"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ការផ្លាស់ប្តូរមេដឹកនាំនៅសិង្ហបុរី

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

គណបក្សសកម្មភាពប្រជាជន (People’s Action Party) នឹងត្រូវផ្លាស់ប្តូរមេដឹកនាំថ្មីបន្ទាប់ពីមានការពន្យាពេលដោយសារវិបត្តិកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសកាលពីពេលថ្មីៗនេះថា​ លោកនឹងប្រគល់ដំណែងជាប្រធានគណបក្សសកម្មភាពប្រជាជនទៅកាន់ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉េន វង្ស (Lawrence Wong) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤​ ខាងមុខនេះដែលត្រូវនឹងខួបទី ៧០ របស់គណបក្ស។​ ការផ្លាស់ប្តូរនេះនឹងធ្វើឡើងមួយឆ្នាំមុនការបោះឆ្នោតសកលឈានចូលមកដល់។ ក្នុងអត្ថបទនេះយើងនឹងរំលឹកមកវិញអំពីប្រវត្តិត្រួសៗរបស់នាយករដ្ឋមន្ត្រី​ លោក លី សៀនឡុង និងស្នាដៃមួយចំនួនដែលលោកបានបន្សល់ទុកក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី និងមូលហេតុពីក្រោយការផ្លាស់ប្តូរអំណាចនៅពេលនេះ។ ក្រោយមកយើងនឹងមកស្វែងយល់អំពីប្រវត្តិការសិក្សា និងប្រវត្តិការងាររបស់លោកឧបនាយករដ្ឋមន្ត្រី ឡរ៉េន វង្ស ដែលនឹងត្រូវឡើងមកធ្វើជាប្រធានគណបក្សសកម្មភាពប្រជាជន ហើយក៏អាចនឹងជានាយករដ្ឋមន្ត្រីសិង្ហបុរីថ្មីផងដែរ។

ប្រវត្តិត្រួសៗរបស់នាយករដ្ឋមន្ត្រីលោក លី សៀនឡុង និងស្នាដៃ

លោកនាយករដ្ឋមន្ត្រី លី សៀនឡុង គឺជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ ដែលត្រូវបានគេទទួលស្គាល់ថាជាបិតាស្ថាបនិកប្រទេសសិង្ហបុរី។ លោក លី សៀនឡុង បានចូលបម្រើការជាអគ្គលេខាធិការបក្ស និងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០០៤ ដែលជាការបន្តតំណែងពីអតីតនាយករដ្ឋមន្រ្តីលោក ហ្គោ ចុកតុង (Goh Chok Tong) ដែលបានផុតអាណត្តិទៅ។ ការផ្លាស់ប្តូរកាលនោះត្រូវបានគ្រោងទុក និងកើតឡើងដោយគ្មានការបោះឆ្នោតនោះទេ។ ចាប់តាំងពីពេលចូលកាន់តំណែងដំបូងនៅឆ្នាំ ២០០៤ លោក លី សៀនឡុង បានបន្សល់សមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ ក្រោមការដឹកនាំរបស់លី សៀនឡុង សិង្ហបុរីបានជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតរបស់ពិភពលោក។ លោកបានអនុវត្តយុទ្ធសាស្រ្តដើម្បីទាក់ទាញការវិនិយោគពីបរទេស ជំរុញការបង្កើតថ្មី និងអភិវឌ្ឍសេដ្ឋកិច្ចចម្រុះ ដែលធ្វើឱ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ បន្ថែមពីនេះ ការរីកចម្រើនសេដ្ឋកិច្ចសិង្ហបុរីមានស្ថិរភាពល្អ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាធម្មតាប្រហែល ៥ ភាគរយ។

