ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតដល់ពេលបច្ចុប្បន្នសង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងពួកហាម៉ាស់ប៉ាឡេស្ទីននៅមិនទាន់ផុតរលត់ឡើយ។ សង្រ្គាមបានកើតឡើងដោយសារការបើកការវាយប្រហារដោយក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សាដែលធ្វើឱ្យមានការចាប់ខ្លួនមនុស្សដែលរស់នៅក្នុងអ៊ីស្រាអែលជាចំណាប់ខ្មាំង និងមនុស្សមួយចំនួនបានស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលនេះផងដែរ។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានបើកការវាយបកយ៉ាងខ្លាំងក្លារហូតដល់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ប្រកាសសងសឹក និងកម្ទេចក្រុមឧទ្ទាមហាម៉ាស់ជាដាច់ខាត។ ការតាមសងសឹកគ្នាទៅវិញទៅមករវាងភាគីទាំងពីរបានធ្វើឱ្យមានការកើនឡើងចំនួនមនុស្សស្លាប់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាពិសេសប៉ះពាល់ខ្លាំងទៅលើស្រ្តី និងកុមារដែលអាចកំព្រា បាត់បង់ស្វាមី ពិការ និងស្លាប់នៅក្នុងសង្រ្គាមនេះផងដែរ។ តើស្រ្តី និងកុមារ មានផលវិបាកអ្វីខ្លះប្រសិនសង្គ្រាមនៅតែបន្តកើតឡើងតទៅទៀត?
១. ស្ថានភាពស្រ្តី និងកុមារនៅក្នុងតំបន់ហ្គាហ្សា
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលគិតត្រឹមខែមករា ឆ្នាំ២០២៤ បានបង្ហាញថាចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមហាម៉ាស់វាយប្រហារប្រទេសអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១២០០ នាក់ដែលក្នុងនោះមានស្រ្តីជាច្រើន និងកុមារយ៉ាងហោចណាស់ ៣៣នាក់។ បន្ថែមពីលើការវាយប្រហារនេះផងដែរ មនុស្សប្រមាណជាង២៥០ នាក់មានស្រ្តី៦៥ ត្រូវបានក្លាយជាចំណាប់ខ្មាំងនៃសង្រ្គាមនេះផងដែរ។ ចំណែកឯការវាយបករបស់ប្រទេសអ៊ីស្រាអែលទៅលើពួកហាម៉ាស់នៅតំបន់ហ្គាហ្សាក៏បានធ្វើអោយមានសោកដកម្មដ៏ធំមួយ និងប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់នោះជាពិសេស ស្រ្តី និងកុមារដែលជិត១លាននាក់ត្រូវរត់ភៀសខ្លួនស្វែងរកតំបន់សុវត្ថិភាព ហើយតាមតួលេខប្រជាជនប៉ាឡេស្ទីនជាង ២៤ ៦២០នាក់ត្រូវបានស្លាប់ដោយសារសង្រ្គាមនេះ។ តំបន់ហ្គាហ្សានេះផងដែរ ក៏ត្រូវបានអង្គការយូនីសេហ្វបង្ហាញការព្រួយបារម្ភ និងបានចាត់ទុកតំបន់នេះថា «កន្លែងគ្រោះថ្នាក់បំផុតសំរាប់កុមារ»។ ជាមួយគ្នានេះផងដែរ អង្គការសហប្រជាជាតិទទួលបន្ទុកស្រ្តីក៏បានបង្ហាញពីទិន្នន័យនិងការប៉ាន់ស្មាននៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ឱ្យឃើញថា ៧០%នៃការស្លាប់នៃជនស៊ីវិលគឺជាស្រ្តី និងកុមារ ហើយចំនួនស្រ្តីនិងកុមារីជាច្រើនត្រូវបានផ្លាស់ទីចេញពីលំនៅឋានរបស់ខ្លួន។ សង្គ្រាមនេះផងដែរ ក៏បានធ្វើឱ្យស្រ្តីជាង៣០០០នាក់ក្លាយជាស្រ្តីមេម៉ាយ និងកុមារជាង១០០០០នាក់ត្រូវបាត់បង់ឪពុករបស់ខ្លួន។ តាមការបង្ហាញខាងលើនេះ បានបង្ហាញថាស្រ្តីពិតជាងាយរងគ្រោះ និងវេទនាខ្លួនមែនទែនព្រោះ ម្តាយ ២នាក់ត្រូវបានគេប៉ាន់ស្មានថាត្រូវបានសម្លាប់រៀងរាល់ម៉ោងនៅក្នុងតំបន់នេះ ហើយមានស្រ្តីជាង៥០០០០នាក់កំពុងមានផ្ទៃពោះក្នុងអំឡុងពេលមានសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សានេះផងដែរ។ យោងតាមទិន្នន័យខាងលើនេះ បានបង្ហាញថាស្រ្តី និងកុមារមានការប៉ះពាល់ខ្លាំងមែនទែននៅក្នុងសង្រ្គាមនេះ ជាពិសេសស្រ្តីដែលមានផ្ទៃពោះត្រូវប្រឈមច្រើនក្នុងការសម្រាល ការរកទីសុវត្ថិភាព និងអាចប្រឈមបាត់បង់ស្វាមីរបស់ខ្លួនផងដែរប្រសិនជាមានគ្រោះថ្នាក់ជាយថាហេតុ។
