១. សេចក្ដីផ្ដើម
ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណ ៣ សតវត្សរ៍កន្លងទៅនោះ សង្គ្រាមស៊ីវិល និងការឈ្លានពានពីពួកចក្រព័ទ្ធអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជិត ៤០ ឆ្នាំ ទាល់តែរហូតដល់ឆ្នាំ ១៩៤៩ ទើបបក្សកុម្មុយនីស្តក្ដោបក្ដាប់អំណាចចិនទាំងមូលដោយបានយកឈ្នះបក្សគូមីនតាង ហើយម៉ៅសេទុងប្រកាសខ្លួនជាមេដឹកនាំកំពូល បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន”។ ត្រឹមតែមួយជំនាន់ប៉ុណ្ណោះ ពោលគឺ ៧៥ ឆ្នាំគិតមកទល់បច្ចុប្បន្ន ចិនបានប្រែខ្លួនជាប្រទេសក្រីក្រតោកយ៉ាក មកជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លាផ្នែកនយោបាយ និងយោធាទាំងក្នុងតំបន់ និងសកលលោក។ តើអ្វីទៅដែលជំរុញឱ្យបរិវត្តកម្មសង្គម និងសេដ្ឋកិច្ចនៃប្រទេសចិនមានប្រសិទ្ធភាពខ្ពស់ និងលឿនរហ័សបែបនេះ?
២. កំពូលមេដឹកនាំទាំង៣របស់ចិន
២.១. ចិនក្រោមការដឹកនាំរបស់ម៉ៅសេទុង
នៅពេលដែលគេគិតដល់ម៉ៅសេទុង គេតែងនាំគ្នានឹកឃើញពីគ្រោះមហន្តរាយដែលកើតឡើងតាមរយៈគោលនយោបាយមហាលោតផ្លោះ និងបដិវត្តន៍វប្បធម៌ ដែលធ្វើឱ្យចិនរាប់លាននាក់បានស្លាប់ដោយសារគ្រោះទុរ្ភិក្ស និងមានការដុតបំផ្លាញអាគារសាសនា ក្បួនគម្ពីរចិនបុរាណជាច្រើនផងដែរ។ ប៉ុន្តែ ហេតុអ្វីបានជារូបរបស់ម៉ៅសេទុងនៅតែត្រូវគេដាក់តាំងនៅកណ្ដាលរដ្ឋធានីប៉េកាំង ហើយប្រជាជននៅតែមានការកោតខ្លាច និងស្ញប់ស្ញែងទៅលើរូបលោក? ចម្លើយនោះគឺ ស្របពេលដែលម៉ៅសេទុងមានការគិតនិងគណនាខុសមួយចំនួនក៏ពិតមែន លោកក៏បានធ្វើរឿងត្រឹមត្រូវជាច្រើនផងដែរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់មេដឹកនាំជំនាន់ក្រោយយកទៅអភិវឌ្ឍបន្ត។ ម៉ៅសេទុងនៅតែជាព្រលឹងវិញ្ញាណរបស់ប្រទេសចិន ជាពិសេសសម្រាប់បក្សកុម្មុយនីស្តចិនទាំងមូល។
ត្បិតចិនជាប្រទេសកុម្មុយនីស្ត តែចិនមិនបានពឹងសូវៀត ហើយចិនមិនបានស្ថិតក្រោមឥទ្ធិពលសូវៀតដូចប្រទេសកុម្មុយនីស្តដទៃនោះឡើយ។ ម៉ៅសេទុងនេះហើយដែលជាអ្នកបណ្ដុះនូវផ្នត់គំនិត និងភាពរឹងមាំក្នុងសង្គមចិនទាំងមូលឱ្យមានស្វ័យភាព និងឯករាជ្យភាព ដោយមិនពឹងផ្អែកលើប្រទេសដទៃនោះឡើយ។ ក្រោមការដឹកនាំរបស់ម៉ៅសេទុង ផ្ទៃក្នុងប្រទេសចិនមានការឯកភាពជាធ្លុងមួយ ហើយចិនជាតួអង្គមួយយ៉ាងសំខាន់ក្នុងសម័យសង្គ្រាមត្រជាក់ផងដែរ។ ទស្សនៈកុម្មុយនីស្តម៉ាក្សនិយម និងលេនីននិយម ក៏បានកែសម្រួលបន្ថែមទៅជាកុម្មុយនីស្តម៉ៅនិយមឱ្យស្របតាមស្ថានភាពនៃប្រទេសចិន និងបង្ហាញផ្លូវ ក៏ដូចជាចក្ខុវិស័យដ៏មុះមុតក្នុងការអភិវឌ្ឍសង្គមជាតិចិន។ មួយវិញទៀត ចូរកុំភ្លេចផងដែរថា ថ្វីត្បិតតែគោលនយោបាយមហាលោតផ្លោះបរាជ័យក៏ពិតមែន តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃបដិវត្តន៍ឧស្សាហកម្មរបស់ចិន ព្រោះម៉ៅសេទុងយល់យ៉ាងច្បាស់ថា ប្រសិនបើចង់ឱ្យចិនខ្លាំង ចិនមិនត្រូវពឹងតែលើកសិកម្មនោះទេ ចិនត្រូវតែក្លាយជាប្រទេសឧស្សាហកម្មមួយយ៉ាងរឹងមាំផងដែរ។
២.២. ចិនក្រោមការដឹកនាំរបស់តេងស៊ាវពីង និងអ្នកស្ដងដំណែងរបស់គាត់
មានឃ្លាមួយដែលគេនឹកឃើញពេលនិយាយពីតេងស៊ាវពីង។ នោះគឺ “ឆ្មាខ្មៅ ឆ្មាសមិនសំខាន់ ឱ្យតែចាប់កណ្ដុរបាន គឺជាឆ្មាល្អ”។ តេងស៊ាវពីងគឺជាបិតាកំណែទម្រង់ចិនសម័យទំនើបដែលឱ្យតម្លៃលើការអនុវត្តជាក់ស្ដែងជាជាងងប់ងល់ទាំងស្រុងទៅលើទស្សនៈកុម្មុយនីស្ត ហើយតែងត្រូវគេប្រសិទ្ធនាមថាជាអ្នកធ្វើឱ្យចិនក្លាយជាអ្នកមាន។ ក្រោយម៉ៅសេទុងស្លាប់ទៅ តេងស៊ាវពីងបានសន្យាថានឹងព្យាបាលនូវរបួសទាំងឡាយដែលបន្សល់ទុកពីម៉ៅសេទុង ធ្វើការរួបរួមបក្សកុម្មុយនីស្តឡើងវិញ និងផ្ដោតជាចម្បងលើការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសចិន។ តេងស៊ាវពីងយល់យ៉ាងច្បាស់ថា ប្រជាជនចិនច្រើនណាស់ បើម្នាក់ៗសុទ្ធតែក្រ មិនយូរមិនឆាប់របបកុម្មយនីស្តគង់តែរលំនោះទេ។ ហេតុនេះហើយការរំដោះប្រជាជនចិនចេញពីភាពក្រីក្រត្រូវតែជាអាទិភាព ទោះបីប្រើមធ្យោបាយណាក៏ដោយ។ បើអភិវឌ្ឍតាមបែបកុម្មុយនីស្តមិនជោគជ័យ មិនគួរខ្លាចនោះឡើយក្នុងការអភិវឌ្ឍតាមរបៀបទីផ្សារសេរី។
កាលជំនាន់ម៉ៅសេទុង ទាំងថ្នាក់ដឹកនាំក្នុងបក្សកុម្មុយនីស្ត និងសង្គមចិនទាំងមូលមិនពេញចិត្តនោះឡើយឱ្យតែអ្វីដែលពាក់ព័ន្ធនឹងមូលធននិយម និងឯកជនភាវូបនីយកម្ម ដោយសារតែវាមាននិន្នាការខុសស្រឡះពីទស្សនៈដើមនៃកុម្មុយនីស្តម៉ាក្សនិយម។ ប៉ុន្តែការប្ដេជ្ញារបស់តេងស៊ាវពីងទទួលបានលទ្ធផល ដោយបានបញ្ចុះបញ្ចូល និងបញ្ជ្រាបគំនិតថ្នាក់ដឹកនាំបក្សកុម្មុយនីស្តឱ្យសាកល្បងប្រគល់ដីធ្លីកសិកម្មឱ្យទៅជាកម្មសិទ្ធិឯកជន