ជារៀងរាល់៤ឆ្នាំម្តង សហរដ្ឋអាមេរិកតែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលជាប្រមុខរដ្ឋរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤នេះ លោក ចូ បៃដិននឹងត្រូវប្រកួតប្រជែងសាជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសំរាប់អាណត្តិថ្មី។ ប៉ុន្តែកាលពីពែលថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋការរបស់លោកគឺ លោក ឡយដ៍ អូស្ទីន ត្រូវបានមន្ទីរបពា្ចកោណប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ការធ្លាក់ខ្លួនឈឺរបស់លោករដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើអោយមានការរិះគន់ជាខ្លាំងអំពីបក្សប្រឆាំង និងមជ្ឈដ្ឋានទូទៅផងដែរ ដោយសារតែលោកមិនបានប្រាប់ទៅប្រធានាធិបតីអោយដឹងទាន់ពេលវេលា។ តើជំងឺមហារីករបស់ប្រមុខការពារជាតិអាមេរិករូបនេះប៉ះពាល់ដល់ប្រជាប្រិយភាពលោកចូ បៃដិននៅពេលបោះឆ្នោតខាងមុខឬទេ?
១. បញ្ហាសុខភាពរបស់លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន
លោក ឡយដ៍ អូស្ទីនគឺជាបុគ្គលដែលគួរអោយចាប់អារម្មណ៍មួយរូប បន្ទាប់ពីការឈ្នះឆ្នោតរបស់លោក ចូ បៃដិន នៅឆ្នាំ២០២០ និងចូលកាន់តំណែងក្នុងឆ្នាំ២០២១។ អ្វីដែលជាការចាប់អាម្មរណ៍ទៅលើរូបលោក ដោយសារលោកជាជនជាតិអាមេរិកស្បែកខ្មៅដំបូងដែលបានកាន់តំណែងជាប្រមុខការពារជាតិរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ។ បន្ទាប់ពីកាន់អំណាចរយៈពេល៣ឆ្នាំ ស្រាប់លោក អូស្ទីន ត្រូវបានមន្ទីរបញ្ចកោណបានប្រកាសថាលោកមានជំងឺមហារីកប្រូស្តាតនៅដើមខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ។ ក្នុងវ័យ៧០ឆ្នាំ លោកអូស្ទីន ត្រូវបានចូលព្យាបាលជំងឺនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ និងលោកបានសំរាកព្យាបាលនៅមន្ទីរពេទ្យ និងនៅផ្ទះផងដែរមកដល់ពេលនេះ។ ដោយសារបញ្ហាសុខភាពខាងលើ ត្រូវគេបានមើលឃើញថាលោកអូស្ទីន បានព្យាយាមលាក់បាំងផងដែរ ព្រោះពេលដែលពិនិត្យឃើញភា្លមៗ សូម្បីតែលោកប្រធានាធិបតី ចូ បៃដិន ក៏ពុំបានដឹងថារដ្ឋមន្រ្តីការពារជាតិរបស់ខ្លួនបានធ្លាក់ខ្លួនឈឺនោះឡើយ។ លោកប្រធានាធិបតីទើបតែទទួលដំណឹងអំពីសុខភាពលោកអូស្ទីននេះ នៅដើមខែមករា ឆ្នាំ២០២៤ប៉ុណ្ណោះ។ ទោះបីជាមានជំងឺមហារីកក៏ដោយ លោក ឡយដ៍ អូស្ទីនគ្មានចេតនាក្នុងការបង្ហាញពីការលាឈប់ពីតំណែងមួយនេះទេ។ នេះបើយោងតាមការធ្វើសន្និសីទព័ត៌មានតាមរយៈអ្នកនាំពាក្យមន្ទីរបញ្ចកោណ។ ក្នុងពេលកំឡុងក្នុងការព្យាបាលជំងឺរបស់លោក លោក អូស្ទីនបានផ្ទេរភារកិច្ចរបស់លោកទៅដល់អនុរដ្ឋមន្រ្តីការពារជាតិរបស់ខ្លួន។
២. តើបញ្ហាសុខភាពរបស់លោក ឡយដ៍ អូស្ទីន អាចប៉ះពាល់ដល់ប្រជាប្រិយភាពលោក បៃដិន ឬទេ?
