"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ សង្រ្គាមនៅប្រទេសអេត្យូពី

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

ប្រទេសអេត្យូពីគឺជាប្រទេសចម្រុះជាតិសាសន៍ដ៏ស្មុគស្មាញ និងមានជម្លោះស៊ីវិលចាប់តាំងពីការដួលរលំនៃរបបរាជានិយមដែលមានអាយុកាល៣០០០ឆ្នាំ នៅក្នុងឆ្នាំ១៩៧៥ និងត្រូវបានជំនួសដោយរបបយោធាសង្គមនិយមផ្តាច់ការ។ ប្រទេសអេត្យូពី ធ្លាប់ជាតំបន់ដែលមានសុខសន្តិភាពអស់ជាយូរឆ្នាំនៅទ្វីបអាហ្រ្វិក ប្រែក្លាយទៅជាប្រទេសដែលមានភាពចលាចលនិងបាត់បង់ទំនុកចិត្តពីអន្តរជាតិ។ ក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាអំពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងតំបន់ទីហ្រ្គៃ និងតំបន់អាមហារ៉ា​ នៃប្រទេសអេត្យូពីដែលបានសម្លាប់ប្រជាជនអេត្យូពីអស់ជាច្រើនម៉ឺននាក់។

តើប្រទេសអេត្យូពីជានរណា?

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធ​អេត្យូពី (Federal Democratic Republic of Ethiopia) ជាប្រទេសឯករាជ្យចំណាស់ជាងគេ ដែលមានទីតាំងនៅភាគឦសាននៃ ទ្វីបអាហ្រ្វិក និងត្រូវបាន ​គេស្គាល់ជាទូទៅថា អាហ្រ្វិកខាងកើត (Horn of Africa) ដែល តំបន់នេះរួមមានប្រទេស ជីប៊ូទី អេរីទ្រា អេត្យូពី និងសូម៉ាលីម្យ៉ាងវិញទៀត ប្រទេសអេត្យូពីក៏មានប្រជាជនច្រើនជាងគេទីពីរនៅទ្វីបអាហ្រ្វិកផងដែរ ដែលចំនួន ប្រជាជនសរុបមានជាង ១១៥ លាននាក់។

​ទោះបីជា អេត្យូពីជាប្រទេសដីគោកក៏ដោយក៏វាមានលក្ខណៈឆ្ពោះទៅរកទីផ្សារអន្តរជាតិយ៉ាងខ្លាំងដូចជា ទីផ្សារមជ្ឈិមបូព៌ាអឺរ៉ុប និងអាស៊ីយ៉ាងងាយស្រួលនៅកំពង់ផែសំខាន់ៗជាមួយប្រទេសដែលព័ទ្ធជុំវិញវាដូចជាប្រទេស សូម៉ាលី អេរីទ្រា និងកេនយ៉ាជាដើម ក្នុងការបង្កើនពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន។  នៅក្នុងប្រទេសអេត្យូពី ប្រជាជនភាគច្រើនជាជនជាតិអូរ៉ូម៉ូ(Oromo) ដែលក្នុងនោះមានចំនួន៣៥.៣%នៃប្រជាជនសរុប ជនជាតិអាមហារ៉ា(Amhara) មានចំនួន២៦.២% និងក្រៅពីនេះចម្រុះជនជាតិភាគតិចប្រហែល៨០សញ្ជាតិកំពុងរស់នៅផងដែរ។ កំណើនសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសអេត្យូពី បានមកពីការវិនិយោគនៅក្នុងប្រទេសទៅលើឧស្សាហកម្ម សំណង់ និងសេវាកម្ម កសិកម្ម និងផលិតកម្ម។ ចាប់តាំងពីនាយករដ្ឋមន្ត្រី អាប៊ី អាមីត (Abiy Ahmed)ឡើងកាន់អំណាច រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណើនសេដ្ឋកិច្ចការធ្វើឯកជនភាវូបនីយកម្មនៃសហគ្រាសរដ្ឋដូចជា គម្រោងផ្លូវដែក រោងចក្រអភិវឌ្ឍន៍ស្ករ សួនឧស្សាហកម្ម សណ្ឋាគារ រួមទាំងផលិតកម្មឧស្សាហកម្មផ្សេងៗទៀត។

