ពិភពលោកសព្វថ្ងៃនេះ ខុសពីពិភពលោកកាលពីមួយរយឆ្នាំមុន។ ដោយសារតែការរីកចម្រើនឥតងាកក្រោយនៃពិភពលោក ធ្វើឱ្យមនុស្សមាននូវមហិច្ឆតាកាន់តែធំឡើងៗ ព្រោះមនុស្សចង់បាន និង ប៉ុនប៉ងប្រើប្រាស់សម្ភារៈដែលឥតខ្ចោះ ពោរពេញដោយឧត្តមភាព និង ប្រណិតភាព ហើយនៅករណីខ្លះតម្លៃថៃ្លកប់ពពកអាចមិនមែនជាសម្រាប់ពួកគេនោះទេ។ យើងហ៊ានលើកឡើងដូចនេះ ពីព្រោះថាសព្វថ្ងៃនេះមនុស្សបានប្រើប្រាស់នូវគ្រឿងយន្ដទំនើបៗ បំពាក់ដោយឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ និងបំពេញការធ្វើដំណើរបានចម្ងាយកាន់តែឆ្ងាយឡើងៗ។ យោងទៅតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែ កក្កដា ក្នុងឆ្នាំ ២០២៤នេះ បានរាយការណ៍ថា ចំនួននៃការកម្ម៉ង់យន្ដហោះឯកជននៅក្នុងតំបន់អាស៊ី មានការកើនឡើង គួរឱ្យកត់សម្គាល់។
ពីមុនមនុស្សត្រូវការ កង់ ម៉ូតូ ឬឡានដើម្បីធ្វើដំណើរ តែសព្វមនុស្សត្រូវការយន្ដហោះឯកជន។ លោកអ្នកប្រហែលជាមានចម្ងល់អាចជា៖ តើការផ្លាស់ប្ដូរនៃតម្រូវការនេះមានន័យយ៉ាងណាខ្លះ? តើយន្ដហោះមានតម្លៃថ្លៃប៉ុណ្ណាទៅ? តើប្រភេទ និង ក្រុមហ៊ុនណាដែលផលិតនិងផ្គត់ផ្គងយន្ដហោះឯកជនទៅកាន់អ្នកមានគ្រាក់ៗនៅលើពិភពលោក? ហើយប្រសិនបើកំណើនយន្ដហោះឯកជនកើនឡើងដូចការប្រើប្រាស់រថយន្ដធម្មតា វាជាសញ្ញាល្អឬទេសម្រាប់ពិភពលោកទាំងមូល? ខាងក្រោមនេះយើងនឹងបង្ហាញពីដំណើរដើមទងនៃប្រធានបទនេះ។
1. ប្រវត្តិនៃការកើតយន្ដហោះ
មុននឹងបង្កើតបានជាយន្ដហោះដូចសព្វថ្ងៃនេះ គំនិតនៃការបង្កើតយន្ដហោះគឺបានកើតឡើងតាំងពីសម័យក្រិកបុរាណ ក្នុងឆ្នាំ៤០០ មុនគ្រិស្ដសករាជ ដែលអ្នកផលិតជាច្រើនបានស្លាប់បាត់បង់ជីវិតជាបណ្ដាក់គ្នាកំឡុងពេលធ្វើតេស្តសាកល្បង យ៉ាងណាមិញរហូតដល់ដើមសតវត្សទី២០ទើបយន្ដហោះលេចចេញជារូបរាងបានដូចសព្វថ្ងៃនេះ។ សូមរំឭកអ្នកអានបន្ដិចថា តាមពិតទៅគឺសហស្ថាបនិកយន្ដហោះដំបូងដែលទទួលបានជោគជ័យមុនគេនៅលើពិភពលោកនោះគឺជាបងប្អូនត្រកូល រ៉ាយត៍ ឬ Wright ដែលបានទទួលជោគជ័យក្នុងការធ្វើតេស្ដសាកល្បងដ៏គ្រោះថ្នាក់បំផុត។ បងប្អូនទាំងពីរនេះគឺ លោកវីលបឺរ រ៉ាយត៍ (Wilbur Wright) និង លោកអូរវីល រ៉ាយត៍ (Orville Wright) ហើយពួកគេជាពលរដ្ឋដើមកំណើតនិងសញ្ជាតិអាមេរិក។ បងប្អូនប្រុសទាំងពីរនេះបានអភិវឌ្ឍយន្ដហោះរបស់ពួកគេជាបន្ដបន្ទាប់ដើម្បីទទួលបានប៉ាតង់ និង កិច្ចសន្យាសម្រាប់ផលិតម៉ាស៊ីនយន្តហោះរបស់ពួកគេ រហូតដល់ឆ្នាំ ១៩០៨ ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសបារាំង ដែលវាជាការហោះហើរជាសាធារណៈលើកដំបូងរបស់ពួកគេ ដោយបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពិភពលោក។ បន្ថែមពីលើនេះ ឆ្នាំ ១៩០៩ ទីភ្នាក់ងាររបស់កងទ័ពសហរដ្ឋអាមេរិកបានទិញយន្ដហោះរបស់ពួកគេ។ បងប្អូនបង្កើតទាំងពីរនេះបានបង្កើតក្រុមហ៊ុន Wright ដើម្បីផលិត និងលក់យន្ដហោះរបស់ពួកគេតាំងពីពេលនោះមក។
ចំណាំ៖ ការហោះហើរដោយជោគជ័យរបស់យន្ដហោះនៃមនុស្សជាតិគឺក្នុងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ហើយជាថ្ងៃដែលមនុស្សជាតិបានបង្កើតនៅគ្រឿងចក្រថ្មីដើម្បីសម្រួលដល់ការធ្វើដំណើរលើអាកាសផងដែរ។ យន្ដហោះប្រវត្ដិសាស្ដ្រនៅឆ្នាំ ១៩០៣ របស់បងប្អូនប្រុស Wright ត្រូវបានដាក់បង្ហាញជាអចិន្ត្រៃយ៍នៅសារមន្ទីរអាកាស និងអវកាសជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
2. តម្រូវការ និង ទីផ្សារនៃការនាំចេញនាំចូលយន្ដហោះ
រាល់ការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ឬពីតំបន់មួយទៅតំបន់មួយ មនុស្សតែងតែនឹកដល់មធ្យោបាយធ្វើដំណើរតាមអាកាសដំបូងគេ។ យន្ដហោះបានដើរតួនាទីជាមធ្យោបាយក្នុងការដឹកជញ្ជូនមនុស្សនៅទូទាំងពិភពលោក។ ការជិះយន្ដហោះជាមធ្យោបាយពេញនិយម ហើយចំពោះអ្នកដំណើរនឹងទទួលបាននូវសេវាកម្មទាន់ចិត្ត ចំណេញពេលវេលា និង ផាសុកភាពផងដែរ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះ បានឱ្យដឹងថានៅជុំវិញពិភពលោកមានជើងហោះហើរសរុបចំនួន ៣៤,៤ លាន (តួរលេខដោយឧស្សាហកម្មអាកាសចរណ៍ពិភពលោក)។ ដោយសារតែសារៈសំខាន់និងតម្រូវការនៃការធ្វើដំណើរតាមរយៈយន្ដហោះ ទើបការចរាចរណ៍និងការផ្គត់ផ្គងយន្ដហោះកាន់តែមានការរីកដុះដាលខ្លាំង ពិសេសប្រទេសមហាអំណាច និង ប្រទេសអភិវឌ្ឍន៍។
យើងសូមបង្ហាញពីទិន្ន័យនៃការជាវយន្ដហោះដែរចេញផ្សាយដោយ សមាគមន៍ក្រុមហ៊ុនអាកាសចរណ៍ដែលក្នុងទិន្នន័យឧស្សាហកម្មឆ្នាំ២០២១បង្ហាញថា យន្តហោះទាំងអស់ទាំង យន្តហោះអាកាសចរណ៍ទូទៅ (General Aviation-GA) និង យន្តហោះអាជីវកម្ម បានឃើញការកើនឡើងនៃការលក់ដោយជាធម្មតាសហរដ្ឋអាមេរិកលក់យន្ដហោះសរុបក្នុងគឺទទួលបានទឹកប្រាក់ខ្ទង់២៥,២ពាន់លានដុល្លារ (យន្ដហោះធម្មតាទទួលបានទឹកប្រាក់ចំនួន ២១,៦ពាន់លានដុល្លារ និង ឧទ្ធម្ភាគចក្រក្នុងទឹកប្រាក់ចំនួន៣,៧ពាន់លានដុល្លារ) គួរបញ្ជាក់ផងដែរថាចំពោះឆ្នាំ២០២២គឺបានកើនតម្លៃបន្ថែម១០,២% ធ្វើឱ្យការនាំចេញគឺកាន់តែខ្ពស់ផងដែរ។ យោងតាមភ្នាក់ងារដឹកជញ្ជូន និង ចេញវិក្ក័យបត្ររាយការណ៍ពីការចែកចាយយន្តហោះរបស់ GAMA ៖ ប្រភេទយន្ដហោះ Piston គឺលក់ដាច់ចំនួន ១៣៣៩គ្រឿង, យន្តហោះប្រភេទ Turboprop លក់ចេញចំនួន២២៧គ្រឿង, យន្ដហោះប្រភេទអាជីវកម្មមានចំនួន៧១០គ្រឿង។ ហើយលោក Brian Foley អ្នកវិភាគអាកាសចរណ៍បានព្យាករថា២០២៤យន្ដហោះ៩០០គ្រឿងនឹងបានលក់ចេញអស់បន្ថែមទៀត។
-
ចរាចរណ៍យន្ដហោះនៅក្នុងពិភពលោក
