ករណីសិក្សា៖ ខ្លាអាស៊ីទាំង ៤
១. សេចក្ដីផ្ដើម
ការចង់រំដោះប្រជាពលរដ្ឋពីភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជនក្នុងប្រទេសឱ្យមានប្រាក់ចំណូលច្រើន និងស្ដង់-ដារនៃជីវិតខ្ពស់ គឺជាគោលដៅរបស់គ្រប់ប្រទេសមូលធននិយម ពីព្រោះកាលណាកម្រិតជីវភាពល្អប្រសើរ គ្រប់គ្នារស់នៅដោយផាសុកភាព និងមានសុខដុមរមនា ហើយប្រទេសជាតិនឹងមានភាពក្សេមក្សាន្ត។ ជាដំណោះស្រាយ, វិធីសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាជនមានច្រើន ប៉ុន្តែមានទស្សនៈមួយនៅក្នុងរង្វង់សេដ្ឋវិទូដែលតែងតែយល់ស្របគ្នាដោយលើកឡើងថា៖ “ស្តង់ដារនៃការរស់នៅរបស់ប្រទេសមួយ អាស្រ័យទៅលើសមត្ថភាពរបស់ប្រទេសនោះក្នុងការផលិតទំនិញ និងសេវាកម្ម”។ គោលជំហរនៃការយល់ឃើញបែបនេះបានគូសបញ្ជាក់ឱ្យឃើញថាផលិតភាពនៃប្រទេសនីមួយៗជាធាតុចូល និងកាតាលីការសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយរដ្ឋាភិបាលគួរគិតគូរ និងរៀបចំផែនការយ៉ាងណាដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន និងពង្រឹងផលិតកម្មជាតិ ទាំងទំនិញ និងសេវាកម្ម។
ការដែលប្រជាជាតិរំដោះខ្លួនពីភាពក្រីក្រ ហើយអភិវឌ្ឍខ្លួនក្លាយជាប្រទេសមានបាន និងទំនើបតាមរយៈការជំរុញនូវផលិតភាពនេះមិនមែនគ្រាន់តែជាទ្រឹស្ដី និងការយល់ឃើញប៉ុណ្ណោះទេ ដោយសារតែក៏មានផងដែរនូវបទពិសោធន៍នៃប្រទេសមួយចំនួនដែលបានឆ្លងកាត់ហើយទទួលបានជោគជ័យត្រចះត្រចង់។ ខ្លាទាំង ៤ នៅអាស៊ី ដែលមានកូរ៉េខាងត្បូង, តៃវ៉ាន់, ហុងកុង, និងសិង្ហបុរី ជាករណីសិក្សាមួយដែលគេតែងលើកមកនិយាយជាទឡ្ហីករណ៍ដើម្បីបង្ហាញ និងបញ្ជាក់ពីភាពពិតប្រាកដនៃសមត្ថភាពនៃការផលិត ដែលជួយជំរុញសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍដោយសារតែ បើទោះបីប្រទេសទាំង ៤ នេះពុំសូវមានធនធានធម្មជាតិ និងទំហំភូមិសាស្ត្រតូចយ៉ាងណាក្ដី, ស្តង់ដារនៃរស់នៅនិងជីវភាពប្រជាជននៅក្នុងប្រទេសទាំងនេះមានភាពល្អប្រសើរ។ ក្នុងន័យនេះ អត្ថបទនេះមានគោលបំណងស្វែងយល់ពីវិធីសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងលើកយកខ្លាអាស៊ីទាង ៤ ជាករណីសិក្សាដើម្បីបង្ហាញឱ្យឃើញពីភាពចម្រុះនៃវិធីសាស្ត្រនៃការអភិវឌ្ឍប្រទេសនីមួយៗដែលធ្វើតាមបរិបទ និងស្ថានភាពប្រទេសរៀងៗខ្លួន។
២. និយមន័យ និងទ្រឹស្ដី
ស្តង់ដារនៃការរស់នៅក្នុងប្រទេសមួយត្រូវបានកំណត់ជាចម្បងដោយផលិតភាពរបស់ខ្លួន ដែលជាបរិមាណទំនិញ និងសេវាកម្មផលិតបានក្នុងមួយឯកតានៃកម្លាំងពលកម្ម។ ទំនាក់ទំនងនេះមានលក្ខណៈជាមូលដ្ឋាននៅក្នុងសេដ្ឋ-កិច្ច ព្រោះថាកាលណាផលិតភាពខ្ពស់ មានន័យថាទិន្នផលដែលផលិតបានមកក៏ខ្ពស់ ដែលនាំឱ្យប្រាក់ចំណូល និងជីវភាពប្រជាជនកាន់តែប្រសើរ។ ជាទូទៅ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ត្រូវបានគេប្រើប្រាស់ដើម្បីវាស់ពីស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសមួយ។