សង្រ្គាមរវាងរដ្ឋាភិបាលសហព័ន្ធអេត្យូពី​ និងរណសិរ្សរំដោះប្រជាជនទីហ្រ្គៃ

ទីហ្រ្គៃ (Tigray) គឺជាតំបន់ភាគខាងជើងបំផុតរបស់ប្រទេសអេត្យូពីដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសអេរីទ្រា ។ ទីហ្រ្គៃជាជម្រករបស់ជនជាតិភាគតិចទីហ្រ្គៃ (Tigrayans) ដែលមានប្រហែល ៦ភាគរយនៃប្រជាជនសរុបនៅអេត្យូពី។ រណសិរ្សរំដោះប្រជាជនទីហ្រ្គៃ ហៅកាត់ TPLF ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧៥ និងធ្លាប់តែជាក្រុមបះបោរតូចមួយបាន ប្រែក្លាយទៅជាកងទ័ព ដែលធ្លាប់ទទួលបានជ័យជំនះក្នុងការផ្តួលរំលំទៅលើ រដ្ឋាភិបាលយោធាផ្តាច់ការនិយម ដែលត្រូវបានគេហៅថា Derg (គណៈកម្មាធិការយោធា)របស់លោក Mengistu Haile Mariam ដែលគាំទ្រដោយសហភាពសូវៀតបានដោយជោគជ័យនៅក្នុងឆ្នាំ១៩៩១។ TPLF បានគ្រប់គ្រងប្រទេសអស់រយៈពេលប្រហែលជិត៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៨។ EPRDF គឺជាសម្ព័ន្ធនៃក្រុមប្រដាប់អាវុធ ដែលជាក្រុមគណបក្សជនជាតិភាគតិចជាច្រើនក្រុម ត្រូវបានប្រមូលផ្តុំ និងបង្កើតឡើងដោយរណសិរ្សរំដោះប្រជាជនទីហ្គ្រៃ (TPLF) ។ EPRDF បង្កើតនូវរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអេត្យូពីដោយ បង្កើតស្ថាប័ននីតិប្បញ្ញត្តិ ក្រុមប្រឹក្សាតំណាង ព្រាងរដ្ឋធម្មនុញ្ញ និងរៀបចំសម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ ក្រោយមក លោក មឺឡេស ហ្សេនណាវី( Meles Zenawi ) ដែលជាមេដឹកនាំ TPLF បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី។

នៅឆ្នាំ២០១៨ លោក អាប៊ី អាមីត អាលី(Abiy Ahmed Ali) បានក្លាយជានាយករដ្ឋមន្ត្រីថ្មី។ លោកអាប៊ីបានរំលាយ EPRDF ចោល ហើយបង្កើតនូវសម្ព័ន្ធថ្មីមួយ ដែលមានឈ្មោះថា គណបក្សវិបុលភាព(Prosperity Party)។ ប៉ុន្តែ TPLF បានបដិសេធមិនចូលរួមក្នុងសម្ព័ន្ធគណបក្សដែលបង្កើតថ្មីនេះឡើយហើយបានដកខ្លួនទៅកាន់មូលដ្ឋានរបស់ខ្លួននៅតំបន់ទីហ្រ្គៃ។ ត្រឹមតែរយៈពេលត្រូវតែ១ឆ្នាំក្រោយពីលោក អាប៊ីឡើងកាន់តំណែងទំនាក់ទំនងក្រុមជនជាតិភាគតិចនៅក្នុងប្រទេសអេត្យូចាប់ផ្តើមមានភាពទន់ខ្សោយ និងយ៉ាប់យ៉ឺនកាន់តែខ្លាំងដោយសារតែការពន្យារពេលនៃការបោះឆ្នោតថ្នាក់ជាជាច្រើនលើកច្រើនសារ។ នៅក្នុងខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលលោក អាប៊ី បានប្រកាសបន្តអាណត្តិជាលើកដំបូងដោយពុំមានការបោះឆ្នោតថ្នាក់ជាតិ ដោយលើកឡើងពីមូលហេតុការផ្ទុះឡើងនៃជំងឺកូវីដ១៩។ TPLF មានការខឹងជាខ្លាំង ហើយបានរៀបចំការបោះឆ្នោតថ្នាក់ជាតិដោយខ្លួនឯងដោយមិនគោរពតាមបទបញ្ជានៃ សហព័ន្ធរបស់រដ្ឋាភិបាលនៃលោក អាប៊ីនោះឡើយ។ TPLF បានលើកឡើងថា ការពន្យាពេលបោះឆ្នោតនៃលោក អាប៊ីគឺមិនស្របតាមរដ្ឋធម្មនុញ្ញ។ ក្រោយមកថ្ងៃទី ៥ ខែវិច្ឆិកា TPLF និងក្រុមប្រឆាំងចំនួនប្រាំបីផ្សេងទៀត បានបង្កើតសម្ព័ន្ធភាពមួយ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក អាប៊ី។

