ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។
គណបក្សអភិរក្សនិយម
គណបក្សអភិរក្សនិយមមានប្រវត្តិជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ និងជាគណបក្សមួយដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ប៉ុន្តែក៏ធ្លាប់បានទទួលរងនូវការបែកបាក់ និងការបរាជ័យជាច្រើនលើកច្រើនសារផងដែរ។ គណបក្សអភិរក្សនិយម ត្រូវបានគេស្គាល់ថាជា សម្ព័ន្ធជាតិនៃសមាគមអភិរក្សនិយម និងសហជីព (National Union of Conservative and Unionist Associations)។ គណបក្សនេះពីដំបូងបានបំប្លែងខ្លួនចេញពីគណបក្សតូរី (Tory) ហើយបន្ទាប់មកបានប្រែកា្លយឈ្មោះហៅជា “អភិរក្សនិយម” វិញនៅឆ្នាំ១៨៣២។ ទោះជាមានឈ្មោះជាអភិរក្សនិយមក៏ដោយ ប៉ុន្តែឈ្មោះតូរីនៅតែត្រូវបានគេប្រើប្រាស់រហូតដល់សព្វថ្ងៃ ដែលសំដៅដល់អ្នកគាំទ្រ ឬ សមាជិករបស់គណបក្សនេះ។
តើក្រុមតូរី (Tory) និងវិហ្គ(Whig) គឺជានរណា?
ក្រុមតូរីបានកកើតឡើងនៅសតវត្សទី១៧ ដែលមុនដំបូងវាគ្រាន់តែជាក្រុមមនោគមវិជ្ជា ដែលបង្កើតឡើងនៅឆ្នាំ១៦៨១ ដើម្បីគាំទ្ររបបរាជានិយម និងសាសនាចក្រ សម្រាប់តទល់ជាមួយក្រុមវិហ្គ (Whig) ដែលជាក្រុមមិនគាំទ្រសាសនាកាតូលិក និងរបបរាជានិយម។ បន្ទាប់មកក្រុមទាំងពីរនេះក៏ប្រែក្លាយទៅជាគណបក្សនយោបាយពីរផ្សេងគ្នាដែលដឹកនាំប្រទេសអង់គ្លេសនាពេលនោះ។ ពាក្យតូរី (Tory) គឺបានមកពីពាក្យ “tóraidhe” របស់អៀរឡង់ ដែលមានន័យថា ជនក្រៅច្បាប់ ឬចោរប្លន់ ដែលដំបូងឡើយគេប្រើពាក្យនេះសម្រាប់ហៅពួកឧទ្ទាមអៀរឡង់។ ពាក្យវិហ្គ (Whig) ជាអ្នកគាំទ្រសាសនាប្រូតេស្តង់ និងតំណាងឱ្យក្រុម “សេរីនិយម” ដែលបង្កើតអំណាចនៅលើប្រជាជន (ឬតំណាងរបស់ប្រជាជន) ហើយចាត់ទុកអ្នកគ្រប់គ្រងជាអ្នកបម្រើឆន្ទៈ និងសុខុមាលភាពរបស់ប្រជាជន។ រីឯពាក្យតូរី តំណាងឱ្យ “អភិរក្សនិយម” ប្រកាន់អធិបតេយ្យភាពជាអ្នកគ្រប់គ្រង ហើយចាត់ទុក “ប្រជាជន” ជាកម្មវត្ថុដែលមានកាតព្វកិច្ចគោរពតាម។
តូរីមានប្រព័ន្ធអំណាចតំណតាមវង្សត្រកូល ដែលបន្តពីឪពុកទៅកូន ហើយកាន់អំណាចដោយព្រះមហាក្សត្រ និងសាសនាចក្រ(កាតូលិក) ខណៈដែលវិហ្គ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធនៃអំណាចសេរីនិយម និងកម្លាំងប្រជាជន។ ក្រុមវិហ្គ បានបង្ខំឱ្យ Duke of York ឈ្មោះជេមស៍ (James) ដែលជាប្អូនប្រុសរបស់ស្តេច ឆាលស៍ ទី២ (Charles II) និងជាអ្នកតំណាងឱ្យសាសនាកាតូលិកផងនោះ ដកខ្លួនចេញពីការស្នងរាជ្យបល្ល័ង្ក