អង្គការសហប្រតិបត្តិការសៀងហៃ ឬជាភាសាអង់គ្លេសហៅថា Shanghai Cooperation Organization (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលជាអចិន្ត្រៃយ៍មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយមានសមាជិកប្រាំមួយប្រទេសជារដ្ឋស្ថាបនិក រួមមាន សាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ Kyrgyzstan សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាន និងសហព័ន្ធរុស្ស៊ី។ អង្គការសហប្រតិបត្តិការសៀងហៃ SCO បានបង្កើតឡើងក្នុងទម្រង់ជាសមាគមពហុភាគីដើម្បីធានាសន្តិសុខ និងរក្សាស្ថិរភាពនៅទូទាំងតំបន់អាស៊ីអឺរ៉ុប ដោយរួមគ្នាទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមគំហែងដែលកំពុងតែកើតមានឡើង បង្កើនពាណិជ្ជកម្ម ក៏ដូចជាសហប្រតិបត្តិការផ្នែកវប្បធម៌និងមនុស្សធម៌។ ភាសាផ្លូវការនៃអង្គការនេះគឺ ភាសាចិន និងរុស្សី។ មកដល់សព្វថ្ងៃ អង្គការសហប្រតិបត្តិការសៀងហៃ SCO មានរដ្ឋសមាជិកចំនួន៩ប្រទេស រដ្ឋសង្កេតការណ៍ចំនួន៣ប្រទេស និងដៃគូសន្ទនាចំនួន១៤ប្រទេស។
គោលបំណងនៃការបង្កើតអង្គការប្រតបត្តិការសៀងហៃ SCO៖
អង្គការប្រតិបត្តិការសៀងហៃ SCO ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗបួនគឺ៖
១.ដើម្បីពង្រឹងមិត្តភាព ការទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតទំនាក់ទំនាក់ល្អរវាងរដ្ឋសមាជិកដទៃ
២.ដើម្បីលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកប្រកបដោយប្រសិទ្ធិភាពក្នុងវិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេវិទ្យា វប្បធម៌ ការអប់រំ ថាមពល ដឹកជញ្ជូន ទេសចរណ៍ និងការការពារបរិស្ថាន ជាដើម
៣. ដើម្បីរួមគ្នាធានា និងការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់
៤. លើកកម្ពស់សណ្ដាប់ធ្នាប់នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិប្រជាធិបតេយ្យថ្មី ដែលប្រកបដោយយុត្តិធម៌ និងសមហេតុផល។
បញ្ហាប្រឈម និងកត្តារាំងស្ទះនៃដំណើរការរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO
អង្គការសហប្រតិបត្តិការសៀងហៃ SCO គឺជាតួអង្គមួយដ៏សំខាន់ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុន្តែវាក៏ត្រូវទទួលរងនូវបញ្ហាប្រឈមមួយចំនួនក្នុងការការពារគោលជំហររបស់ខ្លួន និងធ្វើយ៉ាងណាដើម្បីកុំឱ្យខ្លួនក្លាយជាវេទិកាសម្រាប់ការតស៊ូអំណាចរវាងរដ្ឋណាមួយបានក្នុងតំបន់។ ក្នុងរយៈពេល២០ឆ្នាំចាប់តាំងពី SCO បានអភិវឌ្ឍ និងកែលម្អគំនិតសហប្រតិបត្តិការ ព្រមទាំងយន្តការនិងវិស័យសហប្រតិបត្តិការរបស់ខ្លួន ដែលជាលទ្ធផលបង្កើតបានសមិទ្ធិផលគួរឱ្យកត់សម្គាល់នៅក្នុងការអនុវត្តដូចជា ដោះស្រាយបញ្ហាជម្លោះព្រំដែន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការបំបែកបក្សពួក (Separatism) និងគំនិតជ្រុលនិយម (Extremism) ព្រមទាំងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងផ្នែកសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិក និងរដ្ឋផ្សេងៗទូទាំងពិភពលោកផងដែរ។ យោងទៅតាម Open Journal of Social Sciences បានឱ្យដឹងថា SCO កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមចំនួនបីសំខាន់ៗដែលទីមួយនោះគឺ ការពង្រឹងអំណាចរបស់ប្រទេសមហាអំណាចដូចជាចិន រុស្សី ឥណ្ឌា និងអាមេរិក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីកណ្ដាល។ បញ្ហាប្រឈមទីពីរគឺ ភាពទន់ខ្សោយនៃការរួបរួមគ្នាជាសហគមន៍។ ទោះបីជារដ្ឋសមាជិកទាំងប្រាំបួននៃអង្គាការនេះបានដឹកនាំដោយគោលការណ៍ ស្មារតីសៀងហៃ (Shanghai Spirit) ដែលផ្អែកទៅលើគោលការណ៍ឆ្ពោះទៅរកអនាគតរួមគ្នា ប៉ុន្តែការយល់ដឹងពីការរួបរួមគ្នានេះនៅតែមានភាពទន់ខ្សោយនៅឡើយ។ លើសពីនេះ រួមជាមួយនឹងការប្រកួតប្រជែងអំណាចរវាងចិន រុស្សី និងឥណ្ឌា ដែលសុទ្ធសឹងតែប្រទេសមហាអំណាចប្រចាំតំបន់ កាន់តែធ្វើឱ្យគំនិតរួបរួមគ្នាជាសហគមន៍ក្នុងអង្គការនេះកាន់តែមានភាពចុះខ្សោយថែមមួយកម្រិតទៀត។ ចំណែកឯ បញ្ហាប្រឈមទីបីគឺ ការប្រឈមមុខនឹងការផ្លាស់ប្ដូរលំនាំកិច្ចសហប្រតិបត្តិការនៃអង្គការបន្ទាប់ពីការពង្រីកខ្លួនដោយបានដាក់បញ្ចូលរដ្ឋសមាជិកថ្មី។ នៅពេលដែលមានការដាក់ចូលពេញលេញនូវរដ្ឋសមាជិកថ្មីក្នុងអង្គការ ផលប្រយោជន៍និងតួនាទីក្នុងចំណោមរដ្ឋសមាជិកទាំងមូលក៏នឹងត្រូវបានផ្លាស់ប្ដូរផងដែរ ដែលនេះនឹងបង្កឱ្យកើតមានបញ្ហារាំងស្ទះផ្សេងៗដូចជាពាក់ព័ន្ធទៅនឹងដំណើរការការសម្រេចចិត្ត និងផ្លាស់ប្ដូរលំនាំនៃកិច្ចសហប្រតិបតិ្តការរបស់អង្គការនេះ។
តើទំនាក់ទំនងរវាងចិន និងរុស្សីបានជះឥទ្ធិពលអ្វីដូចម្ដេចខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ SCO?
ចិន និងរុស្សីបានជំរុញគោលដៅនៃបេសកកម្មរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO លើសពីគោលដៅដើមរបស់អង្គការដោយពង្រីកការអនុវត្តកិច្ចសហការក្នុងតំបន់។ យោងទៅតាមការចេញផ្សាយរបស់ The Diplomat គោលជំហរនៃអង្គការសហប្រតិបត្តិការសៀងហៃ SCO បានកំពុងតែមានការផ្លាស់ប្ដូរយ៉ាងជាក់ច្បាស់ដែលស្របទៅតាមគោលដៅផលប្រយោជន៍របស់ចិន និងរុស្សីនៅក្នុងអង្គការនេះ។ ក្នុងនាមជាសមាជិករដ្ឋស្ថាបនិក ចិននិងរុស្សីប្រៀបបានដូចជាសសរស្តម្ភដែលជំរុញការបង្កើតវេទិកាដើម្បីបង្កើនសន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា យោងទៅតាមប្រភពដដែល រដ្ឋសមាជិកនៃអង្គការនេះមានទិន្នផលសេដ្ឋកិច្ចប្រមាណ២៥%នៃទិន្នផលសេដ្ឋកិច្ចពិភពលោក និងមានចំនួនប្រជាជនប្រមាណពាក់កណ្ដាលនៃចំនួនប្រជាជនទូទាំងពិភពលោក ជាហេតុផលមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់់ចិន និងរុស្សីកាន់តែខ្លាំងឡើងសម្រាប់បម្រើដល់គោលបំណងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកគេ។
