លុយដុល្លារអាមេរិក គឺជារូបិយវត្ថុរបស់សហរដ្ឋអាមេរិក ព្រមទាំងជារូបិយវត្ថុអន្តរជាតិដែលចរាចរណ៍ពាសពេញសកលលោកចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ មកម្ល៉េះ។ រាប់បញ្ចូលតាំងពីវិស័យធនាគារ ក្រុមហ៊ុនវិនិយោគទុនបរទេស និងជំនួញរវាងប្រទេស និងប្រទេស សុទ្ធសឹងតែបានប្រើប្រាស់រូបិយវត្ថុដុល្លាររបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការប្រើប្រាស់លុយដុល្លារអាមេរិកនេះមិនត្រឹមតែបានបង្ហាញអំពីឥទ្ធិពលរបស់ដុល្លារអាមេរិកទៅកាន់ពិភពលោកប៉ុណ្ណោះទេ តែក៏បានបង្ហាញពីមហាអំណាចសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ។ តែក៏មានសំណួរមួយដែលបានលើកឡើងថា តើរូបិយវត្ថុដុល្លាររបស់អាមេរិកអាចនឹងលែងក្លាយជារូបិយវត្ថុរបស់ពិភពលោកដែរឬទេ?
ជាក់ស្ដែង មានប្រទេសមួយចំនួនហើយដែលបានចាប់ផ្តើមឈប់ពឹងផ្អែកទៅលើរូបិយវត្ថុដុល្លាររបស់អាមេរិកក្នុងការជួញដូរអន្តរជាតិ និងក្នុងវិស័យហិរញ្ញវត្ថុធនាគារ។ មានយន្តការជាច្រើនបន្តបន្ទាប់គ្នាដែលប្រទេសមួយចំនួន បានអនុវត្ត និងព្យាយាមពង្រីកឥទ្ធិពលតាមរយៈ កិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ព្រមទាំងការបង្កើត និងប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិថ្មីៗ។
១. កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី
ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកតែទៅលើដុល្លារអាមេរិក ក៏ដូចជាបញ្ចៀសនូវហានិភ័យដែលនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសគ្រប់ពេលដែលដុល្លារអាមេរិកធ្លាក់ថ្លៃ ឬសេដ្ឋកិច្ចរបស់អាមេរិកជួបបញ្ហា ហេតុដូច្នេះប្រទេសមួយចំនួនបានបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីដែលគ្រប់គ្រងការជួញដូររវាងប្រទេស និងប្រទេស។ ជាឧទាហរណ៍ កិច្ចព្រមព្រៀងដោះដូររូបិយវត្ថុ និងប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសជាភាគីនៃកិច្ចព្រមព្រៀង មានដូចជា China-Brazil Currency Swap ក្នុងអំឡុងឆ្នាំ២០១៣ និង China-Russia Trade and Currency Swap Agreement ចាប់ផ្តើមចចារតាំងពីឆ្នាំ២០១៤ តែមិនទាន់ចូលជាផ្លូវការនៅឡើយ។ ជាមួយគ្នានោះ ក៏មានកិច្ចព្រមព្រៀងអំពីជំនួញរវាងប្រទេសអ៊ីរ៉ង់ និងឥណ្ឌាដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៨។ តាមរយៈកិច្ចព្រមព្រៀងនេះប្រទេសទាំងពីរបានព្រមព្រៀងគ្នា ប្រើប្រាស់រូបិយវត្ថុរូពីរបស់ប្រទេសឥណ្ឌាក្នុងការទូទាត់ថ្លៃប្រេង ដែលនេះដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមរិកទៅលើប្រទេសអ៊ីរ៉ង់តាំងពី ឆ្នាំ១៩៧៩ មកម្ល៉េះ ដែលបណ្តាលឱ្យប្រទេសអ៊ីរ់ង់មិនអាចពាក់ព័ន្ធ ឬប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ ចំណែកឯក្នុងវិស័យពាណិជ្ជកម្មរវាង អាស៊ី និងសហគមន៍អ៊ឺរ៉ុប ក៏បានចូលរួមចំណែកក្នុងចលនានេះផងដែរ ដែលបានស្ដែងឱ្យឃើញតាមរយៈ Eurasian Economic Union (EAEU) Agreement ដែលបានចេញជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះមិនបានផ្តោតទាំងស្រុងទៅកាន់ការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនោះទេ ក៏ប៉ុន្តែអ្វីដែរគួរឱ្យកត់សម្គាល់នោះគឺកិច្ចព្រមព្រៀងនេះបានលើកឡើងអំពី គោលបំណងបង្កើនការប្រើប្រាស់រូបិយវត្ថុអ៊ឺរ៉ូ ក្នុងជំនួញវាងប្រទេស និងប្រទេសក្នុងតំបន់ទាំងពីរនេះ។ មួយវិញទៀត BRICS Nations ដែលរួមមានប្រទេសប៊្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងក៏បានចចារ និងពិភាក្សាក្នុងអង្គប្រជុំកំពូល BRICS នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងជំនួញរវាងប្រទេសខ្លួន ប៉ុន្តែកិច្ចព្រមព្រៀងជាផ្លូវការណាមួយមិនទាន់បានចេញជាផ្លូវការនៅឡើយ។