ប៉ុន្តែពុំបានជោគជ័យនោះឡើយ ដោយលោក ជេមស៍ មានការគាំទ្រពីក្រុមតូរី។ ទោះបីជាមានឈ្មោះមិនល្អតែគណបក្សតូរី បានយកឈ្នះក្រុមវិហ្គ ហើយបានជួយលោក ជេមស៍ ឱ្យក្លាយជាស្តេច ជេមស៍ ទី២ ក្នុងឆ្នាំ ១៦៨៥។ បន្ទាប់ពីនោះក្រុមតូរីបានរួបរួមជាក្រុមអ្នកគាំទ្ររាជានិយម និងអ្នកគាំទ្រសាសនាកាតូលិក ហើយបានកាន់កាប់រដ្ឋាភិបាលអង់គ្លេសរវាងឆ្នាំ ១៧៨៣ ដល់ ១៨៣០។
នៅឆ្នាំ១៨២៧ គណបក្សនេះមានការបាក់បែកផ្ទៃក្នុងដែលបណ្តាលឱ្យជ័យជំនះបានទៅលើគណបក្សវិហ្គ ក្នុងទសវត្សរ៍ឆ្នាំ ១៨៣០ ហើយគណបក្សនេះបានធ្វើកំណែទម្រង់ទៅលើច្បាប់ដែលបើកឱ្យវណ្ណៈកណ្តាលនៃទីក្រុងឧស្សាហកម្មធំៗ ចូលរួមក្នុងអំណាចនយោបាយ។ ហេតុនេះ ការបោះឆ្នោតដែលអនុវត្តតាមច្បាប់ដែលបានចែងនេះ ធ្វើឱ្យគណបក្សតូរីថយសមាជិកមកត្រឹម ១៨៣ ប៉ុណ្ណោះក្នុងសភា។ លោក រ៉ូបឺត ភីល (Robert Peel) ជាអ្នកដែលបានប្រមូលផ្តុំគូប្រជែង និងបង្រួបបង្រួមបក្សឡើងវិញ ព្រមទាំងបានធ្វើទំនើបកម្មគណបក្សឡើងវិញដោយបកស្រាយនូវធាតុផ្សំសំខាន់ៗនៃប្រពៃណីតូរីចាស់ ការតស៊ូមតិសម្រាប់កំណែទម្រង់សង្គម និងពាណិជ្ជកម្មសេរី។ គាត់បានទទួលជ័យជំនះក្នុងការទាញយកការគាំទ្របក្សត្រឡប់មកវិញ ហើយបានក្លាយជានាយករដ្ឋមន្ត្រីទីមួយរបស់អង់គ្លេសបន្ទាប់ពីឈ្នះការបោះឆ្នោតនៅឆ្នាំ១៨៤១។ ក្រោយមក គណបក្សអភិរក្សនិយមបានដាក់ឈ្មោះជាផ្លូវការថា “គណបក្សអភិរក្សនិយម និងសហភាពនិយម” ក្នុងឆ្នាំ ១៩១២ បន្ទាប់ពីបានចងសម្ព័ន្ធមិត្តជាមួយគណបក្សសេរីនិយម (Liberal Unionist Party) ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់អៀរឡង់។
គោលនយោបាយ
នៅក្នុងអំឡុងឆ្នាំ១៩៦៥ ប្រមុខមេដឹកនាំបក្សត្រូវបានជ្រើសរើសដោយសមាជិកសភាអភិរក្សនិយម ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ មក មេដឹកនាំត្រូវបានជ្រើសរើសដោយសមាជិកគណបក្សទាំងមូល។ ប៉ុន្តែសភានៅតែអាចមានសិទ្ធិដកមេដឹកនាំម្នាក់ណាចេញ តាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្តផងដែរ។ គណបក្សអភិរក្សនិយមសម័យទំនើប បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកកាន់កាប់ដីធ្លី និងវណ្ណៈកណ្តាល ជាពិសេសពាណិជ្ជករ អ្នកគ្រប់គ្រង និងអ្នកជំនាញ។ ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានបោះឆ្នោតរបស់គណបក្សនេះបានរីករាលដាលក្នុងវណ្ណៈកម្មករដែលមានចំនួនប្រហែល ១ភាគ៣ នៃប្រទេស នៅក្នុងជនបទ និងជាយក្រុង ដែលមិនមែនជាឧស្សាហកម្ម ជាពិសេសនៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។ គណបក្សក៏ត្រូវប្រឈមនឹងការធ្លាក់ចុះសមាជិកភាពដែរ ដោយគោលដៅរបស់គណបក្សគឺបង្កើនសមាជិកឱ្យបានប្រហែល ៣ លាននាក់នៅដើមទសវត្សរ៍ឆ្នាំ ១៩៥០ ប៉ុន្តែគណបក្សនេះមានសមាជិកតែ ៧៥០០០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ ១៩៩២ ហើយបន្តធ្លាក់ចុះមកត្រឹមប្រហែល ៣៥០០០០ នាក់ប៉ុណ្ណោះនៅដើមសតវត្សទី ២១។
យ៉ាងណាមិញ លទ្ធិអភិរក្សនិយមរបស់អង់គ្លេសបានបង្ហាញពីភាពធន់ខុសពីធម្មតា ដោយបានជោគជ័យក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបៀបវារៈនយោបាយ និងសង្គម។ គណបក្សនេះ បានបង្រួបបង្រួមក្រុមមនោគមវិជ្ជាជាច្រើន រួមមានក្រុមកណ្តាលនិយម និងក្រុមសេដ្ឋកិច្ចសេរី។ ក្រុមទាំងពីនេះមានបទដ្ឋានខុសគ្នាដោយ ក្រុមកណ្តាលនិយមជាប្លុកសំខាន់ដែលសង្កត់ធ្ងន់លើអន្តរាគមន៍សេដ្ឋកិច្ច និងសុខដុមរម្យនា រីឯក្រុមសេដ្ឋកិច្ចសេរីសង្កត់ធ្ងន់លើទីផ្សារសេរី។ យ៉ាងណាមិញ ព្រោះតែភាពខុសគ្នានេះធ្វើឱ្យមាន ការខ្វែងគំនិតគ្នារវាងប្លុកធំៗទាំងពីរ និងរវាងក្រុមផ្សេងទៀតម្តងម្កាលបង្កើតឱ្យមានការបែកបាក់គ្នាយ៉ាងខ្លាំងក្នុងបក្ស។
គណបក្សពលករ
គណបក្សពលករ (Labour Party) ត្រូវបានគេស្គាល់ថាជា គណៈកម្មាធិការតំណាងពលករ (Labour Representation Committee)។ គណបក្សពលករជាគណបក្សនយោបាយរបស់ចក្រភពអង់គ្លេស ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយសហជីព និងបានដឹកនាំការលើកកម្ពស់តួនាទីយ៉ាងសកម្មសម្រាប់រដ្ឋក្នុងការបង្កើតវិបុលភាពសេដ្ឋកិច្ច និងផ្តល់សេវាសង្គម។ ក្នុងការប្រឆាំងនឹងគណបក្សអភិរក្សនិយម គណបក្សពលករជាគណបក្សសង្គមនិយមប្រជាធិបតេយ្យដ៏សំខាន់មួយនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីដើមសតវត្សទី២០ ។
ការបង្កើតគណបក្សពលករ
គណបក្សពលករត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០០ ដោយសារភាពព្រងើយកន្តើយរបស់គណបក្សសេរីនិយម និងគណបក្សអភិរក្សនិយម ចំពោះប្រជាជន និងកម្មករ ដែលធ្វើឱ្យមានការតស៊ូជាច្រើនឆ្នាំដោយប្រជាជនវណ្ណៈកម្មករ សហជីព និងសង្គមនិយម ដែលបង្កើតឡើងក្នុងគោលបំណាងតំណាងឱ្យវណ្ណៈកម្មករនៅក្នុងសភាអង់គ្លេស ។ គណបក្សពលករឯករាជ្យ (Independent Labour Party) បានបង្កើតឡើងដោយគណកម្មាធិកាតំណាងពលករ(LRC) ដោយលោកKeir Hardie ក្នុងឆ្នាំ១៨៩៣។ លោក Hardie