២. ការវាយលុកក្នុងទីក្រុងរ៉ាហ្វាល់របស់អ៊ីស្រាអែលធ្វើអោយអន្តរជាតិព្រួយបារម្ភ
ទីក្រុងរ៉ាហ្វាល់ គឺជាទីក្រុងដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ហើយនាពេលបច្ចុប្បន្ននេះក៏ជាទីកន្លែងមួយដែលកងទ័ពអ៊ីស្រាអែលបានធ្វើការវាយលុកខ្លាំងផងដែរ។ ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុងនេះក៏ដោយ អ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកដែលបានប៉ះពាល់ដល់តំបន់ដែលប្រកាសថាជាតំបន់មានសុវត្ថិភាពនៅ al-Mawasi សំរាប់ជនភៀសខ្លួនដែលបណ្តាលឱ្យមានមនុស្សជាង៤៥ នាក់ត្រូវបានស្លាប់ និង២៥០ នាក់បានរងរបួស ហើយភាគច្រើនជាស្រ្តី និងកុមារ នេះយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា។ ដោយសារការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីស្រាអែលទៅប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់នេះហើយ បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភរហូតដល់មានការបង្កើតជាពាក្យស្លោក និងរូបភាពបង្កើតដោយAI ថា” All eyes on Rafah” បង្ហោះលើបណ្តាញសង្គម ដើម្បីជាការអំពាវនាវដល់អ៊ីស្រាអែលឱ្យបពា្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់នេះ ព្រោះថាវាបានប៉ះពាល់ខ្លាំងដល់ប្រជាជនស្លូតត្រង់ជាច្រើន ជាពិសេសលើស្រ្តី និងកុមារដែលងាយរងគ្រោះខ្លាំងជាងគេក្នុងការវាយប្រហារនេះ។ កាលពីពេលថ្មីនេះ ដោយសារការវាយប្រហារដ៏ខ្លាំងក្លារបស់ប្រទេសអ៊ីស្រាអែលនេះ ប្រទេសអឺរ៉ុបចំនួនបីបានប្រកាសទទួលស្គាល់ប៉ាឡេស្ទីនមានដូចជា ប្រទេសអៀកឡង់ ណ័រវេ និងអេស្ប៉ាញ ដើម្បីបង្ហាញដល់ការប្រឆាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ការស្លាប់របស់ជនស៊ីវិល និងវិបត្តិមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។
សរុបមក សង្គ្រាមរវាងអ៊ីស្រាអែល–ហាម៉ាស់គឺជាគ្រោះមហន្តរាយខ្លាំងសម្រាប់មនុស្សជាតិ ទាំងជីវិត ហេដ្ឋានរចនាសម្ព័ន្ធ និងអំពើមនុស្សធម៌ហើយត្រូវបានគេចាត់ទុកថាជាការមិនគោរពច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។សង្គ្រាមនេះត្រូវបានអង្គការសហប្រជាជាតិមើលឃើញថា ស្រ្តី និងកុមារត្រូវបានក្លាយជាជនរងគ្រោះខ្លាំងបំផុតនៅក្នុងកាលៈទេសៈនេះ ព្រោះស្រ្តី និងកុមារត្រូវប្រឈមនឹងការវាយប្រហារពីសំណាក់កងទ័ព បាត់បង់ឪពុកនិងស្វាមីដែលជាមេគ្រួសារ បញ្ហាសុខុមាលភាព និងការស្លាប់នៅចំពោះមុខតែម្តង។ បញ្ហានេះត្រូវបានមនុស្សទូទាំងពិភពលោក បានអំពាវនាវដល់ភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនត្រូវបពា្ឈប់ការឈប់បាញ់ជាបន្ទាន់ និងស្វែងរកការចរចាដើម្បីកុំឱ្យមានជនរងគ្រោះស្លាប់ដោយសារសង្រ្គាម ជាពិសេសស្រ្តី និងកុមារ។ បើសង្រ្គាមនេះនៅតែបន្តទៀត នោះសោកដនាកម្មនៅតែកើតមានជារៀងរាល់ថ្ងៃលើទឹកដីហ្គាហ្សាជាមិនខាន។