២. ការបង្កើត និងប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិថ្មីៗ
SWIFT (Society for Worldwide Interbank Financial Telecommunication) network គឺជាប្រព័ន្ធបណ្តាញធនាគារដែលត្រូវបានប្រើប្រាស់ស្ទើរតែពាសពេញដោយសកលលោក និងភាគច្រើននៃដំណើរការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយជាលក្ខណៈអន្តរជាតិត្រូវប្រើប្រាស់រូបិយវត្ថុដុល្លារអាមេរិក។ ប៉ុន្តែថ្មីៗនេះ ប្រទេសរុស្សី និងចិនបានបង្កើតមធ្យោបាយផ្ទេរប្រាក់រវាងធនគារអន្តរជាតិថ្មី ដូចជា System for Transfer of Financial Messages (SPFS) និង Cross-Border Interbank Payment System (CIPS)។ SPFS ត្រូវបានបង្កើតដោយធនាគារកណ្ដាលប្រទេសរុស្សី ក្នុងអំឡុងឆ្នាំ ២០១៤ ភ្លាមៗបន្ទាប់ពី ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សីក្រោមហេតុផល ជម្លោះនៅ Crimea ដោយបានដកនូវរាល់ធនាគាររបស់រុស្សីចេញពីប្រព័ន្ធ SWIFT ដើម្បីដាក់សម្ពាធទៅលើសេដ្ឋកិច្ចរុស្សីជាពិសេសវិស័យពាណិជ្ជកម្មអន្តរជាតិ។ ដើម្បីទប់ទល់ ក៏ជាដំណោះស្រាយទៅនឹង ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចនេះ SPFS ត្រូវបានបង្កើតឡើងដើម្បីជាមធ្យោបាយសម្រាប់ការផ្ទេរប្រាក់រវាងធនាគារក្នុងស្រុក ព្រមទាំងធនាគារនៅក្នុងប្រទេសជាដៃគូ។ ចំណែកឯ CIPS ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១៥ និងគ្រប់គ្រងដោយប្រទេសចិន។ CIPS ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជំនួញអន្តរជាតិ និងការវិនិយោគទុនផ្សេងៗ ដោយផ្តោតសំខាន់ និងធានា លើស្តង់ដារនៃប្រព័ន្ធផ្ទេរប្រាក់ ទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ លើរាល់ការទូទាត់ និងផ្ទេរប្រាក់ជារូបិយវត្ថុយ៉ន់របស់ចិន។
ការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការទូទាត់ជាលក្ខណៈជាតិ និងអន្តរជាតិ ផ្តល់ផលវិជ្ជមានផង និងអវិជ្ជមានផងដល់ប្រទេសក្នុងសកលលោក។ សម្រាប់ផលវិជ្ជមាន គឺការបង្កើនការប្រើប្រាស់រូបិយវត្ថុជាតិដែលកំពុងនឹងចរាចរណ៍ក្នុងការធ្វើពាណិជ្ជកម្មទាំងថ្នាក់ជាតិ និងអន្តរជាតិដែលបានកាត់បន្ថយការចំណាយទៅលើសេវាមួយចំនួនដូចជាសេវាផ្ទេរប្រាក់ និងការខាតបង់ដោយសារអស្ថិរភាពនៃអត្រាប្តូរប្រាក់របស់ដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះការងាកមកប្រើប្រាស់រូបិយវត្ថុជាតិ ជាជាងការពឹងផ្អែកទាំងស្រុងលើរូបិយវត្ថុដុល្លារអាមេរិក អាចធានាសុវត្ថិភាពដល់ប្រទេសនោះ ដោយការបញ្ចៀសពីហានិភ័យកើតឡើងដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសហរដ្ឋអាមរិក ឬការអនុវត្តគោលនយោបាយណាមួយដែលមានឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុរបស់អាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក្តី ចលនាមួយនេះប្រាកដណាស់នឹងផ្តល់ផលអវិជ្ជមានដល់សហរដ្ឋអាមេរិក តាមរយៈការធ្លាក់តម្លៃនៃដុល្លារអាមេរិក ការជះឥទ្ធិពលដល់ Current Account Deficits របស់សហរដ្ឋអាមេរិក និងមិនអាចខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបដូចពីមុនទៀត ពិសេសនោះប៉ះពាល់ដល់កេរ្តី៍ឈ្មោះដុល្លារអាមេរិកដែលជារូបិយវត្ថុអន្តរជាតិរបស់ពិភពលោក។ បន្ថែមពីនោះចលនាមួយនេះក៏អាចនឹងជះឥទ្ធិពលដល់ប្រទេសមួយចំនួនក្នុងពិភពលោក ពិសេសប្រទេសដែលជាដៃគូដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ ដូចជាប្រទេសកាណាដា ម៉ិចសិចកូ និងប្រទេសមួយចំនួននៃអាមេរិកឡាទីន ដែលប្រសិនបើចលនាមួយនេះបានជោគជ័យពិតមែននោះ ប្រទេសទាំងនេះនឹងត្រូវកែប្រែប្រព័ន្ធ និងការកំណត់ផ្សេងៗដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ ដើម្បីសម្របខ្លួនទទួលយករូបិយវត្ថុរបស់ប្រទេសផ្សេងៗ។