នៅក្នុងប្រតិបត្តិការសេដ្ឋកិច្ចនៃប្រជាជាតិមួយ, កម្រិតនៃផលិតភាពអាស្រ័យទៅសមាសធាតុ ៤ សំខាន់ៗគឺ ធនធានមនុស្ស, ដើមទុនរូបវន្ត, បច្ចេកវិទ្យានវានុវត្តន៍, និងក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល។ ខណៈដែលធនធានមនុស្សសំដៅលើគុណភាពនៃកម្លាំងពលកម្មដែលប្រកបដោយចំណេះដឹង ជំនាញ និងសុខុមាលភាព, ដើមទុនរូបវន្តសំដៅលើហេដ្ឋារចនាម្ព័ន្ធ កម្រិតទំនើបនៃគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យា។ ចំណែកឯបច្ចេកវិទ្យានវានុវត្តន៍គឺសំដៅលើកម្រិតនិងស្ថានភាពនៃភាពច្នៃប្រឌិត ការអភិវឌ្ឍ និងរបកគំហើញថ្មីៗនៃបច្ចេកវិទ្យាដែលជំរុញដល់ផលិតភាព។ ចុងក្រោយ ក្របខណ្ឌគោលនយោបាយសំដៅលើកម្រិតនៃការជំរុញ និងលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលតាមរយៈគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការពារទ្រព្យសម្បត្តិឯកជន និងគុណភាពនៃអំណាចនីតិរដ្ឋជាដើម។
ភាពប្រទាក់ក្រឡាគ្នានៃផលិតភាព និងស្តង់ដារនៃការរស់នៅមាននៅក្នុងទិដ្ឋភាព ៣ សំខាន់ៗ។ ទី១ កាលណាផលិតភាពខ្ពស់ ធ្វើឱ្យសេដ្ឋកិច្ចលូតលាស់ និងបង្កើនទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់។ ការលូតលាស់នៃសេដ្ឋកិច្ចនេះ មានន័យថាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ហើយស្តង់ដារនៃការរស់នៅទៀតសោតក៏នឹងប្រសើរផងដែរ។ ទី២, លទ្ធភាពនៃការផលិតទំនិញ និងសេវាកម្មប្រកបដោយប្រសិទ្ធភាពនឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត ហើយក៏នឹងបង្កើនចំនួនប្រាក់ខែ និងប្រាក់បៀវត្សផងដែរ។ កត្តានេះក៏នឹងពង្រឹងនូវស្ថានភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរជាងមុនផងដែរ។ ទី៣ កាលណាលទ្ធភាពនៃផលិតកម្មមានការកើនឡើង មានន័យថាទំហំនិងចំនួននៃទំនិញ និងសេវាកម្មនៅលើទីផ្សារក៏មានច្រើន ដោយមានការប្រកួតប្រជែងគ្នា ធ្វើឱ្យទំនិញ និងសេវាកម្មមានតម្លៃសមរម្យ និងមាននៅគ្រប់ទីកន្លែងដែលមនុស្សម្នាងាយនឹងរកទិញបាន ក៏ដូចជាប្រើប្រាស់សេវាកម្មនោះ។ ជាមួយនឹងភាពហូរហៀរនៃទំនិញ និងសេវាកម្ម មានន័យថាប្រជាជនមិនមានភាពខ្វះខាត និងជីវភាពរស់នៅក៏មានភាពសុខស្រួលផងដែរ។
៣. ករណីសិក្សា
ខ្លាទាំង ៤ នៅអាស៊ីគឺជាភ័ស្តុតាងដែលបង្ហាញថាកាលដែលចង់ឱ្យប្រទេសរីកចម្រើន ហើយប្រជាជនមានស្តង់ដារនៃការរស់នៅខ្ពស់ វាត្រូវចាប់ផ្ដើមចេញពីការជម្រុញឱ្យផលិតកម្មក្នុងស្រុកមានសន្ទុះ។ សេដ្ឋកិច្ចនៃខ្លាទាំង ៤ នៅអាស៊ីពីដើមឡើយមានភាពយ៉ាប់យ៉ឺន ជាពិសេសក្រោយពីការចប់ទៅនូវសង្គ្រាមលោកលើកទី២ និងអំឡុងសង្គ្រាមត្រជាក់ ប៉ុន្តែដោយសារតែការយកចិត្តទុកដាក់ពីរដ្ឋាភិបាលក្នុងការជំរុញលទ្ធភាពនៃផលិតកម្មក្នុងស្រុកនេះ ទើបប្រទេសទាំងនេះអាចរំដោះខ្លួនចេញពីភាពក្រីក្រ និងឈានក្លាយទៅជាប្រទេសអភិវឌ្ឍដូចសព្វថ្ងៃ។