និងបើកជំហរទីផ្សារចិនដើម្បីទទួលយកការវិនិយោគពីបរទេស។ តេងស៊ាវពីងបានផ្ដួចផ្ដើមនូវការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្ដោយឆ្នេរភាគអាគេ្នយ៍នៃប្រទេសចិន និងធ្វើការបន្ធូរបន្ថយច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីទាក់ទាញលំហូរនៃការវិនិយោគពីបរទេស។ ទីក្រុងសិនជិនដែលផ្លាស់ប្ដូរខ្លួនពីភូមិនេសាទតូចមួយទៅជាទីក្រុងឧស្សាហកម្មដ៏ទំនើបគឺជាឧទាហរណ៍ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់តេងស៊ាវពីង។
ក្រោមការដឹកនាំរបស់តេងស៊ាវពីង ចិនជាប្រទេសកុម្មុយនីស្ត តែចិនមិនផ្ដាច់ការនោះទេ។ បើយើងមើលពីខាងក្រៅទៅ ជាពិសេសពួកបញ្ចឹមលោក ប្រហែលជាមិនយល់ទេថាចិនជាប្រទេសកុម្មុយនីស្ត ប៉ុន្តែមិនផ្ដាច់ការយ៉ាងម៉េចទៅ។ ជារួម ដោយមានការរៀងចាលកាលពីសម័យម៉ៅសេទុង តេងស៊ាវពីងបានបង្កើតនូវប្រព័ន្ធនយោបាយដែលអំណាចមិនត្រូវប្រមូលផ្ដុំលើបុគ្គលតែម្នាក់នោះទេ។ តួនាទី ទំនួលខុសត្រូវ និងអំណាចត្រូវបានចែករំលែកគ្នានៅក្នុងជួរថ្នាក់ដឹកនាំ ហើយមិនមានការសម្រេចចិត្តណាដែលមានលក្ខណៈឯកតោភាគីនោះឡើយ។ គោលនយោបាយដែលដាក់ចេញពីរដ្ឋាភិបាលសុទ្ធតែត្រូវបានឆ្លងកាត់ការចរចា វែកញែក និងដេញដោលគ្នាផ្ទៃក្នុងដើម្បីធានាថាគ្រប់គោលនយោបាយត្រូវតែមានប្រសិទ្ធភាពខ្ពស់ និងចេញជាលទ្ធផល។ ជាមួយការបែងចែកអំណាចនេះ តេងស៊ាវពីងបានកំណត់នូវអណត្តិប្រធានាធិបតីឱ្យតែ២អណត្តិប៉ុណ្ណោះ ហើយក៏បង្កើតនូវប្រព័ន្ធពិនិត្យ និងវាយតម្លៃសមាជិកជួររដ្ឋាភិបាល ជាមួយនឹងគោលបំណងធ្វើយ៉ាងណាឱ្យធានាបាននូវតម្លាភាពរបស់មន្ត្រីទាំងក្នុងរដ្ឋាភិបាល និងសមាជិកបក្ស។ ក្រោយមក លោកជាំងជឺមីន និងលោកហ៊ូជីនតាវ ដែលជាអ្នកស្នងដំណែងបានបន្តអនុវត្តគោលការណ៍តេងស៊ាវពីង ហើយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
២.៣. ចិនក្រោមការដឹកនាំរបស់ស៊ីជីនពីង
នៅក្នុងសង្គមចិន គេតែងនាំគ្នានិយាយថា “ម៉ៅសេទុងធ្វើឱ្យចិនជាមហាអំណាចនយោបាយ ហើយតេងស៊ាវពីងធ្វើឱ្យចិនជាមហាអំណាចសេដ្ឋកិច្ច ឯស៊ីជីនពីងធ្វើឱ្យចិនជាមហាអំណាចពិភពលោក”។ នៅឆ្នាំ ២០១៣ ស៊ីជីនពីងបានប្រកាសចូលកាន់ដំណែងជាប្រធានបក្សកុម្មុយនីស្ត និងជាប្រធានាធិបតី ជាមួយនឹងចក្ខុវិស័យ និងការប្ដេជ្ញាដ៏មុតមាំក្នុងការធ្វើឱ្យចិនក្លាយជាប្រទេសដែលមានអំណាច និងមានការអភិវឌ្ឍគ្រប់ស្រទាប់វណ្ណៈប្រកបដោយចីរភាព។ គោលនយោបាយក្នុងស្រុកដែលគេកត់សម្គាល់បន្ទាប់ពីស៊ីជីនពីងឡើងកាន់អំណាចនោះ គឺការបោសសម្អាតនិងកំចាត់នូវអំពើពុករលួយឱ្យអស់ពីក្នុងជួរបក្ស និងក្នុងរដ្ឋាភិបាល។ ស៊ីជីនពីងជឿថា អំពើរលួយគឺជាដង្កូវដែលត្រូវតែលាងជម្រះ ព្រោះថាបើនៅតែបន្តមាន វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់បក្សកុម្មុយនីស្តទាំងមូល។ ការបោសសម្អាតនេះត្រូវបានគេរិះគន់ថាជាមធ្យោបាយកំចាត់នូវគូប្រជែងនយោបាយ និងអ្នកដែលមិនគាំទ្រខ្លួន តែទោះជាយ៉ាងណា សកម្មភាពនេះទទួលបានការសាទរជាវិជ្ជមានពីសំណាក់ប្រជាពលរដ្ឋ ដោយគេសង្កេតឃើញថាដំណើរការរដ្ឋបាលមានភាពរលូនជាងមុន ហើយការកំចាត់នូវអំពើពុករលួយនេះ ជានិមិត្តរូបដែលប្រកាសក្តែងៗថា មន្ត្រីត្រូវតែជាអ្នកធ្វើការបម្រើរាស្ត្រ។
លោកស៊ីជីនពីងក៏ជាស្ថាបនិកនៃគំនិតផ្តួចផ្ដើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ដែលបានដាក់សម្ពោធក្នុងឆ្នាំ ២០១៣ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាដោយមានគោលបំណងអភិវឌ្ឍវិស័យដឹកជញ្ជូននៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ដូចជាផ្លូវ ស្ពាន កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មជាដើម ដែលមានលទ្ធភាពតភ្ជាប់ពាណិជ្ជកម្មពីចិនទៅកាន់ពិភពលោក។ គម្រោងនេះជាមហិច្ឆតាដ៏ធំមួយរបស់ស៊ីជីនពីងក្នុងការនាំត្រឡប់ និងរំឭកឡើងវិញនូវផ្លូវសូត្របុរាណរបស់ចិន ដែលជានិមិត្តរូបបង្ហាញពីអំណាច និងអារ្យធម៌ដ៏អស្ចារ្យរបស់ប្រទេសចិន។ ចំណែកឯគោលនយោបាយការបរទេសវិញ ផ្ទុយពីជំនាន់តេងស៊ាវពីងដែលប្រកាន់គោលនយោបាយលាក់ក្រញ៉ាំ ស៊ីជីនពីងអនុវត្តគោលនយោបាយបញ្ចេញក្រញ៉ាំ និងមិនចុះញ៉មជាមួយមហាអំណាចបរទេសណានោះទេ ជាពិសេសសហរដ្ឋអាមេរិច ដោយធ្វើការពង្រឹងអំណាចយោធា ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិច និងបង្កើនឥទ្ធិពលខ្លួននៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។
