"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖​ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ទ្រី សៀវអេង

ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេង​ដែលបាន​រៀបចំ​ដោយ​សហព័ន្ធ​អារ៉ាប់​រួមដែលជាប្រទេសសមាជិកមួយនៅក្នុង​អង្គកាប្រទេស​នាំ​ចេញ​ប្រេង (OPEC) និងជា​ប្រទេស​ផលិត​ប្រេងផងដែរ ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​និងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។

“សង្គ្រាម៦ថ្ងៃ” និង “​សង្គ្រាម Yom Kippur” រវាងសហព័ន្ធអារ៉ាប់រួម និងអ៊ីស្រាអែល

កាលពីដើមឆ្នាំ ១៩៦៧ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងអ្នកជិតខាងរបស់ខ្លួនដូចជា អេហ្ស៊ីប ហ្ស៊កដានី ស៊ីរី បានកើនឡើងជាខ្លាំង ដែលបណ្ដាលឱ្យមានការវាយប្រហារពីខាងអ៊ីស្រាអែល កាលពីថ្ងៃទី​៥ ខែមិថុនា ឆ្នាំ១៩៦៧ ដែលគេបានស្គាល់ថាជា “សង្គ្រាម៦ថ្ងៃ”។  តំបន់ជាច្រើននៅក្នុងប្រទេសអេហ្ស៊ីបបានទទួលរងការប៉ះពាល់ធ្ងន់ធ្ងរដោយការផ្ទុះអាវុធពីខាងអ៊ីស្រាអែល ហើយការវាយលុកនៅតែបន្តនៅក្នុង​ ឧបទ្វីប Sinai ដែលនាំឱ្យអ៊ីស្រាអែលដណ្តើមយកបានតំបន់ Gaza Strip និង ឧបទ្វីប Sinai។ មិនបញ្ចប់ត្រឹមនេះ អ៊ីស្រាអែលក៏បានបើកការវាយប្រហារលើប្រទេស ហ្ស៊កដានី និង ស៊ីរី ជាបន្តបន្ទាប់ ដោយឈ្លានពានកាន់កាប់យកតំបន់ West Bank, East Jerusalum និង Golan Heights។

ភាពតានតឹងនៃស្ថានភាពនយោបាយនៃប្រទេសទាំងពីរនៅមិនទាន់អន់ថយនៅឡើយទេ ទោះបីជាមានការចរចារយ៉ាងណាក៏ដោយ។ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦​ អំឡុងពេលដែលប្រជាជនអ៊ីស្រាអែលកំពុងប្រារព្ធពិធីបុណ្យសាសនា “Yom Kippur” ប្រទេសអេហ្ស៊ីបនិងស៊ីរី​បានធ្វើការសងសឹកទៅលើប្រទេសអ៊ីស្រាអែលវិញ ដោយបានសង្ឃឹមថានឹងដណ្ដើមយកទឹកដីខ្លួនដែលអ៊ីស្រាអែលកំពុងកាន់កាប់មកវិញ។​ ហើយការវាយប្រហារនេះគឺដើម្បីគម្រាមអ៊ីស្រាអែលឱ្យចូលខ្លួនមកចរចារក្នុងការប្រគល់ទឹកដីប៉ាលេស្ទីនមកវិញ ។ ផ្ទុយទៅវិញ ស្ថានភាពជម្លោះនយោបាយនៃប្រទេសទាំងពីរនៅតែមិនស្រាកស្រាន្ត និងរីករាលដាលកាន់តែខ្លាំងទៅ រហូតទាញសហរដ្ឋអាមេរិកនិងសហភាពសូវៀតមកពាក់ព័ន្ធបន្ថែមទៀត។  អ៊ីស្រាអែលដែលទទួលបានជំនួយពីសហរដ្ឋអាមេរិកនិងបណ្ដាលប្រទេសដទៃទៀត បានយកឈ្នះសង្គ្រាមជាមួយសហព័ន្ធអារ៉ាប់រួមក្នុងរយៈពេល៣សប្តាហ៍។​

ទំនាក់ទំនងរវាងសង្គ្រាម “Yom Kippur” ​និងការហាមឃាត់ការនាំចេញប្រេងរបស់OPEC

OPEC ឬ Organization of Petroleum Exporting Coutries គឺជាអង្គការប្រមូលផ្ដុំដោយប្រទេសដែលផលិតនិងនាំចេញប្រេង និងជាអ្នកដែល​កំណត់តម្លៃប្រេងសម្រាប់ពិភពលោក។​ នៅក្នុងឆ្នាំ១៩៧៣ OPEC មានសមាជិកសរុបចំនួន១២ប្រទេស​ ដែលក្នុងនោះមានដូចជា​ សហព័ន្ធ​អារ៉ាប់រួម​ អាល់ហ្សេរី ប្រទេសឥណ្ឌូនេស៊ី គុយវ៉ែត លីប៊ី អារ៉ាប៊ីសាអូឌីត វ៉េណេស៊ុយអេឡា អ៊ីរ៉ង់ នីហ្សេរីយ៉ា អ៊ីរ៉ាក់ កាតា និងអេក្វាឌ័រ។ OPEC​ គឺជាប្រភពផ្គត់ផ្គង់ប្រេងដ៏ធំជាងគេ ដែលមានចំនួនប្រមាណ៥៥% នៃចំនួនផ្គត់ផ្គង់ប្រេងសរុបទូទាំងពិភពលោក។

