អង្គការសហប្រជាជាតិគឺជាស្ថាប័ន ដ៏ធំបំផុតរបស់ពិភពលោកដែលតែងតែជួយជ្រោមជ្រែងដោះស្រាយបញ្ហាពិភពលោកនានាតាមបែបការទូត ហើយរាល់ការព្រាងដំណោះស្រាយត្រូវបានសម្រេចឡើងតាមរយៈកិច្ចប្រជុំជាមួយប្រទេសជាសមាជិក និងតាមរយៈការបោះឆ្នោតព្រមព្រៀងដែលទាមទារឱ្យមានការជជែកវែកញែកនិងការចរចារដើម្បីសម្រេចបាន។ ដោយសារតែការមើលឃើញពីសារៈសំខាន់នៃការដំណើរការកិច្ចប្រជុំនេះទើបស្ថាប័នអប់រំជុំវិញពិភពលោករួមមានថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យបាននាំគ្នាធ្វើគំរូតាមកិច្ចប្រជុំនេះដែលគេហៅថា Model United Nation ដើម្បីឱ្យសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍និងចង់ក្លាយជាមន្រ្តីការទូតមានឱកាសសិក្សាស្វែងយល់ពីរបៀបវារៈ តួនាទីជាគណៈប្រតិភូតំណាងប្រទេសចាត់តាំង និងការដោះស្រាយបញ្ហាបែបការទូតរបស់អង្គការសហប្រជាជាតិ។
តើអ្វីជា Model United Nation?
Model United Nation ឬហៅកាត់ថាMUN គឺជាសកម្មភាពសិស្សក្នុងការធ្វើដម្រាប់តាមដំណើរការកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិដែលពួកគេដើរតួនាទីជាគណៈប្រតិភូមកពីប្រទេសផ្សេងៗគ្នា ហើយព្យាយាមដោះស្រាយបញ្ហាពិតជាក់ស្តែងណាមួយដែលពិភពលោកកំពុងជួបប្រទះ ដោយប្រើប្រាស់នូវគោលនយោបាយ និងទស្សនៈនៃប្រទេសដែលគេចាត់តាំង។ ចំពោះដើមកំណើតរបស់MUNវិញ គ្មាននរណាម្នាក់ដឹងប្រាកដថាសន្និសីទនេះត្រូវបានចាប់ផ្តើមនៅពេលណាច្បាស់លាស់ទេ...