សូមបង្វែរចំណាប់អារម្មណ៍ថាកំពូលប្រទេសទាំងប្រាំដែលផ្គត់ផ្គង់យន្ដហោះនោះគឺ សហរដ្ឋអាមេរិក ១០២,៨ពាន់លានដុល្លារ (៤១,២%), បារាំង ចំនួន ៣២,៨ ពាន់លានដុល្លារ (១៣,២%), អាល្លឺម៉ង់ចំនួន ២៩,២ ពាន់លានដុល្លារ (១១,៧%), ចក្រភពអង់គ្លេស ចំនួន ១៣,២ ពាន់លានដុល្លារ (៥,៣%) និង កាណាដា១០,១ ពាន់លានដុល្លារ (៤,១%) ជាប្រទេសផលិតយន្ដហោះហើយបានគ្រប់ដណ្ដប់ប្រហែល ៧៥,៥% នៃការផលិត និងលក់គ្រឿងបន្លាស់យន្ដហោះ(របាយការណ៍ឆ្នាំ២០២២)។ ម្យ៉ាងវិញទៀតអាមេរិកខាងជើងរក្សាបាននូវការឈរជើងជាអ្នកនាំចេញយន្តហោះ ប្រភេទ Piston និង Turboprop រួមជាមួយយន្ដហោះប្រភេទអាជីវកម្មក្នុងពិភពលោក។ ចំណែកឯអាស៊ី-ប៉ាស៊ីហ្វិក ឈរនូវលំដាប់លេខពីរដែលផ្ដល់ការនាំចេញនូវប្រភេទយន្ដហោះ Piston។ រីឯអាមេរិកឡាទីនជាលំដាប់លេខពីរខាងនាំចេញប្រភេទយន្ដហោះ Turboprop និង នៅទ្វីបអឺរ៉ុបនាំចេញនូវប្រភេទយន្ដហោះអាជីវកម្មខ្នាតតូច។
សម្រាប់ប្រទេសចិន កាលពីជាង ១០ឆ្នាំមុនគឺជាប្រទេសដែលមានតម្រូវការយន្តហោះឯកជនច្រើនជាងគេក្នុងតំបន់ដោយសារសេដ្ឋកិច្ចរីកចម្រើនខ្លាំង ហើយក៏សម្បូរទៅដោយអ្នកជំនួញដែលត្រូវការយន្ដហោះទៅបំពេញបេសកម្មនៅប្រទេសនានា។ ក៏ប៉ុន្ដែពេលនេះ ចិនខុសពីមុនតែម្ដង ចិនបានក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ និង ដាក់លក់នៅយន្ដហោះទៅឱ្យក្រុមហ៊ុននានាជាពិសេសក្រុមហ៊ុននៅក្នុងស្រុកដូចជាក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern សម្រាប់យន្តហោះធុន C៩១៩ ដែលក្លាយជាដៃគូប្រជែងជាមួយនឹងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអ៊ែរប៊ឺស A៣២០ និងប៊ូអ៊ីង ៧៣៧Maxទៅទៀត។ យោងតាមការអះអាងរបស់ក្រុមហ៊ុនអ្នកផលិតយន្តហោះ Comac បានប្រកាស ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ថាចិនទទួលការបញ្ជាទិញ C៩១៩ មានរហូតដល់ចំនួន៣០០គ្រឿងឯណោះ។
3. ប្រភេទយន្ដហោះឯកជនដែលប្រើប្រាស់ច្រើនជាងគេ
ក្រុមហ៊ុនលក់យន្តហោះបារាំង Dassault Aviationជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់យន្ដហោះនៅលើពិភពលោកបានបង្ហាញអំពីកំណើនយន្តហោះឯកជន(Private Jet )ថា មានការកើនឡើង ដោយសារក្រុមហ៊ុនជាច្រើនធ្វើអាជីវកម្មនៅបរទេសដែលធ្វើឱ្យពួកគេត្រូវការមធ្យោបាយដែលរហ័ស និង ចំណេញពេលវេលា។ អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនលក់យន្តហោះ លោក Carlos Brana អះអាងថាការកើនឡើងនៃទីផ្សារយន្តហោះឯកជនអាស្រ័យលើកំណើនសេដ្ឋកិច្ចក្នុងស្រុក ប៉ុន្តែចំពោះប្រទេសខ្លះមានចំនួនយន្តហោះឯកជនតិចតួចស្រាប់ ទើបធ្វើឱ្យភាគរយនៃទីផ្សារយន្តហោះឯកជនមានការកើនឡើនច្រើនជាងផលិតផលសរុបក្នុងស្រុករបស់ប្រទេសទាំងនោះ។