ស៊ីជីនពីងបានក្ដោបក្ដាប់អំណាចទាំងមូលនៅក្នុងដៃ ទាំងអំណាចយោធា អំណាចក្នុងរដ្ឋាភិបាល និងក្នុងបក្សកុម្មុយនីស្ត ដែលធ្វើឱ្យគេនឹកឃើញចងចាំឡើងវិញពីម៉ៅសេទុង ហើយការក្ដោបក្ដាប់អំណាចតែម្នាក់ឯងក្នុងដៃនេះមានការផ្ទុយទៅនឹងគោលការណ៍តេងស៊ាវពីងដែលប្រកាន់យកការចែករំលែកអំណាច។ នៅក្នុងឆ្នាំ ២០១៨ សភាអំណាចចិនបានធ្វើវិសោធនកម្មច្បាប់ដោយលុបចោលនូវការកំណត់អាណត្តិប្រធានាធិបតីត្រឹម២អណត្តិ ធ្វើឱ្យស៊ីជីនពីងមានសិទ្ធិធ្វើជាប្រធានាធីបតីពេញមួយជីវិតឱ្យតែគាត់ចង់ធ្វើ។ អ្នករិះគន់បានលើកឡើងពីការវិលត្រឡប់នៃម៉ៅនិយម ដោយធ្វើការប្រៀបធៀប និងប្រដូចឥតល្ហែ ក៏ដូចជាលើកឡើងពីគ្រោះថ្នាក់ថា កាលណាអំណាចស្ថិតលើដៃមនុស្សម្នាក់បែបនេះ គ្រោះមហន្តរាយងាយនឹងមាន ប្រសិនបើការសម្រេចចិត្តខុសណាមួយកើតឡើង ដូចកាលជំនាន់ម៉ៅសេទុងដែលធ្វើការសម្រេចចិត្តអនុវត្តគោលនយោបាយមហាលោតផ្លោះ។ ប៉ុន្តែក៏មានអ្នកដែលមានទស្សនៈវិជ្ជមានក៏បានលើកឡើងដែរថា ស៊ីជីនពីងជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ប្រទេសចិន ហើយការកំណត់គាត់ត្រឹមតែ២អណត្តិជាការរាំងស្ទះក្នុងការសម្រេចនូវចក្ខុវិស័យវែងឆ្ងាយនោះ។ មួយវិញទៀត នយោបាយអន្តរជាតិបច្ចុប្បន្នមានភាពខុសប្លែកពីជំនាន់តេងស៊ាវពីង ដែលកាលនោះអាមេរិចមានភាពរួសរាយរាក់ទាក់ជាមួយចិន តែឥឡូវអាមេរិចចាត់ទុកចិនជាគូប្រជែង ហេតុនេះហើយការបញ្ចេញរឹទ្ធអំណាចខ្លះគឺជាការចាំបាច់។
៣. សន្និដ្ឋាន
ប្រវត្តិសាស្ត្រចិនសម័យទំនើបគឺជាមេរៀនដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នកសិក្សា ព្រោះថាត្បិតតែចិនជាប្រទេសកុម្មុយនីស្តតាំងពីឆ្នាំ ១៩៤៩ ក៏ពិតមែន តែការអភិវឌ្ឍប្រជាជាតិចិនរហូតមកដល់បច្ចុប្បន្នជារឿងរ៉ាវដែលមានភាពបត់បែន មានឡើងមានចុះ មិនមែនលូតលាស់ត្រង់រហូតមកនោះទេ។ មេដឹកនាំមួយមានទស្សនៈវិស័យមួយ មេដឹកនាំមួយទៀតឡើងមកមានទស្សនៈវិស័យមួយទៀត តែយើងក៏គួរតែកុំភ្លេចដែរថា ទស្សនៈវិស័យនោះគឺបានមកពីការសម្រួច និងតម្រង់ទិសឱ្យត្រូវទៅនឹងស្ថានភាពនយោបាយអន្តរជាតិ និងកាលៈទេសៈប្រទេសចិន។ ភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំចិនក្នុងការយល់ដឹងពីស្ថានភាពជុំវិញខ្លួន ការចេះភ្ញាក់ដឹងខ្លួនតាមរយៈមេរៀនប្រវត្តិសាស្ត្រ និងភាពវៀងវៃក្នុងការបត់បែនទៅតាមបរិស្ថាននយោបាយ សុទ្ធសឹងតែជាកត្តាដែលជំរុញឱ្យចិនមានការអភិវឌ្ឍដូចសព្វថ្ងៃ។