ហេតុផលក្រោយការផ្លាស់ប្តូរអំណាចដឹកនាំ

នាយករដ្ឋមន្ត្រី លី សៀនឡុង មាន​គម្រោងប្រគល់តំណែងរបស់លោកនៅពេលដែលលោកឈានដល់អាយុ ៧០ឆ្នាំ។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដោយលោក លី សៀនឡុង បានសម្រេចចិត្តបន្តកាន់តំណែង ដោយខ្លាចថាអ្នកដឹកនាំថ្មីខ្វះបទពិសោធន៍ក្នុងការដឹកនាំប្រទេសក្នុងគ្រាដ៏លំបាកនេះ។ ឥឡូវនេះលោក លី សៀនឡុង មានអាយុ ៧១ឆ្នាំ ហើយលោកក៏បានប្រកាសសារជាថ្មីថា លោកនឹងផ្ទេរតំណែងរបស់លោកជាប្រធានគណបក្សសកម្មភាពប្រជាជនទៅឱ្យលោក ឡរ៉េន វង្ស។ មូលហេតុពីក្រោយការផ្លាស់ប្តូរតំណែងនេះគ្មានអ្វីស្មុគស្មាញនោះទេ។ មូលហេតុធំជាងគេនោះគឺកត្តាអាយុរបស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង តែម្ដង។ លោកបានមានប្រសាសន៍ថា លោកចង់ទុកឱកាសសម្រាប់អ្នកដឹកនាំជំនាន់ក្រោយដើម្បីដឹកនាំប្រទេសសិង្ហបុរីឱ្យកាន់តែរីកចម្រើនទៅមុខ​។ លោកក៏ចង់ចំណាយពេលវេលាចុងក្រោយរបស់លោកនៅជាមួយគ្រួសារឱ្យបានច្រើនជាងមុន ហើយលោកជឿជាក់ថាការផ្លាស់ប្តូរអំណាចឥឡូវនេះគឺជាពេលដ៏ល្អបំផុត។ លោក លី សៀនឡុង ក៏បាននិយាយផងដែរថា លោក​នឹង​ត្រៀមខ្លួនចាំជួយនាយករដ្ឋមន្ត្រី​នៃរដ្ឋាភិបាលថ្មី​ជានិច្ច។

ប្រវត្តិការសិក្សា និងប្រវត្តិការងាររបស់លោកឧបនាយករដ្ឋមន្ត្រី ឡរ៉េន វង្ស

លោក ឡរ៉េន វង្ស កើតនៅឆ្នាំ ១៩៧២ បច្ចុប្បន្នមានអាយុ ៥១ឆ្នាំ។ លោក វង្ស បានទទួលការអប់រំនៅអនុវិទ្យាល័យតានចុង កាតុង (Tanjong Katong) និងនៅមហាវិទ្យាល័យ វិកតូរៀ ជូនៀ (Victoria Junior College) ។ គាត់បានទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ វីស្កនស៊ិន ម៉ាឌីសុន (Wisconsin-Madison) និងសាកលវិទ្យាល័យ មីឈីហ្កែន អាន់អាបរ (Michigan-Ann Arbor) ។ គាត់ក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាលា ហាវឺដ ខេណឺឌី (Harvard Kennedy) ផងដែរ ។ មុន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ លោក ឡរ៉េន វង្ស ធ្លាប់បានចូលធ្វើជា​មន្ត្រី​រាជការ។ គាត់ធ្លាប់ជានាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពល និងជាលេខាឯកជនដ៏សំខាន់របស់នាយករដ្ឋមន្ត្រី លី សៀនឡុង។ ក្នុងឆ្នាំ ២០១១ គាត់ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាជាលើកដំបូង ជារដ្ឋមន្រ្តីក្រសួងអប់រំនិងការពារជាតិ។ លោកអាចបន្តរក្សាអាសនៈបានទាំងនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៥ និង ២០២០ ខណៈដែលលោកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ទៀត។ លោកក៏ធ្លាប់បានធ្វើជាសហប្រធានក្រុមការងារពហុក្រសួងស្តីពីកូវីដ១៩ កាលពីឆ្នាំ ២០២០ ដែលទទួលបន្ទុកត្រួតពិនិត្យការឆ្លើយតបរបស់រដ្ឋាភិបាលសិង្ហបុរីចំពោះជំងឺរាដត្បាតកូវីដ១៩។ លោកបានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះវិធានការឆ្លើយតប​ទៅនឹងជំងឺកូវីដ១៩។ ក្រោមការដឹកនាំរបស់លោក សិង្ហបុរីបានដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺនេះដ៏មានប្រសិទ្ធភាព ដែលធ្វើឱ្យអត្រាអ្នកឆ្លង និងស្លាប់ស្ថិតនៅកម្រិតទាបបំផុត ជាពិសេសនៅដំណាក់កាលដំបូងនៃកូវីដ១៩។ នេះក៏ជាពេលដែលប្រជាប្រិយភាពរបស់​លោក ឡរ៉េន វង្ស មានភាពលេចធ្លោខ្លាំងក្នុងចំណោមសាធារណជន។ លោកបានចេញមុខក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាច្រើនលើក ដែលធ្វើឱ្យសាធារណជនស្គាល់លោកកាន់តែច្រើនឡើងៗ។ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ លោក ឡរ៉េន វង្ស ត្រូវបានដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី ដែលកាន់តែពង្រឹងតួនាទីរបស់លោកជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីលោក លី សៀនឡុង បន្ថែមទៀត។

