

គំនូរច្នៃប្រឌិតដោយ៖ លោក ​ផេង ធាន

បញ្ហាអ៊ីស្រាអែលនិងប៉ាលេស្ទីន គឺជាបញ្ហាមួយដែលស្មុគស្មាញក្នុងពិភពលោកសំរាប់ធ្វើការដោះស្រាយដើម្បីស្វែងរកការបញ្ចប់សង្គ្រាមនិងសន្តិវិធី។ ជម្លោះមួយនេះមិនមែនត្រឹមតែមានកង្វល់ក្នុងតំបន់មជ្ឈឹមបូព៌ានោះទេ គឺវាមានឥទ្ធិពលទៅកាន់ពិភពលោកតែមួយម្តងសូម្បីតែសហរដ្ឋអាមេរិចនិងកិច្ចប្រជុំក្នុងអង្គការសហប្រជាជាតិតែម្តង។ ពិភពលោកកំពុងតែជួបប្រទះរឿងបញ្ហាសង្គ្រាមអ៊ុយក្រែនមិនទាន់ដាច់ស្រឡះ ស្រាប់តែបញ្ហានៅប្រទេសអ៊ីស្រាអែលបានកើតឡើងសាជាថ្មីដោយការវាយប្រហារពីពួកហាម៉ាសចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ បើក្រឡេកមើលអាស៊ានដែលជាអង្គការក្នុងតំបន់មួយវិញ ទោះមិនបានចេញសេចក្តីថ្លែងការណ៍រួមពេលសង្រ្គាមកើតឡើង តែពួកគេបានដាក់បញ្ហានៅមជ្ឈឹមបូព៌ាជាការព្រួយបារម្ភចំពោះជម្លោះមួយនេះនៅសេចក្តីថ្លែងការណ៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ មុនសង្គ្រាមកើតឡើងទៅទៀត។ តើសមាជិកអាស៊ាននិងអាស៊ានមានប្រតិកម្មដូចមេ្តចខ្លះលើបញ្ហានេះ?

សមាជិកអាស៊ាននិងទំនាក់ទំនងការទូតរវាងប៉ាលេស្ទីននិងអ៊ីស្រាអែល

អាស៊ានគឺជាក្រុមប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយជាអង្គការក្នុងតំបន់មួយដែលពិភពលោកមិនអាចមើលរំលងបាន។ សមាជិកទាំង១០របស់អាស៊ាន ខ្លះមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែល ខ្លះទៀតគាំទ្រតែប៉ាលេស្ទីន និងប្រទេសខ្លះទៀតទទួលស្គាល់ហើយមានទំនាក់ទំនងការទូតជាមួយភាគីទាំងពីរ។ ក្នុងអាស៊ាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងប្រ៊ុយណេដែលសុទ្ធជាប្រទេសដែលកាន់សាសនាអ៊ីស្លាមគឺពួកគេគាំទ្រលើប៉ាលេស្ទីនក្នុងឆាកអន្តរជាតិនិងមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះទេ។ ចំណែកប្រទេសចំនួនពីរគឺសឹង្ហបុរីនិងមីយ៉ាន់ម៉ាមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ឯប្រទេសសមាជិកដែលនៅសេសសល់គឺពួកគេមានទំនាក់ទំនងការទូតនិងទទួលស្គាល់ភាគីប៉ាលេស្ទីននិងអ៊ីស្រាអែល។ មូលហេតុដែលមានសមាជិកខ្លះទទួលស្គាល់តែម្ខាងនិងទទួលស្គាល់ទាំងសងខាង ព្រោះផ្អែកលើគោលនយោបាយរៀងៗខ្លួនក៏មានធាតុសាសនានិងប្រវត្តិសាស្រ្តចូលរួមផងដែរដូចជា ការទទួលស្គាល់ប៉ាលេស្ទីនតែម្ខាងពីសំណាក់ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងប្រ៊ុយណេគឺផ្អែកលើពួកគេគឺជាប្រទេសកាន់សាសនាអ៊ីស្លាមដូចទៅនឹងប៉ាលេស្ទីនដែរ ហើយប្រឆាំងដាច់ខាតនិងតែងតែរិះគន់ទៅកាន់អ៊ីស្រាអែលជានិច្ច។ ចំណែកសឹង្ហបុរីវិញគឺជាប្រទេសដែលជិតដិតនឹងអ៊ីស្រាអែលព្រោះតែទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរគឺកើតមានតាំងពីការប្រកាសឯករាជ្យនៃប្រទេសរដ្ឋកោះមួយនេះមកម្ល៉េះ ហើយអ៊ីស្រាអែលក៏តែងតែជួយប្រទេសនេះតាមរយៈការអភិវឌ្ឍវិស័យការពារជាតិ។ សំរាប់ទំនាក់ទំនងរបស់ប្រទេសចំនួន៥ គឺទទួលស្គាល់ទាំងរដ្ឋទាំងពីរនិងមានទំនាក់ទំនងទ្វេភាគីផងដែរដូចជា ថៃ វៀតណាម ភីលីពីន ឡាវនិងកម្ពុជា។

ការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានលើបញ្ហារវាងប៉ាលេស្ទីន(ហាម៉ាស់)និងអ៊ីស្រាអែល