នៅដើមឆ្នាំ១៩៧០ OPECមានការមិនពេញចិត្តជាមួយនឹងតម្លៃប្រេងរបស់ខ្លួន ហើយបានចាប់ផ្ដើមកាត់បន្ថយការនាំចេញប្រេងនិងតម្លើងថ្លៃប្រេងឱ្យកាន់តែខ្ពស់ ដែលនាំឱ្យមានវិបត្តិខ្វះខាតប្រេងឥន្ធនៈក្នុងឆ្នាំ១៩៧៣។ ភាពតានតឹងរវាងសហព័ន្ធ​អារ៉ាប់រួម​ និងបណ្ដាលប្រទេសដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីស្រាអែលបានកើនឡើងកាន់តែខ្លាំង ដែលជាកត្តាជំរុញឲ្យOPEC​បានដាក់ចេញនូវការរឹតបន្តឹងការនាំចេញប្រេង ទៅលើប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដែលមានដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អាហ្វ្រិកខាងត្បូង ព័រទុយហ្គាល់​​ និងហូឡង់។​ការដាក់ចេញនូវយន្តការកាត់បន្ថយការនាំចេញប្រេងរបស់សហព័ន្ធអារ៉ាប់ទៅកាន់ប្រទេសទាំងនេះគឺក្នុងគោលបំណងសងសឹកសហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយយោធាដល់អ៊ីស្រាអែលក្នុងសង្គ្រាម “Yom Kippur”  និងជាពិសេសគឺដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន ក្នុងការចរចាទាមទារទឹកដី​មកវិញដោយសន្តិភាពជាមួយប្រទេសអ៊ីស្រាអែល។​

ផលប៉ះពាល់នៃការកាត់បន្ថយការនាំចេញនិងការតម្លើងថ្លៃប្រេងរបស់OPEC

ការហាមឃាត់ការនាំចេញប្រេង នៅឆ្នាំ១៩៧៣ ដែលបានបង្កើតឡើងដោយសហព័ន្ធអារ៉ាប់រួម បានផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល និងប្រទេសដទៃទៀត។ ការកើនឡើងភ្លាមៗនៃតម្លៃប្រេងបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅទូទាំងបណ្តាប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ឋអាមេរិក ដែលនាំឱ្យមានអតិផរណា តម្លៃទំនិញកាន់តែខ្ពស់ និងការជាប់គាំងសេដ្ឋកិច្ច។ វិបត្តិនេះបានជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗដូចជា យុទ្ធសាស្ត្រ បង្កើតទុនបម្រុងប្រេងឥន្ធនៈ បង្កើនការវិនិយោគលើប្រភពថាមពលជំនួស និងវិធានការសន្សំសំចៃថាមពលដ៏តឹងរឹង។

ម៉្យាងវិញទៀត ការកាត់បន្ថយការនាំចេញប្រេងនេះ បានសបញ្ជាក់ឲ្យឃើញនូវឥទ្ធិពលនៃយុទ្ធសាស្រ្តរបស់សហព័ន្ធអារ៉ាប់រួមនិង OPEC ដែលបានបណ្ដាលឱ្យប្រទេសលោកខាងលិចគិតគូរអំពីគោលជំហរការទូតរបស់ពួកគេឡើងវិញ និងបានព្យាយាមផ្សះផ្សារទំនាក់ទំនងជាមួយបណ្ដាប្រទេសអារ៉ាប់ ដើម្បីអាចធានាបាននូវការផ្គត់ផ្គង់ថាមពលឱ្យបានគ្រប់គ្រាន់ឡើងវិញ។

រីឯប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនអាចផលិតប្រេងបានដោយខ្លួនឯង ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយប្រឈមមុខនឹងផលពិបាកក្នុងការរក្សារតុល្យភាពនៃការទូទាត់ថ្លៃប្រេង ពីព្រោះតម្លៃនៃការនាំចូលប្រេងមានការកើនឡើងជាខ្លាំង។ ជាងនេះទៅទៀត អង្គកានៃប្រទេសនាំចេញប្រេង (OPEC) បានទទួលបានអំណាច និងឥទ្ធិពលយ៉ាងសំខាន់ ក្នុងការពង្រឹងតួនាទីរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អ៊ីម មិនា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