ចាប់តាំងពីពេលនោះមកការប្រកាសសង្គ្រាមរវាងរដ្ឋាភិបាលសហព័ន្ធជាមួយរណសិរ្សរំដោះប្រជាជនទីហ្គ្រៃបានឈានទៅដល់សង្រ្គាមបង្ហូរឈាម។ នៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០លោកអាប៊ី បានបញ្ជាឱ្យកងកម្លាំងការពារជាតិអេត្យូពី(ENDF)ភាគខាងជើង ចាប់ផ្តើមប្រតិបត្តិការយោធាដែលគេស្គាល់ថាជា Mekelle Offensive នៅទីហ្រ្គៃឱ្យធ្វើការវាយលុកធ្ងន់ធ្ងរទៅលើពួករណសិរ្សរំដោះប្រជាជនទីហ្គ្រៃ។ ជម្លោះ​បាន​កើន​ឡើង​ជា​បណ្តើរៗ​ហើយវិវត្តន៍ទៅជា​សង្រ្គាម​ទីហ្គ្រី។ អាប៊ីបានប្រើយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ និងបិទប្រព័ន្ធផ្សព្វផ្សាយនៅទីហ្គ្រៃ ហើយបានច្រានចោលការសម្របសម្រួលរបស់ សហភាពអាហ្រ្វិក (AU)។ ខណៈ នៃសង្រ្គាមនៅទីហ្រ្គៃ ប្រទេសអេរីទ្រាដែលធ្លាប់ជាអតីតសត្រូវរបស់អេត្យូពី និងបច្ចុប្បន្នជាសម្ព័ន្ធមិត្ត បានចូលរួមធ្វើសង្រ្គាមជាមួយរដ្ឋាភិបាលសហព័ន្ធរបស់អេត្យូពី ដើម្បីធ្វើសង្រ្គាមប្រឆាំងនិង ជនជាតិដើមភាគតិចទីហ្រ្គៃ។ យោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិដែលបានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០២១ កងទ័ពអេរីទ្រាបានកំណត់គោលដៅ និងបានសម្លាប់ជនស៊ីវិល និងមនុស្សគ្មានអាវុធជាងមួយរយនាក់នៅក្នុងទីក្រុង Tigrayan នៃ Axum ក្នុងខែធ្នូ ឆ្នាំ២០២០។ កេរ្តិ៍ឈ្មោះរបស់លោក អាប៊ី និង មេដឹកនាំប្រទេសអ៊ីរីទ្រាដែលជាអ្នកបង្កើតសន្តិភាព និងទទួលបានពានរង្វាន់ណូបែលសន្តិភាពរងការវាយប្រហារ និងចោទប្រកាន់អំពើឃោរឃៅនៃឧក្រិដ្ឋកម្មសង្គ្រាម។ កាលពីមុន សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសអេត្យូពីថាជាអ្នកធានាសន្តិសុខនៅទ្វីបអាហ្រ្វិក ក្រោមការគ្រប់គ្រងរបស់ អាប៊ី ។ ប៉ុន្តែជម្លោះនៅ ទីហ្គ្រៃ មានផលប៉ះពាល់ផ្នែកសន្តិសុខសម្រាប់តំបន់ទ្វីបអាហ្រ្វិកទាំងមូល។