លក្ខណៈពិសេសនៃយន្តហោះឯកជនគឺអាចសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកមានភារកិច្ចអាជីវកម្មនៅបរទេសបានច្រើន និងអាចហោះទៅកាន់គ្រប់អាកាសយានដ្ឋាននានាបានដោយមានភាពបត់បែន និងមិនត្រូវចាំបាច់រង់ចាំជើងហោះហើរ។ ខាងក្រោមនេះជាប្រភេទយន្ដដែលទទួលបានការប្រើប្រាស់ច្រើនពីសំណាក់អភិជននិងមហាសេដ្ឋី៖ United States of America Air Force One មានតម្លៃ ៦៦០ លានដុល្លារសហរដ្ឋអាមេរិក, Airbus A340-300 មានតម្លៃ 400 លានដុល្លារ ជាកម្មសិទ្ធិរបស់ មហាសេដ្ឋីរុស្ស៊ី Alisher Usmanov, យន្តហោះ ប៊ូអ៊ីង (Boeing) 747-8 VIP មានតម្លៃ 367 លានដុល្លារជាកម្មសិទ្ធិរបស់មហាសេដ្ឋីហុងកុង និងជាមហាសេដ្ឋីអចលនទ្រព្យ Joseph Lau, យន្តហោះ ប៊ូអ៊ីង ៧៤៧-៤៣០ មានតម្លៃ ២៣០ លានដុល្លារ ជាកម្មសិទ្ធិរបស់ស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ។
ផ្ទុយទៅវិញ ដោយសារខាងលើជាប្រភេទយន្ដហោះដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចំណែកឯខាងក្រោមនេះសូមបង្ហាញប្រភេទយន្ដហោះឯកជនដែលលក់ដាច់ក្នុងឆ្នាំ ២០២២ ៖ Dassault 2000LXS/900LX/7X/8X បានលក់អស់ចំនួន៣២គ្រឿង, Citation M2 បានលក់អស់៣៥គ្រឿង, Embraer Phenom 300E លក់អស់៤២គ្រឿង, Bombardier Challenger លក់អស់៥០គ្រឿង, Cirrus Vision Jet លក់អស់៩០គ្រឿង និង Gulfstream 500/550/600/650/650ER លក់អស់៩៦គ្រឿង។ ចំពោះយន្ដហោះប្រភេទ Gulfstream 650 ត្រូវបានរចនាដើម្បីដឹកអ្នកដំណើរចន្លោះពី11 ទៅ 18 នាក់វាត្រូវបានដាក់លក់ដំបូងឆ្នាំ២០០៨ ។ យន្តហោះ Gulfstreamនេះ បានក្លាយជាយន្តហោះដែលលក់ដាច់បំផុត ដោយសារល្បឿនកំពូលរបស់វា Mach 0.925 អមដោយ រយៈចម្ងាយឆ្ងាយ 7,000 ម៉ាយក្នុងការហោះហើរមួយលើក។ យន្ដហោះនេះមានតម្លៃសមរម្យគឺចន្លោះពី ២២ លានទៅ ៣០លានដុល្លារអាមេរិកសម្រាប់ម៉ូឌែលចុងក្រោយ។
លោក Carlos Brana ជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនលក់យន្តហោះ Dassault Aviation បានលើកឡើងពីប្រភេទយន្ដហោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានយន្តហោះឯកជនប្រភេទ Falcon ប្រមាណជា១០០ គ្រឿង ក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះ ចិនមានទីផ្សារធំជាងគេ ដែលមាន ២២គ្រឿង។ ជាមួយគ្នានេះ ម៉ាឡេស៊ីមានយន្តហោះ Falcon ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺ ៨ គ្រឿង។ ចំណែកថៃមានចំនួន ៤គ្រឿង។ តាមរបាយការណ៍ Asian Sky 2023 យន្តហោះឯកជននៅថៃកើនឡើងទៅដល់ ៤០គ្រឿងក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដោយកើនពី៣០គ្រឿង។
4. ប្រសិនបើកំណើនយន្ដហោះឯកជនកើនឡើងខ្លាំងដូចការប្រើប្រាស់ឡានម៉ូតូនោះ តើវាជាសញ្ញាល្អឬយ៉ាងណា?