ការរំពឹងទុកអំពីបម្លាស់ប្តូរនយោបាយក្រោយអ្នកដឹកនាំថ្មីឡើងកាន់តំណែង

លោក ឡរ៉េន វង្ស មានការយកចិត្តទុកដាក់ខ្លាំងលើបញ្ហាសង្គម ដូចជាវិសមភាព និងការប្រែប្រួលអាកាសធាតុ។ លោកក៏បាននិយាយផងដែរថា លោកចាប់អារម្មណ៍ក្នុងការស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យជីវភាពរស់នៅក្នុងប្រទេសសិង្ហបុរីកាន់តែមានតម្លៃសមរម្យ ជាពិសេសសម្រាប់យុវជន និងក្រុមគ្រួសារ។ យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយមួយចំនួនមិនរំពឹងថានឹងមានការផ្លាស់ប្តូរគោលនយោបាយការបរទេសធំណាមួយឡើយ ដោយបានធ្វើការកត់សម្គាល់ថា គោលនយោបាយការបរទេសរបស់សិង្ហបុរីមានអព្យាក្រឹតភាពរួចស្រាប់ទៅហើយ បន្ថែមពីនេះសិង្ហបុរីក៏តែងតែផ្តល់អាទិភាពទៅដល់ផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។

ការឆ្លើយតបរបស់សាធារណៈជន

អ្នកវិភាគមួយចំនួននិយាយថាការផ្ទេរតំណែងមុនការបោះឆ្នោតសកលនេះគឺជា “សកម្មភាពដ៏ក្លាហាន” ដោយសារតែជាធម្មតា នាយករដ្ឋមន្ត្រី​ក្នុង​ប្រទេស​សិង្ហបុរី​តែងតែរង់ចាំ​រហូតដល់​ក្រោយ​ការ​បោះឆ្នោត​ដើម្បី​ធានា​បាន​នូវការ​ប្រគល់តំណែង​ដោយ​រលូន និង​រក្សា​ការ​ឯកភាព​គណបក្ស។ ដូច្នេះគេហៅការផ្លាស់ប្តូរមុនការបោះឆ្នោតនេះ ថាជាការសម្រេចចិត្តដ៏ក្លាហានមួយរបស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង។ ការផ្លាស់ប្តូរពេលនេះក៏បានបង្ហាញពីទំនុកចិត្តរបស់លោក លី សៀនឡុង ទៅលើលោក ឡរ៉េន វង្ស និងការចង់ផ្តល់ពេលវេលាឱ្យលោក ឡរ៉េន វង្ស ដើម្បីត្រៀមខ្លួនមុនពេលប្រឈមមុខនឹងការបោះឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រគល់តំណែងមុននេះទំនងជាមិនប៉ះពាល់ដល់ស្ថិរភាពសិង្ហបុរីនោះទេ ព្រោះលោក លី សៀនឡុង ប្រហែលជានៅតែបន្តកាន់តំណែងណាមួយក្នុងគណៈរដ្ឋមន្ត្រី។

ដោយឡែក ការឆ្លើយតបរបស់ប្រជាជនទូទៅរបស់ប្រជាជនសិង្ហបុរីមានភាពវិជ្ជមានចំពោះការប្រគល់តំណែងមួយនេះ។ ការសិក្សាមួយបានរកឃើញថា ប្រជាជនសិង្ហបុរីប្រហែល ៦ នាក់ក្នុងចំណោម ១០ នាក់ជឿជាក់ថាឧបនាយករដ្ឋមន្ត្រី ឡរ៉េន វង្ស គឺជាមេដឹកនាំជំនាន់ទី ៤ ដ៏ល្អបំផុតដែលអាចដឹកនាំសិង្ហបុរីក្រោយវិបត្តិកូវីដ១៩។ គួរបញ្ចាក់ផងដែរថា លោកក៏ទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ជុំវិញស្រទាប់យុវវ័យ។ គេច្រើនឃើញលោកប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយយុវជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram និង TikTok ជាដើម។ នេះ​ធ្វើ​ឱ្យ​គាត់​ហាក់​មាន​ភាព​ទាក់​ទាញ និង​មានភាពស៊ីសង្វាក់គ្នាជាមួយក្មេងជំនាន់ក្រោយជាង​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ប៊ូ នីសា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