ដំបូងឡើយប្រទេសចិនបានជំរុញឱ្យមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធក្នុងចំណោមរដ្ឋសមាជិកនៃអង្គការ SCO រួមជាមួយនឹងផ្នែកសន្តិសុខ វប្បធម៌ និងកិច្ចសហប្រតិបត្តិការ “មនុស្សធម៌” ប៉ុន្តែសំណើដូចជាតំបន់ពាណិជ្ជកម្មសេរី និងធនាគារអភិវឌ្ឍន៍ SCO ត្រូវបានបដិសេធដោយរុស្ស៊ី និងសមាជិកផ្សេងទៀត។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ ទីក្រុងប៉េកាំងបានប្រើការកំណត់ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់។ ដោយយល់ឃើញពីភាពខ្វះខាតនៃកិច្ចសហការពីរដ្ឋសមាជិកផ្សេងៗ កាលពីខែឧសភាឆ្នាំនេះ ចិនបានប្រកាសយន្តការដាច់ដោយឡែកមួយសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រាអាសន្នចិន-អាស៊ីកណ្តាល ទោះបីជាកិច្ចការនេះធ្លាក់ចូលក្នុងដែនសមត្ថកិច្ចរបស់អង្គការ SCO ក៏ដោយ។
ដោយឡែក ចំណាប់អារម្មណ៍របស់រុស្សីមកលើអង្គការសហប្រតិបត្តិការសៀងហៃ SCO ដែលបានផ្ដួចផ្ដើមឡើងដោយចិនដំបូងឡើយមានកម្រិតតិចតួចតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីការដាក់បញ្ចូលនៃទីក្រុងគ្រីមៀក្នុងឆ្នាំ២០១៤ និងទទួលរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចមក រុស្សីបានចាប់ផ្ដើមធ្វើការយកចិត្តទុកដាក់ទៅលើអង្គការ SCO កាន់តែខ្លាំងឡើង។ ម្យ៉ាងទៀត តាំងពីការចាប់ផ្ដើមសង្គ្រាមក្នុងទម្រង់ពេញលេញប្រឆាំងនឹងអ៊ុយក្រែនកាលពីឆ្នាំ២០២២មក រុស្សីក៏ត្រូវការស្វែងរកដៃគូសហការនៅក្រៅតំបន់អឺរ៉ុបកាន់តែខ្លាំងឡើងផងដែរ ដែលនេះបានបើកឱកាសឱ្យពួកគេមើលមកអង្គការ SCO ជាវេទិកាមួយដែលអាចបម្រើដល់ផលប្រយោជន៍របស់ពួកគេដើម្បីធ្វើការប្រមូលការគាំទ្រ និងប្រឆាំងនឹងការអះអាងរបស់ពួកលោកខាងលិចអំពីភាពឯកោអន្តរជាតិរបស់រុស្សី ហើយជាលទ្ធផលបានអនុម័តវិធីសាស្រ្ត «កាន់តែច្រើន កាន់តែរីករាយ» (the more, the merrier) ចំពោះសមាជិកភាពរបស់ពួកគេ។
អង្គការសហប្រតិត្តិការសៀងហៃ SCO មានតួនាទីសំខាន់ក្នុងការរក្សានិងការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ប៉ុន្តែដោយសារតែមានរដ្ឋសមាជិកជាប្រទេសមហាអំណាចទាំងពីរដែលមានគោលដៅផលប្រយោជន៍ខុសគ្នាផង បានធ្វើឱ្យសមត្ថភាពក្នុងការប្រតិបត្តិការ និងអនុវត្តផែនការនៃអង្គការនេះមិនសូវទទួលបានប្រសិទ្ធិភាពនិងសមភាពពេញលេញ។ ជាក់ស្ដែង តាមរយៈកិច្ចប្រតិបត្តិការក្នុងអង្គការនេះចិនមានគោលការណ៍ចម្បងចង់ដោះស្រាយបញ្ហាសង្គមដូចជា ភេរវកម្ម ជ្រុលនិយម និងការបំបែកខ្លួន និងបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចំណែកឯរុស្ស៊ីវិញ មានមហិច្ឆតាកាន់តែខ្ពស់ក្នុងការផ្លាស់ប្តូរអង្គការ SCO ឱ្យទៅជាតុល្យភាពយុទ្ធសាស្រ្តចំពោះអំណាចរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ យ៉ាងណាមិញ ប្លុកក្នុងតំបន់បានផ្លាស់ប្តូរគោលដៅផ្តោតរបស់ខ្លួនដើម្បីបម្រើជាតុល្យភាពភូមិសាស្ត្រនយោបាយទៅនឹងស្ថាប័នលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈពេលដែលគោលការណ៍ស្នូលរបស់អង្គការ SCO ក្លាយជាភាពមិនច្បាស់លាស់។