យើងអាចព្យាករបានថា ៥០ឆ្នាំទៅមុនទៀតកំណើនយន្ដហោះឯកជននឹងកើនឡើងខ្លាំងជាពិសេសនៅប្រទេសអភិវឌ្ឍន៍ព្រោះការធ្វើពាណិជ្ជកម្មឆ្លងប្រទេសគឺកាន់តែសម្បូរ។ ការប្រើប្រាស់យន្ដហោះកាន់តែច្រើនវាជាសញ្ញាវិជ្ជមានផង និង អវិជ្ជមានផង។
ចំពោះចំណុចជាវិជ្ជមាននោះគឺបុគ្គលម្នាក់ៗអាចធ្វើដំណើរដោយសេរី និងដោយផ្ទាល់ទៅកាន់គោលដៅរបស់ពួកគេដោយមិនពឹងផ្អែកលើកាលវិភាគហោះហើរពាណិជ្ជកម្ម។ នេះអាចជាអត្ថប្រយោជន៍ជាពិសេសសម្រាប់ការទៅដល់តំបន់ដាច់ស្រយាល ឬដោះស្រាយតម្រូវការធ្វើដំណើរបន្ទាន់។ បន្ថែមពីនេះ វាក៏អាចជាឱកាសសេដ្ឋកិច្ចផងដែរ ដោយសារតម្រូវការសេវាកម្មអាកាសចរណ៍ឯកជន រួមទាំងការថែទាំ ការជួសជុល និងការបណ្តុះបណ្តាលអាកាសចរណ៍ អាចបង្កើតការងារថ្មី និងឱកាសសេដ្ឋកិច្ច។ ម្យ៉ាងទៀតយន្តហោះឯកជនអាចត្រូវបានប្រើសម្រាប់ការជម្លៀសផ្នែកវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ ការឆ្លើយតបគ្រោះមហន្តរាយ ឬតម្រូវការបន្ទាន់ផ្សេងទៀតដែលត្រូវការការដឹកជញ្ជូនលឿន។
យើងបានដឹងពីចំណុចវិជ្ជមាននៃយន្ដហោះឯកជនហើយ បន្ដមកទៀតយើងលើកយកនូវចំណុចគួរពិចារណាចំពោះផលប៉ះពាល់នៃយន្ដហោះ។ យន្ដហោះមានការប៉ះពាល់ដល់បរិស្ថានដោយសារ ជាមួយនឹងយន្តហោះកាន់តែច្រើននៅលើអាកាស ការកើនឡើងនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការប្រែប្រួលអាកាសធាតុ និងគុណភាពខ្យល់ដែលកម្រិតនៃការបំពុលកាន់តែខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះវាបង្កការបំពុលដោយសំឡេងព្រោះ ការកើនឡើងនៃចរាចរណ៍ផ្លូវអាកាសអាចនាំឱ្យមានការបំពុលដោយសំឡេងកាន់តែច្រើន ដែលប៉ះពាល់ដល់សុខមាលភាពរបស់មនុស្សដែលរស់នៅក្បែរព្រលានយន្តហោះ ឬផ្លូវហោះហើរ។ មួយវិញទៀត ការគ្រប់គ្រងយន្តហោះឯកជនមួយចំនួនធំនឹងតម្រូវឱ្យមានការពង្រីកដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ច្បាប់ និងបុគ្គលិក ដែលបង្កើនភាពស្មុគស្មាញ និងសក្តានុពលសម្រាប់បញ្ហាសុវត្ថិភាព ព្រោះយន្តហោះកាន់តែច្រើននៅលើអាកាសអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់ និងការប៉ះទង្គិចដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយទាមទារឱ្យមានការធានាថាអ្នកបើកយន្តហោះទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ និងគោរពតាមច្បាប់ស្ដីពីសុវត្ថិភាដែលបានដាក់ចេញដោយអន្ដរជាតិ និងថ្នាក់ជាតិ។។