បញ្ចុះបញ្ចូលសហជីពឱ្យដកការគាំទ្ររបស់ពួកគេពីគណបក្សសេរីនិយម និងគាំទ្រលើគណបក្សពលករវិញ។ នៅឆ្នាំ ១៩០០ គណបក្សនេះ បានទទួលការគាំទ្រពីសមាជសហជីពពាណិជ្ជកម្ម (TUC) និងសមាគមហ្វាបៀន(Fabian Society) ឆ្វេងនិយម ដែលធ្វើឱ្យគណបក្សនេះរីកចម្រើនជាលំដាប់។ គោលបំណងនៃគណបក្សថ្មីនេះ គឺដើម្បតំណាងឱ្យផលប្រយោជន៍នៃវណ្ណៈកម្មករ និងចលនាសហជីពក្នុងសភា។ នៅឆ្នាំ១៩០៦ ឈ្មោះគណបក្សពលករត្រូវបានប្រើប្រាស់ជាផ្លូវការ ហើយនៅឆ្នាំ១៩២២ គណបក្សនេះបានក្លាយជាគណបក្សប្រឆាំងជាផ្លូវការដំបូងទល់នឹងគណបក្សអភិរក្សនិយម។
គោលនយោបាយរបស់គណបក្សពលករ
លោក រ៉ាមសេយ៍ ម៉ាក់ដូលណាល់ (Ramsay MacDonald) គឺជានាយករដ្ឋមន្ត្រីដំបូងរបស់គណបក្សពលករ។ ទោះបីជាទើបតែកាន់តំណែងក្នុងរយៈពេលខ្លី ប៉ុន្តែសមិទ្ធផលរបស់គណបក្សនេះមានច្រើនគួរឱ្យកត់សម្គាល់។ ភាគច្រើន គណបក្សបានអនុម័តទៅលើការកែលម្អគោលនយោបាយលំនៅដ្ឋាន ការអប់រំ និងការធានារ៉ាប់រងសង្គម រួមទាំងការដោះស្រាយភាពគ្មានការងារផងដែរ។ នៅក្នុងសង្គ្រាមលោកលើកទីពីរ គណបក្សនេះទទួលរងនូវវិបត្តិធ្ងន់ធ្ងរបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលប្រឈមមុខនឹងការទាមទារឱ្យកាត់បន្ថយការចំណាយសាធារណៈដែលជាលក្ខខណ្ឌសម្រាប់ការទទួលបានប្រាក់កម្ចីពីធនាគារបរទេស ហើយធ្វើឱ្យមានការធ្លាក់ចុះកៅអីតំណាងនៅក្នុងសភាពី ២៨៨ មកនៅត្រឹម ៥២ ។ ក្រោយមក គណបក្សពលករបានចូលរួមជាមួយការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សអភិរក្សនិយម និងគណបក្សសេរីនិយមនៅឆ្នាំ១៩៤០ ដឹកនាំដោយលោក វីនស្តន់ ឆឺឈីល (Winston Churchill) នៃគណបក្សអភិរក្សនិយម ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៅពេលនោះ ហើយមេដឹកនាំគណបក្សពលករជាគណរដ្ឋមន្ត្រី។ ក្រោយសង្គ្រាមលោកលើទីពីរ គណបក្សនេះបានងើបមកដឹកនាំរដ្ឋាភិបាលវិញ ព្រមទាំងបានធ្វើការកែទម្រង់សង្គម និងសេដ្ឋកិច្ចដោយផ្អែកលើការបង្កើតសេវាសុខភាពជាតិ ការធ្វើតូបនីយកម្មផ្លូវដែក ការធ្វើអាជីវកម្មដែក និងធ្យូង ព្រមទាំងផ្តល់ឯករាជ្យភាពដល់ប្រទេសភូមា និងប្រទេសឥណ្ឌាផងដែរ។