គួរបញ្ជាក់ផងដែរថា តួនាទីរដ្ឋមន្រ្តីការពារជាតិរបស់អាមេរិកគឺជាតំណែងសំខាន់ទី២បន្ទាប់ពីតំណែងប្រធានាធិបតី ព្រោះអាមេរិកជាប្រទេសមហាអំណាចពិភពលោក ហើយមានមូលដ្ឋានទ័ពជាច្រើនក្នុងពិភពលោកផងដែរ។ ក្នុងបរិបទពិភពលោកសព្វថ្ងៃ កំពុងជួបប្រទះវិបត្តិនិងសង្គ្រាមជាច្រើនដូចជា សង្គ្រាមរុស្សី និងអ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល និងពួកហាម៉ាសជាដើម។ ក្នុងនាមសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច សង្គ្រាមទាំងនេះគឺជារឿងសំខាន់ដែលអាមេរិកត្រូវគ្រប់គ្រង និងពិនិត្យអោយបានច្បាស់លាស់គ្រប់ស្ថានការ។ ប៉ុន្តែក្នុងកាលៈទេសៈនេះ ស្រាប់តែប្រមុខការពារជាតិអាមេរិចធ្លាក់ខ្លួនឈឺនឹងជំងឺមហារីក ក៏បានធ្វើឱ្យមានមតិរិះគន់ទៅលើរដ្ឋការលោកចូ បៃដិនផងដែរ។ នៅក្នុងឆ្នាំ២០២៤នេះទៀតសោត ក៏ជាឆ្នាំនៃការរៀបចំការបោះឆ្នោតជាថ្មីសំរាប់ជ្រើសរើសប្រធានាធិបតីអាមេរិក អាណត្តិថ្មីផងដែរ។ ហេតុដូច្នោះ ការធ្លាក់ខ្លួនឈឺនៃប្រមុខមន្ទីរបញ្ចកោណ គឺជារឿងមួយដែលលោកបៃឌិន ត្រូវត្រៀមខ្លួនក្នុងការរិះគន់និងវាយប្រហារពីសំណាក់បក្សសាធារណរដ្ឋ ដែលជាគូប្រជែងរបស់ខ្លួននៅពេលខាងមុខនេះ។ ភាគីខាងគូប្រជែងអាចនឹងលើកយករឿងបញ្ហានេះ នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់ខ្លួននិងរិះគន់អំពីចំណុចខ្សោយរបស់លោកប្រធានាធិបតីដែលពុំបានដឹងពីជំងឺរបស់មន្រ្តីសំខាន់របស់ខ្លួនជាដើម។ ម្យ៉ាងការរិះគន់នេះមិនមែនត្រឹមតែគូប្រជែងនោះទេ សូម្បីតែក្នុងរង្វង់គណបក្សប្រជាធិបតេយ្យរបស់ខ្លួនផ្ទាល់ក៏មានការមិនពេញចិត្តផងដែរចំពោះការបិទបាំងចំពោះការធ្លាក់ខ្លួនឈឺដែលសរបញ្ជាក់ថាធ្វើមានការបាត់បង់ទំនុកចិត្តចំពោះការខ្វះតម្លាភាពរបស់លោកអូស្ទីនផងដែរ។
ជាសរុបមក បញ្ហាសុខភាពរបស់លោក ឡយដ៍ អូស្ទីន នឹងជះឥទ្ធិពលខ្លាំងដល់ប្រជាប្រិយភាពរបស់ប្រធានាធិបតី ចូ បៃដិន នាពេលបោះឆ្នោតខាងមុខនេះ ដោយសារតែនេះអាចជាហេតុផលមួយដែលធ្វើអោយបក្សគូប្រជែងយកធ្វើការការរិះគន់ដល់លោកក្នុងការគ្រប់គ្រងរបស់រូបលោកផ្ទាល់ និងអាចទាញយកប្រជាប្រិយភាពពីលោកប្រធានាធិបតីកាន់តែច្រើនផងដែរ។ដូច្នេះ លោក បៃដិន ត្រូវតែត្រៀមខ្លួន និងពង្រឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនក្នុងការឆ្លើយតបការរិះគន់នានានៅពេលខាងមុខនេះ ដើម្បីអោយខ្លួនលោកបានបន្តធ្ចើជាប្រធានាធិបតីក្នុងអាណត្តិទី២របស់ខ្លួនបន្តទៀត។