ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សមស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។
ស្នាមរបួសប្រវត្តិសាស្រ្ត
ហៃទី ដើមឡើយគឺជាក្រុមជនជាតិដើមភាគតិចមួយក្រុមឈ្មោះ តៃណូ។ ពួកគេបានរស់នៅ លើកោះមួយឈ្មោះ Hispaniola នៅអាមេរិកកណ្តាល។ អ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីលោក Christopher Columbus បានរុករក និងស្វែងរកអាមេរិកនៅឆ្នាំ 1492 អ្វីៗត្រូវបានផ្លាស់ប្តូរ។ លោក Christopher Columbus ទាមទារកោះនេះសម្រាប់ជនជាតិអេស្ប៉ាញ ដោយគោលគំនិតពួកគេជឿថាជនជាតិអឺរ៉ុបមានអំណាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ។ ជនជាតិអេស្ប៉ាញចាប់បង្ខំជនជាតិតៃណូធ្វើជាទាសករហើយបាននាំចូលទាសករអាហ្វ្រិកដើម្បីធ្វើការឱ្យពួកគេ។ ក្រោយមក បារាំងក៏បានចូលមកគ្រប់គ្រងផ្នែកខ្លះនៃកោះ ហើយនៅឆ្នាំ 1697 សន្ធិសញ្ញា Ryswick បានបែងចែកកោះនេះជាពីរផ្នែក មួយផ្នែកសម្រាប់អេស្ប៉ាញ និង Saint Domingue (ហៃទីសព្វថ្ងៃ) ទៅប្រទេសបារាំង។ Saint Domingue គឺជាកន្លែងដែលពោរពេញដោយធនធានដ៏មានតម្លៃដូចជាស្ករ កាហ្វេ កាកាវ និងកប្បាស ប៉ុន្តែវាមិនមែនជាកម្មសិទ្ធិរបស់ប្រជាជននៃ Saint Domingue នោះទេ។ ពួកគេមិនដែលមានសិទ្ធិទទួលបានផលប្រយោជន៍នៃធនធានទាំងនោះទេព្រោះធនធាននិងទ្រព្យសម្បត្តិទាំងអស់ធ្លាក់ទៅក្នុងដៃពួកបារាំង។ ជាងនេះទៅទៀត បារាំងបានប្រើអំពើឃោរឃៅ និងអំពើហឹង្សាទៅលើទាសករទាំងនោះទៀតផង។ ជាសំណាងល្អ ហៃទីបានយកឈ្នះបារាំងដោយជោគជ័យក្នុងបដិវត្តន៏ហៃទី ហើយបានប្រកាសឯករាជ្យនៅថ្ងៃទី 1 ខែមករា ឆ្នាំ 1804 ដោយដាក់ឈ្មោះថាប្រទេសហៃទី។ ទោះបីជាយ៉ាងណាក៏ដោយ សរុបមក ហៃទីគឺជាកន្លែងមួយដែលត្រូវបានធ្លាក់ក្នុងអាណានិគមអស់រយៈពេលជាង 300 ឆ្នាំមកហើយ វាប៉ះពាល់យ៉ាងខ្លាំងដល់ការប្រើប្រាស់និងផលប្រយោជន៏ធនធានរបស់ប្រទេសហៃទី ព្រមទាំងភាពសកម្មនិងធនធានមនុស្សរបស់ប្រជាជនហៃទី។
បំណុលឯករាជ្យ
ទោះបីជាប្រទេសហៃទីលែងស្ថិតក្រោមអាណានិគមរបស់បារាំងក៏ដោយ បារាំងមិនដែលបណ្តោយឱ្យហៃទីរស់នៅដោយសុខស្រួលនោះទេ។ នៅឆ្នាំ 1825 ព្រះរាជក្រឹត្យរបស់ស្តេច Charles X ប្រទេសបារាំងបានទាមទារឱ្យប្រទេសហៃទីបង់ប្រាក់ចំនួន 150 លានហ្វ្រង់ ដែលស្មើនឹង រាប់ពាន់លានដុល្លារនៅសព្វថ្ងៃនេះ ដើម្បីទិញឯករាជ្យរបស់ពួកគេ។ បារាំងជឿថា ឯករាជ្យភាពរបស់ហៃទីធ្វើឱ្យពួកគេបានបាត់បង់ប្រាក់ចំណេញ ដោយសារតែគ្មានទាសករធ្វើការឱ្យពួកគេទៀតទេ។ ហៃទីត្រូវបានគេគំរាមកំហែង ហើយដោយសារខ្លាចបារាំងព្យាយាមធ្វើអាណានិគមលើពួកគេម្តងទៀត ពួកគេគ្មានជម្រើសក្រៅពីសងបំណុលទាំងនោះ។ ប្រទេសហៃទីបានចំណាយពេលជាងមួយរយឆ្នាំដើម្បីជម្រះបំណុលនេះ ហើយវាប៉ះពាល់យ៉ាងខ្លាំងដល់ថវិកាសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសរបស់ពួកគេ។ ជាលទ្ធផល ក្នុងរយៈពេលរយឆ្នាំនោះ លុយដែលរកបានក្នុងហោប៉ៅរបស់ហៃទីត្រូវផ្តល់ទៅឱ្យប្រទេសបារាំង ហើយពួកគេមិនដែលមានលុយសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេដ្ឋកិច្ចរបស់ពួកគេឡើយ។