- លក្ខណៈស្រដៀងគ្នានៃការអភិវឌ្ឍរបស់ប្រទេសទាំង ៤
មានចំណុចរួម ៤ សំខាន់ៗនៅពេលដែលយើងពិនិត្យមើលពីដំណើរការអភិវឌ្ឍរបស់កូរ៉េខាងត្បូង, តៃវ៉ាន់, ហុងកុង, និងសិង្ហបុរី។ ទី១ ប្រទេសទាំង ៤ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបណ្ដាក់ទុនដើម្បីបណ្តុះបណ្ដាលធនធានមនុស្សទាំងក្នុងវិស័យអប់រំ និងសុខាភិបាល ហើយជាលទ្ធផលធ្វើឱ្យប្រជាជន និងកម្លាំងពលកម្មនៃប្រទេសទាំង ៤ នេះមានជំនាញខ្ពស់ និងសុខភាពល្អប្រសើរ។ ទី២ ប្រទេសទាំង ៤ បានផ្តោតយ៉ាងខ្លាំងផងដែរលើការជំរុញឱ្យមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ក្នុងនោះមានដូចជាការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការចេះចាប់យកបច្ចេកវិទ្យាថ្មីៗដែលមានស្រាប់មកប្រើប្រាស់ក្នុងវិស័យនានាដើម្បីជំរុញផលិតកម្ម។ ទី៣ រដ្ឋាភិបាលនៃប្រទេសទាំង ៤ បានគាំទ្រយ៉ាងមុះមុតតាមរយៈគោលនយោបាយគាំទ្រធុរៈកិច្ច និងសហគ្រាសអាជីវកម្មដូចជាការធានានូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងការធ្វើពាណិជ្ជកម្មដោះដូរទំនិញ។ បន្ថែមពីនេះ រដ្ឋាភិបាលក៏មានភាពសកម្មផងដែរក្នុងការរៀបចំជាយុទ្ធសាស្ត្រ និងការគាំទ្រផ្សេងៗដើម្បីធ្វើយ៉ាងណាឱ្យការលូតលាស់នៃសេដ្ឋកិច្ចមានភាពរលូន។ ទី៤ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តទទួលបានការគិតគូរយ៉ាងម៉ត់ចត់ពីរដ្ឋផងដែរ ដូចជាការអភិវឌ្ឍប្រព័ន្ធផ្លូវដឹកជញ្ជូន និងភស្តុភារកម្ម និងការពង្រឹងវិស័យថាមពលដែលមានភាពធន់ និងប្រសិទ្ធភាពដើម្បីគាំទ្រដល់សកម្មភាពឧស្សាកម្ម និងពាណិជ្ជកម្ម។
- លក្ខណៈពិសេសរៀងខ្លួននៃការអភិវឌ្ឍរបស់ប្រទេសទាំង ៤
ដោយសារលក្ខខណ្ឌសង្គម ស្ថានភាពសេដ្ឋកិច្ច និងនយោបាយរៀងៗខ្លួន, ការអភិវឌ្ឍនៃប្រទេសទាំង ៤ មានភាពខុសគ្នាក្នុងទិដ្ឋភាព ៣ សំខាន់ៗ។ ទី១ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងគ្របដណ្ដប់ដោយក្រុមហ៊ុនធំៗ (chaebol) ដូចជា Samsung និង Hyundai ជាដើមដែលផ្ដោតលើឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យា។ ចំណែកឯហុងកុងវិញ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយ ដែលផ្តោតខ្លាំងលើសេវាកម្ម ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ចំពោះតៃវ៉ាន់ សេដ្ឋកិច្ចមានការផ្ដោតលើសហគ្រាសធុនតូច និងមធ្យម (SMEs) និងលើឧស្សាហកម្មបច្ចេកវិទ្យាទំនើប ជាពិសេសគ្រឿងអេឡិចត្រូនិក