សហភាពអាហ្រ្វិកបានព្យាយាមជាខ្លាំងក្នុងការសម្របសម្រួលភាគីទាំងពីរ។ នៅទីបំផុត មេដឹកនាំជនជាតិទីហ្រ្គីបានប្តេជ្ញាចិត្តក្នុងការបញ្ឈប់ការបាញ់ប្រហារ ដើម្បីចូលរួមក្នុងការចរចាដែលដឹកនាំដោយ AUក្នុងខែកញ្ញាឆ្នាំ២០២២។ TPLFនិងរដ្ឋាភិបាលកណ្តាលអេត្យូពីបន្ទាប់មកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម នៅថ្ងៃទី ០២ ខែវិច្ឆិកា ២០២២ នៅទីក្រុង ព្រីតូរៀ (Pretoria) ប្រទេសអាហ្វ្រិកខាងត្បូង។  កិច្ចព្រមព្រៀងបានសន្យាថានឹងដកអាវុធដល់ទាហានទីហ្រ្គៃ ហើយប្រគល់ការគ្រប់គ្រងតំបន់ទីហ្រ្គៃទៅរដ្ឋាភិបាលអេត្យូពី បញ្ចប់ការវាយលុក នៅទីក្រុងមីឃេលលី(Mekelle) និងអនុញ្ញាតឱ្យចូលដំណើរការមនុស្សធម៌ពេញលេញទៅកាន់ Tigray ។ ការផ្ទុះឡើងនៃជម្លោះនៅ ទីហ្រ្គៃ បានបង្កវិបត្តិដល់ជនភៀសខ្លួនដែលមកពឹងពាក់អាស្រ័យនៅប្រទេសអេត្យូពី។ នៅឆ្នាំ ២០២១ប្រទេសអេត្យូពីបានរាយការណ៍ថា ប្រជាជន ៥.១ លាននាក់បានផ្លាស់ទីលំនៅខាងក្នុងក្នុងរយៈពេល ១២ ខែ។ មនុស្សរាប់លាននាក់ទៀតបានភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ ខណៈដែលប្រទេសអេត្យូពីភាគខាងជើង ជាពិសេសទីក្រុង Tigray នៅតែត្រូវបានកាត់ផ្តាច់ពីអាហារ ទឹក និងជំនួយផ្នែកវេជ្ជសាស្ត្រ។ ចំណែកនៅខាងក្រៅទីក្រុងទីហ្រ្គៃ នៅតែបន្តភាពតានតឹង។ នៅខែមេសា ឆ្នាំ ២០២១ រដ្ឋាភិបាលបានប្រកាសភាពអាសន្ននៅក្នុងរដ្ឋអាមហារ៉ា( Amhara )បន្ទាប់ពីមានការវាយប្រហារដោយហិង្សាជាបន្តបន្ទាប់លើអ្នកស្រុក Oromo ដោយសារតែ កងទ័ពក្នុងតំបន់របស់អូរ៉ូម៉ូ( Oromia )បានចងសម្ព័ន្ធមិត្តខ្លួនឯងជាមួយជនជាតិដើមភាគតិចទីហ្រ្គៃ។ ចំណែកពួកសកម្មប្រយុទ្ធមួយចំនួនមកពីអាមហារ៉ា និងអាហ្វា ត្រូវបានកងទ័ពសហព័ន្ធ របស់រដ្ឋាភិបាលវាយប្រហារដោយសារតែពួកគេត្រូវបានសង្ស័យថាជា ជនជាតិទីហ្រ្គៃ ឬក៏មានទំនាក់ទំនងជាមួយ TPLF។

សហភាពអាហ្រ្វិកបានព្យាយាមជាខ្លាំងក្នុងការសម្របសម្រួលភាគីទាំងពីរ។ នៅទីបំផុត មេដឹកនាំជនជាតិទីហ្រ្គីបានប្តេជ្ញាចិត្តក្នុងការបញ្ឈប់ការបាញ់ប្រហារ ដើម្បីចូលរួមក្នុងការចរចាដែលដឹកនាំដោយ AUក្នុងខែកញ្ញាឆ្នាំ២០២២។​TPLFនិងរដ្ឋាភិបាលកណ្តាលអេត្យូពីបន្ទាប់មកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម នៅថ្ងៃទី០២ ខែវិច្ឆិកា ២០២២ នៅទីក្រុង ព្រីតូរៀ (Pretoria) ប្រទេសអាហ្វ្រិកខាងត្បូង។  

សង្រ្គាមថ្មីនៅតំបន់អាមហារ៉ា

ថ្ងៃទី ៤ ខែសីហា ២០២៣ដ្ឋាភិបាលនៃប្រទេសអេត្យូពីបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នរយៈពេលប្រាំមួយខែកាលពីថ្ងៃសុក្រ នៅក្នុងតំបន់អាមហារ៉ាដើម្បីបើកការប្រយុទ្ធ។