អស្តិរភាពនយោបាយនិងវត្តមានសហរដ្ឋអាមេរិក
ក្រោយពីចាប់ផ្តើមកសាងប្រទេសមិនទាន់បានប៉ុន្មានផង សហរដ្ឋអាមេរិកស្រាប់តែឈ្លានពានប្រទេសហៃទីក្នុងឆ្នាំ 1915 ដើម្បីស្ដារសណ្តាប់ធ្នាប់បន្ទាប់ពីមានការធ្វើឃាតប្រធានាធិបតីហៃទី និងដើម្បីការពារផលប្រយោជន៍និងសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Woodrow Wilson មានការព្រួយបារម្ភអំពីអស្ថិរភាពនៅក្នុងប្រទេសហៃទី និង ផលប៉ះពាល់អវិជ្ជមានទៅលើផលប្រយោជន៍របស់អាមេរិកនៅទ្វីបអាមេរិកកណ្តាល ហើយពួកគេក៏មានការភ័យខ្លាចថា មហាអំណាចអឺរ៉ុប ជាពិសេសអាឡឺម៉ង់ អាចនឹងកេងចំណេញពីស្ថានភាពនេះ ដើម្បីបង្កើតទីតាំងឈរជើងក្នុងតំបន់។ ការកាន់កាប់របស់សហរដ្ឋអាមេរិកអូសបន្លាយរហូតដល់ឆ្នាំ 1934 ដោយពួកគេបានដាក់ច្បាប់អាជ្ញាសឹក និងគ្រប់គ្រងគម្រោងហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសហៃទី។ កត្តានេះបានរំខានដល់ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសហៃទី ព្រោះអ្វីគ្រប់យ៉ាងគឺសុទ្ធតែផ្តល់អាទិភាពដល់ផលប្រយោជន៍របស់អាមេរិក។ ការកាន់កាប់នេះបានបន្សល់ទុកនូវអស្ថិរភាពនិង បញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសហៃទី ។
ភូមិសាស្រ្តនិងគ្រោះធម្មជាតិ
ដោយស្ថិតនៅក្នុងទ្វីបអាមេរិកកណ្តាល ប្រទេសហៃទីជារឿយៗស្ថិតនៅតាមបណ្តោយផ្លូវនៃខ្យល់ព្យុះអាត្លង់ទិក ដែលនាំមកនូវព្យុះនិងភ្លៀងធ្លាក់ខ្លាំង ជាពិសេសចាប់ពីខែមិថុនាដល់ខែវិច្ឆិកា។ លើសពីនេះ ប្រទេសហៃទីស្ថិតនៅចំណុចព្រំប្រទល់នៃបន្ទះប្លាកែតការាបៀន និងអាមេរិកខាងជើងដែលធ្វើឱ្យវាងាយនឹងរញ្ជួយដី។ ខ្យល់ព្យុះអាចបណ្តាលឱ្យមានទឹកជំនន់ និងខ្យល់កន្ត្រាក់រីករាលដាល បំផ្លាញផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្ម។ ការរញ្ជួយដីក៏បាននាំឱ្យមានការបាត់បង់អាយុជីវិតប្រជាជន និងការដួលរលំអគារ។ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យផងដែរ ដែលទាំងនេះហើយបានរារាំងដល់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាលហៃទី។
សរុបមក ប្រវត្តិនៃការធ្លាក់ក្រោមអាណានិគម បំណុលឯករាជ្យ អស្ថិរភាពនយោបាយដោយសារតែការឈ្លានពានរបស់សហរដ្ឋអាមេរិក ក៏ដូចជាភាពងាយរងគ្រោះដោយគ្រោះធម្មជាតិ គឺជាសុទ្ធតែជាកត្តាដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់ប្រទេសហៃទី។ ក្រឡេកមើលឥទ្ធិពលនៃកត្តាទាំងនេះ វាពិតជាពិបាកណាស់សម្រាប់រដ្ឋាភិបាលហៃទីក្នុងការរៀបចំផែនការ និងថវិកាសម្រាប់ការអភិវឌ្ឍប្រទេស។