និង semiconductor។ ចុងក្រោយ សិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មដ៏សំខាន់ដែលមានសេដ្ឋកិច្ចចម្រុះ ដោយមានទាំងហិរញ្ញវត្ថុ ផលិតកម្មទំនិញ និងបច្ចេកវិទ្យា។ ទី២ តួនាទីរបស់រដ្ឋាភិបាលដែលរួមចំណែកក្នុងការអភិវឌ្ឍក៏មានលក្ខណៈផ្សេងគ្នាផងដែរ។ នៅកូរ៉េខាងត្បូង រដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនអាជីវកម្មធំៗដោយមានដូចជាការលើកលែងពន្ធ និងការលើកទឹកចិត្តនានាដោយផ្តោតលើគោលនយោបាយឧស្សាហកម្មជាចម្បង។ រដ្ឋាភិបាលហុងកុងវិញ ព្យាយាមមិនជ្រៀតជ្រែកទៅលើសកម្មភាពសេដ្ឋកិច្ចនោះទេដោយអនុវត្តតាមវិធានការ laissez-faire ហើយមានការធ្វើអន្តរគមន៍តិចតួចបំផុតដើម្បីឱ្យប្រតិបត្តិការធុរៈកិច្ចក្នុងស្រុកមានភាពរលូន។ ចំណែកឯតៃវ៉ាន់វិញ, រដ្ឋាភិបាលមានវិធានអន្តរាគមន៍កម្រិតមធ្យមប៉ុណ្ណោះ ដូចជាការជួយគាំទ្រផ្នែកហិរញ្ញប្បទាន និងផ្នែកច្បាប់ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាទំនើបជាដើម។ ផ្ទុយទៅវិញ, រដ្ឋាភិបាលសិង្ហបុរីបានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសេដ្ឋកិច្ចដោយមានជាការរៀបចំផែនការយុទ្ធសាស្ត្រ និងប្រព័ន្ធបទដ្ឋានស្ថាប័នដើម្បីបង្កភាពងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទី៣ ខណៈកូរ៉េខាងត្បូង និងតៃវ៉ាន់ផ្តោតទៅគោលនយោបាយពាណិជ្ជកម្មសំដៅលើការផលិត បង្កើតជាសង្វាក់ផលិតកម្ម និងនាំចេញទៅកាន់ទីផ្សារពិភពលោក ហុងកុង និងសិង្ហបុរីផ្តោតលើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីដោយបន្ទាបពន្ធអាករឱ្យទាប ហើយមានយុទ្ធសាស្ត្រកំណត់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក។
៤. សន្និដ្ឋាន
សមត្ថភាពផលិតទំនិញ និងសេវាកម្ម មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយកម្រិតជីវភាពរបស់ប្រទេស និងស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ភាពជោគជ័យរបស់ខ្លាអាស៊ីទាំង ៤ បានបង្ហាញពីភាពជោគជ័ជាយុទ្ធសាស្ត្រក្នុងការវិនិយោគទៅលើធនធានមនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ គួបផ្សំនឹងការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលតាមរយៈគោលនយោបាយលើកទឹកចិត្ត និងការធានាឱ្យបាននូវស្ថានភាពសេដ្ឋកិច្ចដែលសេរី។ សរុបមក ការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពនៃការផលិតទំនិញ និងសេវាកម្មមានសារៈសំខាន់ដើម្បីលើកកម្ពស់ជីវភាពប្រជាជនប្រកបដោយជោគជ័យ ដោយរដ្ឋាភិបាលត្រូវតែមានផែនការយុទ្ធសាស្ត្រអនុវត្តច្បាស់លាស់ក្នុងការវិនិយោគដើម្បីពង្រឹងធនធានមនុស្ស ដើមទុនរូបវន្ត បច្ចេកវិទ្យានវានុវត្តន៍ និងក្របខណ្ឌគោលនយោបាយ។