១. សេចក្ដីផ្ដើម
ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាមមានតាំងពីយូរលង់ណាស់មកហើយ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ វៀតណាមទទួលឥទ្ធិពលពីអរិយធម៌ចិនរាប់ពាន់ឆ្នាំមកហើយ ជាពិសេសនៅចន្លោះឆ្នាំ ១១១ មុនគ.ស រហូតដល់ ឆ្នាំ ៩៣៨នៃគ.ស ដែលវៀតណាមគឺស្ថិតក្រោមការត្រួតត្រារបស់ចិន។ ហេតុនេះហើយ ទាំងភាសា របៀបគ្រប់គ្រងរដ្ឋ និងជំនឿសាសនារបស់វៀតណាមសុទ្ធតែបញ្ជ្រាបមកពីចិន។ ក្រោយទទួលបានឯករាជ្យពីចិន វៀតណាមបន្តឈរ និងដុសខាត់បង្កើតបានជាអត្តសញ្ញាណជាតិដ៏រឹងមាំរហូតដល់បច្ចុប្បន្ន។
ងាកមកមើលប្រវត្តិសាស្ត្រសម័យទំនើបនេះវិញ កាលពីអំឡុងសង្គ្រាមវៀតណាម (១៩៥៥ – ១៩៧៥) ចិនជាអ្នកគាំទ្រវៀតណាមខាងជើង ចំណែកឯអាមេរិកគាំទ្រវៀតណាមខាងត្បូង។ ប៉ុន្តែបន្ទាប់ពីការបញ្ចប់ទៅនូវសង្គ្រាម ភាពតានតឹងនយោបាយរវាងប្រទេសទាំងពីរបានកើតឡើងដោយសារតែជម្លោះទឹកដី និងជំហរផ្សេងគ្នាទៅកាន់មនោគមន៍វិជ្ជាកុម្មុយនីស្ត។ ប៉ុន្តែក្រោយឆ្នាំ ១៩៩១ មក ភាពតានតឹងរវាងប្រទេសទាំងពីរមានការធូរស្បាយមកវិញ ដោយសារតែប្រទេសទាំងពីរបានផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ហើយទំនាក់ទំនងការទូតមានភាពប្រសើរវិញដើម្បីបង្កើតជាប្រយោជន៍រួមជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាច្រើន ដែលធ្វើឱ្យវៀតណាមជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់មួយរបស់ចិន។
យ៉ាងណាមិញ ភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបង្កជាការចាប់អារម្មណ៍មួយដែលធ្វើឱ្យប្រទេសនានា ជាពិសេសប្រទេសដែលជាសមាជិកអាស៊ាន (ASEAN) តែងធ្វើការតាមដានពីការវិវត្តន៍នៃទំនាក់ទំនងប្រទេសទាំងពីរ។
២. ទិដ្ឋភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
២.១. ចិន និងវៀតណាម នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង
ជម្លោះសមុទ្រចិនខាងត្បូងគឺជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខណៈចិនបានអះអាង និងកាន់កាប់ដែនកោះជាច្រើននៅសមុទ្រចិនខាងត្បូងដោយសំអាងតាមផែនទីប្រវត្តិសាស្ត្រខ្លួន វៀតណាមបានបដិសេធនិងព្យាយាមទាមទារមកវិញ ជាពិសេសបណ្ដុំកោះ Paracel និង បណ្ដុំកោះ Spratly ដោយផ្អែកលើច្បាប់អន្តរជាតិស្ដីពីដែនសមុទ្រ។ សមុទ្រចិនខាងត្បូងនេះជាភូមិសាស្ត្រដែលសម្បូរភោគទ្រព្យធម្មជាតិដែលអំណោយផលដល់ការនេសាទត្រី និងជាតំបន់ដែលមានសក្ដានុពលសម្រាប់ធ្វើការរុគរកប្រេង និងឧស្ម័នធម្មជាតិផ្សេងៗ។ ហេតុនេះហើយជម្លោះរបស់ប្រទេសទាំងពីរទៅលើតំបន់នេះមិនទាន់ដាច់ស្រេចនោះឡើយ។ ជាក់ស្ដែងមានការតទល់គ្នាជាច្រើនលើកច្រើនសាររវាងនាវាប្រទេសទាំងពីរ ហើយនៅចន្លោះឆ្នាំ២០១៤ ដល់ ២០២២ ទូកនេសាទវៀតណាមប្រមាណ ៩៨ គ្រឿងត្រូវនាវាចិនកម្ទេចចោល ដែលបង្កឱ្យមានបាតុកម្ម និងការប្រឈមមុខដាក់គ្នាជាច្រើនលើកច្រើនសារ។
២.២. ឥទ្ធិពលនៃទំនាក់ទំនងចិន និងវៀតណាមមកលើអាស៊ាន
ចិន និងវៀតណាមសុទ្ធតែជាតួអង្គសំខាន់នៅក្នុងអាស៊ាន។ វៀតណាមបានចូលជាសមាជិកអាស៊ានកាលពីឆ្នាំ ១៩៩៥ ចំណែកឯចិនតែងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រប់សមាជិក និងជាដៃគូយុទ្ធសាស្ត្រយ៉ាងសំខាន់របស់អាស៊ាន។ វៀតណាមតែងតែយល់ឃើញថាអាស៊ានមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ដោយសារអាស៊ានជាវេទិកាមួយដែលអាចឱ្យវៀតណាមបញ្ចេញមតិ និងដាក់សម្ពាធនៅក្នុងកម្រិតណាមួយទៅលើចិន។ ទោះជាយ៉ាងនេះក្ដី សកម្មភាពនៃប្រទេសទាំងពីរនៅក្នុងអាស៊ានត្រូវបានគេកត់សម្គាល់ថា មានទាំងការសហការគ្នា និងការប្រកួតប្រជែងគ្នា។ ថ្វីត្បិតតែជម្លោះសមុទ្រចិនខាងត្បូងនៅតែបន្តកើតមាន