ចាប់តាំងពីបង្កើតគណបក្សមក គណបក្សពលករមានប្រព័ន្ធដឹកនាំនៅក្នុងប្រទេសអង់គ្លេស ស្កុតឡែន និងវេលស៍។ រចនាសម្ព័ន្ធទាំងនោះមានដូចជាគណបក្សពលករមណ្ឌល (CLPs) ដែលទទួលខុសត្រូវក្នុងការជ្រើសរើស និងរៀបចំសមាជិកនៅក្នុងមណ្ឌលបោះឆ្នោតនីមួយៗរបស់ប្រទេស សហជីពដែលពាក់ព័ន្ធ គណបក្សពលករសភា (PLP) ដែលរួមមានសមាជិកសភាការងារ និងក្រុមសង្គមនិយមតូចៗជាច្រើនប្រភេទដូចជា សមាគមហ្វាបៀនជាដើម។ មុនពេលសង្គ្រាមលោកលើកទីពីរ អ្នកគាំទ្ររបស់គណបក្សភាគច្រើនជាកម្មករ និងសង្គមនិយមវណ្ណៈកណ្តាល។ ក្រោយឆ្នាំ១៩៧៩ ការបោះឆ្នោតរបស់គណបក្សពលករ បានទទួលការគាំទ្រខ្លាំង ហើយភាគច្រើនប្រមូលផ្តុំយ៉ាងខ្លាំងនៅក្នុងតំបន់ឧស្សាហកម្មនៃប្រទេសស្កុតលែន វេលស៍ខាងត្បូង និងភាគខាងជើងនៃប្រទេសអង់គ្លេស។ ការឈ្នះការបោះឆ្នោតនៅឆ្នាំ ១៩៩៧ បានទទួលជោគជ័យ និងការស្តារការគាំទ្រនៅទូទាំងប្រទេសអង់គ្លេសភាគខាងត្បូងក៏ពិតមែន តែប្រហែល ២ ភាគ ៣ នៃសំឡេងឆ្នោតនៅតែកើតចេញពីកម្មករអាវខៀវដដែល។ រីឯប្រភពចំណូលរបស់គណបក្សពលករ គឺបានមកពីសហជីព។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ គណបក្សនេះបានពឹងផ្អែកយ៉ាងខ្លាំងលើសាខាសហជីពរបស់ខ្លួន។ ក្រៅពីនេះ ប្រាក់ជំនួយបានមកពីសមាជិកម្នាក់ៗ ម្ចាស់ជំនួយដែលមានទ្រព្យសម្បត្តិច្រើន និងប្រាក់ចំណូលតិចតួចបានមកពីការវិនិយោគ។
ហេតុអ្វីគណបក្សអភិរក្សនិយមចាញ់ការបោះឆ្នោតនៅឆ្នាំ២០២៤?
ការបោះឆ្នោតសកលឆ្នាំ ២០២៤ របស់ចក្រភពអង់គ្លេសបានប្រព្រឹត្តឡើងនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ដែលមានសមាជិកសភាចំនួន ៦៥០ នាក់ ហើយជ័យជំនះបានទៅលើគណបក្សពលករដែលទទួលបាន ៤៤១ កៅអី ខណៈដែលគណបក្សអភិរក្សនិយមទទួលបានតែ ១២១ កៅអីហើយបានក្លាយទៅជាគណបក្សប្រឆាំងជំនួសវិញ។
រាប់ចាប់តាំងពីឆ្នាំ ២០១០ គណបក្សអភិរក្សនិយមបានដឹកនាំប្រទេសអង់គ្លេសអស់រយៈពេល ១៤ ឆ្នាំមកហើយ។ ប្រទេសអង់គ្លេសបានកើតមានវិបត្តិផ្ទួនៗគ្នាជាច្រើន ជាពិសេសវិបត្តិផ្នែកហិរញ្ញវត្ថុ។ លោក ដេវីដ ខាមេរ៉ុន (David Cameron) ដែលជានាយករដ្ឋមន្ត្រីនាឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ បានដោះស្រាយបញ្ហានេះដោយការសម្រេចចិត្តមិនវិនិយោគលើសេវាសង្គមដូចជា សេវាសុខភាពជាតិ (NHS) ការអប់រំ និងការធ្វើដំណើរជាពិសេសលើផ្លូវដែក។ គោលនយោបាយនេះនៅតែបន្តដល់បច្ចុប្បន្ន ជាហេតុធ្វើឱ្យមានការ ការជាប់គាំងប្រាក់ឈ្នួលក្នុងវិស័យសុខាភិបាល និងសេវារដ្ឋ។ ជាមួយគ្នានោះ និយោជិតបាននាំគ្នាធ្វើកូដកម្ម តវ៉ាលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងដំឡើងប្រាក់ខែឱ្យបានសមរម្យ។
