ពិភពលោកបានទទួលរងការគម្រាមកំហែងដោយសារអាវុយនុយក្លេអ៊ែរអស់ជាច្រើនទសវត្ស នេះជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច ហួសហេតុរបស់ប្រទេសអ្នកមាន ហើយវាបានជះឥទ្ធិពលពាសពេញពិភពលោក។ ជាសក្ខីភាពគឺសង្រ្គាមលោកលើកទី១ និង សង្រ្គាមលោកលើកទី២ (ប្រជាជនចន្លោះប្រមាណ ៥០ ទៅ៧០ បានស្លាប់)ពិសេសជប៉ុនដែលបានរងគ្រោះដោយសារគ្រាប់បែកអាតូមិកនៅក្នុងឆ្នាំ១៩៤៥ ជារូបភាពនៃការចងចាំរបស់ពិភពលោកតែម្ដង។ ម្យ៉ាងវិញទៀត គេមិនដែលបំភ្លេចសង្រ្គាមត្រជាក់ដែលជាយុគសម័យប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ (Nuclear Arms Race) ដែលពេលនោះមានភាពតឹតតែងជាខ្លាំងនោះទេ។ ក្នុងបំណងចង់ធានាសុវត្ថិភាពពិភពលោកអង្គការសហប្រជាជាតិខឹតខំប្រឹងប្រែង បង្កើតនូវសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមានកាលពី ខែមករា ឆ្នាំ២០២១ បន្ទាប់ពីប្រទេសហុងឌុយរ៉ាស បានសម្រេចផ្តល់សច្ចាប័នគ្រប់លេខរៀងទី៥០។ ចំពោះអង្គការសហប្រជាជាតិ ការចូលជាធរមាននេះគឺជាជោគជ័យថ្មីមួយទៀត សម្រាប់មនុស្សជាតិ ដែលធានាចំពោះអនាគតពិភពលោកល្អប្រសើរ។ តែសម្រាប់ការយល់ឃើញរបស់មហាជន សន្ធិសញ្ញានេះជាយន្ដការគ្មានប្រសិទ្ធភាព តាក់តែងឱ្យតែមានៗក្នុងក្រដាសតែប៉ុណ្ណោះ ត្បិតថាគេឃើញ មានតែប្រទេសតូចៗនោះទេ ដែលរត់ព្រោងព្រាត់ផ្តល់សច្ចាប័ន ខណៈមហាអំណាចនុយក្លេអ៊ែរទាំង៥ ឬសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិមានដូចជា អាមេរិក រុស្ស៊ី បារាំង អង់គ្លេស និងចិន មិនបានចូលរួមឡើយផ្ដល់សច្ចាប័នឡើយ។ ហើយសូម្បីជប៉ុនក៏មិនផ្ដល់សច្ចាប័នដែលទោះប្រជាជនអង្វររដ្ឋាភិបាលយ៉ាងណាក៏ដោយ។ ទង្វើរបៀបនេះមានន័យយ៉ាងមិចទៅ?
សូមធ្វើការកត់សម្គាល់៖ តាំងពីចប់សង្រ្គាមលោកលើកទី២ និង ក្រោយសង្រ្កាមត្រជាក់សន្ធិសញ្ញាស្ដីពីនុយក្លេអ៊ែរបានបង្កើតជាច្រើនក្នុងនោះមានដូចជា៖
១ សន្ធិសញ្ញាសម្រាប់ការហាមឃាត់ដោយផ្នែកនៃ ការធ្វើតេស្តនុយក្លេអ៊ែរដែលមានឈ្មោះជាភាសាអង់គ្លេសថា Treaty for the partial banning of nuclear tests.
