"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ សហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមបន្តកើតឡើង

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ស៊ាន ស្រីការ

ផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ពិភពលោកមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើជម្លោះនេះ និងមានការតវ៉ាជាច្រើននៅក្នុងប្រទេសផ្សេងៗក្នុងការគាំទ្រប៉ាឡេស្ទីន ហើយរឿងទាំងនេះក៏បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់ជំនួយអាវុធដល់អ៊ីស្រាអែល។ ដូច្នេះ អត្ថបទនេះនឹងពន្យល់ពីហេតុផលនៅពីក្រោយការគាំទ្ររបស់លោក Joe Biden បើទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។

អ្វីទៅជាជម្លោះអ៊ីស្រាអែល-ហាម៉ាស?

ជម្លោះអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសទៅលើអ៊ីស្រាអែលពីតំបន់ Gaza Strip ដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលានោះ បានបណ្តាលឱ្យមនុស្សជាង ១២០០ នាក់បានស្លាប់ ដែលសុទ្ធសឹងជាពលរដ្ឋអ៊ីស្រាអែល។ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស អ៊ីស្រាអែលក៏បានចាប់ផ្ដើមវាយបកទៅវិញ ដោយការចាប់ផ្តើមប្រតិបត្តិការរបស់អ៊ីស្រាអែល បានបង្កជាសោកនាដកម្មចំពោះជនជាតិប៉ាឡេស្ទីនជាង ៣៥០០០ នាក់នៅ Gaza ដែលត្រូវបានសម្លាប់ ដោយក្នុងនោះយ៉ាងហោចណាស់ ៥៦% ត្រូវបានប៉ាន់ស្មានថាជាស្ត្រី និងកុមារ។ នៅដើមឆ្នាំ ២០២៤ ប្រជាជននៅតំបន់ Gaza រាប់ម៉ឺននាក់ត្រូវបានសម្លាប់ ហើយជាងពាក់កណ្តាលនៃអគារនៅតំបន់ Gaza Strip  ត្រូវបានបំផ្លាញ ឬខូចខាត។ ការប៉ះទង្គិចគ្នាក៏បានកើតឡើងផងដែរនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល និងជាមួយក្រុម Hezbollah នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់ និងស៊ីរី។

កត្តាដែលសហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមកើតឡើង

ដើម្បីយល់ដឹងពីមូលហេតុនៃជំនួយនេះ យើងគួរក្រឡេកមើលទៅលើកត្តាពីរ រួមមានកត្តាប្រវត្តិសាស្រ្តនៃមិត្តភាពរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដូចជាកត្តាបច្ចុប្បន្នភាពដោយផ្អែកលើមូលហេតុរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្ដល់ជំនួយសព្វាវុធទៅអ៊ីស្រាអែលអំឡុងពេលសង្គ្រាមបែបនេះ។

បើក្រឡេកមើលពីប្រវត្តិសាស្រ្តនៃមិត្តភាពរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល យើងសង្កេតឃើញថា​សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេដែលទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឯករាជ្យនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ នៅពេលដែលប្រធានាធិបតី Harry Truman បានចេញសេចក្តីថ្លែងការណ៍នៃការទទួលស្គាល់បន្ទាប់ពីការប្រកាសឯករាជ្យរបស់អ៊ីស្រាអែលនៅថ្ងៃដដែលនោះ។ ចាប់តាំងពីពេលនោះមក ក៏មានជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនាំឱ្យអ៊ីស្រាអែលគឺជាអ្នកទទួលជំនួយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់អាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី ២។ ក្នុងឆ្នាំ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល ១០ ឆ្នាំជាលើកទី ៣ ស្តីពីជំនួយយោធា ដោយបានប្តេជ្ញាថាសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ៣៨ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០២៨ ដែលរួមមានជំនួយហិរញ្ញប្បទានយោធាបរទេសចំនួន ៣៣ ពាន់លានដុល្លារ បូកនឹង ៥ ពាន់លានដុល្លារសម្រាប់ការការពារមីស៊ីល បើយោងទៅតាម Guardian Post។ ហេតុនេះ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុត ដោយផ្តល់អាវុធពីប្រភពបរទេសប្រមាណ ៦៨% នៃជំនួយពីបរទេសទាំងមូលរបស់អ៊ីស្រាអែល។