ហើយវៀតណាមនៅតែបន្តខិតទៅរកភាពជិតស្និទ្ធជាមួយអាមេរិកដែលជាគូប្រជែងរបស់ចិនក្ដី ប្រទេសវៀតណាម និងចិននៅតែសហការគ្នាខាងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជាតាមរយៈកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងចិន (ASEAN-China Free Trade Area) និងភាពយ៉ាងសកម្មនៃប្រទេសទាំងពីរនៅក្នុង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) ដែលជំរុញនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងរវាងបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។
២.៣. ការវិវត្តន៍ថ្មីៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
ស្របពេលដែលភាពតានតឹងនៅតែបន្តរវាងប្រទេសទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិផ្សេងៗរវាងប្រទេសទាំងពីរក៏កើតមានដំណើរគ្នាផងដែរ។ ជាក់ស្ដែង កាលពីខែសីហា ឆ្នាំ២០២៤ ជំនួបថ្នាក់ប្រធានាធិបតីបានកើតមានឡើងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយកិច្ចព្រមព្រៀងប្រមាណ ១៤ បានចុះហត្ថលេខា ដែលកិច្ចព្រមព្រៀងទាំងនោះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ជាពិសេសលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឆ្លងព្រំដែន និងការពង្រីកឱកាសវិនិយោគ ដោយគ្របដណ្តប់លើផ្នែកសំខាន់ៗជាច្រើន ដូចជាផ្លូវដែកឆ្លងព្រំដែន ដំណាំកសិផល និងកិច្ចសហប្រតិបត្តិការលើការទូទាត់ និងដោះដូររូបិយប័ណ្ណក្នុងស្រុក ជាដើម។
ងាកមកមើលការប្រកួតប្រជែងវិញ ប្រទេសចិន និងវៀតណាម សុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍ ដែលសំបូរធនធានពលកម្ម និងមានសេដ្ឋកិច្ចរីកចម្រើនរហ័ស។ នេះជាកត្តាឱ្យមានការប្រកួតប្រជែងមួយចំនួនរវាងភាគីទាំងពីរក្នុងវិស័យឧស្សាហកម្មមួយចំនួន ជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម។ លើសពីនេះទៀត ទោះជាទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាមនៅតែបន្តកើនឡើងក៏ដោយ ក៏នៅតែមានការប្រកួតប្រជែងទាក់ទងនឹងរចនាសម្ព័ន្ធពាណិជ្ជកម្ម និងចំណែកទីផ្សារ។
ទោះបីជាមានការប្រកួតប្រជែងយ៉ាងនេះក៏ដោយ មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងវៀតណាមនៅតែរឹងមាំ ដោយសារតែវៀតណាមមានតម្លៃពលកម្មទាបដែលបង្កភាពទាក់ទាញសម្រាប់ការវិនិយោគ ខណៈចិនវិញ ពូកែខាងបច្ចេកវិទ្យា មូលនិធិ និងការគ្រប់គ្រង។ ទំនាក់ទំនងបំពេញគ្នាទៅវិញទៅមកបែបនេះផ្តល់ជាឱកាសធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ។ បន្ថែមនេះ ដោយបច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងពន្លឿនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីវិនិយោគនៅទូទាំងសកលលោក ដូច្នេះហើយ វៀតណាមជាទិសដៅវិនិយោគដ៏សំខាន់មួយ ដោយបានទាក់ទាញលំហូរចូលនៃមូលធនពីចិនជាច្រើនតាមរយៈការវិនិយោគ។ ក្រៅពីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយទំហំទឹកប្រាក់ប្រមាណ ១០៦,៧ ប៊ីលាន វៀតណាមក៏ជាដៃគូយុទ្ធសាស្ត្រនៅក្នុងគម្រោងនៃការផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលមានទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងស្ពានជាដើម ដើម្បីតភ្ជាប់ចិនទៅកាន់ពិភពលោក។
៣. សន្និដ្ឋាន
ទំនាក់ទំនងរវាងចិន និងវៀតណាមមានច្រើនស្រទាប់។ ប្រទេសទាំងពីរមានភាពមិនត្រូវគ្នារឿងព្រំដែន ជាពិសេសបញ្ហានៅសមុទ្រខាងត្បូងក៏ពិតមែន និងការប្រកួតប្រជែងមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែចិន និងវៀតណាមនៅតែបន្តសហការគ្នាទៅលើពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។