អាមហារ៉ា​ (Amhara) គឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេទីពីរនៃប្រទេសអេត្យូពី ដែលមានប្រជាជនច្រើនជាង ៣០ លាននាក់។

តំណាងនៃតំបន់នេះធ្លាប់ជាអ្នកគាំទ្រសំខាន់ និងរឹងមាំនៃរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អាប៊ី ហើយពួកគេបានដើរតួយ៉ាងសកម្មក្នុងសង្រ្គាមជាមួយកងកម្លាំងរណសិរ្សរំដោះប្រជាជនទីហ្រ្គៃ (TPLF)។ នៅពេលនោះ កងជីវពលជនជាតិភាគតិចហ្វាណូ (Fano) និងកងកម្លាំងការពារជាតិអេត្យូពី (ENDF) រួមគ្នាប្រយុទ្ធប្រឆាំងនឹង TPLF ហើយបានកាន់កាប់តំបន់ប្រកួតប្រជែងខ្លះនៃតំបន់ទីហ្រ្គៃខាងលិច។ ហ្វាណូ គឺជាកងជីវពលក្រៅផ្លូវការ ដែលមិនមានរចនាសម្ព័ន្ធដែលគេស្គាល់ជាសាធារណៈឡើយ ក្រុមនេះប្រើការទាក់ទាញអ្នកស្ម័គ្រចិត្តពីប្រជាជនក្នុងតំបន់។

ក្រោយជម្លោះនៅតំបន់ទីហ្រ្គៃ ភាពតានតឹងបានកើនឡើងរវាងអាមហារ៉ា និងកងកម្លាំងសហព័ន្ធរដ្ឋាភិបាលបានកើតឡើងរហូតឈានដល់មានការវាយប្រហារដ៏ក្តៅគគុកមួយ ដែលគេព្រួយបារម្ភថាវាជាសង្រ្គាមស៊ីវិលថ្មីមួយទៀតនៅប្រទេសអេត្យូពី។ ជាដំបូង ដោយសារការជាប់គាំងនយោបាយលើស្ថានភាពនៃតំបន់ Welkait, Humera, Tselemt និង Raya ដែលជាទីតាំងក្នុងតំបន់ Tigray ប៉ុន្តែទីនោះមានសហគមន៍ជនជាតិភាគតិចអាមហារ៉ាជាច្រើននាក់ទាមទារបញ្ចូលតំបន់ទាំងនោះទៅក្នុងតំបន់អាមហារ៉ា។ ខណៈដែលរដ្ឋាភិបាលកំពុងធ្វើប្រជាមតិលើបញ្ហានេះ ក្រុមប្រឆាំងការបោះឆ្នោត បានប្រកែកថារដ្ឋាភិបាលត្រូវបានដឹកនាំដោយ TPLF ដោយដាក់តំបន់ទាំងនេះនៅក្រោមតំបន់ទីហ្រ្គៃ ដោយគ្មានការពិគ្រោះយោបល់ជាមួយប្រជាជនឡើយតាំងពីឆ្នាំ១៩៩០។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងព្រីតូរៀក្នុងការចរចារជាមួយ ជាមួយ TPLF និងការចរចាសន្តិភាពតង់ហ្សានីជាមួយកងទ័ពរំដោះអូរូម៉ូ ពុំមានការចូលរួមពីអាមហារ៉ាឡើយ។ រដ្ឋាភិបាលអេត្យូពីស្ទាក់ស្ទើរក្នុងការដកហូតអាវុធធ្វើរណសិរ្សរំដោះប្រជាជនទីហ្រ្គៃ ទោះបីជាមានកិច្ចព្រមព្រៀងលើបទឈប់បាញ់ទៅហើយក៏ដោយ។ ស្របពេលជាមួយគ្នា រដ្ឋាភិបាលអេត្យូពីបានធ្វើការសម្រេចចិត្តរំលាយកងកម្លាំងពិសេសក្នុងតំបន់។ ជនជាតិអាមហារ៉ាបានមើលឃើញថា កងកម្លាំងរដ្ឋាភិបាលមិនបានការពារជនជាតិអាមហារ៉ា ឱ្យបានខ្ជាប់ខ្ជួននោះទេ ក្នុងអំឡុងពេលជម្លោះនៅទីហ្រ្គៃក្នុងឆ្នាំ២០២១ ព្រោះ ENDF បានដកខ្លួនចេញពីទីប្រជុំជន និងទីក្រុងនៃតំបន់អាមហារ៉ា និង អាហ្វា (Afar) ។  ប្រការនេះធ្វើឱ្យជនស៊ីវិលអាមហារ៉ា ប្រឈមមុខនឹងការរំលោភបំពានដោយកងកម្លាំង TPLF ទាំងអំឡុងពេលសង្រ្គាម និងក្រោយពេលសង្រ្គាម ហើយអ្នកតាំងលំនៅផ្ទាល់នៅអាមហារ៉ាក៏បានប្រឈមមុខនឹងអំពើហិង្សាជាបន្តបន្ទាប់ផងដែរនៅក្នុងតំបន់ អូរ៉ូមៀ (Oromia) និង ហ្គូមូស(Gumuz)។ កត្តាផ្សេងៗទៀតបណ្តាលមកពីកង្វះខាតទីលំនៅ ការរឹតបន្តឹងលើអ្នកដំណើរអាមហារ៉ាទៅកាន់ទីក្រុង អាឌីសអាបាបា (Addis Ababa) និងការរុះរើផ្ទះជនជាតិអាមហារ៉ាជាងមួយសែនខ្នងនៅក្នុងទីក្រុង ស្សេហ្គឺ (Sheger) ជំរុញឱ្យមានការតស៊ូប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។

នៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២៣ មានការធ្វើឃាតទៅលើ លោក ហ្គឺម៉ា យេស៊ី្សត្លា (Girma Yeshitla) ដែលជាប្រធានគណបក្សអភិវឌ្ឍន៍នៃតំបន់អាមហារ៉ា។ ជាបន្តបន្ទាប់ ការចាប់ខ្លួនសកម្មជនជនជាតិអាមហារ៉ានិងកងជីវពលហ្វាណូមានកាន់តែច្រើន។ នៅក្នុងខែមេសាឆ្នាំ២០២៣លោកអាប៊ីបានជំរុញឱ្យមានបាតុកម្មហិង្សាមួយសប្តាហ៍ដោយបានបញ្ជាឱ្យកងកម្លាំងសន្តិសុខដាក់បញ្ចូលទៅក្នុងប៉ូលីសទៅក្នុងតំបន់អាមហារ៉ា។ បាតុករ​យល់ឃើញថា​ទង្វើ​នេះ​មាន​គោល​បំណង​បំផ្លាញ​សន្តិសុខ​របស់អាមហារ៉ា ប៉ុន្តែរដ្ឋាភិបាល​បាន​បដិសេធ។ ជម្លោះ​នៅអាមហារ៉ា​បាន​ក្លាយ​ជា​វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​អេត្យូពី​យ៉ាង​ឆាប់​រហ័ស​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​ពីរ​ឆ្នាំ​នៅ​ទីហ្គ្រៃ ដែលពុំទាន់មានការសម្របសម្រួលណាមួយមានប្រសិទ្ធភាពនៅឡើយ។ ការប្រយុទ្ធគ្នាបាននាំមកនូវ ការខូចខាតហេដ្ឋរចនាសម្ព័ន្ធ និងមានអសន្តិសុខក្នុងប្រទេស​អេត្យូពី ដែលក្នុងនោះអំពើហិង្សាផ្លូវភេទត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រដើម្បីធ្វើភេរវកម្មដល់ប្រជាជន។ ប្រទេសអេត្យូពីធ្លាប់តែជាប្រទេសមួយដែលទទួលបានការទុកចិត្តពីអន្តរជាតិ ថាជាប្រទេសរក្សាសន្តិសុខមួយក្នុងទ្វីបអាហ្រ្វិក ដោយបានធ្វើជាជំរំនៃជនភៀសខ្លួនជាច្រើនមកពី អ៊ីរ៉ាក់ ស៊ូដង់ជាដើម។ ប៉ុន្តែឈានមកដល់អាណត្តិរបស់លោក អាប៊ី អេត្យូពីហាក់មានភាពតានតឹង និងបាត់បង់ការទុកចិត្តជាច្រើន។

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ចាន់ជឹម វិជ្ជនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