"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក នោះគឺប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។ គោលលទ្ធិ “American First” ឬ អាមរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលបន្ទាប់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបោះបង់ចោលគោលនយោបាយមួយនេះ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យគោលនយោបាយការបរទេសថ្មីគឺ “America is Back” ឬការវិលត្រលប់មកវិញរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញាបញ្ជាក់ពីការវិលត្រលប់ទៅរកការទូតពហុភាគី និងការប្តេជ្ញាចិត្តជាថ្មីចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសដៃគូ។ ចក្ខុវិស័យគោលនយោបាយការបរទេសផ្ទុយគ្នាទាំងនេះ បានបង្កឱ្យមានការជជែកវែកញែកអំពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងកិច្ចការពិភពលោក និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាមហាអំណាចទីមួយ។ នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលថាតើអ្វីជា American First និងអ្វីជា America is Back និងភាពខុសគ្នារវាងគោលនយោបាយការបរទេសទាំងពីរនេះ។ 

អាមេរិកជាអាទិភាពទីមួយក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ “American First” គឺជាគោលលទ្ធិនយោបាយការបរទេសតាក់តែងដោយប្រធានាធិបតី លោក ដូណាល់​ត្រាំ ដែលមានគោលបំណងចម្បងនៅក្នុងការការពារផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ ផ្អែកតាមទស្សនៈរបស់លោក ដូណាល់ ត្រាំ ដើម្បីការពារផលប្រយោជន៍សកលរបស់អាមេរិកនៅក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងប្រព័ន្ធពហុប៉ូលនេះ វាតម្រូវឱ្យសហរដ្ឋអាមេរិកបង្កើនសមត្ថភាពផ្នែកយោធាឱ្យរឹងមាំ ដើម្បីទប់ទល់ជាមួយនឹងតួអង្គទាំងឡាយណាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិរបស់អាមេរិក។ លោក ដូណាល់ ត្រាំ បានអនុម័តគោលនយោបាយការបរទេស “American First” នេះគឺដើម្បីឆ្លើយតបទៅនឹងបញ្ហាពាណិជ្ជកម្មដែលគាត់យល់ឃើញថា មិនមានភាពយុត្តិធម៌ចំពោះអាមេរិក ការគំរាមគំហែងផ្នែកយោធា និងកិច្ចព្រមព្រៀងការទូតមួយចំនួនដែលគាត់ជឿថា បានធ្វើឱ្យសហរដ្ឋអាមេរិកមានការខាតបង់។

លោកបានសន្យាថា ផលប្រយោជន៍ជាតិរបស់អាមេរិក និងប្រជាជន​អាមេរិក ត្រូវតែជាអាទិភាពទីមួយនៅក្នុងផែនការនៃគោលនយោបាយការបរទេសរបស់លោក ដោយលើកហេតុផលថា រដ្ឋបាលពីមុនមិនបានអើពើនឹងតម្រូវការរបស់ប្រជាជនអាមេរិក ដោយធ្វើការចំណាយធនធានដ៏ច្រើននៅក្នុងការចូលរួមជាមួយកិច្ចអន្តរាគមន៍ចំពោះរដ្ឋដទៃទៅវិញ។ ដោយផ្អែកលើតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកដឹកនាំពិភពលោក លោកយល់ឃើញថា ប្រទេសផ្សេងទៀត ជាពិសេសសម្ព័ន្ធមិត្តរបស់អាមេរិក បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសណ្តាប់ធ្នាប់ពិភពលោកសេរីនេះ ហើយពេលខ្លះ សម្ព័ន្ធមិត្តអាមេរិកបានឆ្លៀតឱកាសកេងប្រវ័ញ្ចយកផលប្រយោជន៍ទៅលើធនធាន និងអំណាចដែលផ្ដល់ឱ្យដោយអាមេរិក។ ជាមួយគ្នាទៅនឹងគោលបំណងរបស់លោកត្រាំនៅក្នុងការបម្រើផលប្រយោជន៍របស់អាមេរិកជាអាទិភាពចម្បងតាមរយៈការកសាងសមត្ថភាពយោធា លោកក៏បានធ្វើការប្រឆាំងផងដែរទៅលើបទប្បញ្ញត្តិ សន្ធិសញ្ញាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិណាមួយ ដែលមានបំណងរារាំងអាមេរិកក្នុងការស្វែងរកផលប្រយោជន៍នៅក្នុងពិភពលោកសេរីមួយនេះ។ ដោយសារតែហេតុផលនេះហើយ បានជាមានការសម្រេចចិត្តដ៏ប្រថុយប្រថានមួយចំនួនរបស់លោក ត្រាំ ដែលរួមមានដូចជា សង្គ្រាមពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួននោះគឺប្រទេសចិន និងការដកសមាជិកភាពរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពិភពលោកធំៗ ដូចជាកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុសន្តិភាពទីក្រុងប៉ារីស និងការព្រមានបោះបង់ចោលអង្គការណាតូទៀតផង។