២ សន្ធិសញ្ញាស្តីពីការមិនរំសាយអាវុធនុយក្លេអ៊ែរ (Treaty on the Non-Proliferation of Nuclear Weapons)
៣ សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ Comprehensive Nuclear Test Ban Treaty (CTBT)
ដែលនៅក្នុងឆ្នាំពី២០១២ ក្រុមប្រឹក្សាសន្តិសុខថ្កោលទោសការបាញ់សាកល្បងរ៉ុកកែតរបស់កូរ៉េខាងជើងដែលផ្ទុយទៅនឹងសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ។ ក្នុងនោះក្រុមប្រឹក្សាសន្ដិសុខចោទកូរ៉េខាងជើងថា បានធ្វើការបាញ់សាកល្បងរ៉ុកកែត តែកូរ៉េខាងជើងបែជាតបថា បាញ់បង្ហោះផ្កាយរណបទៅវិញ។ ក្នុងន័យនេះ យើងមិននិយាយពីសន្ធិសញ្ញាមុនៗទេតែយើងនិយាយតែ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)ប៉ុណ្ណោះ។
អ្វីទៅជាអាវុធនុយក្លេអ៊ែរ ហើយវាមានកម្លាំងបំផ្ទុះកម្រិតណាទៅ?
បើយើងលើកឡើងពីអាវុធនុក្លេអ៊ែរ គឺជាសំដៅដល់គ្រឿងផ្ទុះដ៏មានឥទ្ធិពលខ្លាំង វាបានមកបានមកពីការបំបែកនៃភាគល្អិតតូច ៗ ក្នុងអាតូម ពេលខ្លះអ្នកអាចបានឮគ្រាប់បែកនុយក្លេអ៊ែរត្រូវបានគេ ហៅថាគ្រាប់បែកអាតូម (Atomic bomb)។ អាវុធនុយក្លេអ៊ែរមានកម្លាំងផ្ទុះខ្លាំងជាគ្រាប់បែកធម្មតា។ ហើយវាត្រូវបានគេដឹងថា កូនគ្រាប់តូចមួយរបស់វាអាចកម្ទេចទីក្រុងដ៏សម្បើមមួយ ( Hiroshima នៅប្រទេសជប៉ុន) បាន។ បន្ថែមពីលើនេះទៅទៀត អាវុធនុយក្លេអ៊ែរនេះមានផ្ទុកសារធាតុវិទ្យុសកម្ម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរ និង បណ្ដាលឱ្យមានជា បញ្ហាសុខភាពដូចជា៖ រោគសើស្បែក ជំងឺមហារីក និងជំងឺកាចសាហាវនានា និងមិនងាយក្នុងការព្យាបាល ពិសេសវាក៏អាចប៉ះពាល់ដល់ការបំផ្លាស់ប្ដូរហ្សែនរបស់មនុស្សផងដែរ។
ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅតាមប្រទេសមហាអំណាច
ដូចបានលើកឡើងពីដំបូងថា គេឃើញតែប្រទេសតូចៗប៉ុណ្ណោះ ដែលផ្តល់សច្ចាប័ន ខណៈមហាអំណាចនុយក្លេអ៊ែរទាំង៥សម្ងំស្ងៀម និងបន្ដផលិត បើបែបនេះតើឱ្យពិភពលោកគ្មាននុយក្លេអ៊ែរបានយ៉ាងម៉េចទៅ? យ៉ាងណាមិនវាមិនមែនជារឿងគួរឲ្យឆ្ងល់ទេ ប្រសិនបើប្រទេសទាំងនោះមិនផលិត តើពួកគេបានអ្វីសំអាងអំណាចរបស់ពួកគេទៅ។ ក្នុងនាមជាប្រទេសធំនិងអំណាចក្នុងលោក សហរដ្ឋអាមេរិកដែលមានមហិច្ឆតា អនុត្តរភាពនិយមផងនោះរឹតដែលមិនអាចឱបដៃមើលប្រទេសផងផលិតអាវុធបានច្រើនជាងខ្លួនទេ ទោះខ្លួននៅលំដាប់រងប្រទេសរុស្ស៊ីដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលជាមរតកពីអតីតសហភាពសូរៀតក៏ដោយ។ បន្ទាប់ពីនេះ យើងមកដឹងពីចំនួនក្បាលគ្រាប់នៅតាមបណ្ដាលប្រទេសនានា៖ តាមការប៉ាន់ប្រមាណរបស់ SIPRI បង្ហាញថា សហរដ្ឋអាមេរិក និងរុស្ស៊ី នៅតែជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដែលអាមេរិកមាននុយក្លេអ៊ែចំនួន ៣ ៧០៨ ក្បាលគ្រាប់ និងរុស្ស៊ីមាន ៤ ៤៧៧ ក្បាលគ្រាប់ ខណៈដែលចិនមាន ៣៥០ បារាំង ២៩០ និងចក្រភពអង់គ្លេសចំនួន ១៨០ ក្បាលគ្រាប់។ ក្បាលគ្រាប់របស់ចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងពី ១៤៥ ក្បាលគ្រាប់ ក្នុងឆ្នាំ ២០០៦ នេះបើយោងតាមវិទ្យាស្ថាន ហើយមន្ទីរបញ្ចកោណបានព្យាករថា ឃ្លាំងនុយក្លែអ៊ែររបស់ចិននឹង មានទំហំយ៉ាងតិចទ្វេដង ក្នុងរយៈពេល ១ ទសវត្សរ៍ក្រោយ។ បន្ថែមពីលើនេះទៀត ក្នុងឆ្នាំ ២០២៣ តាមរយៈក្រសួងការពារជាតិអាមេរិក បានសន្និដ្ឋានថា ក្នុងឆ្នាំពី២០៣០ ប្រទេសចិន ទំនងជានឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ១០០០គ្រាប់ដោយសារប្រទេសចិនខិតខំធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្មសមត្ថភាពយោធារបស់ខ្លួន។
សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) និងប្រទេសហត្ថលេខី
កាលណាគេនិយាយពី TPNW វាមានពាក្យពេញថា Treaty on the Prohibition of Nuclear Weapons ឬជាភាសាខ្មែរថាសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ សំដៅដល់ប្រការហាមឃាត់រាល់សកម្មភាពទាក់ទិននឹងអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទដូចជា ការអភិវឌ្ឍ ការធ្វើតេស្ត ការស្តុកទុក ការប្រើប្រាស់ និងការយកអាវុធនុយក្លេអ៊ែរគំរាមកំហែងប្រទេសដទៃ។ ទោះបីជាយ៉ាងណាក៏ដោយ សន្ធិសញ្ញាអង្គការសហប្រជាជាតិនេះមិនមានការចាប់បង្ខំ ឬការចងភ្ជាប់កាតព្វកិច្ចសម្រាប់ប្រទេសមួយចំនួន ឬមហាអំណាចឲ្យរំសាយអាវុធនុយក្លេអ៊ែរនោះទេ តែពិភពលោកក៏មានក្ដីរំពឹងថាវាជា សន្ធិសញ្ញាដ៏ល្អមួយ ដែលអាចនាំឲ្យប្រទេសមួយចំនួន កាត់បន្ថយបរិមាណនុយក្លេអ៊ែរនៅក្នុងឃ្លាំងស្តុករបស់ខ្លួនបាន។ TPNW ទម្រាំបានចូលជាធរមាន វាត្រូវការការការផ្ដល់សច្ចាប័នពីបណ្ដាប្រទេសឱ្យបានហោចណាស់ ៥០ប្រទេស ដែលមានប្រទេសហុងឌុយរ៉ាសផ្ដល់សច្ចាប័នទី៥០ក្រោយគេបង្អស់។ តាមពិតទៅសន្ធិសញ្ញានេះ គឺជាការខឹតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ហើយសន្ធិសញ្ញានេះ អនុម័តចេញដោយមហាសន្និបាត នៃអង្គការសហប្រជាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៧ ។ ក្នុងនោះគេកំណត់សម្គាល់មានការគាំទ្រពីប្រទេសចំនួន១២២។ បន្ថែមពីនេះប្រទេសដែលបានចុះហត្ថលេខាស្រេចមាន៨៤រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ។ បន្ដបន្ទាប់មកមានប្រទេសមួយចំនួនបន្ថែមទៀតផ្តល់សច្ចាប័ន ដូចជា នីហ្សេរីយ៉ា ម៉ាឡេស៊ី អៀរឡង់ ម៉ាល់ កោះទូវ៉ាលូ ជាដើម។ សំនួរសួរថា បើប្រទេសតូចៗទាំងអស់នោះចុះតើមានន័យអ្វី បើប្រទេសពួកគេគ្មានអាវុធ យកគេជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រជាជនក្រីក្រខ្លាំងនោះ? យ៉ាងណាម៉េច សន្ធិសញ្ញានេះគ្រាន់តែជានិមិត្តសញ្ញា ដើម្បីលួងចិត្តប្រជាជនក្នុងពិភពលោកតែប៉ុណ្ណោះ ព្រោះមហាអំណាចដែលផលិត លក់ ចែកចាក ចរាចរណ៍មានបានចាត់ទុកសន្ធិកសញ្ញានេះក្នុងក្រសែភ្នែកពួកគេឡើយ ពិសេសប្រទេសនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផ្ទាល់ បើទោះបីជាគេផ្ដល់ជំនួយមនុស្សធម៌ តែពួកគេក៏លក់អាវុធគ្រោះថ្នាក់ ផលិត និងចរាចរណ៍ទំនិញនុយក្លេអ៊ែរដដែល។ ជាក់ស្ដែងអតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Joschka Fischer បានអះអាងថាក្នុងឆ្នាំ២០២៣នេះថា សហភាពអឺរ៉ុបចាំបាច់ត្រូវទទួលបាន ឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដោយយកហេតុផល ដើម្បីរារាំងរុស្ស៊ី។
សន្ធិសញ្ញាគ្មានប្រសិទ្ធភាព និងភាពល្អក់កករ
ជាការពិតណាស់ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ មានប្រសិទ្ធភាពត្រឹមតែជាក្រដាសមួយដុំប៉ុណ្ណោះ ជាសៀវភៅច្បាប់ដែលមានតែយន្ដការតែមិនបានដាក់ទោសអ្នកប្រព្រឹត្តខុស ព្រោះអ្នកទាំងអស់នោះមិនបានផ្ដល់សច្ចាប័ន មានតែដែនអនុវត្ត ចំពោះប្រសិទ្ធភាពវិញគឺគ្មានឡើយ។ ប្រទេសមហាអំណាចដែលមានអាវុធនុយក្លេអ៊ែរ ពេញៗដៃ គឺមិនបានផ្តល់សច្ចាប័ន ចំពោះសន្ធិសញ្ញានេះ ពួកគេមិនអើពើនិងមកបានយកចិត្តទុកដាក់ទាល់តែសោះ ពួកគេឱបដៃមើលប្រទេសតូចៗរត់ព្រោងព្រាតចុះហត្ថលេខា។ បើក្រឡេកទៅមើលជ្រុងមួយទៀត ប្រទេសនុយក្លេអ៊ែរទាំងនោះតែងបង្កព្យុះភ្លៀងពាក្យសំដី វាយប្រហារគ្នាទៅមក ហើយពួកគេក៏កំពុង ញ៉ាប់ដៃញ៉ាប់ជើងបង្កើន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធរបស់ពួកគេរៀងៗខ្លួន ទស្សនីយភាពប្រកួតប្រជែងនយោបាយនេះវាពិតជាដ៏គួរឱ្យព្រួយបារម្ភចំពោះសន្ដិសុខពិភពលោកពេលខាងមុខ។ ជាចុងក្រោយ យើងអាចសន្និដ្ឋាន បានថាពិភពលោកនិងនៅតែបន្ដការគម្រាមកំហែលដោយអាវុធនុយក្លេអ៊ែរ ហើយអនាគតពិភពលោកគឺមានតែភាពភ័យខ្លាចដោយសារការហែកហួរគ្នារវាងមហាអំណាចពិភពលោក។ តាមពិតទៅ វាជាគំនិតនយោបាយព្រោះថាដើម្បីឲ្យប្រទេសខ្លាំងត្រូវមានអ្វីមួយជាការសម្អាង ហើយប្រទេសមហាអំណាចទាំងនោះពិតជាមិនអាចក្លាយជាមហាអំណាចទេបើគ្មានអាវុធនុយក្លេអ៊ែរ។ បើគ្មានអាវុធតើមានអ្វីទៅគម្រាបកំហែងប្រទេសដទៃនោះ។