ម្យ៉ាងទៀត ការសម្រេចចិត្តដកខ្លួនចេញពីសហភាពអ៊ឺរ៉ុបនៅឆ្នាំ ២០១៦ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម ការងារ និងតម្លៃនៃការរស់នៅ។ ក្រៅពីនេះ រឿងអាស្រូវរបស់គណបក្សអភិរក្សនិយមដែលបានរៀបចំកម្មវិធីជួបជុំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ ម្យ៉ាងវិញទៀត គណបក្សនេះក៏បានបរាជ័យទៅលើការបង្កើតគោលនយោបាយRwanda (គោលនយោបាយសម្រាប់ជនអន្តោប្រវេសន៍ ឬ អ្នកសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសរវ៉ាន់ដា) និងច្បាប់ស្ដីពីការធ្វើចំណាកស្រុកខុសច្បាប់ដែលបានធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ប្រមាណ ៨ លានផោនក្នុងមួយថ្ងៃ នេះបើ យោងតាមការិយាល័យសវនកម្មជាតិរបស់ចក្រភពអង់គ្លេស ( Britain’s National Audit Office) នៅក្នុងអាណត្តិរបស់នាយករដ្ឋមន្ត្រីលោក រីស៊ី ស៊ូណាក់ (Rishi Sunak) គាត់បានដាក់ចេញគោលនយោបាយបញ្ឈប់ការទទួលពលរដ្ឋចំណាកស្រុកមិនទៀងទាត់តាមរយៈទូកតូចៗឆ្លងកាត់ច្រកសមុទ្រអង់គ្លេសពីអឺរ៉ុប។
រដ្ឋាភិបាលរបស់លោកបានបន្តគោលនយោបាយឃុំខ្លួន និងនិរទេសជនចំណាកស្រុកទាំងនោះទៅកាន់ប្រទេស រវ៉ាន់ដា (Rwanda) ដែលជាហេតុធ្វើឱ្យមានការរំលោភសិទ្ធិជ្រកកោនបានកើតមានឡើង ប៉ុន្តែគ្មានជនភៀសខ្លួនណាម្នាក់ត្រូវបានជំលៀសទៅកាន់ប្រទេសរវ៉ាន់ដានោះទេ។ ប្រទេសអង់គ្លេសត្រូវបានអន្តរជាតិរិះគន់ថាបានរំលោភសិទ្ធិមនុស្ស ហើយប្រជាប្រិយភាពរបស់គណបក្សអភិរក្សនិយមក៏បានធ្លាក់ចុះបន្តិចម្តងៗ។ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សអភិរក្សនិយម នាំឱ្យការគាំទ្រទៅលើគណបក្សពលករកាន់តែច្រើន ដោយមេដឹកនាំគណបក្សពលករគឺលោក ឃឺ ស្ថាមឺ (Keir Starmer) បានសន្យាថា នឹងលុបចោលនូវគោលនយោបាយរវ៉ាន់ដាភ្លាមៗក្រោយពេលដែលលោកឈ្នះឆ្នោត ហើយលោកនឹងដោះស្រាយមុនគេនូវបញ្ហាក្រុមរត់ពន្ធមនុស្សដែលរកប្រាក់ចំណេញពីជនភៀសខ្លួនឆ្លងកាត់ទូកដ៏គ្រោះថ្នាក់ទាំងនោះ។
លោក ស្ថាមឺ បាននិយាយថា រដ្ឋាភិបាលនឹងអនុញ្ញាតផ្តល់សិទ្ធិដល់ជនសុំសិទ្ធិជ្រកកោនម្តងទៀត។ ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លោកបានសន្យា នឹងវិនិយោគក្នុងឧស្សាហកម្ម និងបង្កើតបរិយាកាសដែលគាំទ្រអាជីវកម្ម គ្រប់គ្រងថ្លៃដើម បង្កើនប្រាក់ឈ្នួលអប្បបរមាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេសជាមួយសហភាពអឺរ៉ុបទោះបីជាអង់គ្លេសនឹងមិនចូលរួមជាមួយសហភាពអឺរ៉ុប ឬទីផ្សាររួមក៏ដោយ។ លោក ស្ថាមឺ ក៏បានសន្យាផងដែរថា សេវាកម្មសាធារណៈនិងផ្តល់ឱ្យដោយរដ្ឋ ដោយសេវាកម្មល្អ។ លើសពីនេះ ពន្ធក៏ត្រូវកាត់បន្ថយផងដែរ។