សកម្មភាព និងការដកខ្លួនចេញរបស់អាមេរិកទាំងនេះ បានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រសិទ្ធភាពរបស់កិច្ចសហប្រតិបត្តិការរួមរវាងអាមេរិកជាមួយនិងសហគមន៍អន្តរជាតិតាមយៈស្ថាប័នសេដ្ឋកិច្ច និងសន្តិសុខស្នូលទាំងអស់នោះ។ ជាការពិត គោលនយោបាយការបរទេសរបស់អាមេរិកមួយនេះ បានរុញច្រានសហរដ្ឋអាមេរិកចេញពីតួនាទីជាមេដឹកនាំពិភពលោក ហើយប្រហែលបានធ្វើឱ្យសហរដ្ឋអាមេរិក ងាយស្រួលក្នុងការប្រើប្រាស់អំណាចរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីសម្រេចបាននូវផលប្រយោជន៍ជាតិរបស់ខ្លួន។ យ៉ាងណាមិញ វាក៏បានបណ្តាលឱ្យកើតមានបញ្ហារួមនៅក្នុងចំណោមរដ្ឋទាំងអស់លើឆាកអន្តរជាតិ ក្នុងការដែលអាចឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិពិភពលោកផងដែរ។

ការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន នៅក្នុងទិសដៅផ្ទុយពីលទ្ធិគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ពេលដែលលោកប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែងជាលើកដំបូង លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការស្តារ និងពង្រឹងតួនាទីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកឡើងវិញ នៅក្នុងសុន្ទរកថារបស់លោក។ គោលនយោបាយការបរទេសរបស់អាមេរិកមួយនេះ មានគោលបំណងស្តារឡើងវិញនូវតួនាទីសកម្មនៃភាពជាអ្នកដឹកនាំសកលរបស់ខ្លួន តាមរយៈការជំរុញនិងលើកកម្ពស់តម្លៃប្រជាធិបតេយ្យរបស់ខ្លួន ដូចជាការការពារសេរីភាព ការលើកកម្ពស់សិទ្ធិជាសកល និងច្បាប់អន្តរជាតិ។ លើសពីនេះ គោលនយោបាយនេះក៏មានគោលបំណងដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការកើនឡើងនៃរបបផ្តាច់ការ រួមទាំងកំណើនមហិច្ឆតារបស់ប្រទេសចិនក្នុងការប្រជែងជាមួយសហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីដែលចង់រំខានលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

ផ្ទុយទៅនឹងគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដែលចាត់ទុកសណ្តាប់ធ្នាប់សកលសេរីជាឧបករណ៍ប្រើប្រាស់ដោយសម្ព័ន្ធមិត្ត និងតួអង្គផ្សេងទៀតដើម្បីទទួលបានផលប្រយោជន៍ លោក ចូ បៃដិន បានទទួលស្គាល់នូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្ត និងការសហការជាមួយសហគមន៍អន្តរជាតិ។ ជាឧទាហរណ៍ ពេលដែលលោក ចូ បៃដិន ឡើងមកកាន់ដំណែងភ្លាម សហរដ្ឋអាមេរិកបានចាប់ផ្តើមចូលរួមម្តងទៀតជាមួយសហគមន៍អន្តរជាតិ ប្រទេសដៃគូ និងសម្ព័ន្ធមិត្តក្នុងការដោះស្រាយបញ្ហារដ្ឋប្រហារដោយពួកយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២១ ដែលនេះជាការចាប់ផ្ដើមវិលត្រលប់មកវិញរបស់អាមេរិកក្នុងដំណែងជាប្រទេសដឹកនាំសណ្ដាប់ធ្នាប់សកល។

ម្យ៉ាងវិញទៀត ក្រោមការដឹកនាំរបស់ប្រធានាធិបតី បៃដិន សហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយអង្គការអន្តរជាតិ និងដាក់ស្នើយកសមាជិកភាពរបស់អាមេរិកនៅក្នុងសន្ធិសញ្ញាអន្តរជាតិសំខាន់ៗនានា ដែលត្រូវបានដកចេញកាលពីរដ្ឋបាលរបស់លោក ត្រាំ ដែលមានដូចជា កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងអង្គការសុខភាពពិភពលោកជាដើម។ បន្ថែមពីលើនេះទៅទៀត គោលនយោបាយរបស់លោក បៃដិន ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តលើបញ្ហាសកលជាច្រើន រួមមានការប្រែប្រួលអាកាសធាតុ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងសិទ្ធិមនុស្សជាដើម ដែលនេះគឺជាសញ្ញាបញ្ជាក់អំពីការត្រលប់មកវិញរបស់អាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន៕

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឡេង ម៉ូលីណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