ដូចដែលយើងបានដឹងហើយថា បន្ទាប់ពីមានការវាយប្រហារដោយពួកហាម៉ាសដែលចេញពីតំបន់ហ្គាហ្សាទៅកាន់អ៊ីស្រាអែលក្នុងថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានអំពីបញ្ហាគឺមិនមានទេក៏ព្រោះតែសមាជិកអាស៊ានមើលឃើញការវាយប្រហារខុសគ្នា ដូចជាសំរាប់ប្រទេសសឹង្ហបុរីបានហៅថាការវាយប្រហារនេះគឺជាវាយប្រហារភេរវកម្មជាដើម។ ចំណែកបើក្រឡេកមើល ប្រទេសថៃជាប្រទេសមួយក្នុងតំបន់ដែលមានប្រជាជនធ្វើការនៅអ៊ីស្រាអែលច្រើន ហើយក៏មានអ្នកបាត់បង់ជីវិតក្នុងការវាយប្រហារនេះរួមទាំងត្រូវពួកហាម៉ាសចាប់ជាចំណាប់ខ្មាំងផងដែរ។ ថៃបានបានបង្ហាញភាពអព្យាក្រឹតនៅក្នុងបញ្ហានេះព្រោះពួកគេយល់ថាពួកគេមិនដឹងការពិតពីបរិយាកាសនយោបាយរវាងភាគីទាំងពីរនោះទេ។ ការសំខាន់សំរាប់ប្រទេសថៃគឺផ្តោតសំខាន់លើការរំដោះប្រជាជនខ្លួនជាមុនសិន។ ចំណែកប្រទេសកម្ពុជាវិញ ក៏បង្ហាញពីភាពអព្យាក្រឹតលើបញ្ហានេះផងដែរព្រោះកម្ពុជាយល់ថាបញ្ហារវាងភាគីនេះជាបញ្ហាស្មុគស្មាញនិងអំពាវនាវឱ្យភាគីទាំងពីរស្វែងកិច្ចចរចានិងបទឈប់បាញ់ផងដែរ។  គួរឱ្យដឹងផងដែរថា កម្ពុជាក៏មានប្រជាជននៅក្នុងប្រទេសអ៊ីស្រាអែលប្រមាណជាង៤០០នាក់ដែលជាប់គាំងហើយមានមនុស្សស្លាប់ម្នាក់ផងដែរ ដែលភាគច្រើនគឺជានិស្សិតដែលសិក្សាបន្ត។ បើយើងក្រឡេកមើល កាលពីកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២៣ក្នុងប្រទេសឥណ្ឌូនេស៊ី សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំការបានបង្ហាញអំពីការព្រួយបារម្ភអំពីសា្ថនការណ៍នៅមជ្ឈិមបូព៌ាផងដែរ។ សេចក្តីថ្លែងការណ៍នេះគឺធ្វើមុនការវាយប្រហារទៅទៀតដែលមានខ្លឹមសារថា”យើងសូមសម្តែងការព្រួយបារម្ភចំពោះវិវត្តនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អាស៊ានបានជំរុញឱ្យភាគីទាំងពីរធ្វើសកម្មភាពវិជ្ជមាន ដើម្បីអនុញ្ញាតឱ្យមានការចរចារដើម្បីទទួលបានការអូសទាញ និងធ្វើការរួមគ្នាឆ្ពោះទៅរកការបន្តការចរចារ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។យើងគាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនសម្រាប់រដ្ឋឯករាជ្យប៉ាឡេស្ទីនជាមួយនឹងការសម្រេចបាននូវរដ្ឋពីរ គឺប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលរស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខដោយផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧ ដែលមានហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។”។​ បន្ទាប់ពីនោះផងដែរ តាមរយៈកិច្ចប្រជុំរវាងប្រទេសក្រុមប្រឹក្សាឈូងសមុទ្រនិងអាស៊ាននាថ្ងៃទី២០ខែតុលាឆ្នាំ២០២៣ ភាគីទាំងពីរបានបញ្ចេញនិងផ្លាស់ប្តូរទស្សនៈរួមគា្នរវាងប្រហារនេះគឺ ស្នើឱ្យភាគីទាំងពីរឱ្យមានបទឈប់បាញ់និងការពារដល់ជនស៊ីវិលរួមទាំងការដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ។ ហើយក៏ជុំរុញឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបើកទា្វរសំរាប់ការងារមនុស្សធម៌ចូលទៅជួយមនុស្សដែលរងគ្រោះជាពិសេស ស្ត្រីនិងកុមារ។

សរុបមក សង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាសមិនអាចងាយនឹងបញ្ចប់ទេប្រសិនភាគីទាំងពីរនៅតែមិនទម្លាក់អាវុធហើយនៅបន្តការវាយប្រហារតទៅទៀត។បន្ទាប់ពីពួកហាម៉ាសបានវាយប្រហារអ៊ីស្រាអែលរួចហើយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក នេតាន់យ៉ាហ៊ូ បានប្រកាសថានឹងកម្ទេចហាម៉ាស់ដល់ទីបញ្ចប់ គ្មានលក្ខខណ្ឌអ្វីឡើយ។ ដែលនេះគឺសារបញ្ជាក់ថា វិបត្តិនេះនឹងនៅតបន្តមានប្រសិនជាភាគីទាំងពីរមិនការចរចារលក្ខខណ្ឌសន្តិភាពដូចដែលពិភពលោកបានអំពាវនាវដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាដើម។សង្រា្គមនេះក៏ជាកង្វល់ប្រទេសមួយចំនួនផងដែរសំរាប់សមាជិកអាស៊ានដែលមានប្រជាជនរស់នៅអ៊ីស្រាអែលទាំងនិស្សិតនិងពលករដូចជា កម្ពុជា ថៃនិងភីលីពីនជាដើម។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