លើសពីនេះទៅទៀត ដោយផ្អែកលើបញ្ហាបច្ចុប្បន្ន ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់នូវហេតុផលសម្រាប់ការដែលខ្លួននៅតែផ្ដល់ជំនួយសព្វាវុធគាំទ្រទៅកាន់អ៊ីស្រាអែល។ លោកប្រធានាធិបតី Joe Biden ជឿថាការផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែលក៏ជាកត្តាសំខាន់សម្រាប់សន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ ដោយសារខណៈដែលក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីខែតុលា ឆ្នាំ ២០២៣ ក៏មានជនជាតិអាមេរិកស្លាប់និងរបួសផងដែរ។ លោកជឿជាក់ថា ក្រុមហាម៉ាស់ គឺជាក្រុមភេរវករ ដែលជំនួយអាវុធពីសហរដ្ឋអាមេរិក នឹងផ្តល់ធនធានគ្រប់គ្រាន់សម្រាប់អ៊ីស្រាអែល ដើម្បីការពារប្រជាជនរបស់ពួកគេប្រឆាំងនឹងអំពើភេរវកម្មរបស់ពូកហាម៉ាស។ អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Joe Biden  គឺមានការប្តេជ្ញាចិត្តចំពោះអ៊ីស្រាអែល ដោយគិតទៅលើទំនាក់ទំនងជិតស្និទ្ធជាច្រើនទសវត្សរ៍ជាមួយមេដឹកនាំអ៊ីស្រាអែល។ ហេតុនេះ បន្ទាប់ពីការវាយប្រហារកាលពីខែតុលា ឆ្នាំមុនដោយក្រុមហាម៉ាស ព្រឹទ្ធសភាអាមេរិកក្នុងខែកុម្ភៈបានអនុម័តវិក័យប័ត្រដែលនឹងផ្តល់ ១៤,១ ពាន់លានដុល្លារក្នុងការចំណាយបន្ថែមទាក់ទងនឹងបញ្ហាភេវរកម្មដែលអ៊ីស្រាអែលកំពុងនឹងជួបប្រទះ។

ឥទ្ធិពល​នៃ​ជំនួយសព្វាវុធរបស់សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ីស្រាអែល​លើ​ជម្លោះ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ជំនួយផ្នែកសព្វាវុធនេះទៀតសោត បាននាំមកនូវការចោទសួរពីជំនួយថាតើនេះបានបំពានច្បាប់ដែរឬទេ ដែលអាមេរិកនៅតែបន្តការផ្គត់ផ្គង់សព្វាវុធទៅកាន់អ៊ីស្រាអែលអំឡុងដែលអ៊ីស្រាអែលបានធ្វើឱ្យប៉ះពាល់ដល់ជីវិតមនុស្សនៃប្រទេសប៉ាឡេស្ទីន។​ ហេតុនេះ បើចង្អុលទៅ ខ ៥០២ (B) នៃច្បាប់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ជំនួយដល់រដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ពោលគឺមានឃ្លាមួយដែលអនុញ្ញាតឱ្យសភាស្នើសុំព័ត៌មានអំពីការអនុវត្តរបស់ប្រទេសដែលពាក់ព័ន្ធ។ យ៉ាងណាមិញ Sarah Leah Whitson នាយកប្រតិបត្តិនៃ Democracy For the Arab World Now (DAWN) បាននិយាយថា ច្បាប់នេះមិនត្រូវបានអនុវត្តទេ ព្រោះវាអាស្រ័យលើការប្តេជ្ញាចិត្តផ្ទាល់របស់ប្រធានាធិបតី។ ហេតុនេះ ជាមួយនឹងការគាំទ្រផ្នែកសព្វាវុធពីសហរដ្ឋអាមេរិក ប្រទេសផ្សេងៗ ក៏ដូចជាជនជាតិអាមេរិកបានចាត់ទុកថាការបន្តផ្ដល់ជាជំនួយនេះជាកត្តាចម្បងមួយដែលធ្វើឱ្យជម្លោះនៅតែបន្តទៅមុខ។

ជារួមមក ជំនួយពីសហរដ្ឋអាមេរិកផ្នែកសព្វាវុធនៅតែបន្តរហូតមកដល់បច្ចុប្បន្នទោះបីជាមានការប្រឆាំងពីពិភពលោក និងប្រជាជនអាមេរិកផ្ទាល់ក៏ដោយ។​ ការ​គាំទ្រ​ផ្នែកសព្វាវុធ​នៅ​តែ​បន្ត​ដោយសារ​ទំនាក់ទំនង​ការទូត​ជិតស្និទ្ធ​រវាង​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក ជាពិសេស  ក៏ដោយសារការប្តេជ្ញាចិត្តផ្ទាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការធានាថា អ៊ីស្រាអែលមានធនធានគ្រប់គ្រាន់ដើម្បីការពារប្រជាជនរបស់ខ្លួន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